កាលពីសប្ដាហ៍មុន ភ្នំពេញប៉ុស្ដិ៍បានចុះផ្សាយមួយវគ្គរួចមកហើយទាក់ទងនឹងផលលំបាកចំពោះការយកគ្នាជាប្តីប្រពន្ធ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកមេធាវី លី កុសល ដែលមានការិយាល័យបំពេញការងារនៅផ្ទះលេខ ៤៥-Eo ផ្លូវលេខ ៩ ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែសម្រាប់ថ្ងៃចន្ទនេះ យើងសូមលើកយកវគ្គបញ្ចប់មកចុះផ្សាយទាក់ទងនឹងការធ្វើឲ្យគូស្វាមី និងភរិយាមានភាពស្របច្បាប់ដែលមានខ្លឹមសារដូចតទៅ៖
ដើម្បីឲ្យអាពាហ៍ពិពាហ៍មួយស្របច្បាប់បាន តើគួរធ្វើយ៉ាងម៉េច?ហើយមនុស្សប្រុសស្រីចាប់ពីអាយុប៉ុន្មានឆ្នាំ ទើបច្បាប់ទទួលស្គាល់ឲ្យរៀបការបាន?ចុះបើរៀបការមុនច្បាប់កំណត់អាយុតើបានទេ?
ដើម្បីឲ្យអាពាហ៍ពិពាហ៍មួយស្របច្បាប់បាន មនុស្សប្រុស-ស្រីត្រូវធ្វើឡើងតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ស្របតាមបញ្ញត្តិនៃក្រមរដ្ឋប្បវេណីដោយគោរពលក្ខខណ្ឌសារធាតុ និងលក្ខខណ្ឌទម្រង់ ចាប់ពីមាត្រា ៩៤៨ ដល់មាត្រា ៩៥៦។
ក-លក្ខខណ្ឌសារធាតុ គឺជាលក្ខខណ្ឌដែលកំណត់ពីអានុភាពនៃអាពាហ៍ពិពាហ៍ រួមមាន ការព្រមព្រៀងរបស់ភាគីដោយឆន្ទៈសេរី របស់បុរស-នារី។
អាយុរបស់ភាគី (១៨ឆ្នាំ) ភេទផ្ទុយគ្នារបស់បុរស-នារី (ភេទដូចគ្នាមិនអាចរៀបអាពាហ៍ពិពាហ៍បានទេ) ការហាមឃាត់ចំពោះអាពាហ៍ពិពាហ៍ថ្មី ក្នុងអំឡុងពេលដែលច្បាប់កម្រិតសម្រាប់ស្រ្តីដើម្បីចៀសវាងបញ្ហាចោទឡើងក្នុងការកំណត់ឪពុករបស់កូនដែលមានរយ:ពេល ១២០ ថ្ងៃ គិតពីថ្ងៃអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ការហាមឃាត់ក្នុងទ្វេពន្ធភាព (ពុំទាន់បានលែងលះគ្នាតាមផ្លូវច្បាប់នៅឡើយ) ការហាមឃាត់ចំពោះអាពាហ៍ពិពាហ៍រវាងបុគ្គលដែលមានទំនាក់ទំនងញាតិនឹងគ្នា (អាពាហ៍ពិពាហ៍រវាងញាតិលោហិតឬរវាងញាតិពន្ធ)។
ខ-លក្ខខណ្ឌទម្រង់ គឺជាការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការបញ្ជាក់ភាពនៅលីវ ការជូនដំណឹងជាសាធារណៈបិទផ្សាយជាសាធារណៈនៅលំនៅឋានសាមីខ្លួននារី, ០១ ច្បាប់បិទផ្សាយជាសាធារណៈនៅសាលាឃុំឬសង្កាត់សាមីខ្លួននារី, ០១ ច្បាប់រក្សាទុកនៅសាលាឃុំឬសង្កាត់សាមីខ្លួននារី,០២ ច្បាប់ទៀតត្រូវផ្ញើទៅមន្រ្តីអត្រានុកូលដ្ឋានខាងបុរសដើម្បីយកទៅបិទផ្សាយជាសាធារណៈនៅលំនៅឋានសាមីបុរស ០១ ច្បាប់ និងសាលាឃុំឬសង្កាត់សាមីខ្លួនបុរស ០១ ច្បាប់។
ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ក្នុងរយៈពេល ១០ ថ្ងៃ គិតពីថ្ងៃបិទប្រកាសបានកន្លងផុត ហើយប្រសិនបើគ្មានការប្តឹងជំទាស់ បុរសនារី អាចចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ជាផ្លូវការនៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាននៃឃុំសង្កាត់ខាងនារី។ ការចុះកិច្ចសន្យាតម្រូវឲ្យមានសាក្សីចំនួន ២ នាក់ដែលជានីតិជន។ការចុះបញ្ជីអាពាហ៍ពិពាហ៍ (សំបុត្រអាពាហ៍ពិពាហ៍) ត្រូវស្រង់យកខ្លឹមសារដែលមាននៅក្នុងកិច្ចសន្យាអាពាហ៍ពិពាហ៍ចូលក្នុងសៀវភៅអាពាហ៍ពិពាហ៍ នេះគេហៅថា ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ ហើយមន្រ្តីអត្រានុកូលដ្ឋាននឹងចម្លងចូលក្នុងលិខិតមួយហៅថាសំបុត្រអាពាហ៍ពិពាហ៍ទុកឲ្យសាមីខ្លួនប្រើប្រាស់។
ដូច្នេះហើយ មនុស្សប្រុស-ស្រី ត្រូវតែគោរពលក្ខខណ្ឌដែលច្បាប់បានកំណត់ជាក់លាក់ បើមិនគោរពតាមលក្ខខណ្ឌខាងលើនេះទេគឺអាពាហ៍ពិពាហ៍នោះនឹងមិនបង្កើតអនុភាពតាមផ្លូវច្បាប់ឬអាចលុបចោល និងអាចមោឃភាព។
ចំពោះសំណួរទាក់ទងមនុស្សប្រុសស្រីដែលអាចរៀបអាពាហ៍ពិពាហ៍បានតាមផ្លូវច្បាប់គឺមនុស្សប្រុសស្រីឈានដល់នីតិភាពមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ។ មាត្រា ៩៤៨ វាក្យខណ្ឌទី ១ នៃក្រមរដ្ឋប្បវេណី។
-ករណីបើរៀបការមុនច្បាប់កំណត់អាយុវិញដែលមិនទាន់ដល់នីតិភាព (ភាគីសងខាង) មនុស្សប្រុសអាយុ ១៦ ឆ្នាំ មនុស្សស្រីអាយុ ១៥ ឆ្នាំ គឺមិនអាចធ្វើបានទេ។មាត្រា ៩៤៨ វាក្យខណ្ឌទី ១ នៃក្រមរដ្ឋប្បវេណី។
-ករណីបើរៀបការមុនច្បាប់កំណត់ មនុស្សប្រុសជាអនីតិជន អាយុ ១៦ ឆ្នាំ មនុស្សស្រីជានីតិជនអាយុ ២០ ឆ្នាំ អាយុវិញគឺអាចរៀបអាពាហ៍ពិពាហ៍បានដោយមានការយល់ព្រមពីអាណាព្យាបាលសម្រាប់អនីតិជនឬអ្នកមានអំណាចមេបា។មាត្រា ៩៤៨ វាក្យខណ្ឌទី ២ និងមាត្រា ៩៥៣ កថាខណ្ឌទី ១ នៃក្រមរដ្ឋប្បវេណី។
-ករណីបើរៀបការមុនច្បាប់កំណត់ មនុស្សប្រុសអនីតិជន អាយុ ១៦ ឆ្នាំ មនុស្សស្រីជានីតិជនអាយុ ១៦ ឆ្នាំ អាយុវិញ គឺអាចរៀបអាពាហ៍ពិពាហ៍បាន ជាអនីតិជនទទួលបាននូវអត្តាធីនភាពគឺមានន័យថាមិនចាំបាច់មានការអនុញ្ញាតពីអ្នកមានអំណាចមេបាឬអាណាព្យាបាលសម្រាប់អនីតិជនឡើយ។ ព្រោះអនុភាពនៃអត្តាធីនភាព គឺត្រូវបានចាត់ទុកថាមនុស្សប្រុសស្រីដែលជាអនីតិជននោះ គឺអាចឈានទៅនីតិភាព ដោយពួកគេមានសមត្ថភាពទៅតាមផ្លូវច្បាប់ ហើយធ្វើអ្វីមានសិទ្ធិស្មើនឹងនីតិជនផងដែរ។
ប្រសិនបើជនមិនទាន់គ្រប់អាយុហើយអាជ្ញាធរមូលដ្ឋានជួយបង្កើនអាយុឲ្យជនដែលស្នើសុំរៀបការខុសពីសំបុត្រកំណើតហើយថ្ងៃក្រោយសមត្ថកិច្ចស្រាវជ្រាវដឹងតើអាជ្ញាធរមូលដ្ឋាននោះមានទោសដែរទេ?
