កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ភ្នំពេញ​ប៉ុស្ដិ៍ បាន​ចុះផ្សាយ​មួយ​វគ្គ​រួចហើយ​ទាក់ទង​នឹង​ភាពត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ក្នុង​ការបង្ហាញមុខ​ជនសង្ស័យ​ជា​សាធារណៈ​មុនពេល​មាន​សាលក្រម​ពី​តុលាការ​តាមរយៈ​ការបកស្រាយ​ពី​លោក​មេធាវី​ លី កុសល ដែលមាន​ការិយាល័យ​ផ្ទះ​លេខ ៤៥ Eo ផ្លូវ​លេខ​ ៩ ក្រុម​ ៥ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ដោយ​លោក​អះអាង​ថា​ករណី​បិទមុខ ឬ​មិន​បិទមុខ​ជនសង្ស័យ​គឺ​ច្បាប់​មិនបាន​កំណត់​ឲ្យ​ជាក់លាក់​ទេ តែ​អាស្រ័យ​លើ​ក្រមសីលធម៌​របស់​អ្នក​ផ្សព្វផ្សាយ វៀរលែង​តែ​តាម​មាត្រា​ ២៣ ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ដែល​ត្រូវមាន​ការពិគ្រោះ​យោបល់​ជាមួយ​មេធាវី​អ្នកតំណាង​ដែល​ច្បាប់​បានកំណត់​សិន​។ ប៉ុន្តែ​នៅ​វគ្គ​នេះ​លោក​មេធាវី​បាន​ពន្យល់​ពី​សិទ្ធិ​របស់​អ្នក​ជាប់ឃុំ និង​អ្នក​មិនទាន់​ជាប់ឃុំ​វិញ​ម្ដង​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

តើ​ច្បាប់​មាន​ការចែង​អំពី​ការផ្តល់​សិទ្ធិ​ដល់​ជន​ដែល​ជាប់ឃុំ​ និង​ជន​ដែល​មិនទាន់​ជាប់ឃុំ​ (​ជន​ទើប​នគរបាល​ឃាត់ខ្លួន​) ​អ្វីខ្លះ​?


ដំបូង​យើង​ត្រូវ​ស្វែងយល់​ពី​ដំណាក់កាល​នៃ​ការឃាត់ខ្លួន និង​ឃុំខ្លួន​ក្នុងដំណាក់កាល​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ក្នុងដំណាក់កាល​តុលាការ​។


នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​នីតិវិធី នៅពេល​ដែល​ជន​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ដោយ​មន្ត្រីនគរបាល​យុត្តិធម៌ គេ​ប្រើពាក្យ​ជនសង្ស័យ​ ឬ​ជន​ជាប់សង្ស័យ ដែល​ពួកគាត់​មាន​សិទ្ធិ​ដូចជា​៖


១. ​សិទ្ធិ​ដឹង​ពី​មូលហេតុ​ចាប់​ ឬ​ឃាត់ខ្លួន​៖ ​នៅពេល​ឃាត់ខ្លួន​បុគ្គល​ណា​ម្នាក់​មន្ត្រីនគរបាល​យុត្ដិធម៌​ត្រូវឱ្យ​ដំណឹង​ជាបន្ទាន់ ចំពោះ​សេចក្ដីសម្រេច​របស់ខ្លួន​ប្រាប់​ឱ្យដឹងពី​មូលហេតុ​នៃ​សេចក្ដីសម្រេច​ឃាត់ខ្លួន​សិទ្ធិ​មាន​ជំនួយ​មេធាវី និង​សិទ្ធិ​មាន​អ្នកបកប្រែ​ជាអាទិ៍​។


២. ​សិទ្ធិ​មាន​ជំនួយ​មេធាវី​៖ ​ក្រោយពេល​ចាប់ខ្លួន​ ឬ​ឃាត់ខ្លួន​រយៈពេល ២៤ ​ម៉ោង​កន្លង​ផុត​ទៅ​គិត​ចាប់ពី​ពេល​ផ្ដើម​ចាប់ខ្លួន​ ឬ​ឃាត់ខ្លួន​ជនសង្ស័យ​មាន សិទ្ធិ​ជួប​សន្ទនា​ជាមួយ​មេធាវី ឬ​ជនណាម្នាក់​ដែល​ខ្លួន​ជ្រើសរើស​កុំឱ្យ​តែ​ជន​នោះ​មាន​ពាក់ព័ន្ធ​នឹង​រឿង​ជាមួយ ។ ​ក្នុង​ករណី​នេះ​មេធាវី ឬ​ជន​ដែល​បាន​ចូលជួប​សន្ទនា​នោះ​អាច​ទទួលបាន​ការជូន​ដំណឹង​តាម​គ្រប់​មធ្យោបាយ និង​ជាបន្ទាន់ ហើយ​មាន​សិទ្ធិ​ចូល​នៅ​កាន់​ទីកន្លែង​ឃាត់ខ្លួន​ដើម្បី​ទាក់ទង​សន្ទនា​ជាមួយ​បុគ្គល​សាមីខ្លួន​​បាន​ ៣០ ​នាទី​ក្នុង​លក្ខខណ្ឌ​ធានា​ការសម្ងាត់​នៃ​ការសន្ទនា ។


