ប្រជាពលរដ្ឋ​ តែងតែ​មាន​ការ​ខ្ចី​បុល​ ឬ​​ចងការ​ប្រាក់​​ ពី​អ្នក​រក​​ស៊ី​ចង​ការ​ប្រាក់​ឬ​​ពីគ្រឹះ​ស្ថានមី​​ក្រូហិរញ្ញវត្ថុឬពី​ធនាគារ។​ ករ​ណី​ ​ខ្ចី​បុល​ប្រាក់​នេះ​ ជា​ទូ​ទៅ​ ខាង​ម្ចាស់​បំណុល​តែង​តែ​ទាមទារ​ ឲ្យ​កូន​បំណុល​​រក​មនុស្ស​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ដោយ​មាន​ស្នាម​មេ​ដៃ ​ពី​សាក្សីនោះ​ផង​ទើប​ម្ចាស់​បំណុ​ល​ឲ្យ​លុយ​ខ្ចី​។ ពាក់ព័ន្ធ​ករណី​នេះ​​ ​ប្រសិ​ន​បើ​​​​កូ​ន​បំណុល​មិន​សង​ឬ​គេច​ខ្លួន​ តើ​អ្នក​ធ្វើ​ជា​សាក្សី​នឹង​មាន​កាតព្វកិច្ច​សង​ប្រាក់​​ជំនួស​កូន​បំណុល​ដែរឬ​ទេ?។​

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​ បាន​សម្ភាស​ជាមួយ​លោកស្រី មេធាវី លឹម ច័ន្ទ​លីដា សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជា​ណា​ច​ក្រ​​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​មេធា​វីស៊ីឌី​អេស​មាន​ការិយា​ល័​យ​ផ្ទះ​លេខ​ ៥៤ ផ្លូវ​លេខ ៣៣៧ សង្កាត់ ​បឹងកក់ ២ ខណ្ឌ​ ទួល​​គោក រាជធានី​ភ្នំពេញ មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖


ឧបមាថា ​លោក ​(ក) បាន​ពឹងពាក់​​លោក ​(ខ​)​ ឲ្យផ្តិត​មេ​ដៃ​ ធ្វើ​ជា​សាក្សី​ដើម្បី​ខ្ចី​ប្រាក់​ពី​​ធនា​​​គារ​ប៉ុន្តែ​ក្រោយ​ពី​បាន​​ប្រា​ក់​លោក ​(ក​)​ គេច​ខ្លួន​បាត់​ តើ​លោ​ក ​(ខ)​ នឹង​ត្រូវ​​មាន​កាតព្វ​កិច្ច​ចេ​ញ​សង​ទៅ​ម្ចាស់​បំណុល​ជំនួស​លោក ​(ក​)​ ដែរ​ឬទេ?​


ក្នុង​សង្គម​រស់នៅ​ពេល​មាន​ការ​ខ្វះខាត​​ប្រជាពលរដ្ឋ​តែង​តែ​​ខ្ចី​ប្រាក់ឬ​វត្ថុ​ពី​គ្នាទៅ​វិញ​ទៅម​ក​ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ក៏​​មាន​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ​ផង​ដែរ​ដោយ​ការ​ខ្ចី​​ប្រាក់​នេះ ​ប្រជា​ពលរដ្ឋ​តែង​តែ​ទម្លាប់​និយា​យ​ថា​ ខ្ចី​បុល​ធនាគារ​ ​ឬ​ចង​ការ​ប្រាក់​​ធនាគារ​នេះ​ ដែល​ភាសា​ច្បាប់​ គឺ​ការ​ខ្ចីប​រិភោគ ​ដែល​មា​ន​ចែង​ក្នុង​បញ្ញត្តិ​មាត្រា​ ៥៧​៨​ នៃ​ក្រម​រដ្ឋប្បវេណី​​ «កិច្ច​សន្យា​ខ្ចី​បរិភោគ»​ គឺ​សំដៅ​លើ​កិច្ច​សន្យា​មួយ​ដែល​ភាគី​ម្ខាង​ ហៅ​​ថា ​អ្នក​​ឲ្យ​ខ្ចី​មាន​ករណី​កិច្ច​ប្រគល់​ការ​ប្រើប្រាស់​ដោយ​សេរី ​នូ​វ​ប្រាក់​ ស្បៀង​អាហារ​ ឬ​វត្ថុ​ជំនួស​​ផ្សេង​ទៀត​ក្នុង​អំឡុង​​ពេល​ដែល​មាន​កំណត់​​ឲ្យ​ទៅ​ភាគី​ម្ខាង​ទៀត​ហៅថា ​អ្នកខ្ចី​ ហើយ​ដែល​អ្នក​ខ្ចីមាន​ករណី​​​កិច្ច​សង​ទៅ​អ្នក​ឲ្យ​ម្ចាស់​​ខ្ចី​​វិញ​​នូវវ​ត្ថុដែល​មាន​ប្រភេទ​គុណភាព​ និង​​ចំនួន​ស្មើ​គ្នា​នឹង​វត្ថុ​​ដែ​ល​​បាន​ទទួល​​ពី​អ្នក​ឲ្យ​ខ្ចី​នោះ។


