ជម្លោះ​ដែល​ឈានដល់​ការប្រើ​អំពើហិង្សា ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ ឬ​របួស​ពី​ភាគី​ម្ខាង​ទៅ​ភាគី​ម្ខាង តើ​ត្រូវ​ពាក់ព័ន្ធ​បញ្ហា​ផ្លូវច្បាប់ ដែល​តម្រូវ​ឱ្យ​ភាគី​បង្ក​ផ្តល់​សំណង​ជំងឺ​ចិត្ត​ ឬ​ជាប់​ទោសទណ្ឌ​ក្នុង​ពន្ធនាគារ​កម្រិតណា​?

ដើម្បី​បាន​ជ្រាប​ពី​បញ្ហា​នេះ ភ្នំពេញ ប៉ុស្ដិ៍ បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល មាន​ការិយាល័យ​នៅ​ផ្ទះ​លេខ ៤៥Eo ផ្លូវ​ ៩ ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖


ឧទាហណ៍​ថា លោក​ (​ក​) ​បាន​ចូល​វ៉ៃ​លោក​ (​ខ​) ​ស្លាប់​ក្នុង​បរិវេណ​ផ្ទះ​គាត់ ប៉ុន្តែ​ត្រូវ​ខាង​គ្រួសារ​លោក​ (​ក​) ​សម្រួល​សង​ជា​លុយ ដើម្បី​បញ្ចប់រឿង​។ ក្នុង​ករណី​ក្រៅពី​គ្រួសារ​លោក​ (​ខ​) ​មិន​ប្តឹង ហើយ​ក៏​មិន​ប្រគល់​សិទ្ធិ​ឱ្យ​នរណា​ប្តឹង​ជំនួស​ដែរ តើ​សមត្ថកិច្ច​អាច​ប្តឹង​ជំនួស​បាន​ទេ​?


យោង​ទៅ​តាម​អង្គហេតុ​ក្នុង​សំណួរ​ខាងលើ​ អំពើ និង​សកម្មភាព​នេះ វា​ចូល​ទៅ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​ ១៩៩ ហេតុដូច្នេះ​វា​នាំឱ្យ​កើត​មាន​នូវ​បណ្តឹងអាជ្ញា​។ ជាធម្មតា​នៅពេល​ដែល​បទល្មើស​មួយ ឬ​ច្រើន​ត្រូវ​បាន​ប្រព្រឹត្ត គឺ​តែងតែ​បង្ក​បច្ច័យ​អន្តរាយ​ដល់​សង្គម​ផង និង​ជនរងគ្រោះ​ផង​។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ត្រង់​មាត្រា​ ២ បាន​បញ្ញត្តិ​អំពី​បណ្តឹងអាជ្ញា និង​បណ្តឹង​រដ្ឋប្បវេណី​។


តើ​អ្វី​ទៅជា​បណ្តឹង​អាជ្ញា​?


បណ្តឹង​អាជ្ញា​៖ កាលណា​អំពើ​ដែល​ជា​បទល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង ក្នុង​សង្គម​ប្រាកដ​ជា​បង្ក​ឱ្យ​មាន​ភាពចលាចល​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ឬ​បង្ក​ភាពវឹកវរ​ដល់​សង្គម នោះ​អង្គការ​អយ្យការ​ដែល​ជា​ម្ចាស់​បណ្តឹងអាជ្ញា​តែ​មួយ​គត់​នឹង​ធ្វើការ​ចោទ​ប្តឹង​លើ​បុគ្គល​នោះ មិន​ថា រូបវន្តបុគ្គល​ក្តី ឬ​នីតិបុគ្គល​ក្តី ដោយ​គោរព​នូវ​គោលការណ៍​សមភាព​ចំពោះមុខ​ច្បាប់​។ ប្រភព​ដែល​នាំឱ្យ​មាន​បណ្តឹង​អាជ្ញា​រួមមាន​៖ បណ្តឹង​បរិហារ បណ្តឹងទាមទារ បណ្តឹង​សាមញ្ញ និង​បណ្តឹង​រដ្ឋប្បវេណី​។