៣. ​សិទ្ធិ​មិនត្រូវ​បាន​ឃាត់ខ្លួន​ហួស​រយៈពេល​កំណត់​៖ ជនណាម្នាក់​មិនត្រូវ​បាន​ឃាត់ខ្លួន​ហួស​រយៈពេល​ដែល​បាន​កំណត់ដោយ​ច្បាប់​ដោយ​គ្មាន​ចំណាត់ការ​នីតិវិធី​ចោទប្រកាន់​ណាមួយ​ឡើយ ដោយ​នៅ​ក្នុងនោះ​ចំពោះ​នីតិជន​ (​ជន​ដែល​មាន​អាយុ​ ១៨ ​ឆ្នាំ​ឡើងទៅ​) ​មិនអាច​ត្រូវបាន​ឃាត់ខ្លួន​លើសពី ៤៨ ​ម៉ោង​អាច​ពន្យារ​បាន​ ២៤ ​ម៉ោង​។

ចំពោះ​អនីតិជន​ដែលមាន​អាយុ​ ១៤ ​ទៅ​ ១៦ ​ឆ្នាំ​ចំពោះ​បទឧក្រិដ្ឋ​មិនត្រូវ​ហួស​រយៈពេល ៣៦ ​ម៉ោង​ចំពោះ​បទមជ្ឈិម​មិនត្រូវ​លើស​ ២៤ ​ម៉ោង រីឯ​អនីតិជន​ដែល​មាន​អាយុ ១៦ ​ឆ្នាំ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​វិញ​នៅក្នុង​ករណី​បទឧក្រិដ្ឋ​មិនឱ្យ​លើស​ ៤៨ ​ម៉ោង និង​ករណី​បទមជ្ឈិម​​មិន​ឱ្យ​លើសពី​ ៣៦ ​ម៉ោង​ឡើយ ។

៤. ​សិទ្ធិ​មាន​ជំនួយ​ពី​គ្រូពេទ្យ​៖ ​ព្រះរាជអាជ្ញា​ ឬ​មន្ត្រីនគរបាល​យុត្ដិធម៌​មាន​សិទ្ធិ​សុំឱ្យ​គ្រូពេទ្យ​មក​ពិនិត្យ​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​បាន​គ្រប់ពេលវេលា​។ ​គ្រូពេទ្យ​ផ្ទៀងផ្ទាត់​មើលថា តើ​​ស្ថានភាព​សុខភាព​របស់​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​សមស្រប​នឹង​ការឃាត់ខ្លួន​ដែរឬទេ​។ ​ប្រសិន​បើ​គ្រូពេទ្យ​ពិនិត្យឃើញ​ថា ស្ថានភាព​សុខភាព​របស់​បុគ្គល​នោះ​ពុំ​សមស្រប​នឹង​ការឃាត់ខ្លួន​នោះទេ​មន្ដ្រី​នគរបាល​យុត្ដិធម៌​ត្រូវ​ជូនដំណឹង​ជាបន្ទាន់​ដល់​ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញា​អាច​ចុះមក​ទីកន្លែង​នោះ​ដោយផ្ទាល់​ដើម្បី​ត្រួតពិនិត្យ​ពី​លក្ខខណ្ឌ​នៃ​ការឃាត់ខ្លួន​។

៥. ​អនីតិជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​៖ ​កាលណា​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ជា​អនីតិជន​មន្ត្រីនគរបាល​យុត្ដិធម៌​ត្រូវ​ជូនដំណឹង​គ្រប់​មធ្យោបាយ​ដល់​ឪពុកម្ដាយ​ដល់​អ្នកតំណាង​ស្របច្បាប់​ ឬ​ដល់​អ្នកទទួល​ភារកិច្ច​លើ​អនីតិជន​នោះ ។

៦. ​សិទ្ធិ​រក្សា​ភាព​ស្ងៀមស្ងាត់​៖ ​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​មាន​សិទ្ធិ​រក្សា​ភាពស្ងៀមស្ងាត់​មិន​ឆ្លើយ​នូវ​សំណួរ​របស់​មន្ត្រីនគរបាល​យុត្ដិធម៌​បាន​រហូត​ចាំ​ដល់​មាន​ជំនួយ​ពី​មេធាវី ហើយ​គ្មាន​នរណាម្នាក់​អាច​បង្ខំ​ឱ្យ​ឆ្លើយ​បានឡើយ​។

