ការ​លួច​​ឬ​ប្លន់​ទ្រព្យ​សម្បត្តិ​ អ្នក​ដទៃ​ជា​ទម្រង់​នៃ​បទ​ល្មើស​ផ្ទុយ​នឹង​ច្បាប់​​ដែល​អ្នក​ប្រព្រឹត្ត​ត្រូវ​មាន​ទោស​។​ ប៉ុន្តែ​ចំពោះ​អ្នក​ទទួល​​ទិញ​ទំនិញ​ពី​​ចោរ ​តើ​​ត្រូវ​ជាប់​ទោស​កម្រិត​ណា​? ​ ជុំវិញ​បញ្ហា​នេះ​ ភ្នំពេញ​ប៉ុស្តិ៍​បាន​​សម្ភាស​ជាមួយ​ ​លោក ​​មេធាវី ​ផែន ​ណាក់​ មាន​ការិយាល័យ​​នៅ​ជាន់​ទី​១​ នៃ​ អគារ​លេខ ​៧​ B​ កែង​ផ្លូវ​លេខ​ ១០៩​ សង្កាត់​បឹងរាំង​ ខណ្ឌ​ដូនពេញ​ រាជធានី​​ភ្នំពេញ​ ដែល​​មាន​ខ្លឹមសារ​ដូច​ខាង​​ក្រោម​៖​ ​

ឧបមា​ថា​ លោក ​(ក​) ​បាន​លួច​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ​យក​ទៅ​លក់​ឲ្យ​លោក ​(ខ)​ ក្រោយ​មក​សមត្ថកិច្ច​ចាប់​​ខ្លួន​លោក ​(ក) ​បាន​ ហើយ​លោក ​(ក) ​ឆ្លើយ​ប្រាប់​ថា​ទ្រព្យ​នោះ​គាត់​យក​ទៅ​លក់​ឲ្យ​លោក ​(ខ)​ នាំ​ឲ្យ​សមត្ថកិច្ច​ឈាន​ទៅ​ចាប់​​លោក ​(ខ​​) ​ទៀត​។​ តាម​ច្បាប់​តើ​​រវាង​លោក (​ក​) និង​លោក ​(ខ) ​មួយ​ណា​​​ទោស​ធ្ងន់​ជាង​ ហេតុ​អ្វី​?​


ពាក់ព័ន្ធ​នឹង​ចំណុច​ទី​១ ​ជា​គោលការណ៍​ច្បាប់​បទ​ល្មើស​លួច​នៅ​ក្នុង​មាត្រា ​៣៥៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​និង​បទ​ល្មើស​ទទួល​ផល​ចោរកម្ម​នៅ​មាត្រា​ ៤០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ គឺ​បាន​ចែង​យ៉ាង​ច្បាស់​​អំពី​ទោស​ដែល​ទោស​​នោះ ​គឺ​សំដៅ​ទៅ​លើ​ទោស​ធម្មតា​នៅ​ពេល​ដែល​មិន​ទាន់​មាន​អ្វី​កើត​ឡើង​ក្រៅ​អំពី​​បទ​លួច​ និង​បទ​ទទួល​ផល​ចោរកម្ម​។​ នៅ​ក្នុង​ករណី​នេះ​បទ​លួច​មាត្រា ​៣៥៣​ ​ចែង​ថា​ អំពើ​លួច​ គឺ​ជា​អំពើ​ដក​ហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យ​សម្បត្តិ​ ​ឬ​ វត្ថុ​ផ្សេង​​ទៀត​របស់​អ្នក​ដទៃ​តាម​គ្រប់​មធ្យោបាយ​ក្នុង​គោល​បំណង​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​។​បើ​​តាម​មាត្រា​ ​៣៥៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​គឺ​អំពើ​លួច​ត្រូវ​ផ្តន្ទាទោស​​ដាក់​ពន្ធនា​គារ​ពី ​៦ ​ខែ ​ទៅ ​៣ ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ​១ ​លាន​រៀល ​ទៅ ​៦ ​លាន​រៀល​។​


ទោស​ទទួល​​ផល​ចោរកម្ម​ដែល​មាន​ចែង​នៅ​មាត្រា ​៣៩៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែរ​នោះ​ ចែង​ថា​ អំពើ​ទទួល​ផល​​ចោរកម្ម ​គឺ​ជា​​អំពើ​លាក់​បំបាំង​ រក្សា​ទុក​ ឬ​បញ្ជូន​វត្ថុ​អ្វី​មួយ​ដោយ​ដឹង​ថា​វត្ថុ​នោះ​បាន​មក​ពី​បទ​ឧក្រិដ្ឋ ​ឬ​បទ​មជ្ឈិម​ត្រូវ​ចាត់​​ទុក​ជា​អំពើ​​ទទួល​ផល​ចោរកម្ម​ផង​ដែរៈ ១​-​អំពើ​ធ្វើ​ជា​អន្តរ​ចារី​ ដើម្បី​បញ្ជូន​​វត្ថុ​អ្វី​មួយ ​ដោយ​ដឹង​ថា របស់​នោះ​បាន​មក​ពី​បទ​ឧក្រិដ្ឋ​ ឬ​បទ​មជ្ឈិម​។​ ទី២​-​អំពើ​ដែល​បាន​​ទទួល​ផល​ពី​ផល​នៃ​​បទ​ឧក្រិដ្ឋ​ ឬ​បទ​មជ្ឈិម​ដោយ​បាន​ដឹង​ហេតុការណ៍​​ច្បាស់​។​ ​


ចំពោះ​ទោស​ទទួល​ផល​ចោរកម្ម​វិញ​ គឺ​ទោស​ដែល​​មាន​ចែង​នៅ​ក្នុង​មាត្រា ​៤០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​​​ ដែល​ចែង​ដែរ​ថា អំពើ​ទទួល​ផល​ចោរកម្ម​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​២ ​ឆ្នាំ​ទៅ ​៥ ​ឆ្នាំ ​​និង​ពិន័យ​ជា​ប្រាក់​ពី ​៤ ​លាន​រៀល​ទៅ ​១០ ​លាន​រៀល​។​ ពាក់ព័ន្ធ​​នឹង​អំពើ​​ទទួល​ផល​ចោរកម្ម​នេះ​ដែរ នៅ​ត្រង់​មាត្រា ​៤០១ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ក៏​បាន​ចែង​ដែរ​ថា​​ អំពើ​ទទួល​​ផល​​ចោរកម្ម​ត្រូវ​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​ពី ​៥ ​ឆ្នាំ ​ទៅ ​១០ ​ឆ្នាំ ​កាល​បើ​បទ​ល្មើស​នេះ​បាន​ប្រព្រឹត្ត​ឡើង​៖​​ ទី១​-​ជា​ទម្លាប់,​ទី២​-ដោយ​ប្រើប្រាស់​ភាព​ងាយ​ស្រួល​​ដែល​​ការ​ប្រកប​សកម្មភាព​វិជ្ជាជីវៈ​​ផ្តល់​ឲ្យ​។ ​ទី​៣​-​ជា​ក្រុម​មាន​ការ​ចាត់​តាំង​។​ ​


ចំពោះ​​មាត្រា​ ​៤០២​ អតិបរមា ​នៃ​ទោស​ពិន័យ​​អាច​​ស្មើ​ នឹង​តម្លៃ​វត្ថុ​នៃ​អំពើ​​ទទួល​ផល​ចោរកម្ម​។​ចំពោះ​សំណួរ​សួរ​ថា​ ហេតុអ្វី​​បាន​ជា​ច្បាប់​តម្រូវ​ឲ្យ​អ្នក​ទទួល​ផល​ចោរកម្ម​មាន​ទោស​ធ្ងន់​​ជាង​អ្នក​លួច​នោះ​​?​នៅ​ក្នុង​​អត្ថ​ន័យ​ហ្នឹង​គឺ​ជា​គោលការណ៍​ច្បាប់​​ដោយ​ឡែក​ និង​ដោយ​ស្ថាន​ភាព​​គេ​ក្រឡេក​ឃើញ​ថា​ វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ចរិត​នៃ​បទ​ល្មើស​និង​ចរិត​គ្រោះថ្នាក់ ​និង​ក្រុម​ដែល​មាន​ការ​ចាត់​តាំង​​ឬ​ក៏​​ក្នុង​ករណី​ សកម្មភាព​ខាង​ភាគី​អ្នក​ដែល​បញ្ជា​ឬ​ក៏​អ្នក​​ដែល​ទទួល​លទ្ធភាព​នៃ​ការ​ទិញ​ទំនិញ​ដែល​ជា​កម្មវត្ថុ​​ដែល​បាន​មក​ពី​អំពើ​លួច​នេះ។​គេ​សង្កេត​ឃើញ​ថា ពួក​គាត់​លោក ​​(ក) ​និង​លោក ​(ខ) ​ពេល​ខ្លះ​គាត់​ដឹង​ថា​អំពើ​​លួច​នោះ​ជា​កម្ម​វត្ថុ​នៃ​បទល្មើស​ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ធ្វើ​​ទៀត ​ឬ​នៅ​តែ​ទិញ​ទៀត​ហើយ​ពេល​ខ្លះ​ គាត់​ធ្វើ​ជា​ទម្លាប់​ម្តង​ហើយ​ម្តង​ទៀត​រហូត​​ដល់​ពេល​ខ្លះ​គាត់​មាន​ក្រុម​ចាត់​តាំង​សម្រាប់​ខ្លួន​គាត់ ​(អ្នក​ទទួល​ទិញ) ​និង​ខាង​ភាគី​អ្នក​លួច​ដែល​មាន​ជា​សេណារីយោ​មួយ​ច្បាស់លាស់​​។ ​អី​ចឹង​វា​ទៅ​​ជា​អំពើ​មួយ​ដែល​មិន​អាច​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​តិច​ជាង​អ្នក​លួច​នោះ​ទេ​។​ ទន្ទឹម​នឹង​នេះ​​ ដោយ​យល់​ឃើញ​ស្ថានភាព​ថា​ គាត់​ជា​អ្នក​អុជអាល​ចាំ​ទិញ​របស់​ដែល​បាន​​ពីការ​លួច​នោះ​ហើយ​បាន​ជា​​មាន​​អ្នក​លួច​នេះ។​ ដូច​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ចែង​ថា​ «បើ​តម្ពក់​មិន​ទៅ​ព្នៅ​ក៏​មិន​មក​​ដែរ​»​។


