តើ​ឪពុកម្ដាយ​ត្រូវ​ពាក់ព័ន្ធ​ឬទេ​ បើ​ជនល្មើស​នៅក្នុង​គ្រួសារ​តែមួយ​? (​តចប់​)

Content image - Phnom Penh Post
លោក កុយ ដុល្លា សមាជិក​ក្រុម​មេធាវី​ធម្មសាស្ត្រ​។ រូបថត សហការី

កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ភ្នំពេញ-ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចហើយ​អំពី​ភាពជាប់​ពាក់ព័ន្ធ ឬ​មិន​ពាក់ព័ន្ធ​រវាង​ជនល្មើស​ប្លន់ និង​ឪពុកម្ដាយ ឬ​អ្នករស់នៅ​ជាមួយ​ដែល​តាម​ការពន្យល់​ពី​លោក​មេធាវី កុយ ដុល្លា សមាជិក​ក្រុម​មេធាវី​ធម្មសាស្ត្រ គឺ​ករណី​នេះ​វា​ទាក់ទង​នឹង​ភ័ស្ដុតាង​ច្បាស់លាស់​។ ​ចំពោះ​ករណី​​ចូលរួម​ចាយលុយ​ដែល​បាន​ពី​បទល្មើស​​នោះ លោក​មេធាវី​បាន​ពន្យល់​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ចុះ​ប្រសិនបើ​ឪពុកម្តាយ ឬ​សមាជិកគ្រួសារ​បាន​ចាយលុយ​នោះ​ដែរ តែ​មិនបាន​ដឹងថា ជា​លុយ​បាន​ពី​ការលួច​ប្លន់​ទេ ចំពោះ​ករណី​បែប​នេះ​តើ​យ៉ាងម៉េច​ទៅវិញ​?

ពាក់ព័ន្ធ​នឹង​សំណួរ​នេះ ដូច​អ្វី​ដែល​ខ្ញុំបាទ​បានបញ្ជាក់​ជូន​ក្នុង​សំណួរ​ទី​ ១ ​រួចហើយ​។ ប៉ុន្តែ​ខ្ញុំបាទ​សូម​បញ្ជាក់ជូន​បន្ថែមថា ក្នុង​រឿង​ព្រហ្មទណ្ឌ​ដើម្បី​បង្កើត​ទៅ​ជា​បទល្មើស​បាន​ទាល់​តែមាន​ធាតុផ្សំ​នៃ​បទល្មើស​ចំនួន​ ៣ ​សំខាន់​។ ​ទី១- ​ធាតុ​នីត្យានុកូលភាព​មាន​ន័យថា ច្បាប់​កំណត់​អំពើ​ណាមួយ​ជា​បទល្មើស​ព្រហ្មទណ្ឌ​,​​ ទី​២- ធាតុ​ផ្សំ​សត្យានុម័ត​អាច​ជា​អំពើ​សកម្ម​ ឬ​អំពើ​អកម្ម និង​ទី​៣- ​ធាតុ​អត្តនោម័ត​មានន័យថា អំពើ​របស់​អ្នកណា​ម្នាក់​ ឬ​ច្រើន​នាក់​ដែល​ធ្វើ​ទ្បើង​ដោយ​ចេតនា​ ឬ​អចេតនា​។

អ៊ីចឹង​ត្រទ្បប់​មក​សំណួរ​យើង​វិញ! ​ប្រសិន​បើ​ឪពុកម្តាយ​ ឬ​សមាជិក​ក្នុង​គ្រួសារ​ទាំងអស់​បាន​ចាយលុយ​ដែល​បាន​ពី​បទល្មើស​នោះដែរ តែ​ពួកគេ​មិនបាន​ដឹងថា លុយ​នោះ​បាន​មកពី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស តើ​ករណី​នេះ​ច្បាប់​ដោះស្រាយ​យ៉ាងដូចម្តេច​? ​តាម​ការពិនិត្យ​ទៅលើ​ធាតុ​ផ្សំ​នៃ​បទល្មើស​ខាងលើ ឃើញ​ថា​ធាតុ​អត្តនោម័ត​មាន​ការពាក់ព័ន្ធ​ខ្លាំង​ទៅនឹង​សំណួរ​ដែល​បាន​ចោទ​ទ្បើង​ខាងលើនេះ​។ ​ហេតុដូច្នេះ​គប្បី​ពិនិត្យ​ទៅលើ​ផ្លូវច្បាប់​ដែល​ចែង​អំពី​ធាតុ​អត្តនោម័ត​នេះ​ និង​បទល្មើស​ដែល​អាច​នឹង​​ប្រឈម​ក្នុង​ការទទួល​ខុសត្រូវ​ក្នុង​អង្គហេតុ​នេះ​។

