ជាទូទៅ​ការធ្វើ​ជំនួញ​របស់​ក្រុមហ៊ុន​សហគ្រាស​នីមួយៗ​តែងតែមាន​សញ្ញា​ (​ម៉ាក​) ​សម្រាប់​សម្គាល់ថា ជា​កម្មសិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ ឬ​សហគ្រាស​នោះ​។ ចង់ដឹងថា តើ​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​បានកំណត់​និយមន័យ​នៃ​ (​ម៉ាក​) ​នេះ​យ៉ាងណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ខាន់ ច័ន្ទកូលិច ជា​ប្រធាន​ការិយាល័យ​មេធាវី​មហិស្សរា និង​ជា​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ដែលមាន​ការិយាល័យ​ស្ថិតនៅ​ផ្ទះ​លេខ ២២៩ ​បេផ្លូវ​ ២៧១ សង្កាត់​ទឹកល្អក់​ទី​ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ដូចខាងក្រោម​៖

ដូចម្តេច​ដែល​ហៅថា ម៉ាក​? តើ​ម៉ាក​មាន​សារៈសំខាន់​ដូចម្តេច​ដែរ​តាមផ្លូវ​ច្បាប់​?


អនុលោម​ទៅតាម​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ម៉ាក​គឺ​សញ្ញា​ដែល​មើលឃើញ ហើយ​អាច​សម្គាល់​លក្ខណៈ​ខុសគ្នា​នៃ​ទំនិញ​ ឬ​សេវា​របស់​សហគ្រាស​នីមួយៗ​។


ម៉ាក​ដែល​ប្រើប្រាស់​សម្រាប់​ទំនិញ​ហៅថា​ពាណិជ្ជសញ្ញា​ហើយ​ម៉ាក​ដែល​ប្រើប្រាស់​សម្រាប់​សេវា​សញ្ញា​ហៅថា​សេវា​សញ្ញា​។ ​ម៉ាក​ទាំង​ ២ ​ប្រភេទ​នេះ​ត្រូវបាន​គេ​ហៅ​ជារួម​ថា​ម៉ាក​។ ​សញ្ញា​ទាំងនេះ​រួមមាន​ឈ្មោះ​បុគ្គល អក្សរ​សញ្ញា​​លេខ ពណ៌ សមាសធាតុ​រូបភាព និង​ការ​ផ្គុំ​នៃ​ពណ៌​។


ចំពោះ​អត្ថប្រយោជន៍​នៃ​ម៉ាក​តាម​ផ្លូវ​ច្បាប់​៖


សង្គម៖ ​រដ្ឋ​ទទួលបាន​កម្រៃ​ចុះបញ្ជី និង​បង្ហាញ​ទំនុកចិត្ត​ និង​ទាក់ទាញ​វិនិយោគិន​។


ម្ចាស់​ម៉ាក​៖ ទទួលបាន​សិទ្ធិផ្តាច់មុខ​លើ​ម៉ាក​ទទួលបាន​សិទ្ធិ​ប្រឆាំង និង​ការរំលោភ​បំពាន​លើ​ម៉ាក​។

អ្នកប្រើប្រាស់​៖ ​ធានា​លើ​ការប្រើប្រាស់​ទំនិញ​ប្រកបដោយ​គ្មាន​ការភាន់ច្រឡំ​។

អត្ថប្រយោជន៍​នៃ​ម៉ាក​សំខាន់ៗ​​សម្រាប់​សហគ្រាស​មានដូចជា​៖

ទាក់ទាញ​អតិថិជន និង​ពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទីផ្សារ​កំណត់​អំពី​រូបភាព និង​កេរ្តិ៍ឈ្មោះ​របស់​សហគ្រាស​។

បង្កើន​ភាព​ទុកចិត្ត​ពី​សំណាក់​អ្នកប្រើប្រាស់​ដែល​បង្កើត​​បានជា​មូលនិធិ​ពាណិជ្ជកម្ម​យ៉ាងរឹងមាំ​សម្រាប់​សហគ្រាស​។

