កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះផ្សាយ​មួយ​វគ្គ​រួច​មក​ហើយ ទាក់ទង​នឹង​កម្រិត​ទោសទណ្ឌ​របស់​ញាតិសន្ដាន​ដែល​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​ស្នាក់​នៅ​ផ្ទះ​ជាមួយ តែ​គាត់​មាន​ប្រើប្រាស់​អាវុធ​គ្មាន​ច្បាប់​ដោយ​មាន​ការបកស្រាយ​ពី​សំណាក់​លោកស្រី មេធាវី លឹម ច័ន្ទលីដា សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន​មេធា​វីស៊ីឌី​អេស​មាន​ការិយាល័យ​ផ្ទះ​លេខ ៥៤ ផ្លូវ​លេខ​ ៣៣៧ សង្កាត់​បឹងកក់​ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ដោយ​ខ្លឹមសារ​នៅ​មិន​ទាន់​អស់​នៅ​ឡើយ ភ្នំពេញ​ប៉ុស្តិ៍​សូម​លើក​យក​វគ្គ​បញ្ចប់​មក​​ចុះ​ផ្សាយ​បន្ត​ដូច​ខាងក្រោម ៖

ឧបមា​ថា​ម្ចាស់​ផ្ទះ​នោះ​ជាប់​ពាក់ព័ន្ធ ដោយសារ​គាត់​អនុញ្ញាត​ឲ្យ​បុរស​នោះ​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ ហើយ​ប្រសិន​បើ​បុរស​នោះ​មាន​ទោស តើ​ម្ចាស់​ផ្ទះ​ត្រូវ​មាន​ទោស​ស្មើនឹង​បុរស​នោះ​ដែរ​ទេ​?


ម្ចាស់​ផ្ទះ និង​បុរស​ជាប់​ពាក់ព័ន្ធ​ដោយសារ​អនុញ្ញាត​ឲ្យ​ស្នាក់នៅ ៖


ម្ចាស់ផ្ទះ​មិន​ទទួល​បាន​ផលប្រយោជន៍​ដោយ​ចំពោះ​ពី​បុរស​ដែល​គាត់​ឲ្យ​ស្នាក់នៅ​​នោះ​មាត្រា​ ២៤ នៃ​ក្រម​ព្រហ្មទណ្ឌ ២០០៩ ត្រូវ​យក​មក​អនុវត្ត​។ ដូច​មាន​ចែង​ថា​បុគ្គល​​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​តែ​ចំពោះ​អំពើ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។


ម្ចាស់​ផ្ទះ​បាន​ទទួល​បាន​ផលប្រយោជន៍​ផ្សេងៗ​ពី​អំពើ​របស់​បុរស​នោះៗ​ម្ចាស់​ផ្ទះ​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មាត្រា​ ២៨ ​ឬ​ ២៩ ​នៃ​ក្រមព្រហ្មទណ្ឌ​ ២០០៩​។


ចំពោះ​មាត្រា​ ២៨ ​នៃ​ក្រម​នេះ​ចែង​ថា ត្រូវ​ចាត់​ទុក​ជា​អ្នកផ្តើម​គំនិត​ក្នុង​បទឧក្រិដ្ឋ ឬ បទមជ្ឈិម​ចំពោះ​បុគ្គល​ដែលៈ


១- ​ជំរុញ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​នោះ​តាម​ការ​ណែនាំ ឬ ការបញ្ជា​។

២- ​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋ​ ឬ​​បទមជ្ឈិម​នោះ​ដោយ​ផ្តល់​អំណោយ​ដោយ​ការសន្យា​ ឬ​ការគំរាមកំហែង ការ​ញុះញង់ ការលួងលោម​ ឬ​ក៏ដោយ​ការរំលោភ​​អាជ្ញា ឬ​អំណាច​របស់​ខ្លួន​។

