ការរស់នៅ​ក្នុង​សហគមន៍​របស់​ប្រជាពលរដ្ឋ​ពិសេស​អ្នក​មាន​ព្រំប្រទល់​ផ្ទះ​ ឬ​ដី​ជាប់​គ្នា​ជួនកាល​ម្ចាស់ផ្ទះ​ ឬ​ម្ចាស់​ដី​ជាប់​ព្រំ​គ្នា​នោះ​មាន​ដាំ​ដើមឈើ ហើយ​មែកឈើ​ ឬ​របស់​អ្វី​ផ្សេង​បាន​លយ​ចូល​ទៅ​ក្នុង​ចំណែក​នៃ​ព្រំប្រទល់​ដីឡូត៍​ផ្ទះ​ម្ខាង​ទៀត​ដែល​បញ្ហា​នេះ​ក៏​អាច​កើត​មាន​វិវាទ​គ្នា​ផងដែរ​។ ករណី​នេះ​បើ​មាន​អ្វី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណែក​នៃ​កម្មសិទ្ធិ​ម្ចាស់ផ្ទះ​ ឬ​ដី​ភាគី​ណា​មួយ តើ​ប្រជាពលរដ្ឋ​គួរ​មាន​ដំណោះស្រាយ​គ្នា​បែប​ណា​?

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ ប៉ុស្តិ៍​ បាន​សម្ភាស​ជាមួយ​លោកស្រី មេធាវី លឹមច័ន្ទលីដា សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​មេធាវី​ស៊ីឌីអេស​មាន​ការិយាល័យ​ផ្ទះ​លេខ​ ៥៤ ​ផ្លូវ​លេខ ៣៣៧ ​សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖


ក្នុង​ករណី​ផ្ទះ​ជាប់​របង​គ្នា ហើយ​ផ្ទះ​មួយ​មាន​ដាំ​ដើមឈើ និង​លយ​មែក​ចូលក្នុង​ដីឡូត៍​ផ្ទះ​ម្ខាង​ទៀត តែ​ត្រូវ​ម្ចាស់​ផ្ទះ​នោះ​កាប់​មែកឈើ ឬ​ក៏​បេះ​ផ្លែឈើ​ដែល​លយ​ចូល​នោះ​។ ប៉ុន្តែ​ត្រូវ​ម្ចាស់​ដើមឈើ​ហាមឃាត់​ដោយ​សំអាង​​ថា​ជា​ដើមឈើ​របស់​គាត់​។ ​សួរ​ថា ករណី​​បែប​នេះ តើ​ម្ចាស់​ផ្ទះ​ ឬ​ដី​ដែល​ត្រូវ​មែកឈើ​លយ​ចូល​នោះ​គាត់​មាន​សិទ្ធិ​កាប់​ ឬ​បេះ​ផ្លែឈើ​បាន​ទេ​?


ក្នុង​ករណី​បែប​នេះ​ម្ចាស់​ដី​ដែល​ត្រូវ​មែកឈើ​លយ​ចូល​នោះ គាត់​មាន​សិទ្ធិ​អាច​យក​ផល​ពី​មែកឈើ​ដែល​លយ​ចូល​នោះ​ក៏​បាន​ដូចជា បេះ​ផ្លែឈើ​ជាដើម​ ឬ​ក៏​អាច​កាប់​មែកឈើ​ដែល​ឆ្លង​ចូល​ដី​គាត់​នោះ​ចោល​ក៏​បាន​។


យោងតាម​មាត្រា​ ១៤២ ​នៃ​ក្រម​រដ្ឋប្បវេណី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​ ២០០៧ បាន​ចែង​ថា​៖ “​នៅពេល​ដែល​មែកឈើ​ ឬ​ឫស​ឈើ​នៃ​អ្នក​ជិតខាង​​បាន​លយ​ចូល​មក​ដី​របស់​ខ្លួន កម្មសិទ្ធិករ​នៃ​ដី​អាច​យក​ផល​ពី​មែកឈើ​ ឬ​ឫស​ឈើ​នោះ​ ឬ​កាប់​មែកឈើ​ ឬ​ឫស​ឈើ​នោះ​បាន ”​។


