កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ផ្សព្វ​ផ្សាយ​មួយ​វ​គ្គរួ​ច​ម​កហើ​យ​នូ​វ​អត្ថ​ប​ទច្បា​ប់​ទា​ក់​ទងនឹង​ «ចំណង​ជើង​» ដូច​ខាង​លើ​ តាម​រយៈកា​រប​កស្រា​យ​ពី​លោ​ក​ សួន​វីរៈបញ្ញា​ ជា​​មេធាវី​​បម្រើការ​នៅ​ការិយា​ល័យ​​មេធាវី​ជី​ជី​អន្តរជាតិ​ ដោយ​លោ​ក​បាន​ឆ្លើ​យ​នូវ​សំណួរ​ថា​ តើ​ក្នុង​ករណី​​ណា​ខ្លះ​ដែល​ច្បាប់​ហាម​ឃាត់​ពុំ​ឲ្យ​រៀប​អាពា​ហ៍ពិ​ពាហ៍​បាន​? ​ដោយ​ឡែក​នៅ​ក្នុង​វគ្គ​នេះ​​យើង​សូម​លើក​យក​នូវ​ចម្លើយ​របស់​លោក​ទាក់​ទង​នឹង​សំណួរ​ដដែលនេះ​មក​ចុះ​ផ្សាយ​បន្ដ​ដូច​ខាង​ក្រោម ៖

“​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​រៀប​អាពាហ៍​ពិពា​ហ៍​​​រវាង​ញាតិ​ពន្ធ​” ចំពោះ​ញាតិព​ន្ធ ដែល​ភាសា​សា​មញ្ញ​ហៅ​ថា​សាច់​ថ្លៃ ក៏ត្រូវ​បាន​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​រៀប​អា​ពាហ៍​ពិពាហ៍​ជា​មួយគ្នា​​ដែរ​ ដោយ​ហាម​មិន​ឲ្យ​មាន​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ញាតិ​ពន្ធ​នៃ​សែផ្ទាល់ និង​សាខា​ញាតិពន្ធ​ក្នុង​៣ថ្នាក់​រាប់ទាំង​ថ្នាក់​ទី ៣។


ក្នុងករណីនេះ​ទោះ​ក្រោយពី​មានការ​លែងលះឬ​កាត់​កាល់កូន​ស្មុំក៏ដោយ​ក៏​ច្បាប់​មិន​អនុ​ញ្ញាត​ឲ្យ​រៀប​អា​ពាហ៍ពិ​ពាហ៍​ដែរ​លើក​លែងតែ​ក្នុង​ករណី​ដែល​សហ​ព័ទ្ធ​ណា​ម្ខាង (​សហព័ទ្ធ​មាន​ន័យ​ថា​ប្តីឬ​ប្រពន្ធ​) បាន​ទទួល​មរ​ណភា​ពនោះ​សហ​ព័ទ្ធ​ដែល​នៅរស់​អាច​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​បុគ្គល​ដែល​ធ្លាប់​ជា​សាខា​ញាតិ​ពន្ធ​នៅ​ក្នុង​ ៣ ថ្នាក់​បាន​។ ក្នុង​ចំណុច​នេះ​ខ្ញុំ​សុំ​លើក​ឧទា​ហរណ៍​ ២ ​ករណី​ឲ្យ​បង​ប្អូន​បាន​យល់​៖


-​ករណី​ទី​ ១ ៖ បុរស “​ក​” បាន​រៀប​ការ​ជាមួយ​នារី “​ខ​” ដោយ​បាន​ចុះកិ​ច្ចសន្យា​អាពា​ហ៍​ពិពាហ៍​​ត្រឹម​ត្រូវ​តាម​ច្បាប់​។ នារី “​ខ​” មាន​ប្អូន​ស្រី​បង្កើត ឈ្មោះ នារី “​គ​”​។ នា​ថ្ងៃ​ក្រោយ​មក​បុរស “​ក​” បាន​លែង​លះ​ជាមួយ​នារី “​ខ​”ហើយបុរស “​ក​” បាន​ស្រឡាញ់ និង​មាន​បំណង​រៀប​អា​ពាហ៍​ពិពាហ៍​ជា​មួយ​នារី “​គ​” ដែល​ជា​ប្អូន​របស់នារី“​ខ​” ដែល​ជា​អតីត​ប្អូនថ្លៃ​របស់​ខ្លួន​។ ក្នុង​ករ​ណីនេះ​អាពាហ៍​ពិពាហ៍​​រវាង​បុរស ​“​ក​” និង​នារី “​គ​” ពុំ​អាច​ធ្វើ​បានទេ ដោយ​ហេតុថា​ទោះ​បីជា​បាន​លែង​លះគ្នា​ជាមួយ​នារី “​ខ​” ហើយក៏​ដោយ​ក៏​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​រៀបអាពាហ៍​ពិពាហ៍​រវាង​អតីត​សាខា​ញាតិ​ពន្ធ​ក្នុង​ ៣ ថ្នាក់​។ ក្នុង​ករណី​នេះ នារី “​គ​” ​ត្រូវ​ជា​អតីត​ប្អូន​ថ្លៃ មានន័យថា​ ជា​អតីត​ញាតិ​ពន្ធ​ថ្នាក​ទី “២”។​