អ្នកផ្តើម​គំនិត​នឹង​អាច​ត្រូវ​ផ្តន្ទាទោស​បាន​លុះត្រា​តែ​បទឧក្រិដ្ឋ ឬ បទមជ្ឈិម ត្រូវ​បាន​សម្រេច​ ឬ​បាន​ប៉ុនប៉ង​។

អ្នកផ្តើម​គំនិត​នៃ​បទឧក្រិដ្ឋ​ឬ បទមជ្ឈិម​ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា​នឹង​ចារី​ដែរ​។

រីឯ​មាត្រា​ ២៩ ​នៃ​ក្រម​នេះ​ដែរ​ចែង​ថា​ត្រូវ​ចាត់ទុក​ជា​អ្នក​សមគំនិត​ក្នុង​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម ចំពោះ​បុគ្គល​ណា​ដែល​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​ការប៉ុនប៉ង​ ឬ​ការសម្រេច​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​នោះ​ដោយ​ផ្តល់​ជំនួយ​ ឬ​ការឧបត្ថម្ភ​របស់​ខ្លួន​។

អ្នក​សមគំនិត​នឹង​អាច​ត្រូវ​ផ្តន្ទាទោស​បាន​លុះត្រា​តែ​បទឧក្រិដ្ឋ​​ ឬ​បទមជ្ឈិម​ត្រូវ​បាន​សម្រេច​ ឬ​បាន​ប៉ុនប៉ង​។

អ្នក​សមគំនិត​នៃ​បទឧក្រិដ្ឋ​ឬ បទមជ្ឈិម​ត្រូវ​ផ្តន្ទាទោស​ដូចគ្នា​នឹង​ចារី​ដែរ​។

ករណី​មួយ​ទៀត ប្រសិន​បើ​បុរស​នោះ​គាត់​ទៅ​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍ ក្នុង​មូលដ្ឋាន​ដែល​គាត់​រស់នៅ​សួរ​ថា តើ​គាត់​អាច​បាន​រួច​ផុត​ពី​ទោស​​ដែរ​ឬ​ទេ​?

ក្នុង​ករណី​ដែល​បុរស​នោះ​​បាន​ទៅ​រាយការណ៍​ចំពោះ​នៅ​សមត្ថកិច្ច​មូលដ្ឋាន ៖

- ​អាច​រួច​ផុតពី​ទោស​ដោយសារ​បុរស​នោះ រើស​បាន​អាវុធ ឬ​ឃើញ​អាវុធ​ដែល​គេ​លាក់​​ទុក​។ ក្នុង​ករណី​នេះ​បុរស​ម្នាក់​នេះ​គ្មាន​ចេតនា​ទុច្ចរិត ឬ​ការប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ​​ហើយ​បុរស​នោះ​បាន​សហការ​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឬ​ក៏​បុរស​នោះ​​បាន​ប្រគល់​អាវុធ​ដោយសារ​ខ្លួន គ្មាន​សមត្ថកិច្ច​ចំពោះ​ការប្រើប្រាស់​អាវុធ​នោះ​ឡើយ​។

- ​ក្នុង​ករណី​ដែល​បុរស​នោះ​​បាន​ប្រព្រឹត្ត​អំពើ​ល្មើស ដោយសារ​ការប្រើប្រាស់​អាវុធ​នេះ ទោះបី​បុរស​នោះ​បាន​សារភាព​ ឬ​រាយការណ៍​ទៅ​សមត្ថកិច្ច​ក៏​គាត់​អាច​នឹង​ទទួល​ខុសត្រូវ​ចំពោះ​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​តុលាការ​អាច​នឹង​សម្រេច​ពិចារណា ដោយ​យល់​ថា​បុរស​នេះ​បាន​សារភាព​នោះ​តុលាការ​អាច​អនុវត្ត​គោលការណ៍​ស្ថាន​សម្រាល​ចំពោះ​បទល្មើស​​របស់​បុរស​នោះ​៕