ជាធម្មតា​ការពឹងពាក់​មេធាវី​ឱ្យ​ការពារក្ដី​ក្នុង​រឿង​អ្វីមួយ គឺ​កូនក្ដី​តែង​ប្រគល់​ការទុកចិត្ត​លើ​មេធាវី​រូបនោះ ហើយ​មាន​អ្នកខ្លះ​ហ៊ាន​រហូតដល់​ប្រគល់​ឯកសារ​ច្បាប់​ដើម​ [​ប្លង់​កម្មសិទ្ធិ​] ​ជូន​មេធាវី​ដើម្បី​រក្សាទុក​ក៏មានដែរ​។ ប៉ុន្តែ​ប្រសិនបើ​មេធាវី យក​ឯកសារ ឬ​ប្លង់​នោះ​ទៅ​​លក់ តើ​គាត់​ប្រឈម​នឹង​បញ្ហា​អ្វី​? ​ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីមហ្គិច ជា​ក្រុមមេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦R ផ្លូវ​ ២៥២ ​សង្កាត់​ចតុមុខ រាជធានី​ភ្នំពេញ​ដែល​​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមាថា លោក​ (​ក​) ​បាន​ពឹងពាក់​មេធាវី​ម្នាក់​ឱ្យ​ការពារ​ក្តី​គាត់​ក្នុង​រឿង​ទំនាស់​ដីធ្លី​។ បន្ទាប់ពី​កូនក្តី​ប្រគល់​ឯកសារ និង​ប្លង់ដី​ទៅ​មេធាវី​អស់ ស្រាប់តែ​មេធាវី​រូបនោះ​បាន​យក​ប្លង់ដី​របស់​កូនក្តី​ទៅ​លក់​ឱ្យ​អ្នកផ្សេង​។ ​ក្រោយមក​មេធាវី​រូបនោះ​ត្រូវ​កូនក្តី​ប្តឹង​នគរបាល​ឱ្យ​​ចាប់ខ្លួន​។ ​ក្នុងករណី​ជាប់​ពាក់ព័ន្ធ​បទល្មើស​បែបនេះ​តើ​មេធាវី​រូបនោះ​នឹង​អាច​​បន្ត​បម្រើ​ការងារ​ជា​មេធាវី​បាន​ទេ​?


បើ​មាន​ករណី​បែប​នេះ​កើតឡើង​គឺ​តាម​គោលការណ៍​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​អ្នក​ដែល​មានទោស​ព្រហ្មទណ្ឌ មិនអាច​ប្រកប​ការងារ​ជា​មេធាវី​បានទេ​។ មេធាវី​រូបនោះ​គឺជា​ជន​គំហាត់​ (​ការឃាត់​) ​តាម​ផ្លូវ​តុលាការ​។ តែបើ​ក្នុង​ករណី​តុលាការ​រក​មិន​ឃើញ​ពី​អំពើ​ល្មើស​របស់​មេធាវី​នោះទេ​គឺ​តុលាការ​នឹង​ឱ្យ​មេធាវី​នោះ​រួចផុត​ពី​បទ​ចោទ ហើយ​បើ​គាត់​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ដូច​ចោទ​ខាងលើ​ទេ គឺ​មេធាវី​​រូបនោះ​មាន​សិទ្ធិ​ប្រកប​ការងារ​ជា​មេធាវី​បន្តទៀត​បាន​។


ធម្មតា​មេធាវី​ត្រូវបាន​ពឹងពាក់​ដើម្បី​ការពារ​ក្តី​ដល់​ជន​ណាម្នាក់​ចុះ​បើ​គាត់​ទទួល​សេវា​កូនក្តី ហើយ​បែរជា​មិន​ការពារ​ឱ្យគេ​តើ​កូនក្តី​ប្តឹង​បាន​ទេ​?


ករណី​នេះ ប្រសិនបើ​កើត​មាន​មែន​នោះ អ្នក​ដែល​ពឹងពាក់​មេធាវី​នោះ​ត្រូវ​ប្តឹងទៅ​គណៈមេធាវី ហើយ​គណៈមេធាវី​នឹង​ធ្វើការ​កោះហៅ​មេធាវី​រូបនោះ​ដើម្បី​ដាក់ពិន័យ​ ឬ​ត្រូវ​បញ្ឈប់​ឱ្យ​ប្រកប​វិជ្ជាជីវៈ​រយៈពេល​ណាមួយ ឬ​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈមេធាវី​៕