-​ក​រណី​ទី ​២៖ បុរស “​ក​” បាន​រៀប​ការ​ជា​មួយ​នារី “​ខ​” ដោយ​បា​ន​ចុះកិ​ច្ច​សន្យា​អាពា​ហ៍​ពិពាហ៍​ត្រឹម​ត្រូវ​តា​មច្បាប់​។ នារី “​ខ​” មាន​ប្អូន​ស្រី​បង្កើត ​ឈ្មោះ ​នារី “​គ​”​។ នា​ពេល​ក្រោយ​មក​នារី “​ខ​” ដែល​ជា​ប្រពន្ធ​បាន​ទទួល​មរណ​ភាព​។ ក្នុង​ករណី​នេះ បុរស“​ក​” អាច​រៀប​អាពាហ៍​​ពិពា​ហ៍​ជាមួយ​នារី “​គ​”បាន​ដោយ​ហេតុ​ថា​ករណី​នេះ​ត្រូវបា​ន​ លើក​លែង​​ដោយ​ច្បាប់​ហើយ​អនុញ្ញាត​ឲ្យ​សហ​ព័ន្ធ​ដែល​នៅ​រស់​បន្ទាប់​ពី​សហ​ព័ន្ធ​ម្ខាង​ទៀត​ទទួល​មរណ​ភាព​​អាច​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​នឹង​ញាតិ​ពន្ធ​ ក្នុង​ ៣ ថ្នាក់​។ ករណី​នេះ​ត្រូវ​បាន​ច្បាប់​លើក​លែង​ក្នុង​គោល​បំណង​ឲ្យ​មាន​កា​រងា​យ​ស្រួល​ក្នុង​ ការ​មើល​ថែ​រក្សា​កូនឬ​ប​ញ្ឆា​ញាតិ​ដែល​សល់​ពី​ចំណង​អាពា​ហ៍ពិ​ពាហ៍ ហើយ​ម្យ៉ាងករណីនេះ​ពុំ​ ប៉ះពាល់​ដល់​សីលធម៌​សង្គម​នោះ​ ទេ​ព្រោះ​អតីត​សហ​ព័ទ្ធ​បាន​ទទួល​មរណ​ភាព​ទៅ​ហើយ។


-​តើ​បុរសនិង​នារីគួរ​ធ្វើ​របៀប​ណា​តាម​នីតិ​វិធី​ច្បាប់​ដើម្បី​ឲ្យ​ទៅជា​ប្តី​ប្រពន្ធ​ស្រប​ច្បាប់​?


​​ដំបូង​បំផុ​ត គូ​ភាគី ដែលមាន​បំណង​ចង់​រៀប​អាពា​ហ៍ពិ​ពាហ៍​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា​ខ្លួន​មាន​ឆន្ទៈ​យល់​ព្រម ឯក​ភាព រៀប​អាពា​ហ៍ពិ​ពាហ៍​ជា​មួយ​គ្នា​ដោយ​ការ​ស្ម័​គ្រចិត្ត​ពិត​ប្រាក​ដ​និង​គ្មាន​ការ​បង្ខិ​តប​ង្ខំ​។​

​គូភាគី​ដែល​មាន​បំណង​ចង់​រៀប​អាពា​ហ៍ពិ​ពាហ៍​ត្រូវ​ដាក់​ពាក្យ​សុំ​រៀប​អាពា​ហ៍​ពិ​ពា​ហ៍​នៅ​លំនៅ​ឋាន​របស់​នារី ដោយ​ភ្ជាប់​ជា​មួយ​នូវ​៖ (១) លិខិត​បញ្ជាក់​នៅ​លីវ​របស់​បុរស និង​នារី​,(២)សៀវ​ភៅ​គ្រួសារឬ​ សំបុត្រ​កំណើត​របស់​ភា​គី ទាំង ២។

