តាមច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់ឲ្យមានប័ណ្ណបើកបរម៉ូតូ តែចំពោះម៉ូតូមានទំហំស៊ីឡាំងម៉ាស៊ីនពី ១២៥ សេសេ (cc) ឡើងប៉ុណ្ណោះ រីឯកម្រិតក្រោមនោះមិនតម្រូវឡើយ។
ប៉ុន្តែបញ្ហាគ្រោះថ្នាក់ត្រូវបានក្រសួងមហាផ្ទៃ និងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងរឿងនេះរកឃើញថា អ្នកស្លាប់ភាគច្រើនគឺអ្នកបើកបរម៉ូតូមានកម្លាំងម៉ាស៊ីនទាបជាង ១២៥cc ដែលគ្មានប័ណ្ណបើកបរ។
ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក គង់ សុវណ្ណ ជាទីប្រឹក្សាជំនាញ និងជាអនុប្រធានក្រុមកម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលមានខ្លឹមសារដូចខាងក្រោម ៖
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍មានអ្នកដំណើរស្លាប់យ៉ាងតិចពី ៥ ទៅ ៦ នាក់ក្នុង ១ ថ្ងៃ។ តើគ្រោះថ្នាក់នេះភាគច្រើនជាអ្នកប្រើប្រាស់ម៉ូតូ ថ្មើរជើងឬក៏អ្នកបើកបរយានយន្ត?
ករណីគ្រោះថ្នាក់ចរាចរណ៍បើតាមការសិក្សាបានបង្ហាញថា អ្នកប្រើប្រាស់ម៉ូតូស្លាប់មានច្រើនលើសលប់ជាងអ្នកប្រើប្រាស់យានដទៃទៀត។ អ្នកប្រើប្រាស់ម៉ូតូដែលស្លាប់បានកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ។ នៅឆ្នាំ ២០១៧ អ្នកបើកបរម៉ូតូគ្រោះថ្នាក់ស្លាប់មាន ៧៩ ភាគរយ និងអ្នករួមដំណើរតាមម៉ូតូមាន ២១ ភាគរយ។ ប្រៀបធៀបនឹងឆ្នាំ ២០១៦ អ្នកបើកបរម៉ូតូគ្រោះថ្នាក់ស្លាប់កើន ១២៨ នាក់។
ការបើកបរម៉ូតូហួសល្បឿនកំណត់គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់មាន ៣៣ ភាគរយ បន្ទាប់មកបើកបរវ៉ាជែង ១៦ ភាគរយ ការបើកបរបញ្ច្រាសទិស ១៦ ភាគរយ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ១៤ ភាគរយ។ ចំណុចគួរឱ្យកត់សម្គាល់គឺ ៧៣ ភាគរយនៃអ្នកបើកបរម៉ូតូដែលបង្កគ្រោះថ្នាក់អាយុចន្លោះពី ១៥-៣៩ ឆ្នាំ។
លោកថាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនជាអ្នកប្រើប្រាស់ម៉ូតូ ប៉ុន្តែរាជរដ្ឋាភិបាលបានអនុគ្រោះ ឬលើកលែងចំពោះអ្នកប្រើម៉ូតូកម្លាំងក្រោម ១២៥CC ដោយមិនចាំបាច់មានប័ណ្ណបើកបរ។ តើចំណុចនេះអាចជាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដែរទេ?
