ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍អាចនឹងមិនបានជ្រាបពាក់ព័ន្ធនឹងផ្លូវច្បាប់ ឬការមិនបានចាប់អារម្មរណ៍ពីការធ្វើអំពើផ្ទុយនឹងច្បាប់ខណៈដែលខ្លួនក៏មិនយល់ពីច្បាប់ផងនោះ។ ដើម្បីបានជ្រាបខ្លះៗ ភ្នំពេញប៉ុស្តិ៍ សូមលើកយកចម្ងល់នៃជ្រុងមួយក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា ការប្រទះឃើញសាកសពហើយមិនប្រាប់សមត្ថកិច្ចដោយលាក់បំបាំងព័ត៌មាននេះ ថាតើត្រូវមានទោសឬយ៉ាងណា?
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្ដិ៍បានសម្ភាសជាមួយលោក សុក សំអឿន ជាមេធាវីបម្រើការនៅការិយាល័យក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទដែលមានការិយាល័យផ្ទះលេខ ៤៣ អឺ ផ្លូវលេខ ៤៥៤ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថាលោក (ក )បានដើរប្រទះឃើញសាកសពមនុស្សស្លាប់ ប៉ុន្តែគាត់មិនបានរាយការណ៍ប្រាប់នគរបាល ឬអាជ្ញាធរមូលដ្ឋានទេតើការមិនផ្តល់ព័ត៌មានដល់សមត្ថកិច្ចបែបនេះលោក (ក) ត្រូវមានទោសទណ្ឌដែរទេ ?
ករណីលោក (ក) ដើរប្រទះឃើញសាកសពមនុស្សហើយគាត់មិនបានផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច គឺលោក (ក) មិនមានទោសអ្វីទេព្រោះលោក (ក) មិនបានយកសាកសពមនុស្សនោះទៅលាក់បាំងឲ្យផុតពីភ្នែកមនុស្សដើម្បីកុំឲ្យគេឃើញនោះទេ។ដូច្នេះគាត់មិនពាក់ព័ន្ធនឹងបទល្មើសណាមួយជាមួយនឹងសាកសពនោះទេ។
ករណីមួយទៀតលោក (ក) បានសម្លាប់មនុស្សម្នាក់ហើយប្រើលោក (ខ) ឲ្យយកសាកសពនោះទៅលាក់ដើម្បីកុំឲ្យគេដឹងឬចង់បំបិទភ័ស្តុតាង។ តើលោក (ខ) ជាប់ពាក់ព័ន្ធនឹងបទល្មើសសម្លាប់មនុស្សដែរទេ ?
ករណីនេះ ប្រសិនបើ លោក (ក) សម្លាប់មនុស្សហើយប្រើលោក (ខ) ឲ្យយកសាកសពនោះទៅលាក់ អំពើបែបនេះ មានន័យថា ជាអំពើលាក់កំបាំងសាកសពហើយ ហើយលោក (ខ) ក៏នឹងត្រូវមានទោសទណ្ឌដែរ ។
យោងបញ្ញត្តិមាត្រា ៥៣១ នៃក្រមព្រហ្មទណ្ឌចែងថា អំពើដែលធ្វើឲ្យបាត់ឬលាក់បំបាំងសាកសពបុគ្គលណាម្នាក់ដែលរងគ្រោះពីបទមនុស្សឃាតឬទទួលមរណភាព បន្ទាប់ពីអំពើហិង្សាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំនិងពិន័យជាប្រាក់ពី ១ លានទៅ ៤ លានរៀល។
ចំពោះករណីអំពើលាក់បំបាំងតម្រុយវិញ យោងបញ្ញត្តិមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌដដែលចែងថា អំពើកែប្រែលុបបំបាត់ឬលាក់បំបាំងតម្រុយឬស្លាកស្នាមនៅលើទីកន្លែងនៃបទឧក្រិដ្ឋឬបទមជ្ឈិមក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានទៅ ៦ លានរៀល៕