ការទាមទារ​ឬ​បែងចែក​មរតក (ទ្រព្យ​ដំណែល) គឺជា​ការ​ចាត់​ចែង​របស់​អាណា​ព្យាបាល​ឬ​ពី​ឪពុក​ម្តាយ។ ប៉ុន្តែ​ប្រសិន​បើ​បុរស (ប្ដី) ទៅ​មាន​ស្រី​ថ្មី ហើយ​បង្កើត​បាន​កូន​ម្នាក់​ឬ​ច្រើន​នាក់​ជាមួយ​គ្នា ប៉ុន្តែ​កូន​នោះ​គ្មាន​ឈ្មោះ​ក្នុង​សៀវភៅ​គ្រួសារ​ឬ​សៀវភៅ​ស្នាក់​នៅ​ទេ។ តើ​ជា​នីតិវិធី​ត្រូវ​អនុវត្ត​បែប​ណា​ដើម្បី​ទទួល​បាន​មរតក​ស្រប​ច្បាប់​នោះ?

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​នៅ​ផ្ទះ​លេខ ៤៥-Eo ផ្លូវ​លេខ ៩ ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖


កូន​រស់នៅ​ជាមួយ​ម្តាយ ឪពុក ប៉ុន្តែ​គ្មាន​ឈ្មោះ​នៅក្នុង​សៀវភៅ​គ្រួសារ ឬ​ក្នុង​សៀវភៅ​ស្នាក់​នៅ​ទេ។ តើ​បុគ្គល​ជា​កូន​អាច​ទទួល​បាន​ចំណែក​ណាមួយ​ពី​ដី​ឬ​ផ្ទះ​នោះ​ទេ?


ចំពោះ​កូន​ដែល​រស់នៅ​ជាមួយ ឪពុក ម្តាយ ហើយ​គ្មាន​ឈ្មោះ​នៅក្នុង​សៀវភៅ​គ្រួសារ​ឬ​ក្នុង​សៀវភៅ​ស្នាក់​នៅ​ទេ បុគ្គល​ជា​កូន គឺ​នៅ​តែ​អាច​ទទួល​បាន​ចំណែក​ណាមួយ​នៃ​ដី​ឬ​ផ្ទះ ទោះបី​ជា​គាត់​អត់​មាន​ឈ្មោះ​នៅ​ក្នុង​បន្ទុក​នៃ​គ្រួសារ​ក៏ដោយ។​


យោង​តាម​មាត្រា ១១៥៦ នៃ​ក្រម​រដ្ឋ​ប្បវេណី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ចែង​ថា កូន​របស់​មរតក​ជន​ត្រូវ​ក្លាយជា​សន្តតិ​ជន​ដែល​មាន​លំដាប់​ទី (លំដាប់​លេខ​រៀង) និង​កូន​របស់​មរតក​ជន​ទោះបី​កូន​បង្កើត​ក្តី​ឬ​កូន​សុំ​ក្តី​ត្រូវ​មាន​ចំណែក​មរតក​ស្មើៗ​គ្នា។


ឧទាហរណ៍ៈ​ប្តី​ប្រពន្ធ ២ នាក់​គាត់​រៀបការ មានកូន​បង្កើត​ចំនួន ២ នាក់ ក្រោយ​មក​ប្តី​លួច​មាន​ទំនាក់​ទំនង​ជាមួយ​នារី​ម្នាក់​ផ្សេង​ទៀត ហើយ​បង្កើត​បាន​កូន​ចំនួន ១ នាក់​ទៀត។


ចំពោះ​កូន​ក្រោយ​នោះ​គឺមាន​សិទ្ធិ​ទទួល​បាន​នូវ​សន្តតិកម្ម​ដែល​ជា​ចំណែក​ឪពុក​របស់​ខ្លួន​បើ​ទោះបី​កូន​ក្រោយ​នោះ មិន​ស្ថិត​នៅ​ក្នុង​បន្ទុក​គ្រួសារ​ខាង​ប្រពន្ធ​ដើម​ក៏ដោយ។

ដើម្បី​បាន​កាន់កាប់​ដី​ឬ​ផ្ទះ​នោះ ក៏ដូចជា​ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់បាន តើ​បុគ្គល​ជា​កូន​នោះ អាច​ទៅ​សុំ​បញ្ចូល​ឈ្មោះ​នៅ​កន្លែង​ណា ដើម្បី​សិទ្ធិ​ស្រប​ច្បាប់?