តើ​មាន​មាត្រា​​ច្បាប់​ណា​ចែង​ច្បាស់​លាស់​ទេ ពាក់​ព័ន្ធ​នឹង​រឿង​នេះ ?


យោង​តាម​មាត្រា​ ៥​៧​៩​ នៃ​ក្រម​រដ្ឋប្បវេណី​ការ​បង្កើត​កិច្ច​​សន្យា​ខ្ចី​បរិភោគ​ គឺ​បង្កើត​​ឡើង​តាម​ការ​ព្រមព្រៀងរវាង​អ្នក​ឲ្យ​។​ ដូចនេះ​កិច្ច​សន្យាខ្ចី​ប្រាក់​ ធនាគារ​ដែល​ធ្វើ​ឡើង​រវាង​លោក ​(ក)​ ដែល​ជា​អ្នក​ខ្ចី​ និង​ធនាគារ​ជា​អ្នក​ឲ្យ​ខ្ចី​ប្រាក់​ គឺ​បង្កើត​ឡើង​តាម​ឆន្ទៈ​ និង​ព្រម​ព្រៀង​ពិត​ប្រាកដ ​រវាង​ភាគី​ទំាង ២។​ តាម​អង្គ​ហេតុ​ខាង​ លើ​នេះ ​លោក ​(ខ​)​ ក៏មិ​នមែន​ជា​អ្នក​ធានា​ដែល​នឹង​ត្រូវ​អនុវ​ត្ត​កាតព្វ​​កិច្ច​មួយ​ផ្នែក​ ឬ​ទាំង​មូល​ជាមួ​យ​នឹង​លោក (ក​) ជា​​កូន​បំណុល​ ដែល​​ត្រូវ​មាន​កាតព្វ​កិ​ច្ច​​ចម្បង​ជា​មួយ​នឹង​ម្ចាស់​បំណុ​ល​ (ធនាគារ​) ទេ​ លោក ​(ក)​ គឺ​ជា​កូន​បំណុល​ដែល​ត្រូវ​ អនុវត្ត​កាតព្វកិច្ច​របស់​​ខ្លួន​ ឲ្យ​ស្រប​ទៅតា​ម​ខ្លឹម​សារ​នៃ​កិច្ចសន្យា​​ខ្ចី​បរិភោគ​ និង​គោលការណ៍​សុចរិតភាព​ និង​ភាព​ស្មោះត្រង់​ ចំណែក​លោក (ខ)​ ជា​សាក្សី​ដឹង​ឮអំពី​ការ​​ខ្ចី​ប្រាក់​រវាង​លោ​ក​ (ក)​និង​ធនាគារ​ ហេតុ​នេះ​ក្នុង​ករណី​លោក​ (ក​​)​ រត់​គេច​ខ្លួន​ ពុំ​ព្រម​បំពេញ​​កាតព្វកិច្ច​ជាកូន​បំណុល​នោះ​លោក ​(ខ​) ពុំ​មា​ន​​កាតព្វកិច្ច​ត្រូវ​សង​ប្រាក់​​បំណុ​ល​​ជូន​ទៅ​​ធនាគារ​ជំនួស​លោក​ (ក)​ ដែល​ជា​កូន​បំណុល​របស់​ធានាគារ​នោះ​ទេ​ ​ដោយ​​សារតែ​លោក ​(ខ)​ គ្រាន់​តែ​​ជា​សាក្សី​ដឹង​ឮអំពីការ​ខ្ចី​​ប្រាក់​តែប៉ុណ្ណោះ។​


តើលោក​ (ខ)​ មាន​​ការ​ជាប់​ពាក់ព័ន្ធ​ នឹង​បំណុល​នេះ​ដែរ​ឬ​ទេ​ ព្រោះ​គាត់​មិន​មែន​ជា​អ្នក​ខ្ចីលុយ​ធនាគារ​ផង​នោះ​?​ ប្រសិន​បើលោក ​(ខ)​ ជាប់​​ពាក់ព័ន្ធ​តើ​គាត់​ត្រូវ​ជាប់​បណ្តឹ​ង​​រដ្ឋប្បវេណី ​ឬ​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ​​ដែរ​ឬទេ​?​

