កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ភ្នំពេញ​ប៉ុស្ដិ៍​​បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចហើយ​អំពី​ទោសទណ្ឌ​នៃ​អ្នកប្រព្រឹត្ត​ល្មើស​លើ​សាកសព​ “​អំពើ​ប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព“​ ​ដោយ​ត្រូវ​ជាប់ទោស​តាម​មាត្រា​ ២៦១ ​នៃ​ក្រមព្រហ្មទណ្ឌ​តាមរយៈ​ការបកស្រាយ​ពី​លោក មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ ដែល​មាន​ការិយាល័យ​បម្រើ​ការងារ​នៅ​អគារ​លេខ​ ៣៦ ជាន់​ទី​ ១០ បន្ទប់​លេខ​ P១០-P១១ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ​ ៧ ​មករា រាជធានី​ភ្នំពេញ​ (Email: k.dolla@bakc.org.kh)​។ ​ដោយឡែក​នៅ​សប្ដាហ៍​នេះ យើង​សូម​លើកយក​វគ្គ​បញ្ចប់​មក​ចុះផ្សាយ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ចុះបើ​ឧបមាថា នគរបាល​ចាប់​ជនល្មើស​ដែល​សម្លាប់​លោក​ (​ខ​) ​បាន តើ​លោក​ (​ក​) ​អាច​រួច​ផុតពី​ទោស​ដែរ​ទេ​?


ដូច​បានបញ្ជាក់​ក្នុង​សំណួរ​ទី​ ១ ខាង​​លើ​អំពើ​របស់លោក​ (​ក​) ពុំ​ប្រឈម​នឹង​បទល្មើស​ឃាតកម្ម ឃាតកម្ម​គិតទុក​ជាមុន ឬ​មនុស្សឃាត​ដោយ​អចេតនា​នោះទេ ក៏ប៉ុន្ដែ​អំពើ​របស់​លោក​ (​ក​) ដែល​បាន​ប្រព្រឹត្ត គឺជា​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ផ្សេងទៀត​ “​បទ​ប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព​” ​តាម​មាត្រា​ ២៦១ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ហេតុដូច្នេះ ទោះបីជា​នគរបាល​ចាប់​ជនល្មើស​ដែល​បានសម្លាប់​លោក​ (​ខ​) ​បាន​ក៏ដោយ ក៏​លោក​ (​ក​) ​នៅតែ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែរ ដោយហេតុថា អង្គហេតុ និង​បទល្មើស​របស់​ជនល្មើស​ដែល​សម្លាប់​លោក​ (​ខ​) និង​អំពើ​របស់លោក​ (​ក​) មាន​ភាពឯករាជ្យ​ពីគ្នា ពោលគឺ​ជនល្មើស​ដែល​សម្លាប់​លោក (​ខ​) ​ប្រឈម​នឹង​ផ្លូវច្បាប់​ពាក់ព័ន្ធ​បទល្មើស​ដែល​អាច​ជា​បទឃាតកម្ម ឬ​បទ​ឃាតកម្ម​គិត​​ទុកជាមុន ឬ​បទមនុស្សឃាត​ដោយ​​អចេតនា តាម​អង្គហេតុ​ជាក់ស្តែង​។ ចំណែកឯ​លោក​ (​ក​) ​វិញ​អាច​នឹង​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ក្នុង​បទល្មើស​ “​បទប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព​” ដោយសារ​មូលហេតុ​ដូច​បានបញ្ជាក់​ក្នុង​សំណួរ​ទី​ ១​។


តើ​មនុស្ស​ស្លាប់​ទៅហើយ ទទួល​បាន​សិទ្ធិ​ការពារ​ខ្លួន​ដែរឬទេ​?


ជាគោលការណ៍ រូបវន្ដបុគ្គល​ម្នាក់ៗ​មាន​សមត្ថភាព​ទទួល​សិទ្ធិ​នៅពេល​ចាប់កំណើត ហើយ​បាត់បង់​អស់​នូវ​សមត្ថភាព​ទទួល​សិទ្ធិ​នេះ​នៅពេល​ទទួល​មរណភាព​។ ក៏ប៉ុន្ដែ​ថ្វីដ្បិតតែ​សមត្ថភាព​ទទួល​សិទ្ធិ​បាន​រលត់​នៅពេល​ទទួល​មរណភាព​ក៏ដោយ ក៏​នៅ​ទទួល​បាន​ការការពារ​មួយចំនួន​ដូចជា​៖ ការហាម​ប៉ះពាល់​បូរណភាព​សាកសព ឬ​ការប្រមាថ​ទី​បញ្ចុះសព ឬ​សិទ្ធិ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា និង​ករណី​ផ្សេងទៀត​ដែល​ច្បាប់​បាន​កំណត់​ជាក់លាក់​។ ដើម្បី​មាន​ភាពច្បាស់លាស់ ខ្ញុំ​សូម​លើក​យក​បទប្បញ្ញត្តិ​មួយចំនួន​មក​បង្ហាញ​ដូចខាងក្រោម​៖


