ពលរដ្ឋខ្មែរខ្លះតែងយល់ថាការរស់នៅជាមួយគ្នារវាងបុរសនិងស្ត្រីគឺចាត់ទុកជាប្តីប្រពន្ធឬជាស្វាមីភរិយានឹងគ្នា បើទោះជាពួកគេមិនបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាក៏ដោយ។ ប៉ុន្តែសួរថា ការរស់នៅជាមួយគ្នាបែបនេះបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមផ្លូវច្បាប់ឬទេ? ហើយចុះកូនៗរបស់ពួកគេអាចសន្មតបានថា ជាកូនមានខាន់ស្លាដែរឬយ៉ាងណា?
ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកសួន វីរៈបញ្ញា ជាមេធាវីបម្រើការនៅការិយាល័យមេធាវីជីជីអន្តរជាតិដែលមានអាសយដ្ឋានផ្ទះលេខ ៦ ផ្លូវ ១៧២ សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
បុរសម្នាក់បានស្រឡាញ់គ្នាជាមួយនារីម្នាក់រហូតមានកូនជាមួយគ្នាផង ប៉ុន្តែពួកគេមិនបានចុះលិខិតអាពាហ៍ពិពាហ៍ជាមួយគ្នាទេ។សួរថា ការរស់នៅរបស់ពួកគាត់ជាប្តីប្រពន្ធបែបនេះស្របច្បាប់ដែរទេ?
ការព្រមព្រៀងរវាងបុរស និងស្ត្រី ក្នុងការរួមរស់ជាមួយគ្នា គឺជាការព្រមព្រៀងលក្ខណៈធម្មជាតិដែលមានតាំងពីបុរាណមក។ ការព្រមព្រៀងបង្កើតចំណងអាពាហ៍ពិពាហ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងសង្គម ហេតុដូចនេះហើយទើបទំនាក់ទំនងនៃចំណងអាពាហ៍ពិពាហ៍ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមច្បាប់ ហើយពុំមានភាគីណាមួយអាចរំលាយចំណងអាពាហ៍ពិពាហ៍បានតាមទំនើងចិត្តឡើយ។
នៅប្រទេសកម្ពុជាយើងសព្វថ្ងៃប្រជាពលរដ្ឋតែងតែស្វាគមន៍ចំណងអាពាហ៍ពិពាហ៍រវាងបុរស និងនារី ដោយការរៀបចំពិធីមង្គលការឬពីធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីជាតិប៉ុន្តែការប្រារព្ធពិធីតាមប្រពៃណីឬពិធីជប់លៀងនេះពុំទាន់បង្កើតឲ្យចំណងអាពាហ៍ពិពាហ៍មានលក្ខណៈត្រឹមត្រូវពេញលេញស្របតាមច្បាប់នោះទេ។
អាពាហ៍ពិពាហ៍ស្របច្បាប់ លុះត្រាតែបានបង្កើតឡើងតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ដោយត្រូវគោរពតាមលក្ខខណ្ឌសារធាតុ និងលក្ខខណ្ឌទម្រង់នៃមាត្រា ៩៤៨ ដល់មាត្រា ៩៥៦ នៃក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមលើកឧទាហរណ៍ដូចខាងក្រោម៖
ក-បុរសនិងនារី ១ គូដែលមានទ្រព្យសម្បតិ្តប្រាក់សមរម្យបានព្រមព្រៀងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយពួកគាត់បានប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីជាតិយ៉ាងធំដោយមានភ្ញៀវកិត្តិយសចូលរួមប្រហែល ១០០០ នាក់ ប៉ុន្តែពួកគាត់ពុំបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននោះទេ។ ក្នុងករណី “ក”នេះ គឺបុរស និងនារី ខាងលើ ពុំមានចំណងអាពាហ៍ពិពាហ៍ពេញលេញដែលទទួលស្គាល់ដោយច្បាប់នោះទេ។
ខ-បុរស និងនារី ១ គូដែលជាកម្មករក្រីក្រ ហើយពុំមានទ្រព្យសម្បត្តិ និងលុយកាក់ក្នុងការរៀបចំពិធីមង្គលការធំដុំអធិកអធមនោះទេ ប៉ុន្តែពួកគាត់ស្រឡាញ់គ្នាពិតប្រាកដ ហើយចង់ទទួលបានចំណងអាពាហ៍ពិពាហ៍ជាមួយគ្នា។
