កាលពីថ្ងៃចន្ទសប្ដាហ៍មុន ភ្នំពេញ ប៉ុស្ដិ៍ បានផ្សព្វផ្សាយមួយវគ្គរួចហើយពីភាពខុសគ្នារវាងការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី និងការរៀបអាពាហ៍ពិពាហ៍តាមច្បាប់ តាមរយៈការបកស្រាយពីលោក មេធាវី លី កុសល ដែលមានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់ថ្ងៃចន្ទនេះយើងសូមផ្សព្វផ្សាយវគ្គបន្តទាក់ទងនឹងអត្ថប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍ដែលមានខ្លឹមសារដូចខាងក្រោម៖
ហេតុអ្វីបានជាតម្រូវឱ្យមានសំបុត្រអាពាហ៍ពិពាហ៍ ប្រសិនបើបុរសស្ត្រីយកគ្នាជាប្តីប្រពន្ធដោយគ្មានចុះលិខិតអាពាហ៍ពិពាហ៍ចាត់ទុកថា ជាប្តីប្រពន្ធស្របច្បាប់បានទេ?
ការចុះសំបុត្រអាពាហ៍ពិពាហ៍គឺជាផ្នែកមួយនៃការបំពេញនូវលក្ខខណ្ឌទម្រង់ និងជាសក្ខីភាពជាភ័ស្ថុតាង និងជាឯកសារ ដែលមានការដឹងឮពីអាជ្ញាធរមូលដ្ឋានអំពីការចុះបញ្ជីអត្រានុកូលដ្ឋាន ហើយប្រសិនបើបុរស ស្ត្រីយកគ្នាជាប្តីប្រពន្ធដោយគ្មានចុះលិខិតអាពាហ៍ពិពាហ៍គឺមិនចាត់ទុកថា ជាប្តីប្រពន្ធស្របច្បាប់នោះទេ។
ចំពោះប្តីប្រពន្ធមិនបានរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ហើយមានកូន និងមានទ្រព្យសម្បត្តិរួមគ្នាពេលលែងលះ តើតុលាការកាត់សេចក្តីបានទេ?
ចំពោះប្តីប្រពន្ធមិនបានរៀបការតាមផ្លូវច្បាប់ហើយមានកូន និងមានទ្រព្យសម្បត្តិរួមគ្នា ពេលលែងលះ តុលាការអាចពិចារណាលើបញ្ហាកូនក្នុងករណីដែលភាគីមិនបានព្រមព្រៀងគ្នាអំពីអំណាចមេបា តុលាការអាចធ្វើការវិនិច្ឆ័យ ទៅលើស្ថានភាពជាក់ស្តែងថា តើគួរផ្តល់អំណាចមេបាទៅខាងណា ដែលអាចឱ្យកូននោះមានលទ្ធភាពរស់នៅដោយសមរម្យ និងឱកាសសិក្សារៀនសូត្រជាដើម។
តុលាការក៏អាចសួរចិត្តរបស់កូននោះផងដែរ ក្នុងករណីដែលកូននោះអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសអំណាចមេបាដោយខ្លួនឯង។ ដោយឡែកបញ្ហាទ្រព្យសម្បត្តិរួមរបស់សហព័ទ្ធដែលមិនមានចុះសំបុត្រអាពាហ៍ពិពាហ៍ [អេតាស៊ីវិល] ជាទូទៅតុលាការមិនធ្វើការពិចារណានោះទេ គឺវាអាស្រ័យទៅលើការព្រមព្រៀងរបស់គូភាគីប៉ុណ្ណោះបើមិនមានការឯកភាពគ្នាក្នុងការបែងចែកនោះទេ តុលាការអាចវិនិច្ឆ័យ និងបែងចែកទៅតាមភ័ស្ដុតាងរបស់ភាគីដែលបង្ហាញជាទ្រព្យដែលខ្លួនរកបានជាដើម។
តើសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) មានប្រយោជន៍ និងការពារអ្វីខ្លះដល់ប្តីប្រពន្ធដែលរៀបការ?
អត្ថប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិលមានដូចជា៖
១- ជាប្ដីប្រពន្ធស្របតាមផ្លូវច្បាប់ដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួនឡើយ ពោលគឺមានតែអំណាចតុលាការទើបអាចកាត់សេចក្តីលែងលះបាន។
២- ទ្រព្យសម្បត្តិរួម ក្រោយអាពាហ៍ពិពាហ៍ត្រូវចែកគ្នាស្មើនៅពេលលែងលះ។
៣- កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នាពេលមានសំបុត្រអាពាហ៍ពិពាហ៍។
៤- ទទួលមរតកស្របច្បាប់
៥- ចុះសំបុត្រកំណើតឬ បញ្ជាក់សំបុត្រកំណើតកូន
៦- ធ្វើប្លង់ ដី /ផ្ទះ
៧- ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
៨- ការពារប្រឆាំង នឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬមានប្រពន្ធច្រើន )
៩- ជួយការពារទ្រព្យសម្បត្តិរួមរបស់ប្ដី /ប្រពន្ធ
១០- ទទួលអាហារកិច្ចពេលឪពុកម្ដាយលែងលះគ្នា
១១- គ្មានអំពើហិង្សាចំពោះកូន
១២- ការគាំទ្រដល់កូន។
ចំពោះភាគីខាងប្រុស ឬស្រីរួមរស់ជាប្តីប្រពន្ធ តែមិនបានរៀបការតាមច្បាប់ ហើយពេលដែលភាគីណាមួយលួចទៅមានស្រី ឬប្រុសថ្មី តើភាគីមួយៗ អាចមានសិទ្ធិប្តឹងបានទេ?
ទាក់ទងភាគីខាង ប្រុសឬ ស្រី រួមរស់ជាប្តីប្រពន្ធ តែមិនបានរៀបការតាមច្បាប់ ហើយពេលដែលភាគីណាមួយលួចទៅមានស្រី ឬប្រុសថ្មី គឺភាគីមួយៗ មិនអាចប្តឹងគ្នាបានទេ ព្រោះភាគីនីមួយៗមិនបានបំពេញលក្ខខណ្ឌច្បាប់បានតម្រូវឱ្យភាគីនីមួយៗត្រូវទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅមុខមន្ត្រីអត្រានុកូលដ្ឋានរួមនឹងសាក្សីចំនួន ២ នាក់ដែលជានីតិជន៕