តាមច្បាប់​តើ​អ្នក​ដែល​សម្លាប់​មនុស្ស​ដោយ​អចេតនា​ ឬ​សម្លាប់​មនុស្ស​ដោយ​ច្រឡំ ត្រូវ​ផ្តន្ទាទោស​យ៉ាងដូចម្តេច​? ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី ផុន ធារិន បម្រើការ​នៅ​ក្រុមហ៊ុន​មេធាវី​ អិល ប៊ីអិល មាន​ការិយាល័យ​ផ្ទះ​លេខ​ ១០ ផ្លូវ ១០៥ ភូមិ​បាក់ទូក សង្កាត់​ទួលសង្កែ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

មាន​ករណី​ចោរឆក់​កាបូប​ជនរងគ្រោះ​ម្នាក់ ប៉ុន្តែ​ចោរ​នោះ​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​។ ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មកពី​ក្រោយ ធ្វើឲ្យ​ម្ចាស់​កាបូប​យល់​ថា ជា​បក្ខ​ពួកចោរ​ហើយ​វាយ​បុរស​ម្នាក់​នោះ​ស្លាប់​។ ប៉ុន្តែ​ក្រោយពី​សមត្ថកិច្ច​ស្រាវជ្រាវ​មក​ទើប​ដឹងថា ជនរងគ្រោះ​មិនមែន​ជា​បក្ខពួក​ចោរ​ទេ​។ ករណី​នេះ តើ​អ្នកប្រព្រឹត្ត​នឹង​មាន​ទោស​ដែរ​ទេ ព្រោះ​គាត់​សម្លាប់​ច្រឡំ​?


អំពើ​ឆក់​នៅ​តាម​ដងផ្លូវ​សាធារណៈ​ជារឿយៗ​បាន​បណ្តាល​ឲ្យ​ជនរងគ្រោះ រងរបួស​ស្រាល-ធ្ងន់ ឬ​ស្លាប់​ក៏មាន​។ មហាជន ឬ​ជនរងគ្រោះ​មាន​កំហឹង​នឹង​ជនបង្ក​ដែល​នៅពេល​ចាប់​ជនបង្ក​បាន​ម្តងៗ​តែងតែ​ត្រូវ​មហាជន​​ ឬ​ជនរងគ្រោះ​ស្វាគមន៍​ឡើង​ចាស់ដៃ​ដោយ​ការវាយដំ ទាត់​ធាក់​ជាដើម​ធ្វើឲ្យ​ជនបង្ក​នោះ​រងរបួស​យ៉ាង​ដំណំ ឬ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាមៗ​ក៏មាន​។


យើង​ត្រឡប់​មក​សំណួរ​ខាងលើ​វិញ​ក្នុង​ករណី​នេះ​អ្នកប្រព្រឹត្ត​នឹង​ត្រូវ​ចោទប្រកាន់ និង​ផ្តន្ទាទោស​ពី​បទ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​។ យោងតាម​មាត្រា ២២៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ (​ប្រាំពីរ​)​ឆ្នាំ ទៅ​ ១៥ (​ដប់​ប្រាំ​) ​ឆ្នាំ​កាលបើ​អំពើ​នេះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ដោយ​គ្មាន​ចេតនា​សម្លាប់​។


តើ​តុលាការ​សំអាង​ទៅ​លើ​ហេតុផល​អ្វី ដើម្បី​ដាក់ទោស​ទៅលើ​ម្ចាស់​កាបូប​នោះ ព្រោះ​គាត់​សម្លាប់​មនុស្ស​ច្រឡំ​?


តាម​អង្គហេតុ តុលាការ​ពិនិត្យ​ឃើញ​ថា​ជនរងគ្រោះ​មិន​បាន​ប្រើប្រាស់​អាវុធ ឬ​តបត​ជាមួយ​ម្ចាស់​កាបូប​ឡើយ​។ ម្ចាស់​កាបូប​លុយ​បាន​ដាក់​ការសង្ស័យ និង​សន្មត​ទាំងស្រុង​ថា ជនរងគ្រោះ​ជា​បក្ខពួក​ចោរ និង​បង្កើត​បង្ក​ជា​អំពើ​ហិង្សា​លើ​ជនរងគ្រោះ​រហូត​ដល់​ជនរងគ្រោះ​ស្លាប់​ដែល​ជា​សំអាង​ហេតុ​មួយ​ធ្វើឲ្យ​តុលាការ​អាច​ចោទប្រកាន់ និង​ផ្តន្ទាទោស​ម្ចាស់​កាបូប​នោះ​។


