ក្នុងករណីមានវិវាទគ្នាដោយភាគីម្ខាងប្រើអំពើហិង្សាទៅភាគីម្ខាងទៀត ហើយត្រូវបានភាគីរងគ្រោះប្តឹងទៅតុលាការប៉ុន្តែខាងភាគីបង្កបានចេញសំណងជំងឺចិត្តឲ្យជនរងគ្រោះ។ ករណីនេះប្រសិនបើភាគីជនរងគ្រោះដាក់បណ្តឹងដល់តុលាការហើយតើអាចដកបណ្តឹងវិញបានទេ?
ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ឡោគីម ហ្គិច នៃក្រុមមេធាវីអាស៊ាន-អន្តរជាតិ ដែលមានអាសយដ្ឋានផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា មានករណីមួយកើតឡើងដោយបុរសម្នាក់ប្រើហិង្សាទៅលើនារីម្នាក់ (ទះកំផ្លៀង) ហើយត្រូវនារី នោះប្តឹងទៅតុលាការផងនិងទៅនគរបាលមូលដ្ឋានកើតហេតុផង។ ពេលនោះភាគីទាំង ២ បានសម្រុះសម្រួលគ្នា ហើយនគរបាលក៏បានរាយការណ៍ទៅព្រះរាជអាជ្ញា។ ក្រោយមកបុរសនោះត្រូវបានដោះលែងវិញ ដោយនគរបាលប្រាប់ថា ព្រះរាជអាជ្ញាឲ្យដោះលែង។ តើករណីបែបនេះអាចធ្វើទៅបានតាមនីតិវិធីច្បាប់ទេ?
នៅក្នុងករណីហ្នឹងដោយសារអំពើនោះជាអំពើហិង្សាស្រាល ដូច្នេះព្រះរាជអាជ្ញាលោកយល់ឃើញថាបទល្មើសនោះវាមិនមែនជារឿងធំដុំដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសង្គមខ្លាំងក្លា។ ដូច្នេះព្រះរាជអាជ្ញាលោកអាចតម្កល់រឿងទុកមិនចាត់ការបាន ហើយ ជននោះអាចរួចផុតពីបទចោទប្រកាន់ដោយជននោះមិនត្រូវជាប់ចោទទេ។
បើទោះជាមានការព្រមព្រៀងពីភាគី ប៉ុន្តែភាគីខាងជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយតើភាគីខាងជនរងគ្រោះចង់ដកពាក្យបណ្តឹងវិញបានទេ?
តាមបណ្តឹងរដ្ឋប្បវេណីជនរងគ្រោះគ្រប់នីតិវិធីនៃដំណើរការក្តីគាត់អាចមានសិទ្ធិដកបណ្តឹងរដ្ឋប្បវេណីរបស់គាត់បានគ្រប់ពេល ដោយសារតែដើមបណ្ដឹងបានទទួលសំណងរដ្ឋប្បវេណីសមល្មមនឹងគាត់ទទួលហើយ។
យោងមាត្រា ៤១ នៃក្រមនីតិវិធី ព្រហ្មទណ្ឌចែងថា កាលណា បណ្តឹងណាមួយត្រូវបានតម្កល់ ទុកឥតចាត់ការព្រះរាជអាជ្ញាត្រូវឲ្យដំណឹងដល់អ្នកប្តឹងអំពីសេចក្តីសម្រេចរបស់លោកនៅក្នុងរយៈពេលយ៉ាងខ្លីបំផុត ហើយយ៉ាងយូរបំផុតរយៈពេល ២ (ពីរ) ខែគិតពីថ្ងៃចុះពាក្យបណ្តឹងដែលមានចែងក្នុងមាត្រា ៥០ (បញ្ជីនៃពាក្យបណ្តឹង) នៃក្រមនេះ ការតម្កល់រឿងឥតចាត់ការត្រូវតែមានសំអាងច្បាប់ និងសំអាងហេតុ។ ការតម្កល់ ទុកឥតចាត់ការនេះគ្មានអាជ្ញា ជំនុំទេ ព្រោះព្រះរាជអាជ្ញាអាច សើរើកែប្រែសេចក្តីសម្រេចរបស់ខ្លួនវិញក្នុងខណៈដែល បណ្តឹងអាជ្ញាមិនទាន់ផុតរលត់នៅឡើយ។
ប្រសិនបើអ្នកប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចតម្កល់រឿងទុកឥតចាត់ការទេសាមីខ្លួនអាចធ្វើការតវ៉ាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាន។
ការតវ៉ានេះត្រូវធ្វើនៅក្នុងរយៈពេល ២ (ពីរ) ខែគិតចាប់ពី ថ្ងៃទទួលដំណឹងអំពីសេចក្តីសម្រេចតម្កល់រឿងទុកឥតចាត់ការ។ ការតវ៉ានេះត្រូវធ្វើតាមបណ្តឹងសាមញ្ញនៅអង្គការអយ្យការដែលពាក់ព័ន្ធ។
បន្ទាប់មកសំណុំរឿងត្រូវបានបញ្ជូនទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ដោយតំណាងអយ្យការ អមសាលាដំបូង។ ប្រសិនបើយល់ឃើញថា ការតវ៉ានេះមានមូលហេតុត្រឹមត្រូវ អគ្គព្រះរាជ្ញា អមសាលាឧទ្ធរណ៍ចេញអធិបញ្ជាដល់ព្រះរាជអាជ្ញាអមសាលាដំបូងឲ្យធ្វើការចោទប្រកាន់។
អគ្គព្រះរាជអាជ្ញាធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរ។ នៅក្នុងករណីផ្ទុយពីនេះ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចរបស់ព្រះរាជអាជ្ញាអមសាលាដំបូងទុកជាបានការ។ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ត្រូវឲ្យដំណឹងអំពីសេចក្តីសម្រេចនេះដល់អ្នកប្តឹងតវ៉ា៕