តាមនីតិវិធីច្បាប់ បើបុគ្គលណាម្នាក់ប្រព្រឹត្តបទល្មើសណាមួយលើបុគ្គលម្នាក់ទៀត គឺបុគ្គលរងគ្រោះមានសិទ្ធិប្តឹងទៅនគរបាលក្នុងមូលដ្ឋានដែលកើតហេតុនោះ ឬអាចទៅប្តឹងនៅកន្លែងណាមួយក៏បាន។ ប៉ុន្តែប្រសិនបើការប្រព្រឹត្តនោះធ្វើទៅលើក្មេងអាយុក្រោម ១៨ ឆ្នាំវិញ តើជាគោលការណ៍ច្បាប់ជនរងគ្រោះអាចប្តឹងនៅកន្លែងណាបាន? ហើយគាត់អាចប្តឹងទៅសមត្ថកិច្ចបានទេ?
ជុំវិញករណីនេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ឡោ គីមហ្គិច នៃក្រុមមេធាវីអាស៊ានអន្តរជាតិដែលមានអាសយដ្ឋានផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
បើក្មេងមានអាយុក្រោម ១៨ ឆ្នាំ ហើយត្រូវបានគេប្រព្រឹត្តបទល្មើសលើគាត់ តើក្មេងនោះអាចប្តឹង ឬរាយការណ៍ប្រាប់នគរបាលយុត្តិធម៌ ឬគាត់អាចរាយការណ៍ទៅមនុស្សដែលមិនមែនជានគរបាលបានឬទេ ?
ករណីនេះតាមពិតទៅក្មេងនោះជាជនរងគ្រោះដែលអាយុរបស់គាត់មិនទាន់គ្រប់ (១៨ ឆ្នាំ) ហើយគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្តាយឪពុក ឬអាណាព្យាបាលរបស់គាត់។
ប៉ុន្តែតាមច្បាប់គឺក្មេងរងគ្រោះគាត់អាចមានសិទ្ធិប្តឹងទៅសមត្ថកិច្ច ឬរាយការណ៍ប្រាប់ដល់អ្នកណាម្នាក់ដែលនៅជិតខាងគាត់បានគ្រប់ពេល។ ម្យ៉ាងបើគាត់ទៅប្តឹងដល់នគរបាលយុត្តិធម៌ គឺមន្ត្រីនគរបាលយុត្តិធម៌នោះត្រូវធ្វើពាក្យបណ្តឹងជូនគាត់ ហើយគាត់ចាំបាច់ត្រូវតែមានសិទ្ធិប្តឹង ពីព្រោះរឿងនេះជាបទព្រហ្មទណ្ឌ។ ប៉ុន្តែការប្តឹងទាមទារសំណងរដ្ឋប្បវេណីវិញគឺម្តាយឪពុក ឬអាណាព្យាបាលរបស់គាត់ជាអ្នកប្តឹងជំនួសឲ្យក្មេងរងគ្រោះនោះ។
ប្រសិនបើក្មេងរងគ្រោះនោះចង់សរសេរជាពាក្យបណ្តឹង តើអាចធ្វើបានទេ?
ប្រសិនបើក្មេងរងគ្រោះសរសេរពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរគឺម្តាយឪពុក ឬអាណាព្យាបាលក្មេងនោះសរសេរជំនួសបាន។ ប៉ុន្តែបើកើតមានបទល្មើសជាក់ស្តែងគឺក្មេងរងគ្រោះមានសិទ្ធិប្តឹងទៅនគរបាលយុត្តិធម៌បាន ពោលគឺអ្នកណាក៏ដោយឲ្យតែគាត់អាចប្រាប់ ឬរាយការណ៍បាន។
ករណីនេះបើតាមមាត្រា ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា បណ្តឹងអាជ្ញាអនុវត្តទៅលើបុគ្គលគ្រប់រូបទាំងរូបវន្តបុគ្គលទាំងនីតិបុគ្គលដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គមធនធាន ឬស្ថានភាពឯទៀតឡើយ។
មាត្រា ៤ បណ្តឹងអាជ្ញាត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ទូទៅដោយអយ្យការ។ អយ្យការធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងសុំឲ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការ (ស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ)។
មាត្រា ៥ ជនរងគ្រោះនៃបទឧក្រិដ្ឋ ឬបទមជ្ឈិមអាចដាក់ពាក្យបណ្តឹងដោយតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅចំពោះមុខចៅក្រមស៊ើបសួរ។
ពាក្យប្តឹងដោយមានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីមានអានុភាពប្តឹងដល់ចៅក្រមស៊ើបសួរអំពីបណ្តឹងអាជ្ញានៅក្នុងលក្ខខណ្ឌដែលបញ្ញត្តិដោយមាត្រា ១៣៩ (ការបញ្ជូនបណ្តឹងទៅព្រះរាជអាជ្ញា )និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ។ យុត្តាធិការព្រហ្មទណ្ឌក៏អាចទទួលបណ្តឹងពីមន្ត្រីរាជការ ឬភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកបានប្រគល់អំណាចឲ្យផងដែរ។
មាត្រា ៦ បុគ្គលគ្រប់រូបដែលប្រកាសថា ខ្លួនជាអ្នករងគ្រោះនៃបទល្មើសអាចដាក់ពាក្យប្តឹងបាន។
ពាក្យប្តឹងសាមញ្ញគ្មានអានុភាពនាំឲ្យធ្វើការចោទប្រកាន់ជាបទព្រហ្មទណ្ឌទេ។ នៅក្នុងករណីដែលពាក្យប្តឹងស្ថិតនៅដោយគ្មានចម្លើយ ឬត្រូវបានតម្កល់ទុកឥតចាត់ការដោយព្រះរាជអាជ្ញា ជនរងគ្រោះអាចប្តឹងទៅព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ទៅតាមរបៀបដូចដែលមានចែងទុកដោយមាត្រា ៤១ (ការតម្កល់រឿងទុកឥតចាត់ការ) នៃក្រមនេះ។
តើពាក្យបណ្តឹងដែលក្មេងរងគ្រោះប្តឹងទៅនគរបាលយុត្តិធម៌អាចមានទម្ងន់ដល់ការចោទប្រកាន់ជនល្មើសឬទេ?
ខ្ញុំសូមជម្រាបជូនថា ពាក្យបណ្តឹងតាមផ្លូវច្បាប់គឺគ្រាន់តែជាសញ្ញាណមួយទេដើម្បីឲ្យព្រះរាជអាជ្ញាគាត់ធ្វើការវិនិច្ឆ័យថា តើការផ្តល់ព័ត៌មាននោះវាពិត ឬមិនពិតនៃបណ្តឹងនោះ។ ចំពោះការចោទប្រកាន់ ឬមិនចោទប្រកាន់គឺអាស្រ័យលើព្រះរាជអាជ្ញាប៉ុណ្ណោះ បើទោះជននោះអាយុត្រឹមប៉ុនណាក៏ដោយ ក៏គាត់មានសិទ្ធិប្រាប់ ឬក៏រាយការណ៍ដល់មន្ត្រីមានសមត្ថកិច្ចដែរ៕