នៅក្នុងរថយន្តឈ្នួល ឬរថយន្តតាក់ស៊ីក៏ដូចជាមធ្យោបាយដឹកជញ្ជូនផ្សេងទៀត គឺអ្នកជិះតែងមានកញ្ចប់អីវ៉ាន់ផ្ទាល់ខ្លួន រីឯម្ចាស់រថយន្តក៏តែងត្រូវបានគេផ្ញើកញ្ចប់បញ្ញើជាហូរហែផងដែរ។ ប៉ុន្តែចៃដន្យនៅក្នុងកញ្ចប់នោះត្រូវបានសមត្ថកិច្ចឆែករកឃើញថា ជាគ្រឿងញៀន។ តាមផ្លូវច្បាប់ក្នុងករណីបែបនេះ តើម្ចាស់រថយន្តត្រូវមានទោសឬមួយយ៉ាងណា?
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក សួន វីរៈបញ្ញា ជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានការិយាល័យមេធាវី ជីជី អន្តរជាតិដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា ជនម្នាក់មានកញ្ចប់គ្រឿងញៀនបានជិះរថយន្តតាក់ស៊ី ហើយត្រូវសមត្ថកិច្ចចាប់ម្ចាស់រថយន្តនោះ ដោយសំអាងថាក្នុងរថយន្តនោះមានគ្រឿងញៀន។ ចំណែកម្ចាស់កញ្ចប់គ្រឿងញៀននោះបានរត់បាត់។ តើម្ចាស់រថយន្តតាក់ស៊ីត្រូវជាប់ទោសដែរឬទេ? បើមានជាប់ពាក់ព័ន្ធគឺដោយសារមូលហេតុអ្វី ហើយបើមិនជាប់ពាក់ព័ន្ធ តើមូលហេតុអ្វី?
មុននឹងបកស្រាយដល់អង្គហេតុខាងលើនេះខ្ញុំបាទសូមជម្រាបជូនថា នៅក្នុងធាតុផ្សំនៃបទល្មើសគ្រឿងញៀន គឺវាមានលក្ខណៈពិសេសជាងបទល្មើសព្រហ្មទណ្ឌដទៃទៀតបន្តិចត្រង់ថា គ្រប់បទល្មើសគ្រឿងញៀនគឺតម្រូវឲ្យមានធាតុចេតនាក្នុងការប្រព្រឹត្តបទលើ្មសនៅក្នុងនោះ ដែលខុសពីបទលើ្មសព្រហ្មទណ្ឌមួយចំនួនដែលពុំចាំបាច់តម្រូវឲ្យមាននូវធាតុចេតនានៅក្នុងនោះទេ ឧទាហរណ៍បទមនុស្សឃាតដោយអចេតនា។
នៅក្នុងករណីខាងលើនេះម្ចាស់រថយន្តដែលជាអ្នករត់តាក់ស៊ីពុំមានជាប់ពាក់ព័ន្ធនឹងបទលើ្មសនោះទេ ប៉ុន្តែគាត់ត្រូវមានភ័ស្តុតាងរឹងមាំបង្ហាញថាគាត់ពុំបានដឹង ឬបានសង្ស័យថា ជននោះមានរក្សាទុកគ្រឿងញៀននៅជាប់នឹងខ្លួននោះទេ។
ក្នុងករណីនេះអាជ្ញាធរដែលជាសមត្ថកិច្ចអាចធ្វើកោសល្យវិច័យស្នាមក្រយៅដៃដែលមាននៅលើស្បោង ឬក្រដាសវេចខ្ចប់គ្រឿងញៀននោះដើម្បីផ្ទៀងផ្ទាត់ក្នុងការស្វែងរកជនសង្ស័យដែលជាម្ចាស់ និងជាអ្នកប្រព្រឹត្តបទល្មើសពិតប្រាកដ។ ម្ចាស់រថយន្តដែលគាត់បានដំណើរការដឹកភ្ញៀវជាធម្មតា គាត់ពិតជាមិនអាចដឹងថា អតិថិជនដែលជិះរថយន្តរបស់គាត់នោះបានរក្សាទុកគ្រឿងញៀននៅជាប់នឹងខ្លួន ឬអត់នោះទេ។
ប៉ុន្តែក្នុងករណីដែលមានភ័ស្តុតាងបង្ហាញថា គាត់បានដឹងអំពីការរក្សាទុកនេះ ឬគាត់មានការសង្ស័យ ហើយគាត់មិនបានសួរនាំ ឬរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច នោះគាត់អាចនឹងត្រូវទទួលរងការចោទប្រកាន់រួមគ្នាជាមួយម្ចាស់គ្រឿងញៀនដែរ ក្រោមបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ ២០១២។
ករណីស្រដៀងគ្នានេះដែរ ឬប្រសិនបើម្ចាស់តាក់ស៊ីនោះត្រូវបានជនម្នាក់ផ្ញើកញ្ចប់គ្រឿងញៀន តែគាត់មិនបានដឹង ហើយគេឲ្យតម្លៃសេវាលើសពីតម្លៃបញ្ញើធម្មតា។ នៅពេលនោះសមត្ថកិច្ចបានឆែកឃើញថាជាកញ្ចប់គ្រឿងញៀន។ តើអាចចោទប្រកាន់ថា ម្ចាស់រថយន្តតាក់ស៊ីជាប់ពាក់ព័ន្ធដែរទេ បើគាត់ជាអ្នកទទួលកម្រៃជើងសា?