យោងតាម​មាត្រា​ ៤ ​នៃ​ក្រមព្រហ្មទណ្ឌ​ (​ចេតនា​ប្រព្រឹត្ត​បទល្មើស​) ​ចែង​ថា​ “​ពុំមាន​បទល្មើស​ទេ ប្រសិន​បើ​គ្មាន​ចេតនា​ប្រព្រឹត្ត​។ ប៉ុន្តែ​ក្នុងករណី​ដែល​ច្បាប់​បានចែង​ទុក​មុន​បទល្មើស​មួយ​អាច​កើតចេញពី​ការមិន​ប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬ​ការមិន​គោរព​កាតព្វកិច្ច​ដោយ​ទ្បែក​ណាមួយ​។

យោងតាម​មាត្រា​ ៣៩៩ កថាខណ្ឌ​ ១ ​នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា “​អំពើ​ទទួល​ផល​ចោរកម្ម គឺជា​អំពើ​ទទួល លាក់​បំបាំង រក្សាទុក ឬ​បញ្ជូន​វត្ថុ​អ្វីមួយ​ដោយ​ដឹងថា វត្ថុ​នោះ​បាន​មកពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​។

ផ្អែក​តាម​ខ្លឹមសារ​នៃ​មាត្រា​ខាងលើ​ឃើញ​ថា ច្បាប់​បាន​ចង​រួចហើយ​ថា​បទល្មើស​ទាមទារ​នូវ​ចេតនា​នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​នោះ​ដូចជា​ដឹងថា វត្ថុ (​លុយ​) ​បាន​មកពី​បទល្មើស​ហើយ​នៅ​​តែ​ទទួល​យកមក​រក្សាទុក ឬ​ប្រើការ​ទៀត​។ ប៉ុន្តែ​ផ្អែក​តាម​អង្គហេតុ​ខាងលើ​បាន​បញ្ជាក់ថា ឪពុកម្តាយ​ ឬ​សមាជិក​ក្នុង​គ្រួសារ​ទាំងអស់​បាន​ចាយលុយ​ដែល​បាន​ពី​បទល្មើស​នោះដែរ​តែ​ពួកគេ​មិនបាន​ដឹងថា​លុយ​នោះបាន​ពី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ទេ​។ ហេតុដូច្នេះ ឪពុកម្តាយ ឬ​សមាជិក​ក្នុង​គ្រួសារ​លោក​ (​ក​) ​ពុំ​មាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស ឬ​ទទួលផល​ចោរកម្ម​នោះទេ​។

ចំពោះ​ករណី​នេះដែរ ឧបមាថា លោក​ (​ក​) ​ប្លន់​គេ ហើយ​ត្រូវ​នគរបាល​ដេញតាម​លោក​ (​ក​) ​ដល់​ផ្ទះ ព្រោះ​គាត់​រត់​ចូល​ផ្ទះ តែ​ត្រូវ​ឪពុកម្តាយ​រារាំង​មិនឱ្យ​សមត្ថកិច្ច​ចូលចាប់​លោក​ (​ក​)​។ តើ​អ្នក​រារាំង​សមត្ថកិច្ច​បែបនេះ ត្រូវ​មានទោស​ដែរ​ឬ​ទេ​?

