បើ​បុគ្គល​ណា​ម្នាក់​រក្សា​ទុក​អាវុធ​គ្មាន​លិខិត​អនុញ្ញាត​គឺ​បុគ្គល​នោះ​ត្រូវ​ចាត់​ទុក​ថា​ខុសច្បាប់​។ ប៉ុន្តែ​ប្រសិន​បើ​បុគ្គល​នោះ​យក​អាវុធ​ជាប់​ខ្លួន ហើយ​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​ ឬ​ផ្ទះ​អ្នកដទៃ តើ​ម្ចាស់​ផ្ទះ​នោះ​ត្រូវ​មាន​ទោស​ដែរ​ឬ​យ៉ាង​ណា ?

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោកស្រី លឹម ច័ន្ទលីដា ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន​មេធាវីស៊ីឌីអេស មាន​ការិយាល័យ​ផ្ទះ​លេខ​ ៥៤ ផ្លូវ​លេខ​ ៣៣៧ សង្កាត់​បឹងកក់​ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹម​ដូច​ខាង​ក្រោម​៖

ឧបមាថា ម្ចាស់​ផ្ទះ​បាន​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​ជា​សាច់ញាតិ​រស់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​បុរស​នោះ​បាន​ទុក​អាវុធ​គ្មាន​លិខិតអនុញ្ញាត ករណី​នេះ​បើ​សមត្ថកិច្ច​ឆែក​ឃើញ តើ​ម្ចាស់​ផ្ទះ​ត្រូវ​មាន​ទោស​ឬ​ទេ​?


ក្នុង​ករណី​បែប​នេះ បើ​បុរស​ដែល​ស្នាក់នៅ​នោះ​សារភាព​ថា អាវុធ​នេះ​ជា​របស់​ខ្លួន​នោះ​ម្ចាស់​ផ្ទះ​មិន​ទទួល​ខុសត្រូវ​ជាមួយ​អំពើ​ល្មើស​នេះ​ទេ​។ ​តែ​ក្នុង​ករណី​បុរស​នោះ​មិន​សារភាព​គឺ​បុរស​ និង​ម្ចាស់​ផ្ទះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​បទល្មើស​នេះ​។


តាម​មាត្រា​ ២០ ​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ​ និង​គ្រាប់​រំសេវ​ ២០០៥ ​បាន​ចែង​ថា ជន​ណា​ដែល​បំពាក់​ដាក់​តាម​ខ្លួន​កាន់កាប់ ប្រើប្រាស់ លក់​ទិញ​ឲ្យ​ខ្ចី​ផ្ទេរ​ចែកចាយ​ជួល​កែច្នៃ​​ដំឡើង​ជួសជុល​នូវ​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់​រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការអនុញ្ញាត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦ (​ប្រាំមួយ​) ​ខែ​ដល់​ ២ (​ពីរ​) ​ឆ្នាំ​ និង​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ៥០០ ០០០ (​ហាសិប​ម៉ឺន​) ​រៀល​ដល់​ ២០០០ ០០០(​ពីរលាន​) ​រៀល​ដោយ​ពុំទាន់​គិត​ពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​។


ក្នុង​ករណី​ម្ចាស់​ផ្ទះ​មិន​ដឹង​ថា​បុរស​នោះ​រក្សាទុក​អាវុធ​ក្នុង​ផ្ទះ តើ​គាត់​អាច​ជាប់​ពាក់ព័ន្ធ​រឿង​សមគំនិត​ដែរ​ទេ​?


បើ​ម្ចាស់​ផ្ទះ​នោះ​មិន​បាន​ដឹង​ថា បុរស​នោះ​រក្សាទុក​អាវុធ​មិន​មាន​បទល្មើស​ទេ​។ ​មាត្រា​ ៣ ​នៃ​ក្រមព្រហ្មទណ្ឌ​ ២០០៩ ​ចែង​ថា​មាន​តែ​អំពើ​ដែល​បង្កើត​ជា​បទល្មើស​នៅពេល​ដែល​អំពើ​នោះ​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ប៉ុណ្ណោះ​ទើប​ត្រូវ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​។ ​មិន​អាច​ចាត់ទុក​ជា​អំពើ​សមគំនិត​ទេ ពីព្រោះ​គ្មាន​ចេតនា​ប៉ុនប៉ង​ ឬ​សម្រេច​អំពើ​នោះ​ឡើយ​។