ចំពោះ​ការកាន់កាប់​ដី​ឬ​ផ្ទះ​ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​បាន​តម្រូវ​ឲ្យ​បុគ្គល​ជា​កូន​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​អាជ្ញាធរ​មូលដ្ឋាន (ស្នើ​សុំ​ធ្វើ​សំបុត្រ​កំណើត) និង​មន្ត្រី​នគរបាល​ស្ថិតិ (ស្នើសុំ​ចុះ​ឈ្មោះ​ក្នុង​សៀវភៅ​គ្រួសារ​ឬ​សៀវភៅ​ស្នាក់​នៅ)។

ចំពោះ​ករណី​បុគ្គល​ជា​កូន​ដដែល​នេះ នៅពេល​ម្តាយ ឪពុក​ស្លាប់ចោល​ដោយ​មិន​បាន​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ឬ​ផ្ទះ​នោះ​ឲ្យ​ទៅ​កូន តើ​បុគ្គល​ជា​កូន​នោះ​អាច​ទៅសុំ​សិទ្ធិ​កាន់​កាប់​ដី​ឬ​ផ្ទះ​នៅ​អាជ្ញាធ​រមាន​សមត្ថកិច្ច​នៅ​ថ្នាក់​ណា​បាន?​ករណី​នេះ​បើ​បុគ្គល​នោះ​ជា​កូន​សុំ​ឬ​ជា​កូន​ចិញ្ចឹម​អាច​សុំ​សិទ្ធិ​កាន់​កាប់​ដី​ឬ​ផ្ទះ​បាន​ទេ?

ករណី​មាន​ម្តាយ​ឪពុក​ស្លាប់ចោល​ទៅដោយ​មិនបាន​ផ្ទេរសិទ្ធិ​កាន់​កាប់​ដី​ឬ​ផ្ទះ​នោះ​ឲ្យ​ទៅ​កូន​ត្រង់​ចំណុច​នេះ​នៅ​ក្នុង​ក្រម​រដ្ឋ​ប្បវេណី​ឆ្នាំ ២០០៧ មាត្រា ១១៤៥ ដល់​មាត្រា ១៣០៤ ស្តីពី​សន្តតិកម្ម​ដែល​មាន​សន្តតិកម្ម​មាន​បណ្តាំ​ឬ​សន្តតិកម្ម​តាម​មរតក​សាសន៍ និង​សន្តតិកម្ម​គ្មាន​បណ្តាំ​ឬ​សន្តតិកម្ម​តាម​ច្បាប់។

ងាក​មក​ករណីនេះ​វិញ​បុគ្គលជា​កូន ជាដំបូង​ត្រូវតែ​ធ្វើលិខិត​មរណភាព​របស់​ឪពុក​ម្តាយ​ជាមុន​សិន​នៅ​អាជ្ញាធរ​ឃុំ​សង្កាត់​ដែល​ឪពុកម្តាយ​បាន​ស្លាប់​បន្ទាប់​មក​ត្រូវ​យក​លិខិត​មរណភាព​និង​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​និង​ប្រើប្រាស់​ដីធ្លី (ប្លង់​ទន់) ដែល​មាន​ឈ្មោះ​ឪពុក​ម្តាយ​ទៅ​ធ្វើ​ការ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ឬ​ផ្ទះ​នៅអាជ្ញាធរ​មូលដ្ឋាន។ ក៏ប៉ុន្តែ​បើ​មាន​ដី​ឬ​ផ្ទះ​ដែល​មាន​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ (ប្លង់​រឹង) វិញ​នោះ គឺ​ត្រូវ​យក​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត​ក្រុង​ដើម្បី​ធ្វើការ​កាត់​ឈ្មោះ​ផ្ទេរ​កម្មសិទ្ធិ​ទៅ​ឲ្យ​កូន​ហើយ​ក្នុង​ករណី​មួយ​ចំនួន​មន្ទីរ​សុរិយោដី​ខេត្ត​ក្រុង​តម្រវ​ឲ្យ​មាន​ជា​ប្រភេទ​ដីកា​សម្រេច​ឬ​សាល​ក្រម​របស់​តុលាការ​ទៀត​ផង។

