ជាទូទៅ​ការចេញ​ច្បាប់​អ្វីមួយ​តែងតែ​មាន​វត្ថុបំណង​ឱ្យ​ស្ថាប័ន​​ ឬ​អ្នកពាក់ព័ន្ធ​គោរព​ដោយ​ឈរលើ​មូលដ្ឋាន​គតិយុត្ត​។ ​ចុះ​ច្បាប់​​ស្ដីពី​ម៉ាក​ពាណិជ្ជកម្ម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ត្រូវអនុវត្ត​ទៅលើ​អ្វីខ្លះ​? ​ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ ប៉ុស្ដិ៍ បាន​សម្ភាស​ជាមួយ​លោក​មេធាវី ខាន់ ច័ន្ទកូលិច ជា​ប្រធាន​ការិយាល័យ​មេធាវី​មហិ ស្សរា​ និង​ជា​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ​ ២២៩ ​បេ​ផ្លូវ ២៧១ ​សង្កាត់​ទឹកល្អក់​ទី​ ១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

តើ​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម​ និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ប្រើ​បាន​ទៅ​លើ​ជំនួញ​ប្រភេទ​ណាខ្លះ​?


ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម​ និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ប្រើ​បាន​ទៅ​លើ​គ្រប់​ប្រភេទ​នៃ​ជំនួញ​ទាំង​ជំនួញ​ខ្នាតតូច ខ្នាត​មធ្យម និង​ខ្នាត​ធំ​។


ប្រសិន​បើ​កម្មសិទ្ធិ​បញ្ញា​ទាំងនោះ​មិន​ត្រូវបាន​ការពារ​ដោយ​ច្បាប់​នោះទេ​តក្កកម្ម​នឹង​បាត់បង់​ទៅ​គូប្រកួត​ប្រជែង​ធំៗ​ដែល​មាន​ការប្រកួតប្រជែង​ក្នុង​ការធ្វើ​អាជីវកម្ម​លើ​ផលិតផល​ ឬ​សេវា​ក្នុងតម្លៃ​ទាប​ដែល​ធ្វើឱ្យ​តក្កករ ​ឬ​ម្ចាស់​ដើម​មិន​ទទួល​បាន​អត្ថប្រយោជន៍​ ឬ​តម្លៃ​តបស្នង​ពី​ការបង្កើត​ថ្មី​របស់​ខ្លួន​នោះទេ​។ ​


កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​សមស្រប​សម្រាប់​ពាណិជ្ជករ​ ឬ​វិនិយោគិន​ជា​ជំហាន​ដ៏សំខាន់​ក្នុង​ការកំណត់​អំពី​ការរំលោភបំពាន​ និង​ការប្រែក្លាយ គំនិត ទៅជា​ទ្រព្យ​អាជីវកម្ម​ដែលមាន​តម្លៃ​។ ​ការទាញ​ផលប្រយោជន៍​ពេញលេញ​ពី​ប្រព័ន្ធ​ការពារ​កម្មសិទ្ធិបញ្ញា​អាច​ធ្វើឱ្យ​ពាណិជ្ជករ​ ឬ​វិនិយោគិន​ទទួលបាន​ចំណូល​ពី​ការបង្កើត​ថ្មី​ និង​ការច្នៃប្រឌិត​របស់ខ្លួន​ដែលជា​ការលើកទឹកចិត្ត​ និង​បង្កើន​មូលធន​ដល់​ការស្រាវជ្រាវ និង អភិវឌ្ឍន៍​ដោយ​មាន​ផលិតផល​ ឬ​សេវា​ថ្មីៗ​ជាច្រើន​ដែល​ការពារ​ក្រោម​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​កម្មសិទ្ធិបញ្ញា​។


តើ​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម​ និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​បាន​ការពារ​ផលប្រយោជន៍​ដល់​ពាណិជ្ជករ​ ឬ​វិនិយោគិន​បែប​ណា​?


ច្បាប់​នេះ​បាន​ការពារ​ផលប្រយោជន៍​ដល់​ពាណិជ្ជករ និង​វិនិយោគិន​ដូចជា​៖

- បង្ការ​គូប្រកួត​ប្រជែង​ពី​ការចម្លង​ និង​ធ្វើ​ត្រាប់​តាម​ផលិតផល​របស់ខ្លួន

- ចៀសវាង​ការចំណាយ​ថវិកា​ខ្ជះខ្ជាយ​លើ​ការស្រាវជ្រាវ​ និង​ការផ្សព្វផ្សាយ​លើ​ទីផ្សារ

- បង្កើត​អត្តសញ្ញាណ​សហគ្រាស​តាមរយៈ​ម៉ាក

- ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​ ឬ​ការផ្ទេរសិទ្ធិ​ផ្សេងៗ​នៃ​កម្មសិទ្ធិ​បញ្ញា

- បង្កើត​តម្លៃ​ទីផ្សារ​របស់ខ្លួន

- ទទួល​បាន​មូលធន​ និង​ហិរញ្ញប្បទាន

- អាច​ពង្រីក​ទៅកាន់​ទីផ្សារ​ថ្មី​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​​សប្ដាហ៍​ក្រោយ​)