តាមច្បាប់​សវនាការ​សាធារណៈតែង​បើក​ឱកាស​ឲ្យ​មាន​ការ​ចូលរួម​ស្តាប់​ជាទូទៅ​សូម្បី​អ្នក​ពាក់ព័ន្ធ​ឬ​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ណាមួយ​នោះ​ក្ដី។ ចុះ​ប្រសិន​បើ​មាន​ការ​ហាម​ឃាត់​ពី​សមត្ថកិច្ច​នគរបាល តើ​ជាការ​ត្រឹមត្រូវ​ដែរ​ឬទេ?​ជុំវិញ​ករណី​បែប​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក សុក សំអឿន ជាមេធាវី​បម្រើការ​នៅ​ការិយាល័យ​ក្រុម​អ្នក​ច្បាប់ និង​ទីប្រឹក្សា​អមរិន្ទ​ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ ៤៣ អឺ​ផ្លូវ​លេខ ៤៥៤ សង្កាត់​ទួល​ទំពូង ១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

ពាក្យ​ថា​សវនាការ​សា​ធារណៈ មានន័យដូចម្ដេច?


សវនាការ​សាធារណៈ​មានន័យថា នរណា​ក៏ដោយ បើទោះជា​មិន​ពាក់ព័ន្ធ​រឿង​ក្តី​ជំនុំ​ជម្រះ​ក៏​អាច​ចូល​ត្រួត​ពិនិត្យ​និង​ចូល​ស្តាប់​ក្នុង​អង្គ​សវនាការ​បាន​ដែរ។


ករណី​ជាក់ស្តែង ខ្ញុំ​បាន​ចូលទៅ​ស្តាប់​ការជំនុំជម្រះ​មួយ​កាលពី​ព្រឹក​ថ្ងៃទី ២ ខែ​ ឧសភា​ ឆ្នាំ ២០១៩ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ គ្រា​នោះ​ក៏​ជា​សវនាការ​សាធារណៈ​ដែរ តែ​ត្រូវ​បាន​នគរបាល​ដែល​យាម​ប្រចាំការ​នៅ​ទីនោះ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​បន្ទប់​សវនាការ​នោះ​ទេ ហើយ​បាន​សួររក​ដីកា។


តើ​ការហាមឃាត់​បែបនេះ​អាច​ផ្ទុយ​នឹង​អត្ថន័យ​ចែង​ខាង​លើ​ ឬ​នគរបាល​អនុវត្ត​បែប​នេះ​ខុស​នីតិវិធី​ ឬ​យ៉ាងណា?


ក្នុងករណីនេះ​វា​ផ្ទុយ​នឹង​ពាក្យ​ថា​សវនាការ​សាធារណៈ​ដល់​អ៊ីចឹង​ពាក្យ​សាធារណៈ​ដែល​ប្រើ​សម្រាប់​តុលាការ​សព្វថ្ងៃ​វា​មានន័យ​ផ្សេង វា​ខុស​នឹង​ន័យ​សាធារណៈ។


នគរបាល​គាត់​ធ្វើ​នេះ តាម​បទបញ្ជា​របស់​តុលាការ​ធ្វើតាម​ការ​បង្គាប់​បញ្ជា​របស់​តុលាការ។ ករណី​នេះ​សម្រាប់​នគរបាល​អនុវត្ត​បែប​នេះ​វា​ផ្ទុយ​នឹង​ពាក្យ​ថា សវនាការ​សាធារណៈ ហើយ​ម្យ៉ាង​ទៀត​ជា​ទស្សនៈ​របស់​ខ្ញុំ​ប្រហែល​ជា​នគរបាល​គិតពី​រឿង​សន្តិសុខ។ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​សុំចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​ជា​សាធារណៈ​នោះ​គួរ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គាត់​ចូល​ស្តាប់​សវនាការ​នោះ។ តែ​បើ​នគរបាល​យល់​ថា អ្នក​ដែល​មាន​បំណង​ចូល​ស្ដាប់​ក្នុង​បន្ទប់​សវនាការ​សាធារណៈ​មិន​អាច​ធ្វើ​បាន​នោះ គឺ​តុលាការ​គួរ​ធ្វើ​បន្ទប់​សវនាការ​ដាច់​ដោយ​ឡែក​ណាមួយ​ទៅ​ដើម្បី​ឲ្យ​អ្នក​មិន​ពាក់ព័ន្ធ​ចូលរួម​បាន។តែ​បើ​សមត្ថកិច្ច​នគរបាល​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​បន្ទប់​សវនាការ​សាធារណៈ អ៊ីចឹង​នាំ​ឲ្យ​ពាក្យ​ថា​សវនាការ​សាធារណៈ​គឺ​វា​អត់​មានន័យ។

ចំពោះ​សវនាការ​អសា​ធារណៈ​គេ​ធ្វើបាន​ក្នុង​កាលៈទេសៈណា​ដែរ?

ចំពោះ​សវនាការ​អសា​ធារណៈ​វិញ​គឺ​អ្នកផ្សេង​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងក្តី​គឺ​អត់​អាច​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​បាន​ទេ។ សវនាការ​អសា​ធារណៈ​គេ​ធ្វើបាន​ក្នុង​កាលៈទេសៈ​ដូចជា ជំនុំ​ជម្រះ​រឿងក្តីអនីតិជន (ក្រោម​អាយុ ១៨ ឆ្នាំ) ដែល​តុលាការ​មិន​ចង់​ឲ្យ​រឿង​របស់​ក្មេង​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាទូទៅ​ពេក។ ​មានន័យ​ថា សវនាការ​អសា​ធារណៈ​គឺជា​ការ​ជំនុំ​ជម្រះ​តែ​អ្នកណា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​ប៉ុណ្ណោះ តែបើ​អ្នក​គ្មាន​ការ​ជាប់​ពាក់ព័ន្ធ​គឺ​មិន​អាច​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​បាន​ទេ៕