នៅ​ពេលដែ​ល​បាន​ដាក់​ពាក្យ​សុំ​រួច​ហើយមន្ត្រី​អត្រា​នុកូល​ដ្ឋាន​នឹង​ធ្វើ​ការ​ពិនិត្យ​អំពី​លក្ខ​ខណ្ឌ​សារ​ធាតុ (​ដែល​ខ្ញុំ​បាន​បក​ស្រាយ​ជូន​ក្នុង​សំណួរ​ទី​ ២ ខាង​លើ​) ថា​គូ​ភាគី​ពិត​ជា​បាន​បំពេញ​នូវ​លក្ខ​ខណ្ឌ​សារ​ធាតុ​ក្នុង​ការ​រៀប​អាពាហ៍​ពិពាហ៍​ឬ​នៅ​? បើ​ក្នុង​ករណី​ដែល​ម​ន្រី្ត​អត្រានុ​កូលដ្ឋាន​​ពិនិត្យ​ពាក្យ​សុំ ហើយ​កត់​សម្គាល់​ឃើញ​ថា លក្ខ​ខណ្ឌ​សារ​ធាតុ​ពុំ​ត្រូវ​បាន​បំពេញ ឧទា​ហរណ៍​ដូច​ជា​ករណី​ភាគី​ម្ខាង​មាន​ចំណង​អាពា​ហ៍​ពិពាហ៍​ពីមុនមិន​ទាន់​រំលាយឬ​ភាគី​ មិន​​ទាន់​គ្រប់​អាយុឬ​ករណី​ភាគី​មានភេទ​ដូច​គ្នាឬ​ភាគី​ជា​ញាតិ​លោ​ហិត​ដែល​បាន​ហាម​ឃាត់​ នោះ​មន្ត្រី​អត្រានុ​កូល​ដ្ឋាន​នឹង​មិន​ទទួល​យក​ពាក្យសុំ​​រៀប​អាពាហ៍​ពិពាហ៍​ឡើយ។

​​បើ​ក្នុងករណី​ដែល​លក្ខ​ខណ្ឌ​សារ​ធាតុ​ត្រូវ​បាន​បំពេញ​ត្រឹមត្រូវ​តាម​កំណត់​ច្បាប់​ហើយ​ នោះ​មន្ត្រី​អត្រានុ​កូលដ្ឋាន​នឹង​ទទួល​ពាក្យ​សុំ​ ហើយ​ជូន​ដំណឹង​ជា​សា​ធារ​ណៈ​អំពី​ការ​រៀប​អាពាហ៍​ពិពា​ហ៍​។ ការ​ជូន​ដំណឹង​ជា​សា​ធារណៈ​នេះ ជាការ​យក​ប័ណ្ណ​ប្រកាស​អាពា​ហ៍​ពិពាហ៍​ដែល​ចេញ​​ដោយ​មន្ត្រី​អត្រានុ​កូល​ដ្ឋាន​ទៅ​បិទ​នៅ​លំនៅ​ឋាន​ខាង​នារី ខាង​បុរស និង​ឃុំ​/​សង្កាត់​នៃ​ខាង​នារី​ និង​ខាង​បុរស​។​

​​បន្ទាប់​មក​ក្នុង​រយៈ​ពេ​ល ១០​ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​បិទ​ប្រកាស​ជា​សា​ធារ​ណៈ ប្រសិន​បើ​ពុំមាន​អ្នក​ប្តឹង​ជំទា​ស់​ទេ មន្ត្រី​អត្រានុកូលដ្ឋាន​អាច​ដំណើរ​ការ​ចុះ​កិច្ច​សន្យា​អាពាហ៍​ពិពាហ៍​រវាង​បុរស និង​នារី​ ដោយ​តម្រូវ​ឲ្យ​មាន​សាក្សី​ជា​នីតិ​ជន​ចំនួន​ ២ ​នាក់​ចូលរួម។

​​បន្ទាប់​ពី​ចុះកិ​ច្ចសន្យា​អាពា​ហ៍​ពិពាហ៍​ហើយ​មន្ត្រី​អត្រានុ​កូល​ដ្ឋាន​ត្រូវ​ស្រង់​ខ្លឹម​សារ​ដែល​មាន​កំណត់​ក្នុង​កិច្ច​សន្យា​អាពា​ហ៍​ពិពាហ៍​ចូល​ទៅក្នុ​ង​បញ្ជី​អាពា​ហ៍ពិ​ពាហ៍​។ មន្ត្រី​អត្រានុ​កូល​ដ្ឋាន​ត្រូវ​រៀបចំ​ចេញ​លិខិត​ផ្លូវ​ការ​មួយ​ដើម្បី​ឲ្យ​គូភាគី​ប្រើ​ប្រាស់​ហៅ​ថា “​សំបុត្រ​អាពាហ៍​ពិពាហ៍”។

“​​សំបុត្រ​អា​ពា​ហ៍ពិ​ពាហ៍​”នេះហើយ​ដែល​ជា​សក្ខី​ភាព​នៃ​ចំណង​អា​ពាហ៍​ពិ​ពាហ៍​របស់​គូ​ភាគី​តាម​​ផ្លូវ​​ច្បាប់​។​សរុប​មក​ខ្ញុំបាទ សូម​លើកទឹ​ក​ចិត្ត​ឲ្យ​​បងប្អូន​ជនរួម​ជាតិ​ទាំង​អស់ ជា​ពិសេស​​បុរស​​និង​នារី ដែ​លមាន​បំណង​ក្នុង​ការ​រៀប​អាពាហ៍​ពិពាហ៍ គួរតែ​ទៅ​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បីឲ្យ​ចំណង​អាពា​ហ៍ពិ​ពាហ៍​របស់​បង​ប្អូន​ទទួ​ល​​បាន​ការ​ទទួល​ស្គាល់​​ពេញ​លេញ​​តាម​កំណត់​ច្បាប់៕​