ប្រសិនបើជនមិនទាន់គ្រប់អាយុហើយត្រូវបានអាជ្ញាធរមូលដ្ឋានជួយបង្កើនអាយុឲ្យជនដែលស្នើសុំរៀបការនោះខុសពីសំបុត្រកំណើត ហើយបើថ្ងៃក្រោយសមត្ថកិច្ចស្រាវជ្រាវដឹងគឺអាជ្ញាធរមូលដ្ឋាននោះ ត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ព្រោះថា ក្នុងនាមជាមន្រ្តីអាជ្ញាធរមូលដ្ឋានដែលជាអ្នកបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែបំពេញការងារ ភារកិច្ច និងតួនាទីរបស់ខ្លួនដោយស្មោះត្រង់ជូនប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ ហើយក្នុងករណីអាជ្ញាធរមូលដ្ឋានរូបណា មានការក្លែងបន្លំ សមគំនិតឃុបឃិតដោយចេតនាគឺត្រូវទទួលទោស និងពិន័យជាប្រាក់ដែលធ្វើឲ្យបាត់បង់ទំនុកចិត្តសាធារណៈ (យោងតាមអនុក្រឹត្យស្តីពីអាត្រានុកូលដ្ឋានរាជរដ្ឋាភិបាលលេខៈ ១០៣ អនក្រ.បក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០០០,៦០ អនក្រ.បក ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០០២ ស្តីពីការកែសម្រួលមាត្រា ៨ និងមាត្រា ៥៩ នៃ ១០៣ អនក្រ.បក និង ១៧ អនក្រ.បកចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០៤ ស្តីពីការការកែសម្រួលនៃអនក្រ ១០៣ ) ហើយចំពោះអនក្រ.បក ១០៣ ត្រង់មាត្រា ៥៥ ចែងថាមន្រ្តីអាត្រានុកូលដ្ឋាន ត្រូវស្មោះត្រង់ក្នុងការធ្វើអត្រានុកូលដ្ឋានជូនពលរដ្ឋ។ បើមានមន្រ្តីអត្រានុកូលដ្ឋានណាម្នាក់មានឃុបឃិត ឬក្លែងបន្លំដោយចេតនា ក្នុងការធ្វើសំបុត្រកំណើតអត្រានុកូលដ្ឋាន ត្រូវទទួលទោសតាមបញ្ញតិ្តច្បាប់។
សំបុត្រអត្រានុកូលដ្ឋានក្លែងបន្លំដែលបានចេញរួចហើយត្រូវប្រមូលវិញ និងប្តឹងទៅតុលាការដើម្បីបដិសេធ និងសុំផ្តន្ទាទោសតាមច្បាប់។រួមទាំងតាមមាត្រា ៦៣១ នៃក្រមព្រហ្មទណ្ឌពីបទផ្តល់ឯកសារដោយទុច្ចរិត ចែងថាអំពើផ្តល់ដល់អ្នកដទៃដោយទុច្ចរិត នូវឯកសារដែលចេញដោយរាជការសាធារណ: ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈឬដើម្បីផ្តល់ការយល់ព្រមផ្តល់ការអនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំទៅ ៥ (ប្រាំ) ឆ្នាំនិងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន)រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល៕