- ​យោងតាម​មាត្រា​ ២៦១ នៃ​ក្រមព្រហ្មទណ្ឌ ចែងថា “​អំពើ​ប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ (​មួយ​) ​ខែ ទៅ​ ១ (​មួយ​) ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០ (​មួយ​សែន​) ​រៀល​ទៅ ២ ០០០ ០០០ (​ពីរលាន​) ​រៀល​។


ការគោរព​សាកសព​នេះ ត្រូវ​បាន​ច្បាប់​ធានា ប៉ុន្តែ​ក៏មាន​អញ្ញត្រកម្ម​មួយចំនួន​​ផងដែរ​។ ឧទាហរណ៍​ដូចជា​៖ ការធ្វើការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ឬ​អាច​ជា​ការសិក្សា​វិទ្យាសាស្ត្រ (​ទទួល​ការយល់ព្រម​ពី​សាមីជន​មុន​គាត់​ស្លាប់ និង​ការយល់ព្រម​ពី​គ្រួសារ​) ឬ​ការធ្វើ​កោសល្យវិច័យ​ ដើម្បី​បញ្ជាក់​មូលហេតុ​នៃ​ការស្លាប់ ថា តើ​សាកសព​នោះ​ស្លាប់​ដោយ​ឃាតកម្ម ឬ​អត្តឃាត ធ្វើ​ទ្បើង​ដោយ​មន្ត្រីនគរបាល​យុត្តិធម៌ និង​អ្នកជំនាញ និង​ករណី​ពិសេស​ផ្សេងទៀត​ដែល​ច្បាប់​អនុញ្ញាត​។

- ​យោងតាម​មាត្រា​ ២៦២ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា “​អំពើ​ប្រមាថ​តាម​មធ្យោបាយ​ណាមួយ​ក៏ដោយ​ទៅលើ​ផ្នូរ ទី​បញ្ចុះសព កោដ្ឋ ឬ​ទៅលើ​សំណង់​ដែល​កសាងឡើង សម្រាប់​រំឭក​វិញ្ញាណក្ខន្ធ​នៃ​អ្នកទទួល​មរណភាព ត្រូវ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​ពី​ ១ (​មួយ​) ​ខែ ទៅ​ ១ (​មួយ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០ (​មួយ​សែន​) រៀល​ទៅ ២ ០០០ ០០០ (​ពីរលាន​) ​រៀល​”​។

- ​យោងតាម​មាត្រា ៣០ នៃ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​ចែងថា “​សិទ្ធិ​បេតិកភណ្ឌ​ត្រូវ​បាន​ការពារ​ចាប់​តាំងពី​ថ្ងៃ​ដែល​បាន​បង្កើត​ស្នាដៃ​។ ​រយៈពេល​កិច្ចការពារ​សិទ្ធិ​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​អស់​ ១ ​ជីវិត​អ្នកនិពន្ធ ព្រមទាំង​ប្រព្រឹត្ត​ទៅ​ ៥០ (​ហាសិប​ឆ្នាំ​) ក្រោយ​ថ្ងៃ​ទទួលមរណភាព​របស់​អ្នកនិពន្ធ​។ កិច្ចការពារ​សិទ្ធិ​បេតិកភណ្ឌ​លើ​ស្នាដៃ​សហការ​ប្រព្រឹត្តទៅ​អស់​ ១ ​ជីវិត​អ្នកនិពន្ធ ដែល​រស់នៅ​ចុងក្រោយ​គេ ព្រមទាំង​ប្រព្រឹត្ត​ទៅ​រយៈពេល​ ៥០ (​ហាសិប​) ​ឆ្នាំក្រោយ​ថ្ងៃ​ទទួល​មរណភាព​របស់​​អ្នកនិពន្ធ​ចុងក្រោយ​នេះ​”​។

- ​លិខិត​បណ្តាំ​មតកសាសន៍​ដែល​បុគ្គល​ម្នាក់​បានធ្វើ ដើម្បី​សម្ដែង​ឆន្ទៈ​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​ការចាត់ចែង​ទ្រព្យសម្បត្តិ​របស់គាត់ បន្ទាប់ពី​មរណភាព​រួមមាន​៖ មតកសាសន៍​ដោយ​លិខិត​យថាភូត​, មតកសាសន៍​ដោយ​លិខិតឯកជន​,​មតកសាសន៍​ដោយ​លិខិតសម្ងាត់ ជាអាទិ៍​។ ប៉ុន្តែ​លិខិត​បណ្តាំ​ទាំងអស់​នេះ​ត្រូវធ្វើ​ទ្បើង​ក្នុង​លក្ខខណ្ឌ​ដែល​ច្បាប់​បានកំណត់​យ៉ាង​តឹងរ៉ឹង​។

ផ្អែក​តាម​បទប្បញ្ញត្តិ​ខាងលើ ឃើញ​​ថា ទោះបី​មនុស្ស​ស្លាប់​ទៅ​ហើយក៏​ទទួល​បាន​ការការពារ និង​ធានា​ដោយ​ច្បាប់​ដែរ ដោយ​ការគោរព​សាកសព ការគោរព​ឆន្ទៈ​របស់​មតកជន និង​ការការពារ​កេរ្ដិ៍ឈ្មោះ​ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​របស់​អ្នកនិពន្ធ​៕