មាត្រា​ ២៩ ​នៃ​ក្រមព្រហ្មទណ្ឌ​ ២០០៩ ត្រូវ​ចាត់​ទុក​ជា​អ្នក​សមគំនិត​ក្នុង​បទល្មើស​ ឬ​បទមជ្ឈិម​ចំពោះ​បុគ្គល​ណា​ដែល​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​ការប៉ុនប៉ង​​ ឬ​ការសម្រេច​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​នោះ​ដោយ​ផ្តល់​ជំនួយ​ ឬ​ការឧបត្ថម្ភ​របស់​ខ្លួន​។ អ្នក​សម​គំនិត​នឹង​អាច​ត្រូវ​ផ្តន្ទាទោស​បាន​លុះត្រា​តែ​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ត្រូវ​បាន​សម្រេច​ ឬ​បាន​ប៉ុនប៉ង​។ អ្នក​សមគំនិត​នៃ​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា​នឹង​ចារី​ដែរ​។

ចុះ​ប្រសិន​បើ​ម្ចាស់ផ្ទះ​ដឹង​ហើយ​គាត់​បាន​រាយការណ៍​​ប្រាប់​នគរបាល​មូលដ្ឋាន​ជាមុន សួរ​ថា​តើ​ម្ចាស់​ផ្ទះ​នោះ​បាន​​រួច​ផុត​ពី​ការពាក់ព័ន្ធ​ឬ​ទេ​?

ក្នុង​ករណី​ម្ចាស់​ផ្ទះ​ជា​សាច់ញាតិ​ជនល្មើស​នោះ​ ឬ​មិនមែន​ជា​សាច់ញាតិ​មាត្រា​ ៥២៩ ​បទ​មិន​ប្តឹង​បរិហារ​បទឧក្រិដ្ឋ​នៃ​ក្រមព្រហ្មទណ្ឌ​ ២០០៩ មិន​ត្រូវ​យក​មក​អនុវត្ត​ឡើយ​។

ពីព្រោះ​មាត្រា​នេះ​អនុវត្ត និង​លើកលែង​តែ​ក្នុង​ករណី​បទឧក្រិដ្ឋ​ប៉ុណ្ណោះ នោះ​មាត្រា​ ៣ ​នៃ​ក្រមព្រហ្មទណ្ឌ​ត្រូវ​យក​មក​អនុវត្ត​។ តាម​មាត្រា​ ៥២៩ ​នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា រាល់​បុគ្គល​ណា​ដែល​បាន​ដឹង​ពី​បទ​ឧក្រិដ្ឋ​ដែល​អាច​នឹង​បង្ការ​ ឬ​​បន្ថយ​អានុភាព​របស់​បទល្មើស​​បាន​ហើយ​មិន​ប្តឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ​ ឬ​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ផ្សេង​ទៀត​​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១ (​មួយ​) ​ខែ​ដល់​ ១ (​មួយ​) ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០-០០០ (​មួយ​សែន​) ​រៀល​ទៅ​ ២០០០ ០០០ (​ពីរ​លាន​) ​រៀល​។ ប៉ុន្តែ​ត្រូវ​បាន​លើកលែង​ឲ្យ​រួច​ផុតពី​ទោស​។

១- បុព្វញាតិ​ និង​បច្ឆាញាតិ បងប្អូន​ប្រុស​ស្រី​របស់​ចារី សហចារី អ្នក​ផ្តើម​គំនិត​ ឬ​អ្នក​សមគំនិត​នៃ​បទឧក្រិដ្ឋ​។

២- ​សហព័ន្ធ​របស់​ចារី សហចារី​អ្នក​ផ្តើម​គំនិត​នៃ​បទឧក្រិដ្ឋ​។

៣- ​បុគ្គល​ដែល​ច្បាប់​តម្រូវ​ឲ្យ​រក្សា​អាថ៌កំបាំង​នៃ​វិជ្ជាជីវៈ​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ​)