កំណត់​អំពី​គុណភាព​នៃ​ទំនិញ​ ឬ​សេវា និង​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់​ទំនិញ​ ឬ​សេវា​ដែល​ពាក់​ម៉ាក​នោះ​។

ផ្តល់​ការលើក​ទឹកចិត្ត​ដល់​សហគ្រាស​ដើម្បី​ពង្រីក​ការវិនិយោគ និង​ពង្រឹងគុណភាព​នៃ​ទំនិញ​ ឬ​សេវា​ដែល​ពាក់​ម៉ាក​នោះ​ដែលជា​លទ្ធផល​វា​នឹង​ផ្តល់​តម្លៃ និង​ភាពល្បី​នៃ​ម៉ាក​​នោះ​វិញ​ចំពោះ​ម្ចាស់​ម៉ាក​។

តើ​គេ​អាច​ប្រើប្រាស់​ម៉ាក​បាន​ក្នុង​ជំនួញ​ប្រភេទ​ណា​?

គេ​អាច​ប្រើប្រាស់​ម៉ាក​នៅ​គ្រប់​ប្រភេទ​នៃ​ជំនួញ​។

ប្រសិនបើ​ពាណិជ្ជករ ឬ​អ្នកជំនួញ​ដទៃ​លួច​ប្រើប្រាស់​ម៉ាក​ជា​កម្មសិទ្ធិ​អ្នកផ្សេង​ត្រូវ​ទទួលទោស​បែបណា​?

ក្នុង​ន័យ​ទូទៅ អំពើ​រំលោភបំពាន​សិទ្ធិ​លើ​ម៉ាក​ត្រូវបាន​​កំណត់ថា​ជាការ​ប្រើប្រាស់​ម៉ាក​គ្រប់​រូបភាព​ដោយ​ពុំ​មាន​ការអនុញ្ញាត​ជាមុន​ពី​ម្ចាស់​ម៉ាក​។

ការរំលោភ​ម៉ាក​អាច​កើតឡើង​តាមរយៈ​ ៣ ​រូបភាព ទី​ ១ គឺ​ការក្លែងបន្លំ​ម៉ាក ទី​ ២- ​ការធ្វើ​ត្រាប់​តាម​ម៉ាក និង​ទី​ ៣- ​ការប្រើប្រាស់​ម៉ាក​គេ​ដោយ​ពុំមាន​ការអនុញ្ញាត​។ ​សេវា ឬ​ផលិតផល​ដែល​កើតចេញពី​អំពើ​ខាងលើ​​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ទំនិញ​ដែល​ពាក់​ម៉ាក​ក្លែងក្លាយ​។

ចំពោះ​ដំណោះស្រាយ​លើ​ការរំលោភ​ម៉ាក​ចែកចេញ​ជា​ ២ ​គឺ​ទី​ ១- ​ដំណាក់កាល​នៅ​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា និង​ទី​ ២- ​ដំណាក់កាល​តុលាការ​។ ​ចំពោះ​​ទោស​បញ្ញត្តិ​នៃ​អំពើ​រំលោភបំពាន​ម៉ាក​៖ ​រាល់​ការរំលោភបំពាន​ទៅលើ​ម៉ាក​ដូច​ដែល​បានកំណត់​នេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​យោងតាម​មាត្រា​ ៦៤ មាត្រា​ ៦៦ ​នៃ​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​​ជនល្មើស​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​រហូតដល់​ ២០ ​លាន​រៀល​ ​និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់​ ៥ ​ឆ្នាំ​។ ក្នុងករណី​មិន​រាងចាល​ជនល្មើស​ត្រូវ​ទទួលខុសត្រូវ​ទ្វេដង​ចំពោះ​ការពិន័យ​​ជា​ប្រាក់ និង​ដាក់ពន្ធនាគារ​ដូច​មានចែង​ក្នុង​មាត្រា​ ៦៧ នៃ​​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​៕