ពួកគាត់ក៏បានដឹកដៃគ្នាទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។ ក្នុងករណី «ខ» គឺបុរសនិងនារី ១ គូនេះ ទទួលបានចំណងអាពាហ៍ពិពាហ៍ពេញលេញស្របតាមច្បាប់និងទទួលបានការទទួលស្គាល់ដោយច្បាប់ទោះបីជាពុំបានរៀបចំពិធីជប់លៀងឬពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីក៏ដោយ។
ត្រឡប់មកសំណួរខាងលើវិញ ខ្ញុំសូមបញ្ជាក់ថា ទោះបីជាបុរស និងនារី រស់នៅជាមួយគ្នា ហើយទទួលបានកូនឬក៏មិនមានកូនក៏ដោយ ឲ្យតែពុំបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ទេនោះការរស់នៅរបស់ពួកគាត់ពុំទាន់ស្របច្បាប់ជាប្តីប្រពន្ធនៅឡើយទេ ព្រោះលក្ខខណ្ឌទម្រង់នៃអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ គឺតម្រូវឲ្យគូភាគីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ជាមួយគ្នានៅមុខមន្ត្រីអត្រានុកូលដ្ឋាន។
ដើម្បីឲ្យទៅជាប្តីប្រពន្ធស្របច្បាប់បាន តើគូភាគីត្រូវបំពេញលក្ខខណ្ឌសារធាតុតាមផ្លូវច្បាប់អ្វីខ្លះ?ហើយតើក្នុងករណីណាខ្លះដែលច្បាប់ហាមឃាត់ពុំឲ្យរៀបអាពាហ៍ពិពាហ៍បាន?
ខ្ញុំសូមរំឭកឡើងវិញថា អាពាហ៍ពិពាហ៍ស្របច្បាប់លុះត្រាតែបានបង្កើតឡើងតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ដោយត្រូវគោរពតាមលក្ខខណ្ឌសារធាតុនិងលក្ខខណ្ឌទម្រង់។
លក្ខខណ្ឌសារធាតុ គឺជាលក្ខខណ្ឌដែលច្បាប់កំណត់អំពីអានុភាពនៃអាពាហ៍ពិពាហ៍ ដូចជា ភេទ អាយុ ការព្រមព្រៀង របស់គូភាគី ការហាមឃាត់ទ្វេពន្ធភាព និងការហាមឃាត់អាពាហ៍ពិពាហ៍រវាងញាតិជាដើម។ នៅពេលដែលគូភាគីដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ប្រសិនបើលក្ខខណ្ឌសារធាតុនេះពុំបានបំពេញគឺមន្ត្រីអត្រានុកូលដ្ឋានមិនទទួលយកពាក្យសុំរៀបអាពាហ៍ពិពាហ៍ឡើយ។
លក្ខខណ្ឌ “ភេទ” ការរៀបអាពាហ៍ពិពាហ៍ត្រូវបានច្បាប់នៃប្រទេសកម្ពុជាទទួលស្គាល់តែការរៀបអាពាហ៍ពិពាហ៍រវាងភេទផ្ទុយគ្នាតែប៉ុណ្ណោះ មានន័យថា បុរស និងនារីអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន តែ
ការរៀបអាពាហ៍ពិពាហ៍រវាង បុរស និងបុរស ឬនារី និងនារី គឺពុំត្រូវបានទទួលស្គាល់នោះទេ។
លក្ខខណ្ឌ “អាយុ” បុរស និងនារីដែលដល់នីតិភាព (ជាធម្មតា គ្រប់ ១៨ ឆ្នាំ) អាចរៀបអាពាហ៍ពិពាហ៍បាន។ ប៉ុន្តែក្នុងករណីដែលភាគីម្ខាងបានដល់នីតិភាព ហើយភាគីម្ខាងទៀតពុំទាន់ដល់នីតិភាព ហើយមានអាយុលើសពី ១៦ ឆ្នាំនោះ អាចរៀបអាពាហ៍ពិពាហ៍បានដោយទទួលការយល់ព្រមពីអ្នកមានអំណាចមេបាឬអាណាព្យាបាលរបស់អនីតិជននោះ។ ចំពោះភាគីដែលមានអាយុតិចជាង ១៦ ឆ្នាំ ទោះបីជាមានការយល់ព្រមពីអាណាព្យាបាលក៏ពុំអាចរៀបអាពាហ៍ពិពាហ៍បានដែរ។