បើ​យើង​និយាយ​ពី​ការប្រើ​អំពើហិង្សា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ដោយ​ខ្លួន​មិនមែន​ជា​សមត្ថកិច្ច ទោះបី​ជា​ខ្លួន​ជា​សមត្ថកិច្ច​ដែលមាន​តួនាទី​ក្នុង​ការបង្ក្រាប​បទល្មើស​ក៏ដោយ ក៏​ខ្លួន​គ្មាន​សិទ្ធិ​ក្នុង​ការប្រើ​អំពើហិង្សា​ក្នុង​រូបភាព​ណាមួយ ចំពោះ​ជនសង្ស័យ​ណា​ម្នាក់​ឡើយ​មាន​តែ​ស្ថាប័ន​តុលាការ​ប៉ុណ្ណោះ ដែល​អាច​ប្រកាស និង​ដាក់ទោស​ជន​ប្រព្រឹត្ត​បទល្មើស​ទៅតាម​ច្បាប់​កំណត់​។ គ្មាន​បញ្ញត្តិ​ណាមួយ​ដែល​អនុញ្ញាត​ឲ្យ​ជនណាម្នាក់​ប្រើ​ហិង្សា ឬ​ធ្វើ​ទារុណកម្ម​ទោះបី​ជា​ជន​នោះ​ជា​ជនសង្ស័យ ជនជាប់ចោទ ពិរុទ្ធជន ឬ​ទណ្ឌិត​ក៏ដោយ​។

យោង​តាម​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា​ច្បាប់​រ៉ាប់រង​មិន​ឲ្យ​មាន​ការរំលោភបំពាន​លើ​រូបរាងកាយ​បុគ្គល​ណាមួយ​ឡើយ​។ យោងតាម​មាត្រា ៦ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា គា្មន​ទោស​ណាមួយ​ដែល​ត្រូវ​យកមក​អនុវត្តបាន​ឡើយ ប្រសិន​បើ​ទោស​នោះ មិន​ត្រូវ​បានប្រកាស​ដោយ​តុលាការ​។

ចុះ​បើ​ជនជាប់ចោទ​សារភាព​ថា គាត់​ពិតជា​បាន​វាយ​សម្លាប់​ជនរងគ្រោះ​មែន ហើយ​គាត់​មាន​សាក្សី​ជា​សំអាង​បន្ថែម​ដល់​តុលាការ តើ​តុលាការ​នឹង​បន្ថយទោស​ដល់​គាត់​ខ្លះ​ទេ​?

ជា​គោលការណ៍​ច្បាប់​ស្ថាន​សម្រាលទោស តុលាការ​នឹង​អាច​ពិចារណា​បាន​ទៅ​លើ​បុគ្គលិក​លក្ខណៈ​នៃ​ជន​ជាប់ចោទ​ដែល​បាន​សារភាព​ររៀបរាប់​អង្គហេតុ​ពិត​ទៅ​តុលាការ​តាម​ដំណាក់កាល​នៃ​នីតិវិធី និង​តុលាការ​អាច​នឹង​សាកសួរ​បញ្ជាក់​ពី​សាក្សី​ដែល​មាន​ប្រយោជន៍ ហើយ​តុលាការ​ជឿជាក់​បាន​ថា ជនជាប់ចោទ​នេះ​ពិតជា​មនុស្ស​ស្លូតត្រង់ ហើយ​ការប្រព្រឹត្ត​កើតចេញ​ពី​កំហឹង​មួយពេល​។

យោង​តាម​មាត្រា ៩៣ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា កាលណា​កាលៈទេសៈ​នៃ​បទល្មើស ឬ​បុគ្គលិក​លក្ខណៈ​នៃ​ជនជាប់ចោទ​តម្រូវ​តុលាការ​អាច​សម្រេច​ឲ្យ​ជនជាប់ចោទ​បាន​ទទួល​នូវ​ស្ថានសម្រាលទោស​។ ចំពោះ​ស្ថានសម្រាល​ទោស​ដល់​ជនជាប់ចោទ​តុលាការ​នឹង​អនុវត្ត​ចំពោះ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ត្រូវ​បន្ថយ​តាម​ខ្នាត​ដែល​មានចែង​ក្នុង​មាត្រា ៩៥ និង​ ៩៦ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

តើ​ហេតុអ្វី​បាន​ជា​ច្បាប់​តម្រូវ​ផ្តន្ទាទោស​ម្ចាស់​កាបូប​លុយ​នោះ​បើ​អំពើ​ប្រព្រឹត្ត​របស់គាត់​នោះ​ជា​អំពើ​អចេតនា​?

ជាគោលការណ៍​រាល់​អំពើ​ដែល​បង្កើត​ជា​បទល្មើស​នៅពេល​ដែល​អំពើ​នោះ មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​នោះ​ច្បាប់​ព្រហ្មទណ្ឌ​នឹង​ត្រូវ​យក​មក​អនុវត្ត​។ ក្នុង​ន័យ​នេះ​ច្បាប់​ព្រហ្មទណ្ឌ​មាន​គោលដៅ​សំខាន់​ដើម្បី​គ្រប់គ្រង​ស្ថិរភាព​សង្គម បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នានា​ដែល​នៅលើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ចំពោះ​អង្គហេតុ​ខាង​លើ​ម្ចាស់​កាបូប​មិន​មាន​ចេតនា​សម្លាប់​ជនរងគ្រោះ​ឡើយ​តែ​ម្ចាស់​កាបូប​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ជ្រុលដៃ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​។ ទោះបី​ការប្រព្រឹត្ត​អំពើហិង្សា​ជ្រុលដៃ​ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ក៏ដោយ ម្ចាស់​កាបូប​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​ទង្វើ​របស់​ខ្លួន​តាម​មាត្រា​ ២២៤ ​ដែល​ក្រមព្រហ្មទណ្ឌ​បាន​បញ្ញត្តិ​រួច​មក​ហើយ​៕