ជន​ដែល​​ត្រូវ​នគរបាល​យុត្តិធម៌​ចាប់​ខ្លួន​​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​មួយ​​តែង​មាន​ការ​បញ្ជូន​ទៅ​តុលាការ ​ដោយ​ឆ្លង​កាត់​​ដំណាក់​កាល​ចៅ​ក្រម​ស៊ើបសួរ​រហូត​ដល់​ពេល​បើក​សវនាការ​​ជំនុំ​ជម្រះ​។​ តើ​ជា​នីតិវិធី ​​គេ​ហៅ​ជន​នោះ​ថា​ ​​ជា​ជន​សង្ស័យ ​ជន​ត្រូវ​ចោទ​ និង​ជន​ជាប់​ចោទ​ នៅ​ពេល​ណា​ខ្លះ?

ជុំវិញ​បញ្ហា​នេះ​ ភ្នំពេញ​ប៉ុស្តិ៍ ​បាន​សម្ភាស​ជាមួយ​លោក​មេធាវី​ ឡោ​ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន-អន្តរជាតិ​ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១៦ ​R​ ផ្លូវ ​២៥២​ សង្កាត់​ចតុមុខ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖


ចំពោះ​ជន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​​ដំណាក់​កាល​នគរបាល​យុត្តិ​ធម៌​ តើ​គេ​ហៅ​ជន​នោះ​ថា​ យ៉ាង​ម៉េច​?


ជន​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នគរបាល​យុត្តិ​ធម៌ ​គឺ​គេ​ហៅ​ជន​នោះ​ថា​ ជា​ជន​សង្ស័យ​ ពី​ព្រោះ​ជន​នោះ ​​មិន​ទាន់​ត្រូវ​បាន​ខាង​ព្រះ​រាជអាជ្ញា​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ​ (ពី​ដំណាក់កាល​នគរបាល​យុត្តិធម៌​ទៅ​ព្រះរាជ​អាជ្ញា)។


បើ​ជន​ម្នាក់​ដែល​ត្រូវ​បាន​អយ្យការ​ចោទ​​ប្រកាន់​ និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ហើយ​ចៅក្រម​​ស៊ើបសួរ​​សម្រេច​ចោទ​ប្រកាន់​ ហើយ​​​ត្រូវ​ត្រៀម​ឡើង​សវនាការ​ជំនុំ​ជម្រះ​។​តើ​គេ​ហៅ​ជន​នោះ​ថា​ ជា​ជន​ត្រូវ​ចោទ​ ឬ​​ជា​​ជន​ជាប់​ចោទ​?


ជា​គោល​ការណ៍​​ច្បាប់​ កាល​ណា​ជន​ណា​ម្នាក់​កំពុង​​ស្ថិត​នៅ​​ក្នុង​ដំណាក់​​កាល​ ព្រះរាជ​អាជ្ញា​​ស៊ើបសួរ​​ និង​ស្ថិត​នៅ​​ដំណាក់កាល​ចៅ​ក្រម​ស៊ើប​សួរ​ ​គឺ​​ជន​ម្នាក់​នោះ​គេ​ហៅ​ថា​ ជា​ជន​ត្រូវ​ចោទ​ហើយ​។​ព្រោះ​​អី​ ជន​ម្នាក់​នោះ​ បាន​ឆ្លង​កាត់​ដំណាក់កាល​ចៅ​ក្រម​ស៊ើបសួរ​ ​ឬ​បាន​បញ្ចប់​ការ​ស៊ើបសួរ​​ពី​សំណាក់​ចៅ​ក្រម​ស៊ើប​សួរ​ និង​ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​ចោទ​​ប្រកាន់​ ​និង​ត្រៀម​ខ្លួន​ឡើង​សវនាការ​ជំនុំ​ជម្រះ ​ហើយ។​ ដូច្នេះ ​​គេ​ហៅ​ជន​ម្នាក់​នោះថា ​​ជា​ជន​ត្រូវ​ចោទ​​។​


ឧទាហរណ៍​ថា ​ជន​ម្នាក់​ ត្រូវ​​តុលាការ​កោះ​ហៅ​​មក​​បើក​សវនាការ​ជំនុំ​ជម្រះ​​ជា​លើក​ដំបូង​ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​ចោទ​ប្រកាន់​រួច ​ពាក់ព័ន្ធ​បទ​ល្មើស​អ្វី​មួយ។ តើ​ជា​គោលការណ៍​ច្បាប់ ​ជន​ម្នាក់​នោះ​ ត្រូវ​ហៅ​ថា ​ជា​ជន​ជាប់​​ចោទ ​ឬ​ជន​ត្រូវ​ចោទ​ដូច​ខាង​​លើ​?