ជាទូទៅ​នៅពេល​មាន​បទល្មើស​កើតទ្បើង ហើយ​មាន​ការតាម​ទាន់​ដោយ​សមត្ថកិច្ច ឬ​សាធារណជន ជនសង្ស័យ​តែងតែ​ព្យាយាម​គេចខ្លួន ដើម្បី​រួចផុត​​ពី​សំណាញ់​ច្បាប់​។ ​ជាពិសេស​រត់គេច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ក្រុមគ្រួសារ​របស់គាត់ ប៉ុន្តែ​ពេលខ្លះ​ឪពុកម្តាយ​របស់គាត់​រារាំង​មិនឱ្យ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​នោះ​ទេ ព្រោះ​មនោសញ្ចេតនា​រវាង​ឪពុកម្តាយ និង​កូន​គឺ​ឪពុកម្តាយ​តែងតែ​ស្រទ្បាញ់​កូន​ទោះបី​ស្ថិត​នៅក្នុង​កាលៈទេសៈណា​ក៏ដោយ​។ ​អ៊ីចឹង​!​សួរថា ប្រសិន​បើ​ឪពុកម្តាយ​រារាំង​មិន​ឱ្យ​សមត្ថកិច្ច​ចាប់​លោក​ (​ក​) តើ​ពួកគាត់​អាច​​ប្រឈម​នឹង​ទោសទណ្ឌ​ដែរឬទេ​? ​ដើម្បី​មាន​ភាពច្បាស់លាស់ យើង​សាកល្បង​ពិនិត្យ​បញ្ញត្តិ​ច្បាប់​ថា តើ​មាន​បទល្មើស​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​ដែរ​​ឬទេ​?

យោងតាម​មាត្រា​ ៥០៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ "​ការប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​គឺជា​អំពើ​ប្រឆាំង​ដោយ​ប្រើការ​តទល់​ដោយ​ហិង្សា​នឹង​អ្នករាជការ​សាធារណៈ​ដែល​ធ្វើ​សកម្មភាព ដើម្បី​អនុវត្ត​ច្បាប់​បញ្ជា​របស់​អាជ្ញាធរ​សាធារណៈ​​ ឬ​សេចក្តីសម្រេច​របស់​តុលាការ​។ ​បទប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ (​មួយ​) ខែ​ទៅ​ ៣ (​បី​) ​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០ (​មួយ​សែន​) ​រៀល​ទៅ​ ៥០០ ០០០ (​ប្រាំ​សែន​) ​រៀល " ។

ផ្អែក​តាម​អង្គហេតុ​ខាងលើ​ឃើញថា​មាន​ការរារាំង​សមត្ថកិច្ច​មិនឱ្យ​ចាប់​លោក (​ក​) ប្រាកដ​មែន ។ ប៉ុន្តែ​ការរារាំង​នេះ​គ្រាន់តែ​ជា​ប្រតិកម្ម​ធម្មតា​ប៉ុណ្ណោះ​ក្នុងនាម​ឪពុកម្តាយ​ពុំមែន​ជា​ការរារាំង​ដោយ​ការប្រើ​មធ្យោបាយ​ហិង្សា​ទៅលើ​សមត្ថកិច្ច​នោះទេ​ ឬ​និយាយ​ម្យ៉ាង​ទៀតថា ពួកគាត់​ពុំទាន់​ដើរ​ហួស​បន្ទាត់​ដែល​កម្រិត​ថា ជា​អំពើ​ល្មើស​នោះទេ​។

អវត្តមាន​នៃ​ការតទល់​ដោយ​ហិង្សា​ទៅលើ​សមត្ថកិច្ច​បែបនេះ​នាំឱ្យ​ខ្វះ​នូវ​ធាតុ​ផ្សំ​នៃ​បទល្មើស​ដូច​មានចែង​ក្នុង​មាត្រា​ខាងលើ​។ ហេតុដូច្នេះ​អង្គហេតុ​នេះ​មិនទាន់​មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​នៅ​ទ្បើយ​ទេ​។ ប៉ុន្តែ​សូមបញ្ជាក់​បន្ថែម​ពីលើ​នេះ​បន្តិច​ថា កាលណា​ការរារាំង​នេះ​ភ្ជាប់​មក​ជាមួយ​នូវ​ការប្រមាថ​ដោយ​វាចា ឬ​កាយវិការ ដែល​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​របស់​សមត្ថកិច្ច​គឺអាច​ប្រឈម​នឹង​បទប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​ដូច​មានចែង​ក្នុង​មាត្រា​ ៥០២ នៃ​ក្រមព្រហ្មទណ្ឌ​៕

ព័ត៌មានថ្មីៗ