ជាគោលការណ៍ ឬ​តាម​ផ្លូវច្បាប់​នៅ​ពេល​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​លើ​ពិរុទ្ធជន​ ឬ​ជន​ជាប់ចោទ​ណា​ម្នាក់​ដោយ​កំបាំងមុខ​គឺ​គាត់​អាច​ប្តឹង​ឲ្យ​តុលាការ​ជំនុំជម្រះ​ឡើង​វិញ​។ ការប្តឹង​សុំ​ឲ្យ​ជំនុំជម្រះ​ឡើង​វិញ​នេះ​ភាសា​ច្បាប់​ហៅថា​បណ្តឹង​ទាស់​។ ជុំវិញ​នីតិវិធី​នៃ​បណ្ដឹង​បែប​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក សុក សំអឿន ជា មេធាវី​បម្រើការ​នៅ​ការិយាល័យ​ក្រុម​អ្នកច្បាប់​ និង​ទីប្រឹក្សា​អមរិន្ទ​ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ​ ៤៣ ​អឺ​ផ្លូវ​លេខ​ ៤៥៤ សង្កាត់​ទួលទំពូង​ ១ ខណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ​មាន​ខ្លឹម​ដូចខាងក្រោម​៖

តើ​លោក​មេធាវី​អាច​ពន្យល់​បាន​ទេ​ថា អ្វី​ទៅ​ដែល​ហៅថា​បណ្តឹង​ទាស់ ?


បណ្តឹង​ទាស់​គឺជា​បណ្តឹង​តវ៉ា​មួយ​ដែរ​ហើយ​បណ្តឹង​តវ៉ា​វា​មាន​ន័យ​ច្រើន ដែល​មាន​បណ្តឹង​ឧទ្ធរណ៍​មាន​បណ្តឹង​សារទុក្ខ​អ៊ីចឹង​ទៅ​ដែល​ភាគី​ណា​មួយ​មិន​សុខចិត្ត​នឹង​រឿង​​អ្វីមួយ​។ ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​​គេ​មិន​ហៅ​ថា​បណ្តឹង​តវ៉ា​នោះ​​ទេ ដែល​វា​គ្រាន់​តែ​ជា​ពាក្យ​សាមញ្ញ​ធម្មតា​ដែល​គេ​ច្រើន​តែ​និយាយ​ទេ តែ​ភាសា​ច្បាប់​ហៅ​ថា​បណ្ដឹង​ទាស់​។ ចំពោះ​ខ្លឹមសារ​នៃ​បណ្តឹង​ទាស់​មាន​ដូចជា ឧទាហរណ៍​ថា​នៅ​ពេល​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​គឺ​គាត់​អត់​មាន​វត្តមាន​នៅ​ក្នុង​ពេល​សវនាការ​នោះ​ទេ ហើយ​ក្រោយ​មក​គាត់​បាន​ប្តឹង​ទាស់​ឲ្យ​តុលាការ​កាត់​រឿងក្តី​របស់​គាត់​ឡើង​វិញ​។


តើ​បណ្តឹង​ទាស់​សំដៅ​ដល់​ករណី​ដែល​ពិរុទ្ធជន ​ឬ​ជន​ជាប់ចោទ​ប្ដឹង​ស្នើសុំ​ឲ្យ​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​របស់​គាត់​ម្តង​ទៀត​ឬ​?


បាទ​!​ពិតជា​បែប​នេះ​មែន​ហើយ ដែល​ខ្លឹមសារ​ដូច​មាន​ចែង​នៅក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទៅ​តាម​មាត្រា​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖


មាត្រា​ ៣៦៩ ​ចែង​ថា​បណ្តឹង​ទាស់​ត្រូវ​ធ្វើ​នៅ​ក្នុង​រយៈពេល​ ១៥ (​ដប់​ប្រាំ​) ​ថ្ងៃ ផ្តើម​គិត​ពី​ថ្ងៃ​ជូន​ដំណឹង​អំពី​សាលក្រម​កំបាំងមុខ​កាលណា​សាលក្រម​ត្រូវ​បាន​ប្រគល់​ឲ្យ​ពិរុទ្ធជន​ដោយ​ផ្ទាល់​ដៃ​ ឬ​ពី​ថ្ងៃ​ដែល​ពិរុទ្ធជន​នេះ​បាន​ដឹង​យ៉ាង​ពិត​ប្រាកដ​អំពី​សាលក្រម​កាលណា​សាលក្រម​នេះ​មិន​បាន​ប្រគល់​ឲ្យ​ពិរុទ្ធជន​ដោយ​ផ្ទាល់​ដៃ​ទេ​។


បណ្តឹង​ទាស់​អាច​កម្រិត​ធ្វើ​ទៅ​លើ​សេចក្តី​សម្រេច​ផ្នែក​រដ្ឋប្បវេណី​នៃ​សាលក្រម​ក៏​បាន​។

មាត្រា​ ៣៧០ ​ចែង​ថា​កាលណា​បណ្តឹង​ទាស់​ធ្វើ​ប្រឆាំង​ទៅ​លើ​សាលក្រម​ទាំង​មូល​សាលក្រម​នេះ​ត្រូវ​ទុក​ជា​អសារបង់​។