ហេតុ​អ្វី​បាន​ជា​​ច្បាប់​កំណត់​ឲ្យ​អ្នក​ទទួល​ទិញ​​ទ្រព្យ​សម្បត្តិ​ពី​ចោរ​ត្រូវ​​មាន​ទោស​ធ្ងន់​ជាង​អ្នក​លួច​ បើ​គាត់​គ្រាន់​តែ​ទទួល​​ទិញ​ទំនិញ​ពី​គេ​នោះ​?​

ចំពោះ​សំណួរ​ទី​២ ​វិញ​គឺ​ខ្ញុំ​បាន​ឆ្លើយ​​នៅ​​សំណួរ​ទី​១ ​ហើយ​ ដែល​សួរ​ថា​ ហេតុអ្វី​​បាន​ជា​អ្នក​ទិញ​​ហ្នឹង​មាន​ទោស​ធ្ងន់​ជាង​អ្នក​លួច​។​ ប៉ុន្តែ​​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ អ្នក​អាច​យល់​ច្បាស់​ហើយ​ដែល​​​ថា​ ព្រោះ​គាត់​គ្រាន់​តែ​​ជា​​​អ្នក​ទិញ​ទេ​។ ខ្ញុំ​សូម​បកស្រាយ​បន្ថែម​ថា​ បើ​មាន​អ្នក​ធានា​ទិញ​អ៊ីចឹង​អ្នក​លួច​ហ្នឹង ​គឺ​​ប្រាកដ​ជា​​បាន​ដៃ​ហើយ​​។​ អ៊ីចឹង​ក្នុង​កាលៈទេសៈ​ឧទាហរណ៍​ម៉ូតូ ​ឬ​ឡាន​ នៅ​ពេល​ដែល​ត្រូវ​ចោរ​លួច​បាត់ ​គឺ​មាន​តែ​យក​ទៅ​ឲ្យ​អ្នក​ទិញ​ឬ​ ជាង​ជួសជុល​ឡាន​ ​ឬ​ជាង​ម៉ូតូ​។​