ម្ចាស់​បណ្តឹងអាជ្ញា​ក៏​អាច​ចោទ​ប្តឹង​ដោយ​គ្មាន​បណ្តឹង​បាន​ផងដែរ នៅក្នុង​ករណី​ដែល​ខ្លួន​បាន​ដឹង​អំពី​អត្ថិភាព​នៃ​បទល្មើស​នោះ​ដោយ​ខ្លួនឯង​។ បណ្តឹងអាជ្ញា​មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស​ដោយ​បង្ហាញ​ឱ្យ​ឃើញ​ពិរុទ្ធភាព​នៃ​ជនល្មើស និង​ផ្តន្ទាទោស​ជននេះ​តាមច្បាប់​កំណត់​។ បណ្តឹងអាជ្ញា​អាច​ធ្វើ​បាន​តែ​ចំពោះមុខ​សាលា​ជម្រះក្តី​ព្រហ្មទណ្ឌ​តែមួយគត់​ដែល​ខុសគ្នា​ពី​បណ្តឹង​រដ្ឋប្បវេណី​។ មាត្រា ៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ក៏បាន​ចែង​ផង​ដែរ​អំពី​មូលហេតុ​នៃ​ការរលត់​បណ្តឹង​អាជ្ញា​មាន​ដូចជា​៖

-​មរណភាព​នៃ​ជនល្មើស​។

-​ការផុត​អាជ្ញាយុកាល​។

-​ការលើកលែង​ទោស​ជាទូទៅ​។

-​និរាករណ៍​នៃ​ច្បាប់​ព្រហ្មទណ្ឌ​។

-​អាជ្ញា​អស់ជំនុំ​។

ដូច្នេះ​ការសង​សំណង និង​ការដក​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី គឺ​មិន​នាំ​ឱ្យ​រលត់​បណ្តឹង​អាជ្ញា​ទេ​។ លើកលែង​តែ​ក្នុង​ករណី​ច្បាប់​ព្រហ្មទណ្ឌ​មាន​ចរិតលក្ខណ​ពិសេស​បាន​កំណត់​ជាក់លាក់​ថា “​ការដក​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជា​មូលហេតុ​នៃ​ការរលត់​បណ្តឹងអាជ្ញា​” ទើប​បណ្តឹង​អាជ្ញា​រលត់​។ ឧទាហរណ៍​៖ មាត្រា ៣៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ​បាន​ចែង​ថា “​ការចោទប្រកាន់​ជា​បទល្មើស ព្រហ្មទណ្ឌ​ពុំ​អាចធ្វើ​បានឡើយ បើ​មាន​សំណើ​ពី​ជនរងគ្រោះ​ជា​នីតិជន​ដោយ​បទល្មើស​នោះ​ជា​បទមជ្ឈិម​ស្រាល ឬ​បទលហុ​”​។

ដូច្នេះ​កាលណា​លក្ខខណ្ឌ​នេះ​ត្រូវបាន​បំពេញ នោះ​បណ្តឹង​អាជ្ញា​របស់​អង្គការ​អយ្យការ​ត្រូវតែ​រលត់​។ មូលហេតុ​នៃ​ការបញ្ញត្តិ​បែបនេះ​ដោយសារ​តែ​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ គឺ​ដើមហេតុ​បង្ក​កើត​ចេញ​ពី​បុគ្គល​ឯកជន​ហើយ​កាលណា​ជនរងគ្រោះ​អាច​ទទួល​យក​ការប្រើ​ហិង្សា​ (​សមរម្យ​) ​បែប​នេះ​ក្នុង​នាម​ជា​រដ្ឋ​មិន​គួរ​គប្បី​លូកដៃ​ចូលក្នុង​ទំនាក់ទំនង ឯកជន​បែប​នេះ​ទេ​។

