ជាទូទៅការជួល ឬបញ្ចាំវត្ថុអ្វីមួយបើតាមច្បាប់គឺតម្រូវឲ្យភាគីទាំងសងខាងបំពេញកាតព្វកិច្ចមួយដែលហៅថា កិច្ចសន្យាទៅតាមលក្ខខណ្ឌនៃការព្រមព្រៀងគ្នា។ ចុះបើភាគីម្ខាង (អ្នកជួល) ស្លាប់ តើត្រូវដោះស្រាយបែបណាតាមផ្លូវច្បាប់? ជុំវិញករណីនេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ផុន ធារិន ការិយាល័យមេធាវី ផុន ធារិន នៅបុរីឌឺរ៉ូយ៉ាល់មេគង្គ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម ៖
លោក (ក) បានជួលរថយន្តឲ្យលោក (ខ) ជិះ ប៉ុន្តែមិនបានធ្វើលិខិតជាកិច្ចសន្យាទេ ចៃដន្យលោក (ខ) ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ហើយរថយន្តក៏ខូចខាតទៀត។ ករណីនេះតើលោក (ក) ប្តឹងទាមទារសំណងពីប្រពន្ធលោក (ខ) បានឬទេ?
ជាទូទៅក្នុងជីវភាពប្រចាំថ្ងៃ កិច្ចសន្យាអាចកើតឡើងពីការព្រមព្រៀងដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ។ ជាក់ស្តែងករណីខាងលើនេះ យើងអាចចាត់ទុកថា លោក (ខ) បានព្រមព្រៀងដោយផ្ទាល់មាត់ជួលរថយន្តពីលោក (ក) ។
សំណួរថា តើលោក (ក) អាចទាមទារសំណងពីប្រពន្ធលោក (ខ) បានទេ? ត្រង់ចំណុចនេះ យើងអាចលើកឡើងជាទឡ្ហីករណ៍មួយចំនួន ដើម្បីបញ្ជាក់លើការទទួលខុសត្រូវសំណងខូចខាត។ យើងលើកយកចំណុចមួយ ដោយសន្មតថា រថយន្តខាងលើនេះមិនមានការធានារ៉ាប់រងណាមួយឡើយ នោះការទទួលខុសត្រូវចំពោះកិច្ចសន្យាជួលរថយន្តជាកាតព្វកិច្ចរបស់លោក (ខ) និងប្រពន្ធត្រូវប្រគល់ប្រាក់ឈ្នួល និងសងការខូចខាតទៅលោក (ក)។ ចុះបើលោក (ខ) ស្លាប់ នោះមានន័យថា សន្តតិជនរបស់លោក (ខ) ដូចជា ប្រពន្ធ កូន។ល។ ត្រូវអនុវត្តបន្តតាមផ្លូវច្បាប់។
បើសមត្ថកិច្ចចាប់ភាគីបង្កបាន ហើយព្រមចេញសំណង តើលោក (ក) អាចនៅតែមានសិទ្ធិទាមទារសំណងពីគ្រួសារលោក (ខ) បានទៀតទេ?
លោក (ក) អាចទាមទារប្រាក់ឈ្នួលពីសន្តតិជនរបស់លោក (ខ) ក្នុងករណីកាតព្វកិច្ចរបស់លោក (ខ) ចំពោះការបង់ប្រាក់ឈ្នួលមិនទាន់បានបំពេញ។ ដោយឡែក សំណងការជួសជុល ឬសំណងខូចខាតរថយន្តត្រូវបានតតិយជនដែលជាជនបង្កបានអនុវត្តកាតព្វកិច្ចជំនួសលោក (ខ) ហើយ ដូច្នេះលោក (ក) មិនអាចទាមទារលើសពីសិទ្ធិតាមផ្លូវច្បាប់នោះទេ។
ករណីនេះកាលពីលោក (ក) ទៅជួលរថយន្តមិនបានឲ្យប្រពន្ធដឹងឮទេ ដូច្នេះ តើប្រពន្ធត្រូវតែមានកាតព្វកិច្ចចេញសងឬយ៉ាងណា?
ក្នុងករណីនេះប្រពន្ធលោក (ខ) ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវលើសំណងការខូចខាតរថយន្តរបស់លោក (ក) ដោយហេតុថា ការខូចខាតនេះត្រូវចាត់ទុកជាបំណុលរួមដែលលោក (ខ) និងប្រពន្ធត្រូវទទួលខុសត្រូវក្នុងអាណត្តិចំណងអាពាហ៍ពិពាហ៍ ទោះបីកិច្ចសន្យានោះ ប្រពន្ធលោក (ខ) មិនបានចូលរួមក៏ដោយ។ ប្រពន្ធលោក (ខ) មានសិទ្ធិមិនទទួលខុសត្រូវលើចំណែកបំណុលរបស់លោក (ខ) ជាប្តីបានកាលបើប្រពន្ធលោក (ខ) យល់ឃើញថា បំណុលរបស់លោក (ខ) និងទ្រព្យដែលជាចំណែករបស់លោក (ខ) មិនសមាមាត្រគ្នា ហើយប្រពន្ធលោក (ខ) មិនទទួលយកទ្រព្យ ឬមរតកដែលជាចំណែករបស់លោក (ខ)៕