ព្រោះ​ជា​ការ​ពិត​ ចោរ​វា​គ្មាន​​វិជ្ជាជីវៈ​ច្បាស់លាស់​នៅ​ក្នុង​ការ​ជួសជុល​ ​ឡាន​ ធ្វើ​ម៉ូតូ​ទេ​ គឺ​ពេល​លួច​ហើយ​ចោរ​មិន​ដឹង​​ថា​ យក​ឡាន ​ឬ​ ម៉ូតូ​នោះ​​ទៅ​ទុក​នៅ​កន្លែង​ណា​ទេ​ មាន​តែ​យក​ទៅ​​លក់​ឲ្យ​ជាង​ជួសជុល​ឡាន ​ឬ ​យក​ទៅ​លក់​ឲ្យ​ អ្នក​លក់​ឡាន​ម៉ូតូ​​។​ ​អ៊ីចឹង​ក្នុង​ទម្រង់​ស្ថានភាព​ហ្នឹង​គឺ​លោក ​(​ក​)​ គិត​ថា ​វា​ងាយ​​ស្រួល​ក្នុង​ការ​យក​ទៅ​លក់​ឲ្យ​អ្នក​ប្រើប្រាស់ ​ឬ​​អ្នក​​ដែល​ជា​ជាង​ឡាន ​ជាង​ម៉ូតូ​​ស្រាប់​។​ អ៊ីចឹង​ក្នុង​ទំហំ​​ហ្នឹង​​គឺ​គាត់​លក់​បាន​ថ្លៃ ​ឬ​ថោក​ សំខាន់ ​ឬ​មិន​​សំខាន់​ឲ្យ​តែ​គាត់​បាន​លុយ ​ដោយសារ​តែ​គាត់​អត់​។​ ករណី​នេះ​ យើង​មិនមែន​ថា ​យើង​កាន់​ជើង​​ចោរ​ទេ​ប៉ុន្តែ​ដោយសារ​ស្ថានភាព​ ហើយ ​យើង​ក៏​ត្រូវ​​មើល​អំពី​ស្ថានភាព​របស់​អ្នក​ទិញ​ដែរ​។​អ្នក​ទិញ​គាត់​មាន​​លុយ​ ហើយ​គាត់​ដឹង​ថា​កម្មវត្ថុ​ (ទ្រព្យ ​ឬ​វត្ថុ) ​ហ្នឹង​ជា​របស់​ចោរ​ទៀត​ ប៉ុន្តែ​ គាត់​នៅ​តែ​ប្រព្រឹត្ត​បទល្មើស​គាត់​​នៅ​តែ​ទិញ​ទំនិញ​ពី​ចោរ ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​លួច​នេះ​។

លោក ​(ខ) ​​គាត់​​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដែល​គាត់​ជាប់​​ចោទ​ពី​បទ​​ទទួល​ផល​ចោរកម្ម​ហើយ​ប៉ុន្តែ​ក្នុង​កាលៈទេសៈ​​គាត់​មិន​បាន​​ទៅ​រួមដៃ​​ទៅ​សម​គំនិត ​ឬ​ជា​សហចារី​ ប៉ុន្តែ​ប្រសិន​បើ​​គេ​ដឹង​ថា​ គាត់​ជា​អ្នក​រួម​គំនិត​ ជា​អ្នក​ សម​គំនិត​ ដើម្បី​រៀបចំ​អំពើ​ហ្នឹង​គឺ​គាត់​ត្រូវ​តែ​​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ដូច​​ដែល​លោក ​(ក) ​គាត់​បាន​ប្រព្រឹត្ត​ដែរ​។​

ប៉ុន្តែ​នៅ​​ក្នុង​កាលៈទេសៈ​ហ្នឹង​​ ការ​​ប្រព្រឹត្ត​បទល្មើស​​ដែល​លោក​ ​(ក) ​គាត់​ប្រព្រឹត្ត​ហ្នឹង​បើ​​ថា​​គាត់​ប្រព្រឹត្ត​តែ​ឯង​ ​គឺ​គាត់​ទទួល​ខុស​ត្រូវ​តែ​ឯង​។ ​ប៉ុន្តែ​​បើ​លោក ​(ខ) ​គាត់​ចូលរួម​ប្រព្រឹត្ត​ដែរ​គឺ​គាត់​ក្នុង​ឋានៈ​ជា​សហចារី​ ឬ​ជា​អ្នក​ផ្តើម​គំនិត​ អ្នក​សម​គំនិត​ គឺ​​គាត់​​នឹង​ជាប់​ទោស​ដូច​លោក ​(ក) ​នៅ​ក្នុង​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់​ទោស​​។ ​នៅ​ក្នុង​ហ្នឹង​​លោក ​(ខ) ​អាច​ជាប់​ទោស​ពី​​បទ ​២ ​ គឺ​ទី​១ ​គឺ​​បទ​ទទួល​ផល​ចោរកម្ម​ និងទី២ ​​គឺ​បទ​សម​គំនិត​នៅ​ក្នុង​អំពើ​​លួច​​មាន​ស្ថាន​ទម្ងន់​ទោស។​ ប៉ុន្តែ​បើ​លោក ​(ក) ​ជា​អ្នក​​លួច​តែ​ឯង​ គឺ​គាត់​ត្រូវ​មាន​ការ​ទទួល​ខុស​​ត្រូវ​ផ្នែក​ព្រហ្ម​ទណ្ឌ​ខ្លួន​ឯង​ ដែល​បើ​យោង​តាម​មាត្រា ​២៤ ​នៃ​ក្រម​ព្រហ្មទណ្ឌ​គោលការណ៍​ឯកត្តកម្ម​នៃ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​គឺ​គាត់​ត្រូវ​តែ​ទទួល​ទោស​ខ្លួន​ឯង​។​ ​

