តាមច្បាប់ ការប្រព្រឹត្តអំពើឃាតកម្មគឺជនល្មើស តែងតែមានទោសទៅតាមកម្រិតដែលបានប្រព្រឹត្ត។ ក៏ប៉ុន្តែក្នុងករណីដែលជនរងគ្រោះស្លាប់បាត់ទៅហើយ តែមានអ្នកផ្សេងទៅប្រើអំពើមិនគប្បី [ហិង្សា] លើសាកសពបន្ថែមទៀត។ ចង់ដឹងថា តើការប្រព្រឹត្តបែបនេះមានទោសដែរឬទេ?
ជុំវិញចម្ងល់នេះ ភ្នំពេញ ប៉ុស្ដិ៍ បានសុំការពន្យល់ពីលោកមេធាវី កុយ ដុល្លា មានអត្តលេខ ១៩៧៩ ជាសមាជិកនៃក្រុមមេធាវីធម្មសាស្ត្រ មានការិយាល័យបម្រើការងារនៅអគារលេខ ៣៦ ជាន់ទី ១០ បន្ទប់លេខ P១០-P១១ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (Email: k.dolla@bakc.org.kh) តាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក (ក) និងលោក (ខ) មានគំនុំជាមួយគ្នា ហើយលោក (ខ) ត្រូវបានអ្នកផ្សេងសម្លាប់។ ប៉ុនែ្តចៃដន្យលោក (ក) ដែលមានគំនុំស្រាប់នោះបានកាប់លើលោក (ខ) បន្ថែមទៀត។ តើទង្វើលោក (ក) ប្រព្រឹត្តបែបនេះមានទោសដែរឬទេ បើលោក (ក) និយាយប្រាប់គេថា មនុស្សស្លាប់ហើយទើបគាត់កាប់តាមក្រោយ?
មុននឹងឈានដល់ការបកស្រាយសំណួរខាងលើយើងត្រូវស្វែងយល់ពីអត្ថន័យនៃពាក្យ “សម្លាប់” ជាមុនសិន។ ពាក្យថា “សម្លាប់” មានន័យថា ការផ្ដាច់ជីវិតបុគ្គលណាម្នាក់ដោយប្រើគ្រប់មធ្យោបាយអាចតាមរយៈការប្រើប្រាស់អាវុធក្ដី ឬមិនប្រើប្រាស់អាវុធក្ដី។
ការសម្លាប់ ទោះបីជាដោយចេតនា ឬអចេតនាក៏ដោយ អាចប្រឈមទៅនឹងបទល្មើសព្រហ្មទណ្ឌរួមមានដូចជា៖ បទឃាតកម្មយោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ,បទឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ឬបទមនុស្សឃាតដោយអចេតនាយោងតាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌលើកលែងតែមានមូលហេតុរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដែលច្បាប់បានកំណត់ (ឧទាហរណ៍ ការការពារខ្លួនស្របច្បាប់ ជាអាទិ៍)។
លើសពីនេះតាមការពិនិត្យធាតុផ្សំសំខាន់នៅក្នុងបទល្មើសឃាតកម្ម,ឃាតកម្មគិតទុកជាមុន ឬមនុស្សឃាតដោយអចេតនាយើងឃើញថា វាទាមទារនូវលក្ខខណ្ឌមួយ គឺជនរងគ្រោះត្រូវតែជាមនុស្សនៅមានជីវិតមានន័យថា ជនរងគ្រោះនៅរស់រានមានជីវិត ប៉ុន្តែត្រូវជនល្មើសធ្វើសកម្មភាពណាមួយបណ្តាលឱ្យជនរងគ្រោះនោះស្លាប់។ អ៊ីចឹងសួរថា លោក (ក) ធ្វើសកម្មភាពកាប់ទៅលើលោក (ខ) ដែលបានស្លាប់ទៅហើយមានទោសដែរឬទេ?
ជាគោលការណ៍ ការប៉ះពាល់សាកសពរបស់បុគ្គលណាម្នាក់ដោយគ្មានសិទ្ធិ ឬការអនុញ្ញាតតាមផ្លូវច្បាប់ និងដោយខ្វះក្ដីគោរព ដែលទង្វើល្មើសនោះបានប្រព្រឹត្តឡើងក្រោមរូបភាពដូចជា ៖
ការប្រើហិង្សាដោយប្រើអាវុធ ឬមិនប្រើអាវុធ និងអំពើប៉ះពាល់ផ្សេងៗទៀតលើបូរណភាពនៃសាកសព ហើយជនល្មើសបានដឹងថា ខ្លួនកំពុងប្រព្រឹត្តទៅលើសាកសពមនុស្ស គឺអំពើនេះអាចប្រឈមទៅនឹងបទល្មើស “ការប៉ះពាល់ដល់បូរណភាពនៃសាកសព។ ត្រង់ចំណុចនេះឃើញមានចែងក្នុងមាត្រា ២៦១ នៃក្រមព្រហ្មទណ្ឌថា “អំពើប៉ះពាល់ដល់បូរណភាពនៃសាកសព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន)រៀល”។
ផ្អែកតាមអង្គហេតុខាងលើបញ្ជាក់អំពីអត្ថិភាពនៃការស្លាប់របស់លោក (ខ) រួចហើយ តទៅហៅថា សាកសព ទើបមានអំពើប៉ះពាល់ប្រព្រឹត្តដោយលោក (ក) តាមរយៈការកាប់ទៅលើសាកសពនោះ ហើយអំពើនេះត្រូវបានច្បាប់ហាមឃាត់ ដូចមានចែងក្នុងមាត្រា ២៦១ នៃក្រមព្រហ្មទណ្ឌ (ជាធាតុនីត្យានុកូលភាព)។ មួយវិញទៀត លោក (ក) ធ្វើសកម្មភាពកាប់លើសាកសពលោក (ខ) គឺជាអំពើបំពានលើបូរណភាពសាកសពដែលជាអំពើល្មើសច្បាប់ (ជាធាតុសត្យានុម័ត)។ បន្ថែមពីលើនេះអំពើរបស់លោក (ក) ធ្វើទ្បើងដោយចេតនា ដោយហេតុថា គាត់មានគំនុំនឹងគ្នាផង ទើបលោក (ក) កាប់ទៅលើសាកសពលោក (ខ) ទោះដឹងថា លោក (ខ) បានទទួលមរណភាពបាត់ទៅហើយក្តី។ ត្រង់ចំណុចនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីចេតនាក្នុងការប្រព្រឹត្តបទល្មើស (ជាធាតុអត្តនោម័ត)។
ហេតុដូច្នេះ តាមការពិនិត្យ ធាតុផ្សំនៃបទល្មើស និងអង្គហេតុខាងលើឃើញថាអំពើរបស់លោក (ក) នឹងត្រូវប្រឈមទៅនឹងបទល្មើសព្រហ្មទណ្ឌពី “បទប៉ះពាល់ដល់បូរណភាពនៃសាកសព” តាមមាត្រា ២៦១ នៃក្រមព្រហ្មទណ្ឌ។ (សូមរង់ចាំអានវគ្គបន្ដនៅសប្ដាហ៍ក្រោយ)