តាមផ្លូវ​ច្បាប់ សិទ្ធិ​របស់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការស្វែងរក​យុត្តិធម៌​មិន​ថា​ដើមចោទ ឬ​ចុងចោទ​នោះទេ គឺ​សុទ្ធតែ​ត្រូវ​បាន​តុលា​ការផ្ដល់​សិទ្ធិ​ឲ្យ​ដូចគ្នា​​ក្នុងនោះ​រួមទាំង​សិទ្ធិ​ក្នុងពេល​​សវនាការ​ផងដែរ​។ ចុះ​ជន​ជាប់ឃុំ​មាន​សិទ្ធិ​អ្វីខ្លះ​ដែរ ក្នុងពេល​តុលាការ​បើកសវនាការ​លើ​សំណុំរឿង​របស់ខ្លួន​នោះ​?

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖


តើ​ពេល​សវនាការ​ជន​ជាប់ឃុំ​ត្រូវបាន​តុលាការ​ផ្តល់​សិទ្ធិ​អ្វីខ្លះ​ដល់​គាត់​?


សិទ្ធិ​ដែល​ជន​ជាប់ឃុំ​ត្រូវ​​ទទួលបាន​ក្នុងពេល​សវនាការ​មាន​គឺ​សិទ្ធិ​បង្ហាញ​ភ័ស្តុតាង​, ​សិទ្ធិ​មិន​ឆ្លើយ​ដាក់បន្ទុក​ខ្លួនឯង​កាលណា​បើ​ជា​ចម្លើយ​ដាក់បន្ទុក​គឺ​ជន​ជាប់ឃុំ​មាន​សិទ្ធិ​មិន​ឆ្លើយ​,​មាន​សិទ្ធិ​ដឹង​ពី​បទចោទប្រកាន់​,​មាន​សិទ្ធិ​សុំ​ផ្លាស់ប្តូរ​ចៅក្រម​ជំនុំជម្រះ និង​សិទ្ធិ​រក​មេធាវី​ការពារ​ក្តី​ឲ្យ​គាត់​។ ​ប៉ុន្តែ​ជន​ជាប់ឃុំ​ភាគច្រើន​ពួកគេ​មិនសូវ​យល់​ពី​ច្បាប់ ហើយ​ពេលណា​តំណាង​អយ្យការ​ (​ព្រះរាជអាជ្ញា​) ​សួរ​សម្លុត​ថែមទៀត ធ្វើឲ្យ​ជន​ជាប់ឃុំ​នោះ​ភ័យ​ឆ្លើយ​មិន​ត្រឹមត្រូវ​។


តើ​នៅក្នុងពេល​សវនាការ ជា​នីតិវិធី​ព្រះរាជអាជ្ញា ឬ​ចៅក្រម​មាន​សិទ្ធិ​សួរ​សម្លុត​ជន​ជាប់ឃុំ​បានទេ​?


ជាគោលការណ៍​ជនជាប់ចោទ​ ឬ​ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​ឆ្លើយ​ដោយ​ស្ម័គ្រចិត្ត​ដោយ​គ្មាន​ការបង្ខិតបង្ខំ​ទេ​។ ​ចម្លើយ​ដែល​មាន​ការបង្ខិតបង្ខំ គឺជា​ចម្លើយ​មិនអាច​យក​ជា​ការបាន​ទេ​។ ​ដូច្នេះហើយ​បានជា​ចៅក្រម​ក្តី ព្រះរាជអាជ្ញា​ក្តី​មិនអាច​សួរ​សម្លុត​ទៅ​ជនជាប់ចោទ​បានទេ​។ ​ប្រសិន​បើ​មាន​ករណី​សួរ​សម្លុត​គឺ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​កូនក្តី​គាត់​មាន​សិទ្ធិ​លើកដៃ​ជំទាស់​។ ប៉ុន្តែ​ជាទូទៅ​ចៅក្រម​លោក​ជា​អាជ្ញាកណ្តាល ដូច្នេះ​គាត់​មិន​សួរ​សម្លុត​ទេ​។ តែ​ព្រះរាជអាជ្ញា​ពេលខ្លះ​គាត់​អាច​សួរ​សម្លុត​ព្រោះថា គាត់​គឺជា​ភាគី​ដើម​បណ្តឹង​អាជ្ញា​៕