ជាទូទៅ មុនពេល​បាន​គ្នា​ជា​ប្ដី/ប្រពន្ធ ដៃគូ​តែងតែ​ប្រើ​វិធី​​ខុសៗ​ទៅតាម​ប្រទេស​នីមួយៗ​ ឬ​តាម​តំបន់​នានា​នៃ​បណ្ដា​ប្រទេស​ទាំងនោះ​ដោយ​ខ្លះ​ធ្វើតាម​​បែប​សាសនា ឬ​តាម​ប្រពៃណី​ដូនតា ឬ​ក៏​តាមច្បាប់​ប្រទេស​​ជាដើម​។ ​ចង់ដឹងថា តើ​ការរៀបចំ​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​​ និង​តាមច្បាប់​ខុស​គ្នា​ដូចម្ដេច​?

ជុំវិញ​ចម្ងល់​នេះ​លោក មេធាវី លី កុសល ដែលមាន​ការិយាល័យ​បម្រើ​ការងារ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​ ៩ ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​បាន​ពន្យល់​តាមរយៈ​សំណួរ​របស់​​ភ្នំពេញ​ប៉ុស្ដិ៍​ដូចខាងក្រោម ៖


តើ​ការរៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ខុសគ្នា​នឹង​ការរៀប​អាពាហ៍ពិពាហ៍​តាម​ផ្លូវ​ច្បាប់​ដូចម្តេច​?


ការរៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី គឺជា​ទំនៀមទម្លាប់​មួយ​ដែលមាន​តាំងពី​បុរាណ​មក វា​អាច​ចាត់ទុក​ទៅ​ថា ជា​ផ្នែក​មួយ​នៅក្នុង​សីលធម៌​ផងដែរ​សម្រាប់​សង្គម​ខ្មែរ ហើយ​ក៏​វា​ជា​សារ​ប្រកាស​ជា​សាធារណៈ​ថា បុរស និង​នារី​នោះ​គឺជា​ស្វាមីភរិយា​នឹង​គ្នា​ដោយ​មាន​ការដឹងឮ​ពី​សាធារណជន និង​សាច់ញាតិ​បងប្អូន​ជាដើម ប៉ុន្តែ​មិន​មាន​អានុភាព​ផ្នែក​ផ្លូវច្បាប់​​ក្នុងការ​ចង​ភាគី​ទាំង​ ២ ​នោះ​ទេ​។


ដោយឡែក​សម្រាប់ ការរៀប​អាពាហ៍ពិពាហ​តាមផ្លូវ​ច្បាប់ គឺជា​ការបង្កើត​នូវ​ចំណង​គតិយុត្ត​មួយ​រវាង​បុរស និង​នារី ហើយ​បង្កើតឡើង​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​កំណត់​ដោយ​គោរព​ទាំង​លក្ខខណ្ឌ​សារធាតុ​​ និង​លក្ខខណ្ឌ​ទម្រង់​ចាប់ពី​មាត្រា​ ៩៤៨ ដល់​មាត្រា​ ៩៥៦ នៃ​ក្រមរដ្ឋប្បវេណី​ទៅ ហើយ​វា​មាន​អានុភាព​ផ្លូវច្បាប់​ទៅ​លើ​កូន​ទ្រព្យ និង​ចំណង​ឯកពន្ធភាព​ជាដើម​។ ​ចំពោះ​លក្ខខណ្ឌ​សារធាតុ និង​លក្ខខណ្ឌ​ទម្រង់​មាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ


ក- លក្ខខណ្ឌ​សារធាតុ គឺជា​លក្ខខណ្ឌ​ដែល​កំណត់​ពី​អានុភាព​​នៃ​អាពាហ៍ពិពាហ៍ រួមមាន ការព្រមព្រៀង​របស់​ភាគី​ដោយ​​ឆន្ទៈ​សេរី​របស់​បុរស-នារី​។ អាយុ​របស់​ភាគី​ (១៨ ​ឆ្នាំ​) ភេទ​ផ្ទុយ​​គ្នា​របស់​បុរស-នារី​ (​ភេទ​ដូចគ្នា​មិនអាច​រៀប​អាពាហ៍ពិពាហ៍​​បាន​ទេ​) ​ការហាមឃាត់​ចំពោះ​អាពាហ៍ពិពាហ៍​ថ្មី​ក្នុងអំឡុង​ពេល​ដែល​ច្បាប់​កម្រិត​សម្រាប់​ស្ត្រី​ដើម្បី​ចៀសវាង​បញ្ហា​ចោទឡើង​ក្នុង​ការកំណត់​ឪពុក​របស់​កូន​ដែល​មាន​រយៈពេល​ ១២០ ​ថ្ងៃ​គិតពី​ថ្ងៃ​អាពាហ៍ពិពាហ៍​មុន​ត្រូវ​​បាន​រំលាយ ការហាមឃាត់​ក្នុង​ទ្វេ​ពន្ធភាព​ (​ពុំទាន់​បាន​លែងលះ​គ្នា​តាម​ផ្លូវ​ច្បាប់​នៅឡើយ​) ​ការហាមឃាត់​ចំពោះ​អាពាហ៍ពិពាហ៍​រវាង​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ញាតិ​នឹង​គ្នា​ (​អាពាហ៍ពិពាហ៍​រវាង​ញាតិ​លោហិត ឬ​រវាង​ញាតិពន្ធ​)​។


ខ- លក្ខខណ្ឌ​ទម្រង់ គឺជា​ការដាក់​ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍ ការបញ្ជាក់​ភាព​នៅ​លីវ​ការជូន​ដំណឹង​ជា​សាធារណៈ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​លំនៅឋាន​សាមីខ្លួន​នារី ១ ​ច្បាប់ បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​សាលាឃុំ ឬ​សង្កាត់​សាមីខ្លួន​នារី ១ ​ច្បាប់ រក្សាទុក​នៅ​សាលាឃុំ ឬ​សង្កាត់​សាមីខ្លួន​នារី ២ ​ច្បាប់​ទៀត​ត្រូវ​ផ្ញើ​ទៅ​មន្ត្រី​អត្រានុកូលដ្ឋាន​ខាង​បុរស​ដើម្បី​យកទៅ​បិទ​ផ្សាយ​ជា​​សាធារណៈ​នៅ​លំនៅឋាន​សាមីខ្លួន​បុរស ១ ច្បាប់ និង​សាលាឃុំ ឬ​សង្កាត់​សាមីខ្លួន​បុរស ១ ​ច្បាប់​។

ការចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ​គិតពី​ថ្ងៃ​បិទ​ប្រកាស​បាន​កន្លងផុត ហើយ​ប្រសិន​បើ​គ្មាន​ការប្តឹង​ជំទាស់ បុរស-នារី​អាច​ចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​នៅ​ចំពោះមុខ​មន្ត្រី​អត្រានុកូលដ្ឋាន​នៃ​ឃុំ​សង្កាត់​ខាង​នារី​។ ការចុះកិច្ចសន្យា​តម្រូវ​ឱ្យ​មាន​សាក្សី​ជា​នីតិជន​ចំនួន​ ២ ​នាក់​ដែល​ជា​នីតិជន​។

ការចុះបញ្ជី​អាពាហ៍ពិពាហ៍​ (​សំបុត្រអាពាហ៍ពិពាហ៍​) ត្រូវ​ស្រង់​យក​ខ្លឹមសារ​ដែល​មាន​​នៅក្នុង​កិច្ចសន្យា​អាពាហ៍ពិពាហ៍​ចូលក្នុង​សៀវភៅ​អាពាហ៍ពិពាហ៍ នេះ​គេ​ហៅថា ការចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍ ហើយ​មន្ត្រី​អត្រានុកូលដ្ឋាន​នឹង​ចម្លង​ចូលក្នុង​លិខិត​មួយ​ហៅ ថា សំបុត្រអាពាហ៍ពិពាហ៍ ទុក​ឱ្យ​សាមីខ្លួន​ប្រើប្រាស់​។

ដូច្នេះ​ហើយ មនុស្ស​ប្រុស-ស្រី ត្រូវ​តែ​គោរព​ទៅតាម​លក្ខខណ្ឌ​ដែល​ច្បាប់​បានកំណត់​ជាក់លាក់ បើ​មិន​គោរព​តាម​លក្ខខណ្ឌ​ខាងលើ​នេះ​ទេ គឺ​​អាពាហ៍ពិពាហ៍​នោះ​នឹង​មិន​បង្កើត​អានុភាព​តាមផ្លូវ​ច្បាប់ ឬ​អាច​លុបចោល និង​អាច​មោឃភាព​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​​សប្ដាហ៍​ក្រោយ​)