នៅពេល​ជនណាម្នាក់​ប្រព្រឹត្ត​បទល្មើស​សម្លាប់​ ឬ​បង្ក​ឲ្យ​នរណា​ម្នាក់​មាន​របួសស្នាម​ធ្ងន់ធ្ងរ​​គឺ​អ្នកប្រព្រឹត្ត​នឹងត្រូវ​មានទោស​ទៅតាម​ច្បាប់សង្គម​។ ​ប៉ុន្តែ​មាន​​ករណី​ខ្លះ​ជន​ប្រព្រឹត្ត​បទល្មើស​នៅ​មិនទាន់​គ្រប់​អាយុ​ (​អនីតិជន​) ​ដែល​ច្បាប់​កំណត់ថា​នឹងត្រូវ​មានទោស​ទណ្ឌ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ផង​ទេ​។ ​

ជុំវិញ​ករណីនេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី កុយ ដុល្លា អត្តលេខ ១៩៧៨T ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​មាន​ការិយាល័យ​នៅ​អគារ​លេខ​ ៣៦ ជាន់​ទី​ ១០ បន្ទប់​លេខ​ P១០-P១១ ​ផ្លូវ​លេខ​ ១៦៩ ​សង្កាត់​វាលវង់ ខណ្ឌ​ ៧​មករា រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖


ឧបមាថា​មាន​ក្មេង​ជា​អនីតិជន​បាន​យក​កាំភ្លើង​ច្នៃ​ ឬ​ឧបករណ៍​គ្រោះថ្នាក់​អ្វី​ផ្សេង​មក​លេង​បង្ក​ឲ្យ​ស្លាប់​មនុស្ស​ករណី​ដូចជា ក្មេងប្រុស​អាយុ​ ១២ ​ឆ្នាំ​ម្នាក់​បាន​លេង​កាំភ្លើង​ច្នៃ​រៀលកៃ​ត្រូវ​ម្ដាយ​ខ្លួនឯង​ស្លាប់​នៅ​ខេត្ត​កំពង់ធំ​ថ្មីៗ​នេះ​ជាដើម ក៏ប៉ុន្តែ​មន្ត្រីនគរបាល​យុត្តិធម៌​មិនបាន​ឃាត់ខ្លួន​ក្មេង​នោះទេ​។ ជុំវិញ​ករណីនេះ តើ​ដោយសារ​គាត់​ជា​កូន ឬ​យ៉ាងម៉េច​ទើប​មិនមាន​ការឃាត់​ខ្លួន​ដូច្នេះ​? ចុះ​ប្រសិន​បើ​មិនមែន​សាច់ញាតិ​វិញ​តើ​ត្រូវ​ឃាត់​ខ្លួន​ដែរ​ឬ​ទេ​?


ជាគោលការណ៍​នៅពេលណា​មាន​បទល្មើស​ជាក់ស្តែង​ណាមួយ​កើតទ្បើង មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ឃាត់ខ្លួន​បុគ្គល​ដែល​ជាប់​សង្ស័យថា​បាន​ប្រព្រឹត្ត ឬ​ចូលរួម​ប្រព្រឹត្ត​បទល្មើស ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នៃ​ការស៊ើបអង្កេត​ក្នុង​បទល្មើស​ជាក់ស្តែង ហើយ​ការឃាត់ខ្លួន​នេះ​ត្រូវ​តែ​គោរព​ថិរវេលា​ដែល​បាន​កំណត់ដោយ​ច្បាប់​ជាដាច់ខាត​។ ដោយទ្បែក​ចំពោះ​បទល្មើស​បឋម​ (​ឬ​បទល្មើស​មិន​ជាក់ស្តែង​) ការឃាត់ខ្លួន​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​មាន​ដីកា​ពី​តុលាការ​។


ថ្វីដ្បិតតែ​មាន​បទល្មើស​ជាក់ស្តែង​កើតទ្បើង ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌​មាន​សិទ្ធិ និង​​អំណាច​ទូលំទូលាយ​បែបនេះ​ក្ដី ប៉ុន្តែ​មាន​ចំណុច​ពិសេស​មួយ​គឺ​ច្បាប់​ហាម​លើ​ការឃាត់ខ្លួន​អនីតិជន​ដែលមាន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​។


