រាល់ទង្វើ ឬសកម្មភាពរបស់ពលរដ្ឋដែលបានប្រព្រឹត្តក្នុងជីវភាពប្រចាំថ្ងៃនៅតាមសហគមន៍ តែងតែជួបនូវបញ្ហាដែលកើតចេញពីទង្វើរបស់ពួកគាត់នោះ ប៉ុន្តែពេលខ្លះក៏ពួកគាត់មិនបានដឹងខ្លួនថា ប្រព្រឹត្តខុសច្បាប់ផងទេ។
សប្តាហ៍នេះកាសែតភ្នំពេញប៉ុស្តិ៍ សូមលើកយកជ្រុងមួយនៃការប្រព្រឹត្តខុសច្បាប់ដែលពលរដ្ឋមិនបានគិតដល់តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកមេធាវី លី កុសល ដែលមានការិយាល័យនៅផ្ទះលេខ ៤៥-Eo ផ្លូវលេខ ៩ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចតទៅ ៖
ឧបមាថា មានមនុស្ស ២ នាក់ឈ្លោះគ្នាហើយមានម្នាក់ត្រូវបានគេវាយរហូតដល់ស្លាប់ ហើយពេលគេវាយជនរងគ្រោះនោះមានលោក (ក) ក៏នៅទីនោះដែរ តែគាត់មិនបានជួយឃាត់អ្នកវាយទេ។ តើករណីនេះលោក (ក) អាចមានទោសដែរទេបើគាត់មិនបានរួមគំនិតវាយជនរងគ្រោះផងនោះ?
មនុស្សឈ្លោះគ្នា ២ នាក់ក្នុងនោះម្នាក់ត្រូវគេវាយរហូតដល់ស្លាប់ហើយពេលគេវាយជនរងគ្រោះលោក (ក) នៅទីនោះដែរតែលោក (ក) មិនបានចូលឃាត់អ្នកវាយជនរងគ្រោះទេ។ចំពោះករណីនេះត្រូវបែងចែកជា ២ ដាច់ដោយឡែកពីគ្នាដូចជា៖
ករណីទី១ ប្រសិនបើលោក (ក) ឃើញសកម្មភាពសម្លាប់មនុស្សម្នាក់ដោយផ្ទាល់នឹងភ្នែកហើយ តែលោក (ក) ធ្វើមិនដឹងធ្វើមិនឮបណ្តោយឲ្យបទល្មើសទទួលផលបានសម្រេចនោះ គឺជាបទល្មើសដែលច្បាប់ហៅថា បទល្មើសអកម្មមានន័យថាលោក (ក) មិនបានធ្វើអំពើដែលច្បាប់តម្រូវឲ្យធ្វើឬលោក (ក) មិនបានបំពេញកាតព្វកិច្ចដែលច្បាប់តម្រូវឲ្យធ្វើ។
យោងតាមមាត្រា ៥២៩ នៃក្រមព្រហ្មទណ្ឌ ចាត់ទុកជាបទល្មើសការមិនប្តឹងបរិហារបទឧក្រិដ្ឋដែលចែងថាៈ រាល់បុគ្គលណាដែលបានដឹងពីបទឧក្រិដ្ឋដែលអាចនឹងបង្ការឬបន្ថយអានុភាពរបស់បទល្មើសបាន ហើយមិនប្តឹងបរិហារដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀលទៅ ២ ០០០ ០០០ (ពីរលាន) រៀល។ ប៉ុន្តែត្រូវបានលើកលែងឲ្យរួចផុតពីទោសៈ
-បុព្វញាតិ និងបច្ឆាញាតិបងប្អូនប្រុសស្រីរបស់ចារី សហចារី អ្នកផ្តើមគំនិតឬអ្នកសមគំនិតនៃបទឧក្រិដ្ឋ។
-សហព័ទ្ធរបស់ចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិតនៃបទឧក្រិដ្ឋ។
-បុគ្គលដែលច្បាប់តម្រូវឲ្យរក្សាអាថ៌កំបាំងនៃវិជ្ជាជីវៈ។
ករណីទី២ ប្រសិនបើលោក (ក) ឃើញការសកម្មភាពសម្លាប់មនុស្សម្នាក់ដោយផ្ទាល់នឹងភ្នែកហើយ តែលោក (ក) មិនមានលទ្ធភាព និងមធ្យោបាយផ្សេងៗចូលទៅឃាត់ដោយសារអំពើរបស់ជនល្មើសដែលវាយសម្លាប់ជនរងគ្រោះនោះ គឺមានលក្ខណៈសាហាវឃោរឃៅបណ្តាលឲ្យស្លាប់នោះដោយបានប្រើប្រាស់អាវុធ ឬឧបករណ៍ ដែលអាចងាយបណ្តាលឲ្យគ្រោះថ្នាក់ដល់ខ្លួននោះករណីនេះគឺលោក (ក) មិនមានលទ្ធភាពចូលឃាត់បាននៃអំពើល្មើសនោះបានទេតែលោក (ក) បានខ្នះខ្នែង ឈឺឆ្អាល រកគ្រប់មធ្យោបាយក្នុងការជួយរាយការណ៍នៃបទល្មើសដែលខ្លួនបានឃើញនោះទៅអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចដែលនៅជិតទីតាំងបទល្មើសដែលកើតឡើងហើយបើយើងក្រឡេកមើលនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាវិញនោះ គឺជាគោលការណ៍នៅក្នុងរឿងព្រហ្មទណ្ឌបុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ យោងតាមមាត្រា ២៤ គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ។
ដើម្បីឲ្យបានរួចផុតពីការចោទប្រកាន់ តើលោក (ក) គួរតែធ្វើយ៉ាងម៉េចពេលកំពុងមានជម្លោះនោះ?
ដើម្បីឲ្យបានរួចផុតពីការចោទប្រកាន់ លោក (ក) គួរតែបំពេញកាតព្វកិច្ចមួយចំនួនដែលច្បាប់តម្រូវឲ្យធ្វើដើម្បីឲ្យបានរួចផុតពីការចោទប្រកាន់ គឺលោក (ក) គួរតែបំពេញកាតព្វកិច្ចមួយចំនួនដូចជាៈ-ប្រសិនបើស្ថានការណ៍នៃបទល្មើសមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ខ្លួននោះទេ គឺលោក (ក) ត្រូវតែចូលរួមជួយឃាត់ឬរារាំងកុំឲ្យមានបទល្មើសកើតឡើងជាបន្តទៀត ឬរហូតដល់បទល្មើសបានសម្រេចលោក (ក) ត្រូវសហការជាមួយប្រជាពលរដ្ឋជាច្រើន ដែលនៅជិតកន្លែងកើតហេតុដើម្បីចូលរួមរារាំង ឬទប់ស្កាត់បទល្មើសកើតឡើងលោក (ក) ត្រូវរាយការណ៍ទៅអាជ្ញាធរ តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចដូចជាៈ មេភូមិ មេឃុំ មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ...។ល។
ករណីនេះដែរ បើគេវាយសម្លាប់ក្មេងជាអនីតិជនវិញ តើអ្នកបង្កបទល្មើសនោះ ត្រូវមានទោសដូចគ្នានឹងវាយសម្លាប់មនុស្សពេញវ័យដែរទេ?
ករណីនេះ ប្រសិនបើអ្នកស្លាប់ គឺជាក្មេងជាអនីតិជននោះ អ្នកបង្កបទល្មើសនោះ គឺត្រូវមានទោសធ្ងន់ជាងអ្នកដែលវាយសម្លាប់មនុស្សពេញវ័យ ព្រោះអនីតិជន គឺជាបុគ្គលដែល ទន់ខ្សោយងាយរងគ្រោះ ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ និងអនុសញ្ញាស្តីពីសិទ្ធិកុមារត្រង់មាត្រា ៤៨ ចែងថា រដ្ឋធានាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារជាពិសេស សិទ្ធិមានជីវិតរស់នៅរួមនឹងមាត្រា ២០២ នៃក្រមព្រហ្មទណ្ឌឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះគឺត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១៥ ឆ្នាំ (ដប់ប្រាំ) ឆ្នាំទៅ ៣០ ឆ្នាំ (សាមសិប) ឆ្នាំកាលបើអំពើនេះត្រូវបានប្រពឹត្តទៅលើបុគ្គលទន់ខ្សោយ ពិសេសដោយមូលហេតុអាយុនៃបុគ្គលនោះ។ ខុសពីបទឃាតកម្មមាត្រា ១៩៩ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១០ ឆ្នាំ (ដប់ឆ្នាំ) ទៅ ១៥ (ដប់ប្រាំឆ្នាំ)។
(សូមរង់ចាំអានវគ្គបន្តនៅ សប្តាហ៍ក្រោយ)