ចំពោះ​ករណី​ជាក់​ស្តែង​វិញ ពេល​ខ្លះ​តម្រូវ​ឲ្យ​មាន​ការ​ដាក់​បណ្តឹង​ឬ​ពាក្យសុំ​ទៅ​តុលាការ​ទទួល​ស្គាល់​ជា​សន្តតិ​ជន​សិន ហើយ​នៅ​ពេល​ដែល​តុលាការ​ទទួល​ស្គាល់​បុគ្គល​ជា​កូន​ជា​សន្តតិជន​សិន ហើយ​បុគ្គល​ជា​កូន​អាច​ដាក់​ពាក្យ​សុំ​គ្រប់គ្រង​មរតក​របស់​បុគ្គល​ជា​កូន​យោង​មាត្រា ១២៧០ នៃ​ក្រម​រដ្ឋ​ប្បវេណី​មាត្រា ៣ និង​ផ្នែក​ទី ៥ ចំណុច​ទី ១៧ ស្តីពី​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​នៃ​ច្បាប់​ស្តីពី​នីតិវិធី​នៃ​រឿងក្តី​រដ្ឋ​ប្បវេណី​មិន​មែន​ជា​បណ្តឹង។

រីឯ​ការផ្ទេរកម្មសិទ្ធិ​ពី​ម្តាយ​ឪពុក​ទៅ​កូន​ដែលជា​សន្តតិ​ជន​វិញ​ទៀតសោត គឺ​ត្រូវ​អនុវត្ត​តាម​ស្មារតី​នៃ​ច្បាប់​ភូមិ​បាល​អំពី​លទ្ធកម្ម​នៃ​កម្មសិទ្ធិ​ដោយ​សន្តតិកម្ម​ត្រង់​មាត្រា ៧១ ចែង​ថាៈ អាច​ផ្ទេរ​តាមរយៈ​សន្តតិកម្ម​ឥត​បណ្តាំ សន្តតិ​កម្ម មាន​បណ្តាំ​ឬ​អច្ចយ​ទាន​នូវៈ​ទ្រព្យ​ជា​អចលន​វត្ថុ ដែល​បណ្ណ​កម្ម​សិទ្ធិ​ត្រូវ​បាន​រៀបចំ​ជា​ស្ថាពរ​ស្រប​តាម​បញ្ញត្តិ​ទាំង​ឡាយ នៃ​ច្បាប់​នេះ​ភោគៈ​ទាំង​ឡាយ​ស្រប​តាម​ច្បាប់​ដោយ​យោង​ទៅ​លើ​ប័ណ្ណ​ឬ​ឯកសារ​គតិយុត្ត ឬ​ភ័ស្តុតាង​ផ្សេងៗ​ទៀត​ចំពោះ​ករណី​បុគ្គល​នោះ​ជា​កូន​ស្មុំ​ឬ​ជា​កូន​ចិញ្ចឹម​គឺមាន​សិទ្ធិ​ទទួល​កេរ​មរតក​ដូចជា​កូន​បង្កើត​ដែរ​ហើយ​ត្រូវ​មាន​ចំណែក​ស្មើៗ​គ្នា ​ដូចជា​ការ​ទទួល​ការ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ឬ​ផ្ទះ​។

យោង​តាម​ក្រម​រដ្ឋ​ប្បវេណី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នៅ​ត្រង់​ចំណុច​មាត្រា​ ១០១៥ និង​មាត្រា ១០២៧ បាន​ចែង​ថាៈ​កូន​សុំ​ពេញ​លេញ​កូន​សុំ​ធម្មតា និង​កូន​បង្កើត​គឺ​សុទ្ធ​តែ​ទទួល​បាន​ឋានៈ​ដូចគ្នា​ដែល​ទទួល​បាន​នូវ​សិទ្ធិ​និង​ករណីយ​កិច្ច​ក្នុង​ទំនាក់​ទំនង​ជាមួយ​ឪពុក​ម្តាយ​ជា​ពិសេស​គឺជា​អ្នក​ទទួល​បាន​សិទ្ធិ​សន្តតិកម្ម​អាហារ​កាតព្វ​កិច្ច​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ជាដើម៕