យោងតាម​មាត្រា​ ១៤ ​កថាខណ្ឌ​ ១ នៃ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​បាន​ចែងថា “​អនីតិជន​មាន​អាយុ​ក្រោម ១៤ (​ដប់​បួន​) ​ឆ្នាំ​ដែល​ជាប់​សង្ស័យថា​បាន​ប្រព្រឹត្ត​បទល្មើស​ពុំ​អាច​ត្រូវបាន​គេ​ឃាត់ខ្លួន​ទ្បើយ​ហើយ​មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវប្រគល់​អនីតិជន​នោះ​ទៅ​​ឲ្យ​អ្នកតំណាង​ដែល​ច្បាប់​បានកំណត់​”​។


យោងតាម​មាត្រា ៩៦ ​កថាខណ្ឌ​ ៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បាន​ចែងថា “​អនីតិជន​ដែល​មាន​អាយុ​ក្រោម ១៤ ​ឆ្នាំ​ពុំ​អាច​ត្រូវគេ​ឃាត់ខ្លួន​បាន​ទ្បើយ​”​។

ហេតុដូច្នេះ​អនីតិជន​អាយុ ១២ ​ឆ្នាំ​ដែល​បាន​យក​កាំភ្លើង​កែច្នៃ​លលេង​ជាមួយ​ម្តាយ​ហើយ​បាញ់​ចំ​ម្តាយ​គាត់​ស្លាប់​នោះ ពុំ​អាច​ត្រូវបាន​គេ​ឃាត់ខ្លួន​ឡើយ​ដោយ​ផ្អែក​តាម​មាត្រា​​ខាងលើ​។ ការមិន​ឃាត់ខ្លួន​អនីតិជន​អាយុ ១២ ​ឆ្នាំនេះ​គឺ​ពុំមែន​មកពី​គាត់​ជា​កូន​ទើប​មន្ត្រីនគរបាល​យុត្តិធម៌​មិន​ធ្វើការ​ឃាត់ខ្លួន​នោះទេ ក៏ប៉ុន្តែ​វា​គឺជា​លក្ខខណ្ឌ​ដាច់ខាត​តម្រូវ​ដោយ​មាត្រា ៩៦ កថាខណ្ឌ ៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​មាត្រា​ ១៤ កថាខណ្ឌ​ ១ ​នៃ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ដែល​គ្រប់​អនីតិជន​មាន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​ត្រូវ​ទទួលបាន​មិន​ថា​អនីតិជន​នោះ​ត្រូវជា​កូន ជាប់​សាច់ញាតិ​ ឬ​មិន​ជាប់សាច់​ញាតិ​នឹង​ជនរងគ្រោះ​ក៏ដោយ​ក៏​សុទ្ធតែ​ទទួល​បាន​ការការពារ​ក្រោម​មាត្រា​ខាងលើនេះ​ទាំងអស់​។

សូមបញ្ជាក់​ផងដែរ​ថា អាយុ​របស់​អនីតិជន​ត្រូវ​កំណត់​យក​អាយុ​នៅពេល​ដែល​អនីតិជន​នោះបាន​ប្រព្រឹត្ត​បទល្មើស ហើយ​ភ័ស្តុតាង​បញ្ជាក់​ពី​អាយុ​របស់​អនីតិជន​រួមមាន ដូចជា សំបុត្រកំណើត ឬ​ឯកសារ​ផ្សេងទៀត​ដែល​អាច​បញ្ជាក់​អំពី​កំណើត​បាន​។ ក្នុងករណី​​គ្មាន​ឯកសារ ឬ​មាន​ការសង្ស័យ​​ ឬ​គ្មាន​ភាពច្បាស់លាស់​ទាក់ទង​នឹង​យថាភូត​នៃ​ឯកសារ​នោះ​​ភ័ស្តុតាង​បញ្ជាក់​ពី​អាយុ​របស់​អនីតិជន​នោះ​អាច​ផ្តល់​តាម​គ្រប់​មធ្យោយ​ផ្សេងទៀត​ដែល​អាជ្ញាធរ​តុលាការ​អាច​ជឿទុកចិត្ត​​បាន​ (​យោងតាម​មាត្រា​ ៩ ​នៃ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​)​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​​ពេល​ក្រោយ​ទៀត​)