ក្នុង​ករណី​លោក ​(ក)​ ត្រូវ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ៣ ​លើក​រួច​មក​ហើយ​ ដោយសារ​ការ​ប្រព្រឹត្ត​​លួច​ដដែល​​។​ ​ក្រោយ​ពី​​លោក​ (ក) ​ចេញ​ពី​ពន្ធនាគារ​ គាត់​​ក៏​លួច​គេ​ម្តង​ទៀត​ និង​យក​ទ្រព្យ​នោះ​ទៅ​លក់​ឲ្យ​​លោក ​(​ខ​​)​​។ ​ក្រោយ​មក​​លោក (​ក) ​ត្រូវ​​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ ពី​បទ​​មិនរាង​ចាល។​ សួរ​ថា​ តើ​លោក ​(ខ) ​នឹង​ត្រូវ​តុលាការ​ចោទ​ពី​បទ​មិន​រាងចាល ​​ដូច​លោក​ (ក)​ ដែរ​ទេ​?

ក្នុង​ករណី​សំណួរ​ទី​៤ ​គឺ​លោក ​(ក) ​ត្រូវ​បាន​ជាប់​ឃុំ​ ក្នុង​ពន្ធនាគារ ​៣ ​លើក​រួច​មក​ហើយ​ ដោយសារ​តែ​គាត់​​ប្រព្រឹត្ត​អំពើ​លួច​ហើយ​លើក​ទី​៤ ​លោក ​(ក) ​​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​​ពី​បទ​មិន​រាងចាល​។​

ក្នុង​ករណី​ដែល​លោក ​(ក) ​គាត់​លួច​ដល់​ទៅ ​៤ ​លើក​ ដែល​លើក​ទី​១​ ទី​២​ ទី​៣​ សមត្ថកិច្ច​ចាប់​បាន​ហើយ​ ​ដល់​លើក​ទី​៤ ​សមត្ថកិច្ច​​ចាប់​បាន​គឺ​គេ​អាច​ចោទ​ពី​បទ​មិន​រាងចាល​ហើយ​។ ​នៅ​ក្នុង​បទ​​ល្មើស​ហ្នឹង​គឺ​លោក ​(ក) ​បាន​លួច​ម្តង​ហើយ​ម្តង​ទៀត​ គឺ​​គាត់​​ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​មិន​​រាង​ចាល ​និង​ត្រូវ​មាន​ទោស​ទ្វេដង​ហើយ​។

ចំពោះ​​លោក​ ​(ខ) ​វិញ​សួរ​ថា​ ការ​លួច​ទាំង ​៤ ​លើក ​របស់​លោក ​(ក) ​ហើយ​លើក​ទី​៤ ​គាត់​​បាន​​យក​វត្ថុតាង​លួច​នោះ​ទៅ​​លក់​ឲ្យ​លោក ​(ខ)​ សួរថា​​តើ​លោក ​(ខ) ​​គាត់​នឹង​ទទួល​ទោស​ពី​បទ​​មិន​រាងចាល​ដូច​លោក ​(ក) ​ដែរ​ទេ​​?​ ​ ក្នុង​​ករណី​នេះ​ ប្រហែល​ជា​លោក (​ខ) មិន​បាន​ទទួល​ទោស​ដូច​លោក ​(ក) ​ទេ​ បាន​សេចក្តី​ថា​ លោក ​(ខ)​ ជាប់​ទោស​ចោទ​ប្រកាន់​តែ​លើក​ចុង​ក្រោយ​ទេ​ (ទិញ​របស់​ចោរ​លើក​ទី​៤​) ​ហើយ​លោក ​(ខ​) ​ក៏​មិន​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​​មិន​រាងចាល​ដូច​លោក ​(ក) ​ទេ​។​ ​ដោយ​សារ​តែ​គាត់​មិន​បាន​ជាប់​ពន្ធនាគារ​ ​ដូច​លោក​​ (ក) រហូត​ដល់ ​៣ ​លើក​៕