លើស​ពី​នេះ​ទៅ​ទៀត​ចំពោះ​ដើមឈើ​ដែល​មែក​លយ​ចេញ​នោះ​ស្ថិត​នៅ​ក្បែរ​របង​ព្រំ​ពេក​ដែល​ម្ចាស់​ដី​ដើមឈើ​ដាំ​មិន​គោរព​តាម​គោលការណ៍​ចម្ងាយ​នៃ​ច្បាប់​កំណត់​នោះ​ម្ចាស់​ដី​ជិត​ខាង​ដែល​ជាប់​ព្រំ​នោះ​គាត់​អាច​ទាមទារ​ឲ្យ​ម្ចាស់​ដី​ដើមឈើ​នោះ​កាប់​ចោល​បាន​។ យោង​​តាម​មាត្រា ១៥៤ ​នៃ​ក្រម​រដ្ឋប្បវេណី ឆ្នាំ​ ២០០៧ របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា​៖ “​កម្មសិទ្ធិករ​នៃ​ដី​មិន​អាច​ដាំ​ដើមឈើ​គុម្ពោត​ ឬ​ចុល្លព្រឹក្ស​ដែល​​មាន​កម្ពស់​លើស​ពី​ ២ (​ពីរ​) ​ម៉ែត្រ​ក្នុង​ចម្ងាយ​ ២ (​ពីរ​) ​ម៉ែត្រ​ពី​ព្រំប្រទល់​ដី​អ្នក​ជិតខាង​បាន​ឡើយ​។ ក្នុង​ករណី​ដែល​ផ្ទុយ​ពី​បញ្ញត្តិ​នេះ​កម្មសិទ្ធិករ​នេះ​មាន​ករណី​កិច្ច​ដកចេញ​តាម​ការទាមទារ​របស់​កម្មសិទ្ធិករ​នៃ​ដី​ជិតខាង ”​។


បើ​ម្ចាស់​ដើមឈើ​មិន​ព្រម​ឲ្យ​អ្នក​ម្ខាង​ទៀត​កាប់​មែកឈើ ប៉ុន្តែ​ភាគី​ម្ខាង​មិន​ចង់​ឲ្យ​មាន​មែកឈើ​លយ​ចូល​ដី​គាត់​ទៀត តើ​ភាគី​ដែល​ត្រូវ​មែកឈើ​លយ​ចូល​នោះ គួរ​ធ្វើ​បែប​ណា​ដើម្បី​សម្រួល​ដល់​បញ្ហា​នេះ​?

ក្នុង​ករណី​នេះ​ភាគី​ដែល​ត្រូវ​មែកឈើ​លយ​ចូល​នោះ​អាច​ស្វែងរក​ដំណោះស្រាយ​ដោយ​ការស្នើសុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដូចជា​មេឃុំ​/​ចៅ​សង្កាត់​ជាដើម​ដើម្បី​សម្រុះសម្រួល​បញ្ចប់​វិវាទ​របស់​គូភាគី​នេះ ដោយ​ផ្អែកលើ​ស្មារតី​ច្បាប់ និង​ការយោគយល់​របស់​​គូភាគី​។ ​ក្នុង​ករណី​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​សម្រុះសម្រួល​វិវាទ​របស់​គូភាគី​​បាន​តាម​អង្គហេតុ ភាគី​ដែល​ត្រូវ​មែក​ឈើ​លយ​ចូល​នោះ​អាច​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ដើម្បី​សម្រេច​​សេចក្តី​លើ​វិវាទ​នេះ​បាន​។

ក្នុង​ករណី​បែប​នេះ​ដែរ​ចុះ​បើ​ម្ចាស់​ដើមឈើ​ទៅ​ប្តឹង​អាជ្ញាធរ​តើ​ជា​ការ​ត្រឹមត្រូវ​ឬ​ទេ​?

ក្នុង​ករណី​ដែល​ម្ចាស់​ដើមឈើ​ប្តឹង​ទៅ​អាជ្ញាធរ​គឺ​មិន​ត្រឹមត្រូវ​ឡើយ ដោយហេតុ​ថា​គាត់​មិន​បាន​ដឹង​អំពី​ច្បាប់​ដែល​បាន​កំណត់​ទៅ​លើ​ខ្លឹមសារ​កម្រិត​នៃ​សិទ្ធិ​ និង​ទំនាក់ទំនង​រវាង​ដី​ដែល​នៅ​ជាប់​​ព្រំ​គ្នា​។

​ជា​ដំណោះស្រាយ​ក្រោយ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​បណ្តឹង​បែប​នេះ អាជ្ញាធរ​គួរ​ពន្យល់​ខ្លឹមសារ​ច្បាប់​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​មក​ជម្រាប​ជូន​ដល់​ម្ចាស់​ដើមឈើ​ដែល​ដាក់​ពាក្យបណ្តឹង​នេះ ដើម្បី​បញ្ចៀស​ជម្លោះ​របស់​គូភាគី​ព្រមទាំង​ជា​គំរូ​ដ៏ល្អ​ដែល​អាច​ឲ្យ​អ្នកភូមិ​ផង​របង​ជាមួយ​ផ្សេងៗ​ទៀត​អាច​ប្រាស្រ័យ​គ្នា​ទៅវិញ​ទៅមក​បាន​៕