ដូច​តាម​ការ​បក​ស្រាយ​ខាង​លើ​នេះ​ លោក ​(ខ)​​ មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​​នឹង​បំណុល​ជាមួយ​នឹង​ធនាគារ​ ​និង​មាន​កាតព្វ​កិច្ចជាកូ​ន​បំ​​ណុល​ដូច​លោក ​(ក​) នោះ​ទេ​ ហើយ​ធនា​គារ ដែល​ជាម្ចាស់​បំណុល​​មាន​សិ​ទ្ធិ​​ប្តឹង​ទៅ​តុលាការរដ្ឋ​ប្ប​វេណី​ប្តឹង​ទាមទារ​ឲ្យ​តុលា​ការ​ចេញ​សា​ល​​ក្រម​ បង្គាប់​ឲ្យ​​លោក ​(ក)​​ ដែល​ជា​ចុង​​ចម្លើយផ្តល់​ តាវការ​លិក ​(​ការ​សង​​ប្រាក់​) ដោយ​ផ្អែក​លើ​ការ​អះអាង ​អំពី​អត្ថិភាព​​នៃ​សិទ្ធិ​ទាម​ទា​រ​ប្រាក់​​ ដែល​បាន​កំណត់​ក្នុង​បណ្តឹង។​

ក្នុង​ដំណើរ​នីតិវិធី​បណ្តឹង​ ការ​សាក​សួរ​សាក្សី​ជា​ការ​​សំខា​ន់​ណាស់​ ដែល​ធ្វើ​ឡើង​​ដោយ​សមូហវិធី​ ផ្អែក​តាម​មាត្រា​ ១​៣​៨​ នៃ​ក្រម​នីតិវិធី​រដ្ឋ​ប្បវេណី។ បើលោ​ក ​(ខ)​ត្ រូវ​បាន​​កោះ​ហៅ​ ក្នុង​នាម​គាត់​ជា​សាក្សី ​លោក ​(ខ) ​​ត្រូវ​មាន​ករណី​កិច្ច​ចំពោះ​តុ​លាការ​ ហើយ​​លោក (ខ)​ ដែ​ល​ជាសាក្សី​ ត្រូវតែ​ស្បថ ​មុន​នឹង​ឆ្លើយ​ចំពោះ​មុខ​​តុលាការ​យោ​ង​​តាម​បញ្ញត្តិមាត្រា​ ១៣៧ ​នៃ​ក្រម​នីតិវិធី​រដ្ឋ​ប្បវេណី។

ក្នុង​ករណី​លោក​ (ខ)​ ជា​សា​ក្សី​​មិន​ព្រម​ចូល​ខ្លួន​ទៅ​តុលាការ ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូ​វ​ទេ​ តុលាការ​​អាច​​ចេញ​ដី​កាស​ម្រេ​ច​នាំ​ខ្លួន​សាក្សី​ និង​តុលា​ការ​​ចេ​ញ​ដី​កា​សម្រេច​ពិន័យ​ជា​ប្រាក់​​ចំនួ​ន​មិន​លើស​ពី​ ១​០​០​​០​០០​០​(មួយលាន​) រៀល​។ តែ​​លោក ​​(ខ​) ក៏​​មាន​សិទ្ធិ​បឹ្តង​ជំទាស់​ និង​ដី​​កា​សម្រេច​របស់​​តុលាការ​បា​ន​​ដែរ​យោងតាម​មាត្រា​ ១៣​២​ នៃ​​ក្រម​នីតិវិធី​រដ្ឋ​ប្បវេណី។

ហេតុ​នេះលោក​ (ខ)​ ជាប់​ពាក់ព័ន្ធ​តែ​​ជា​មួយ​នឹង​បណ្តឹង​រដ្ឋប្បវេណី​ ក្នុង​នាម​ជា​សាក្សី​ តែប៉ុណ្ណោះ ​មិន​មែន​ក្នុង​​នាម​ជា​កូន​បំណុ​​ល​​ដូច​លោក ​(ក)​ ឬ​ចុង​ចម្លើយ​​នោះទេ​ ​​ហើយ​ក៏​មិន​មាន​ទោស​​ក្នុង​រឿង​ព្រហ្ម​ណ្ឌ​នោះ​ដែរ៕