ការអនុវត្ត​សាលក្រម​ត្រូវ​ព្យួរ​។

ប៉ុន្តែ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នៅ​តែ​មាន​អានុភាព​។ តុលាការ​នៅ​​តែ​មាន​សមត្ថកិច្ច​ដើម្បី​សម្រេច​អំពី​ការដោះលែង​ជន​ជាប់ចោទ​ឲ្យ​មាន​សេរីភាព​វិញ​។

មាត្រា​ ៣៧១ ចែង​ថា​កាលណា​បណ្តឹង​ទាស់​ធ្វើ​ប្រឆាំង​ទៅ​លើ​សេចក្តី​សម្រេច​ផ្នែក​រដ្ឋប្បវេណី​មាន​តែ​សេចក្តី​សម្រេច​ផ្នែក​នេះ​ប៉ុណ្ណោះ​ដែល​ត្រូវ​ទុក​ជា​អសារបង់​។ ​ការអនុវត្ត​សេចក្តី​សម្រេច​ផ្នែក​រដ្ឋប្បវេណី​នេះ​ត្រូវ​ព្យួរ​។

មាត្រា ៣៧១ ចែង​ថា​សំណុំ​រឿង​ត្រូវ​បាន​លើក​យក​មក​ជំនុំជម្រះ​នៅ​មុខ​តុលាការ​ដដែល​។

ភាគី​ទាំងអស់​ត្រូវ​បាន​កោះហៅ​តាម​គំនិត​ផ្តើម​របស់​ព្រះរាជអាជ្ញា​។ ​ក្រោយ​ពី​បាន​ពិនិត្យ​មើល​ភាព​អាច​ទទួល​បាន​នៃ​បណ្តឹង​ទាស់​នេះ​តុលាការ​សម្រេច​លើ​អង្គសេចក្តី​ជាថ្មី​​ម្តង​ទៀត​។ ប្រសិន​បើ​អ្នក​ប្តឹង​ទាស់​ដែល​បាន​កោះ​ហៅ​ដោយ​​ត្រឹមត្រូវ​ហើយ​មិន​ចូល​បង្ហាញ​ខ្លួន នៅ​ពេល​សវនាការ​ទេ តុលាការ​ប្រកាស​ថា បណ្តឹង​ទាស់​ទុក​ជា​ឯកសារ​ឥត​បានការ​។ សាលក្រម​ដែល​គេ​ប្តឹង​ទាស់​មិន​អាច​ត្រូវ​តែ​ប្រែប្រួល​ទេ​។ សាលក្រម​នេះ​មាន​អានុភាព​ទាំងស្រុង​ចំពោះ​ភាគី​ទាំងអស់​។ អ្នក​ប្តឹង​ទាស់​នៅ​មាន​លទ្ធភាព​ប្តឹង​ឧទ្ធរណ៍​នៅក្នុង​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​មាត្រា ៣៨២ (​រយៈពេល​ប្តឹង​ឧទ្ធរណ៍​របស់​ពិរុទ្ធជន​ដើមបណ្តឹង​រដ្ឋប្បវេណី​អ្នក​ទទួល​ខុសត្រូវ​រដ្ឋប្បវេណី​) ​នៃ​ក្រម​នេះ​។

មាត្រា ៣៧២ ចែង​ថា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក៏​អាច​ប្តឹង​ទាស់​នឹង​សាលក្រម​ដែល​សម្រេច​ដោយ​កំបាំង​មុខ​ខ្លួន​បាន​ដែរ​។ បណ្តឹង​ទាស់​នេះ​ត្រូវ​កំណត់​ទៅ​លើ​សេចក្តី​សម្រេច​ផ្នែក​រដ្ឋប្បវេណី​នៃ​សាលក្រម​តែ​ប៉ុណ្ណោះ​។ បណ្តឹង​ទាស់​ត្រូវ​ធ្វើ​ក្នុង​រយៈពេល​ ១៥ (​ដប់​ប្រាំ​) ​ថ្ងៃ​គិត​ពី​ថ្ងៃ​ឲ្យ​ដំណឹង​អំពី​សាលក្រម​កំបាំង​មុខ​កាលណា​សាលក្រម​បាន​ប្រគល់​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដោយ​ផ្ទាល់​ដៃ​ ឬ​ថ្ងៃ​ដែល​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​ដឹង​យ៉ាង​ពិតប្រាកដ​អំពី​សាលក្រម កាលណា​សាលក្រម​នេះ​មិន​បាន​ប្រគល់​ឲ្យ​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដោយ​ផ្ទាល់​ដៃ​ទេ​។ បណ្តឹង​ទាស់​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ​នៅ​ការិយាល័យ​ក្រឡា​បញ្ជី​នៃ​តុលាការ​ដែល​បាន​ប្រកាស​សាលក្រម​។ ដើមបណ្តឹង​រដ្ឋប្បវេណី​អាច​ត្រូវ​តំណាង​ដោយ​មេធាវី សហព័ន្ធ ឬ​ញាតិ​លោហិត​ផ្ទាល់​។ អ្នក​តំណាង​ត្រូវ​មាន​លិខិត​ប្រគល់​សិទ្ធិ​ឲ្យ​ប្តឹង​ទាស់​។ បទប្បញ្ញត្តិ​នៃ​មាត្រា​នេះ​ត្រូវ​យក​មក​អនុវត្ត​លើ​បុគ្គល​ដែល​តុលាការ​ប្រកាស​ថា ត្រូវ​ទទួល​ខុសត្រូវ​រដ្ឋប្បវេណី​ផង​ដែរ​៕