ករណី​នេះ​ជា​ដំណាក់​កាល​បើក​​សវនាការ​ជំនុំ​ជម្រះ ​​ហើយ​​ដោយសារ​ថា​​ គាត់​បាន​ឆ្លង​កាត់​ដំ​ណាក់​កាល​ចៅ​ក្រម​​ស៊ើបសួរ​បាន​ចោទ​ប្រកាន់​គាត់​រួច​ហើយ​ ដូច្នេះ​ជន​នោះ ​នឹង​ត្រូវ​បាន​ហៅ ជា​ជន​ជាប់​ចោទ​ហើយ​។ ហេតុ​អ្វី​បាន​ជា​​ជន​ម្នាក់​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​​ជា​ជន​ជាប់​ចោទ​ ព្រោះ​អី​ជន​នោះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​​ចោទ​គាត់​រួច​ហើយ​ ទើប​​តុលាការ​​ហៅ​គាត់​ត្រូវ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ។​ដូច្នេះ​គាត់​ត្រូវ​គេ​​ហៅ​ថា​​ជា​ជនជាប់​ចោទ ​(ពី​ដំណាក់​កាល​ចៅ​ក្រម​ស៊ើបសួរ​ទៅ​ចៅ​ក្រម​ជំនុំ​ជម្រះ)។ ព្រោះ​ថា​ ជន​នោះ​គាត់​បាន​ជាប់​ចោទ​ ហើយ​​ទើប​បាន​គេ​យក​គាត់​ទៅ​ជំនុំ​ជម្រះ។

ចុះ​ចំពោះ​​ពាក្យ​ថា ​ពិរុទ្ធជន​ គេ​ហៅ​នៅ​ពេល​ណា​ដែរ​​ ​?

ពាក្យ​ថា ​​ពិរុទ្ធជន​ បាន​ន័យ​ថា​ នៅ​​ពេល​តុលាការ​ប្រកាស​​ទោស​គាត់​ថា ​គាត់​ត្រូវ​ជាប់​ទោស​ប៉ុន្មានៗ​ឆ្នាំ ​​ហើយ​​បើ​ជន​នោះ​​គាត់​មិន​ទាន់​មាន​សាល​ក្រម​​ស្ថាពរ​ទេ​គឺ​គាត់​នៅ​តែ​​មាន​​ឈ្មោះ​​ថា​​ ជា​ជនជាប់​ចោទ​ដដែល ​​ក៏​ប៉ុន្តែ​ការ​​ជាប់​ចោទ​​របស់​គាត់​ហ្នឹង​វា​​មិន​ទាន់​​ថា​​តើ​​សេចក្តី​​សម្រេច​​របស់​តុលាការ​ហ្នឹង​គាត់​​ត្រូវ​​បាន​​ចោទ​ប្រកាន់​​ពិត​ប្រាកដ ​ឬ​មិន​​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​។​ អ៊ីចឹង​ការ​ជាប់​ចោទ​នោះ​ គ្រាន់​តែ​​ជា​​លក្ខខណ្ឌ​មួយ​​ដែល​តុលាការ​គេ​សម្រេច​​ថា​​ជន​នោះ​ត្រូវ​​បាន​​ជាប់​ចោទ​ដោយសារ​ចៅក្រម​​ស៊ើប​បាន​​សម្រេច​រួច​ហើយ​។​ ប៉ុន្តែ​​ ពេល​​ដល់​ដំណាក់​កាល​ចៅ​ក្រម​ជំនុំ​ជម្រះ​គឺ ​ជា​សិទ្ធិ​របស់​ចៅ​ក្រម​​ជំនុំ​ជម្រះ​ទៀត។​ ​ ​

ប្រសិន​​បើ ​ជន​នោះ ​ត្រូវ​ជំនុំ​ជម្រះ​ ហើយ​​តុលាការ​​មិន​អាច​​រក​កំហុស​គាត់​ឃើញ​​ និង​ដោះលែង​ជន​នោះ​វិញ​។​ តើ​អាច​ចាត់​ទុក​​ថា​ករណី​ ចោទ​​ប្រកាន់ ​និង​ឃុំ​ខ្លួន​​គាត់​បណ្តោះ​អាសន្ន​នោះ ​ជា​ការ​រំលោភ​សិទ្ធិ​​របស់​ជន​នោះ​ទេ​?

ករណី​នេះ​​មិនមែន​ជា​ការ​រំលោភ​សិទ្ធិ​​អី​​ទេ ​ដោយសារ​តែ​ច្បាប់​កំណត់​អ៊ីចឹង ​គឺ​នៅ​​ពេល​ដែល​​ជន​ណា​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​​គាត់​ហើយ​​បញ្ជូន​ទៅ​តុលាការ​ ហើយ​តុលាការ​ធ្វើ​​តាម​នីតិវិធី ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​អាហ្នឹង​មិន​អាច​​និយាយ​បាន​ថា​​តុលាការ​រំលោភ​សិទ្ធិ​ ឬ​ផ្លោះ​​សិទ្ធិ​នោះ​ទេ​​ ប៉ុន្តែ​ច្បាប់​គេ​​កំណត់​អ៊ីចឹង ​(ផ្លោះ​​សិទ្ធិ មាន​ន័យ​ថា​តុលាការ​​យក​គេ​មក​ឃុំ​ដោយ​គ្មាន​កំហុស)​​។ នៅ​តុលាការ​លើ​ពិភព​លោក​ ក៏​គេ​ធ្វើ​​អីចឹង​ដូច​តែ​គ្នា​មិន​​ខុស​ទេ​៕