“ការហាមឃាត់មិនឲ្យមានទ្វេពន្ធភាព” ក្នុងករណីដែលភាគីណាម្ខាងមានចំណងអាពាហ៍ពិពាហ៍ពីមុនមក ហើយចំណងអាពាហ៍ពិពាហ៍នោះពុំទាន់រលាយនៅឡើយនោះ គាត់ពុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីបានទេ។
(មាត្រា ៩៤៩ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា) “អំឡុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត” ភាគីនារីដែលបានរំលាយចំណងអាពាហ៍ពិពាហ៍ចាស់ ពុំអាចធ្វើការរៀបអាពាហ៍ពិពាហ៍បានឡើយ ប្រសិនបើអំឡុងពេល ១២០ ថ្ងៃ ពុំទាន់បានកន្លងផុតគិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយឬលុបចោល ប៉ុន្តែករណីហាមឃាត់នេះត្រូវបានលើកលែងក្នុងករណីដែលនារីមានផ្ទៃពោះមុនពេលដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយឬលុបចោលហើយបានសម្រាលកូនឬមានលិខិតបញ្ជាក់ពីការគ្មានផ្ទៃពោះពីវេជ្ជបណ្ឌិត។
(មាត្រា ៩៥០ នៃក្រមរដ្ឋប្បវេណី) “ការហាមឃាត់មិនឲ្យមានការរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិតនៅក្នុង ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៩៥១ បានកំណត់យ៉ាងច្បាស់ថា អាពាហ៍ពិពាហ៍ មិនអាចធ្វើបានឡើយរវាងញាតិលោហិតផ្ទាល់ឬសាខាញាតិក្នុង ៣ ថ្នាក់រាប់ទាំងថ្នាក់ទី ៣ ផង។
មានន័យថាសាមីខ្លួន ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍មិនអាចរៀបអាពាហ៍ពិពាហ៍ជាមួយ ៖
(ក) ញាតិលោហិតខ្មែរផ្ទាល់ (បុព្វញាតិខ្មែរផ្ទាល់ មានដូចជា៖ ឪពុក ម្តាយ ជីតា ជីទួត ជីលួត ជីលា ជីប៉ា និងបញ្ឆាញាតិខ្មែរផ្ទាល់ មានដូចជា កូន ចៅ ចៅទួត ចៅលួត ចៅលា ចៅប៉ា) (ខ) សាខាញាតិក្នុង ៣ ថ្នាក់រាប់ទាំងថ្នាក់ទី ៣ ផង មានដូចជា បងប្អូនបង្កើត ក្មួយ អ៊ំ ពូ មីង។ នៅក្នុងប្រទេសកម្ពុជាយើងបងប្អូនជីដូនមួយអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន ដោយបងប្អូនជីដូនមួយស្ថិតនៅក្នុងលំដាប់ញាតិថ្នាក់ទី ៤ មិនស្ថិតក្នុងការហាមឃាត់នៃច្បាប់ទេ។ “ការហាមឃាត់មិនឲ្យមានការរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ” ចំពោះញាតិពន្ធ ដែលភាសាសាមញ្ញហៅថាសាច់ថ្លៃ ក៏ត្រូវបានច្បាប់ហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែរ ដោយហាមមិនឲ្យមានការរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធនៃខ្សែផ្ទាល់ និងសាខាញាតិពន្ធក្នុង ៣ ថ្នាក់រាប់ទាំងថ្នាក់ទី ៣។
ក្នុងករណីនេះ ទោះក្រោយពីមានការលែងលះឬកាត់កាលកូនស្មុំក៏ដោយក៏ច្បាប់មិនអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ដែរ លើកលែងតែក្នុងករណីដែលសហព័ទ្ធណាម្ខាង (សហព័ទ្ធមានន័យថាប្តីឬប្រពន្ធ) បានទទួលមរណភាព នោះសហព័ទ្ធដែលនៅរស់អាចរៀបអាពាហ៍ពិពាហ៍ជាមួយ បុគ្គលដែលធ្លាប់ជាសាខាញាតិពន្ធនៅក្នុង ៣ ថ្នាក់បាន។
(សូមរង់ចាំអានបន្ដនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ)