ការ​ស៊ើប​អង្កេត​រឿង​ក្តី​ណា​មួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលា​ការ ​​ជា​គោល​ការណ៍​គឺ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​រក្សា​ការ​សម្ងាត់​។​​ ប៉ុន្តែ​ករណីនេះ ជា​នីតិ​វិធី​ តើ​មន្រ្តី​ណា​ខ្លះ​ដែល​ប្រកាន់​គោល​ការណ៍​នេះ​បាន ហើយ​ប្រសិន​បើ​មាន​នរ​ណា​ម្នាក់​បញ្ចេញ​ព័ត៌មាន​ដែលជា​បម្រាម​នេះ តើ​អាច​មាន​ទោស​ដែរ​ឬទេ​?​

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជា​មួយ​លោកមេធាវី​ ​យុង ផានិត ​អនុ​ប្រធាន​នាយក​ដ្ឋាន​ការ​ពារ​ក្តី​ជន​ក្រីក្រ​នៃ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​មាន​ខ្លឹម​សារ​ដូច​តទៅ ៖


តើ​ការ​រក្សា​ការ​សម្ងាត់​ក្នុង​ប្រព័ន្ធ​តុលា​ការ​អាច​ប្រើ​​បាន​ចំពោះ​តែ​មេធាវី ​និង​ចៅក្រ​ម​ឬ​ក៏​អ្នកផ្សេង​អាច​ប្រ​កាន់​​គោលការណ៍​នេះ​បាន​ដែរឬ​យ៉ាង​ណា​?​


ករណី​រក្សា​​ការ​សម្ងាត់​នេះ​សំដៅ​លើ​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​នីតិវិធី​រឿង​ក្តីណា​មួយរ​បស់​តុលា​ការ​ឧទា​ហរណ៍​ដូចជា ​អ្នក​បក​ប្រែ​ភា​សាក៏​ត្រូវ​រក្សា​​ការសម្ងាត់​ដែរ​។ ​ជា​គោល​ការណ៍​​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​រក្សា​ការសម្ងាត់​នេះ​ មាន​ដូច​ជា ​មេធាវី​​,​ចៅ​ក្រម ​ព្រះរាជ​អាជ្ញា​ និង​មាន​ក្រឡា​បញ្ជី​ហើយ​ពេល​ខ្លះ​ក៏​មាន​អ្នកជំនាញ​ដែរ​ ដូច​ជា ​អ្នក​ធ្វើ​កោ​សល្យ​វិច័យ​ជា​ដើម​​។​


ជា​គោល​ការណ៍​ ការ​រក្សា​ការសម្ងាត់​ដែល​មិន​អាច​ប្រាប់​ឬ​ឆ្លើយ​ប្រាប់​នរណា​ម្នា​ក់បាន​គឺ​ស្ថិត​ក្នុង​អំឡុង​នៃ​ការ​ស៊ើប​អង្កេត​រឿង​ក្តីណា​មួយ​​ដែល​ក្នុង​អំឡុង​ពេល​នេះ​អ្នក​​ពាក់​ព័ន្ធ​ក្នុង​​នីតិវិធី​មិន​អាច​បញ្ចេញ​ព័ត៌មាន​ណា​មួយ​ដល់​អ្នក​ផ្សេង​បាន​ទេ។


តើ​រឿង​ក្តី​ណា​ខ្លះ​ដែល​មេ​ធាវី​ឬ​ចៅ​ក្រម​ អាច​ប្រាប់​ដល់​អ្នកផ្សេង​បាន​ ហើយ​រឿង​ក្តី​ណា​ខ្លះ​ដែល​មិន​អាច​ប្រាប់​បាន?​ ​​​​


ឧទាហ​រណ៍​មេធាវី​ឬ​ចៅ​ក្រម​នៅ​ពេល​ដែល​គាត់​កំពុង​​ស៊ើបអង្កេត​រឿង​ក្តី​ណា​មួយ​គឺ​គាត់​មិន​អាច​បញ្ចេញ​ព័ត៌មាន​ដល់​អ្នក​ផ្សេង​បាន​ទេ​ហើយ​បើ​ព័ត៌មាន​ណា​មួយ​ដែល​កំពុង​ស្ថិតក្នុង​អំឡុង​ពេលស៊ើប​អង្កេត​ត្រូវបាន​មេធាវី​ឬ​ចៅ​ក្រម​រូប​នោះ​យក​ទៅ​ប្រាប់​អ្នក​ផ្សេង​គឺ​​គាត់​ត្រូវ​មាន​ទោស​។​

ប៉ុន្តែបើ​សំណុំរឿង​ណា​មួយ ​ត្រូវ​បាន​ជំនុំ​ជម្រះរួ​ច​ និង​ចេញ​សាល​ក្រម​ឬ​សាលដី​កា​ហើយគឺ​មេធាវី​ឬ​ចៅ​ក្រម​​រូបនោះ​អាច​ប្រាប់​ទៅ​អ្នក​ផ្សេងបាន​​ព្រោះ​អី​ ការស៊ើប​អង្កេត​នោះ​ត្រូវ​បាន​បញ្ចប់​ហើយ​។ ឧទាហរណ៍​នីតិ​វិធី​នៃការ​រៀបចំចាប់​ខ្លួន​ជន​សង្ស័យណា​ម្នាក់​ ករណី​នេះ​គេ​មិន​អាច​ប្រាប់​ទៅ​អ្នក​ផ្សេង​បាន​ទេ​ ព្រោះ​​អី​វា​ស្ថិត​នៅ​ក្នុង​អំ​ឡុង​ពេល​ស៊ើប​អង្កេត។

បើ​យោង​មាត្រា​ ១​២​១​ នៃ​ក្រម​នី​តិ​វិ​ធី​ព្រហ្ម​ទណ្ឌ​បាន​ចែង​ថា​ បុគ្គល​ទាំង​ឡាយ​ដែល​ចូលរួម​ក្នុង​ការ​ស៊ើបអង្កេត​ ជា​ពិសេស​ចៅ​ក្រម​​ មេ​ធា​វី​ ក្រឡាបញ្ជី​ នគរបាល​​ កង​រាជ​អា​វុធហត្ថ​​ មន្រ្តី​រាជការ​ អ្នក​ជំនួញ​​អ្នក​បក​ប្រែ​ គ្រូ​ពេទ្យ​​ និង​បុគ្គល​ដែល​មាន​សមត្ថកិច្ច​ដូច​មាន​ចែង​ក្នុង​មា​ត្រា ៩​៥ (ការ​ត្រួត​ពិនិត្យ​ខាង​ផ្នែក​បច្ចេក​ទេស​​ឬ​​វិទ្យាសាស្រ្ត) នៃ​ក្រម​នេះ​ត្រូវ​រក្សា​ការ​សម្ងាត់​នៃ​វិជ្ជាជីវៈ។

ប៉ុន្តែ​ការ​គោរព​​នូវ​ការ​សម្ងាត់​​វិជ្ជាជីវៈ​មិន​អាច​ជា​​ឧបសគ្គ​​ដល់​ការ​ប្រើ​សិទ្ធិ​នៃ​ការការ​ពារ​ខ្លួន​ឡើយ​។​ ម៉្យាង​ទៀត​ ព្រះ​រាជអាជ្ញា​អាច​​ធ្វើ​សេចក្តី​ថ្លែង​ជា​សា​ធារ​ណៈ​កាល​ណា​ខ្លួន​យល់​ឃើញ​ថា​ព័ត៌​មាន​ដែល​ផ្សព្វផ្សាយ​ណា​មួយ​នោះ​ជា​ព័ត៌មាន​មិន​ពិត។​

ការ​បំពាន​លើ​ការ​សម្ងាត់​នៃ​ការស៊ើបសួ​​រគឺ​ជា​បទ​ល្មើស​ដែល​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់​ព្រហ្ម​ទណ្ឌ​ជា​ធរមាន៕