ជម្លោះ​ដែល​ឈានដល់​ការប្រើ​អំពើហិង្សា ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ស្លាប់ ឬ​របួស​ពី​ភាគី​ម្ខាង ទៅ​ភាគី​ម្ខាង តើ​ត្រូវ​ពាក់ព័ន្ធ​បញ្ហា​ផ្លូវច្បាប់ ដែល​តម្រូវ​ឱ្យ​ភាគី​បង្ក​ផ្តល់​សំណង​ជំងឺ​ចិត្ត ឬ​ជាប់​ទោសទណ្ឌ​ក្នុង​ពន្ធនាគារ​ដែរឬ​ទេ​?

ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល មាន​ការិយាល័យ នៅផ្ទះ​លេខ ៤៥Eo ផ្លូវ ៩ ភូមិ​ត្រពាំងថ្លឹង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ចុះ​តើ​អ្វី​ទៅជា​បណ្តឹង​រដ្ឋប្បវេណី​?

បណ្តឹង​រដ្ឋប្បវេណី សំដៅលើ​បណ្តឹង​ដែល​ធ្វើ​ដោយ​ជនរងគ្រោះ ឬ​ដើម​បណ្តឹង​រដ្ឋប្បវេណី ឬ​សិទ្ធិ​វ័ន្ត​នៃ​ជនរងគ្រោះ ដើម្បី​ទទួល​ការជួសជុល​ព្យសនកម្ម​ផ្លូវកាយ ផ្លូវចិត្ត និង​សម្ភារ​។ បណ្តឹង​រដ្ឋប្បវេណី​មាន​គោលបំណង​ធ្វើឱ្យ​បាន​ជួសជុល​ការខូចខាត ដែល​បណ្តាល​មកពី​អំពើ​ល្មើស​ដល់​ភាគី​រងគ្រោះ ហើយ​ក្នុង​គោលបំណង​នេះ ឱ្យ​អ្នក​រងគ្រោះ​បានទទួល​សំណង​ជំងឺ​ចិត្ត​ធួន​ល្មម​នឹង​ព្យសនកម្ម​ដែល​ខ្លួន​បានទទួល​។

បណ្តឹង​រដ្ឋប្បវេណី អាច​ធ្វើឡើង​នៅមុខ​សាលា​ជម្រះ​ក្តី​ព្រហ្មទណ្ឌ​ជាមួយ​បណ្តឹងអាជ្ញា​ក៏បាន ឬ​ធ្វើឡើង​នៅមុខ​សាលា​ជម្រះក្តី​រដ្ឋប្បវេណី​តែម្តង​ក៏បាន ប៉ុន្តែ​ករណី​នេះ បណ្តឹង​រដ្ឋប្បវេណី​ត្រូវ​ព្យួរ​សិន​ដោយសារ​តែ​សេចក្តី​សម្រេច​នៃ​បណ្តឹង​ព្រហ្មទណ្ឌ​មាន​ឧត្តមភាព​ជាង​សេចក្តី​សម្រេច​នៃ​បណ្តឹង​រដ្ឋប្បវេណី ហើយ​តុលាការ​រដ្ឋប្បវេណី​សម្រេច​អំពី​សំណង​ដោយ​មិន​ពិនិត្យ​ទៅលើ​ចំណង​ហេតុផល​ទៀត​ឡើយ​គ្រាន់តែ​មាន​សេចក្តី​សម្រេច​ព្រហ្មទណ្ឌ​ស្ថាពរ​គឺ​គ្រប់គ្រាន់​។