៧. ​សិទ្ធិ​មិន​ឆ្លើយ​សារភាព​៖ ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ ឬ​ឃាត់ខ្លួន​មិនត្រូវ​ឆ្លើយ​អ្វី​ដែល​ខ្លួន​មិនបាន​ប្រព្រឹត្ដ​នោះទេ ឬ​អាច​ឆ្លើយ​ ឬ​មិន​ឆ្លើយ​សារភាព​​រហូត​ដល់​មាន​មេធាវី​ការពារ​សិទ្ធិ​ដោយ​គ្មាន​នរណាម្នាក់​អាច​បង្ខំ​ឱ្យ​សារភាព​ថា បាន​ប្រព្រឹត្ដ​បទល្មើស​ណាមួយ​ដោយ​ការគំរាមកំហែង ការវាយដំ​ធ្វើ​ទារុណកម្ម​ណាមួយ​នោះឡើយ ។ ​រាល់​ការសារភាព​ដែល​កើតចេញពី​ការបង្ខំ​តាមផ្លូវ​កាយ​ក្ដី ផ្លូវ​ចិត្ដ​ក្ដី ការ​គំរាមកំហែង ការវាយដំ​ធ្វើ​ទារុណកម្ម មិនត្រូវ​ចាត់ទុកជា​ភ័ស្ដុតាង​នៃ​ពិរុទ្ធភាព​ទេ​។

៨. ​សិទ្ធិ​ត្រូវបាន​នាំខ្លួន​ទៅ​តុលាការ​៖ ក្រោយ​ការឃាត់​ខ្លួន​ជនល្មើស និង​ជនសង្ស័យ​ត្រូវតែ​មាន​ការចោទប្រកាន់​ ឬ​ទទួលបាន​ការបញ្ជូន​ទៅ​តុលាការ​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​តុលាការ​ត្រូវធ្វើ​ការពិនិត្យ​ពី​និយតភាព​នៃ​នីតិវិធី​របស់​មន្ដ្រីនគរបាល​យុត្ដិធម៌​ក្នុង​ការចាប់ខ្លួន ឬ​ឃាត់ខ្លួន​នោះបាន​ធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់​ដែរឬទេ​? ​និង​សម្រេច​ចំណាត់ការ​នីតិវិធី​ឱ្យបាន​ឆាប់​រហ័យ និង​ធានា​ដល់​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ក្ដី​ដោយ​យុត្ដិធម៌​ចំពោះ​ជនជាប់ចោទ​នោះ​ផងដែរ​។

៩. ​សិទ្ធិ​ប្ដឹង​នឹង​ការបដិសេធ​ផ្សេងៗ​របស់​មន្ដ្រីនគរបាល​យុត្ដិធម៌​៖ ​ប្រសិន​បើ​សិទ្ធិ​ណាមួយ​ដែល​ច្បាប់​បាន​ធានា​ចំពោះ​ជនល្មើស​ ឬ​ជនសង្ស័យ​នៅពេល​ឃាត់ខ្លួន​ត្រូវបាន​បំពាន​​ ឬ​បដិសេធ ដោយ​មន្ដ្រី​នគរបាល​យុត្ដិធម៌ ជន​នោះ​អាច​ប្ដឹង​អំពី​ការបំពាន ឬ​តវ៉ា​នឹង​ការបដិសេធ​នោះ​ដោយផ្ទាល់​ ឬ​តាមរយៈ​មេធាវី​របស់​ខ្លួន​ទៅដល់​ស្ថាប័ន​អយ្យការ​ ឬ​ចៅក្រម​ស៊ើបសួរ​ ឬ​ក៏​តុលាការ​ដែល​​មាន​សមត្ថកិច្ច​បាន​។

ដោយឡែក​សិទ្ធិ​ដែល​មាន​ក្រោយពេល​បញ្ជូនទៅ​ពន្ធនាគារ​ហើយ​ (​ឃុំខ្លួន​) ​នោះ​មានចែង​ក្នុង​ច្បាប់​ស្តីពី​ពន្ធនាគារ​មាន​នៅ​ត្រង់​មាត្រា​ ២០ និង​​ត្រង់​ជំពូក​ ៥ ​ស្តីពី​សិទ្ធិ និង​លក្ខខណ្ឌ​រស់នៅ​របស់​ជន​ជាប់ឃុំ​ផងដែរ​៕