ក្នុងករណីស្រដៀងគ្នានេះ ម្ចាស់តាក់ស៊ី ឬក្រុមហ៊ុនផ្គត់ផ្គង់សេវាដឹកជញ្ជូន មិនអាចទទួលទោសបានទេ ប្រសិនបើខ្លួនទទួលបញ្ញើកញ្ចប់គ្រឿងញៀន ដែលមានវេចខ្ចប់ជិត ហើយខ្លួនមិនបានដឹងថាក្នុងកញ្ចប់នោះជាគ្រឿងញៀនទេនោះ។
ប៉ុន្តែក្នុងករណីដែលខ្លួនមានការសង្ស័យ ឬខ្លួនបានដឹងថាក្នុងនោះជាកញ្ចប់គ្រឿងញៀនហើយ ប៉ុន្តែបែរជាមិនរាយការណ៍ជូនសមត្ថកិច្ច ហើយបន្តដឹកជញ្ជូនកញ្ចប់បញ្ញើគ្រឿងញៀននោះ ដោយទាមទារប្រាក់កម្រៃនៃការដឹកជញ្ជូនខ្ពស់ជាងសេវាតម្លៃធម្មតា នោះម្ចាស់តាក់ស៊ី ឬក្រុមហ៊ុនផ្គត់ផ្គង់សេវាដឹកជញ្ជូននោះអាចនឹងត្រូវបានទទួលការចោទប្រកាន់។
ខ្ញុំសូមលើកឧទាហរណ៍មួយទៀត៖ ម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារដែលខ្លួនដំណើរការអាជីវកម្មធម្មតា ហើយមានមនុស្សចូលទៅស្នាក់នៅ និងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់នោះ ប៉ុន្តែម្ចាស់ផ្ទះសំណាក់ពុំបានដឹងទេ ក្នុងករណីនេះ នៅពេលសមត្ថកិច្ចប្រតិបត្តិការចាប់បានជនល្មើសនៅក្នុងផ្ទះសំណាក់នោះគឺម្ចាស់ផ្ទះពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសទេ។
ប៉ុន្តែក្នុងករណីដែលសមត្ថកិច្ចរកឃើញ និងមានភ័ស្តុតាងរឹងមាំថា ម្ចាស់ផ្ទះបានដឹងថាមនុស្សមួយក្រុមនោះចូលទៅដើម្បីប្រើប្រាស់គ្រឿងញៀនហើយ (ឧទាហរណ៍៖ ម្ចាស់ផ្ទះសំណាក់បានឃើញមនុស្សមួយក្រុមនោះមានកាន់ទុយោ ដបទឹក ឬកាន់កញ្ចប់គ្រឿងញៀន ដោយអាចឲ្យខ្លួនអាចពិចារណាថា មនុស្សនោះចូលទៅដើម្បីប្រើប្រាស់គ្រឿងញៀន) ប៉ុន្តែខ្លួននៅតែអនុញ្ញាតឲ្យចូលទៀត នោះម្ចាស់ផ្ទះអាចរងពីបទសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សរុបមកបទល្មើសគ្រឿងញៀនមានលក្ខណៈពិសេសត្រង់ថា ពុំមានបទលើ្មសគ្រឿងញៀនដោយអចេតនានោះទេ គឺគ្រប់ការកំណត់ថា ជនណាម្នាក់មានទោសអំពីបទល្មើសគ្រឿងញៀន គឺត្រូវតែរកឲ្យឃើញថា ជននោះបានប្រព្រឹត្តទង្វើល្មើសនោះដោយចេតនា។
ការកំណត់អំពីចេតនានៃបទល្មើសគ្រឿងញៀននេះដែរគឺត្រូវបានការពារដោយអនុសញ្ញារបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ និងសារធាតុដែលធ្វើឱ្យប៉ះពាល់ ប្រព័ន្ធសរសៃប្រសាទឆ្នាំ ១៩៨៨ និងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិខាងលើនេះ ឆ្នាំ ២០០៥។
នៅក្នុងមាត្រា ៣ នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ និងសារធាតុដែលធ្វើឱ្យប៉ះពាល់ប្រព័ន្ធសរសៃប្រសាទឆ្នាំ ១៩៨៨ បានចែងថា “ភាគីនីមួយៗត្រូវអនុម័តនូវវិធានផ្សេងដែលមានលក្ខណៈចាំបាច់ដើម្បីកំណត់ឲ្យលក្ខណៈបទល្មើសព្រហ្មទណ្ឌទាំងឡាយ អនុលោមតាមច្បាប់ក្នុងប្រទេសរបស់ខ្លួន ពេលដែលអំពើបានប្រព្រឹត្តដោយចេតនា”។
ជាចុងក្រោយខ្ញុំបាទសូមស្នើសុំឲ្យពលរដ្ឋទាំងអស់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនដោយរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនៅរាល់ពេលដែលបានជួបប្រទះ ឬមានការសង្ស័យថា មានការប្រព្រឹត្តបទលើ្មសគ្រឿងញៀននៅទូទាំងប្រទេស៕