ងាក​ទៅ​អង្គហេតុ​របស់​យើងវិញ ថ្វី​ដ្បិត​គ្រួសារ​លោក (​ខ​) ទទួល​ការសម្របសម្រួល​ទទួល​នូវ​សំណង​ពី​ក្រុមគ្រួសារ​លោក​ (​ក​) ក៏ដោយ ក៏​មិន​អាច​រំលត់​នូវ​បណ្តឹងអាជ្ញា​នោះដែរ ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​ប្រជាពលរដ្ឋ​ដែល​ដឹង​អំពី​បទល្មើស​នោះ​អាច​ប្តឹង​បរិហារ​ទៅ​អយ្យការ​ដើម្បីឱ្យ​បណ្តឹងអាជ្ញា​នោះ​មាន​ចលនា​ផងដែរ​។

ឧបមា​ថា​រឿងនេះ​ក្រោយ​កើតហេតុ​ ១ ឬ​ ២ ​ឆ្នាំ​ទើប​ដឹង​ដល់​សមត្ថកិច្ច​។ ដូច្នេះ​នគរបាល​អាច​ធ្វើ​កិច្ចការ​បាន​ទេ​? ​ខណៈ​លោក​ (​ក​) ​គេច​ខ្លួន​បាត់​ហើយ​នោះ​?

បើ​យោងតាម​មាត្រា​ ២ នៃ​ក្រមព្រហ្មទណ្ឌ​បានចែង​អំពី​ចំណាត់ថ្នាក់​នៃ​បទល្មើស​ដូចជា បទឧក្រិដ្ឋ បទមជ្ឈិម និង​បទលហុ​ហើយ​បទល្មើស​ទាំង​ ០៣ ​កម្រិត​នេះ សុទ្ធតែ​មាន​អាជ្ញាយុកាល​នៃ​បទល្មើស​ផ្សេងគ្នា​ដូចខាងក្រោម ៖

-១៥​ឆ្នាំ ចំពោះ​បទឧក្រិដ្ឋ

-០៥​ឆ្នាំ ចំពោះ​បទមជ្ឈិម

-០១​ឆ្នាំ ចំពោះ​បទលហុ

ជា​គោលការណ៍ អាជ្ញាយុកាល​នៃ​បទល្មើស​ចាប់​រាប់​ពី​ពេល​ដែល​ជនល្មើស​បាន​ប្រព្រឹត្ត​បទល្មើស​ទៅ​។ បើ​ផ្អែក​ទៅតាម​អង្គហេតុ​ដែល​បាន​ផ្តល់​ឱ្យ​គឺជា​បទល្មើស​ឃាតកម្ម​ដែលមាន​ចែង​ក្នុង​មាត្រា​ ១៩៩ ​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់ បទឧក្រិដ្ឋ ដែល​មាន​អាជ្ញាយុកាល​ ១៥ ​ឆ្នាំ ហេតុដូចនេះ​បើទោះបី​ជា​រំលង​ទៅបាន ០១ ​ឬ​ ០២ ​ឆ្នាំ ទើប​ដឹង​ដល់​សមត្ថកិច្ច​ក៏ដោយ​ក៏​មន្ត្រី​​នគរបាល​យុត្តិធម៌​នៅតែ​អាចធ្វើ​កិច្ចការ​បានដែរ បើទោះបីជា លោក​ (​ក​) ​គេចខ្លួន​បាត់​ក៏ដោយ​។

ករណី​នេះដែរ ហេតុការណ៍​កើតឡើង​ ១ ​ឆ្នាំ​កន្លង​មកហើយ ហើយ​ភាគី​ជនរងគ្រោះ​ទើបតែ​ប្តឹង តើ​អាច​បានទេ​?

ល្គឹក​ណា​មិនទាន់​ផុត​អាជ្ញាយុកាល​នៃ​បទល្មើស ព្រះរាជអាជ្ញា មន្ត្រីនគរបាល​យុត្តិធម៌ ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍ ជនរងគ្រោះ ឬ​ដើមបណ្តឹង​រដ្ឋប្បណី នៅតែ​អាច​ប្តឹង​បាន​ដដែល​៕