តាមច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា ៨ ថ្មីចែងអំពីប័ណ្ណបើកបរដោយកំណត់ឱ្យមានប័ណ្ណតែអ្នកបើកបរយានណាមានទំហំស៊ីឡាំងលើសពី ១២៥CC ឡើងទៅ រីឯចាប់ពី ១២៥CC ចុះក្រោមមិនតម្រូវឱ្យមានប័ណ្ណបើកបរឡើយ តែត្រូវមានអាយុយ៉ាងតិច ១៥ ឆ្នាំដោយមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់។
អ្វីដែលគួរឱ្យកត់សម្គាល់គឺអ្នកបើកម៉ូតូដែលមានទំហំស៊ីឡាំងចាប់ពី ១២៥CC ចុះភាគច្រើនគឺធ្វើចរាចរណ៍លើផ្លូវរាល់ថ្ងៃ ហើយក្នុងតំបន់មួយចំនួនធំ ឪពុកម្តាយតែងឱ្យកូនៗដែលមានអាយុមិនទាន់គ្រប់ ១៥ ឆ្នាំបើកបរទៅសាលារៀន ឬទីជិតទីឆ្ងាយក្លាយជាទម្លាប់ទៅហើយ។ រីឯការរឹតបន្តឹងអនុវត្តច្បាប់លើអាយុអ្នកបើកបរក៏ដូចជាមិនទាន់បានទូលំទូលាយដែរ។
ក្នុងឆ្នាំ ២០១៧ គ្រោះថ្នាក់កើតឡើងចំពោះអ្នកប្រើប្រាស់ម៉ូតូមានស៊ីឡាំងធំជាង ១២៥CC មានជនរងគ្រោះសរុប ១៣០ នាក់។ គេបានកត់ត្រាថាក្នុងចំណោមអ្នកបើកបរម៉ូតូធំដែលជួបគ្រោះថ្នាក់ ៧០ នាក់ដែលច្បាប់តម្រូវឲ្យមានប័ណ្ណបើកបរគឺមានត្រឹមតែ ៥ នាក់ប៉ុណ្ណោះ រីឯ ១៥ នាក់ទៀតមិនដឹងថាមាន ឬគ្មាន។ យ៉ាងណាក៏ដោយអត្រាមានប័ណ្ណបើកបរគឺមានកម្រិតទាបនៅឡើយ។
តាមរបាយការណ៍ចំនួនជនរងគ្រោះដល់ជីវិតភាគច្រើនគឺជាអ្នកប្រើប្រាស់ម៉ូតូ។ ម្យ៉ាងម៉ូតូគឺជាមធ្យោបាយដ៏សំខាន់ និងមានច្រើននៅកម្ពុជាយើង។
ដូច្នេះដើម្បីទប់ស្កាត់ និងស្តារស្ថានភាពឲ្យប្រសើរឡើងតើលោកយល់ថាគួរធ្វើយ៉ាងម៉េច?
ខ្ញុំយល់ថាស្ថាប័នពាក់ព័ន្ធបានពង្រឹងយន្តការអប់រំហើយ ប៉ុន្តែពេលដែលការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍មិនទាន់បានទូលំទូលាយនោះ ការយល់ដឹងរបស់អ្នកប្រើប្រាស់ផ្លូវនៅមានកម្រិតនៅឡើយ។ ការបើកបរនៅប្រព្រឹត្តតាមទម្លាប់ ហើយឥរិយាបថខុសឆ្គងជាច្រើនកំពុងបន្តដែលនាំឲ្យប្រឈមនឹងហានិភ័យគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះដែរបច្ចុប្បន្នមិនទាន់ឃើញមានស្ថាប័ន ឬអង្គភាពណាទទួលបានជោគជ័យក្នុងការប្រមូលឲ្យអ្នកបើកបរម៉ូតូមកចូលរៀនដោយស្ម័គ្រចិត្តបាននៅឡើយទេ។
ជាការពិតណាស់អ្នកបើកបរគួរទទួលបានការបង្ហាត់បង្រៀនឲ្យយល់ និងចេះបើកបរតាមគម្រោង ឬកម្មវិធីជាក់លាក់ផ្សេងៗដែលមានលក្ខណៈជាតម្រូវចាំបាច់។
ធ្វើដូចនេះអ្នកបើកបរនឹងមានចំណេះដឹងអំពីបញ្ញត្តិច្បាប់ចរាចរណ៍ផ្លូវគោកអំពីស្លាកសញ្ញាចរាចរណ៍ និងពិសេសការយល់ដឹងពីឥរិយាបថបើកបរដែលនាំឲ្យមានសុវត្ថិភាព។
ចុះពេលនេះមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ យ៉ាងម៉េចដែរទៅលើអ្នកធ្វើដំណើរ?
ក្នុងពេលដែលការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅមានកម្រិត នោះហើយជាមូលហេតុចម្បងដែលនាំឱ្យអ្នកបើកបរមិនយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួននោះ។ យុទ្ធនាការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគួរត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់មកគឺអនុវត្តដោយហ្មត់ចត់ និងមានតម្លាភាព។
ក្នុងពេលដែលផ្លូវថ្នល់ទទួលបានការកសាងថ្មី ឬកែលម្អឱ្យបានប្រសើរជាងមុននោះ ការធ្វើដំណើរក៏បានងាយស្រួលជាងមុនដែរ។ ការពង្រឹងបរិក្ខារ និងប្រព័ន្ធសុវត្ថិភាពផ្លូវថ្នល់ក៏ជាចំណែកចូលរួមមួយដ៏សំខាន់មិនអាចខ្វះបានផងដែរដើម្បីបញ្ចៀសការប្រឈមធ្ងន់ធ្ងរទៅនឹងគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់ម៉ូតូ។
នាពេលកន្លងមកអង្គការវាយតម្លៃ និងលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់អន្តរជាតិ (iRAP) បានសហការផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស អនុវត្តវិធីសាស្ត្រអង្កេតអំពីកម្រិតផ្សាយពីសុវត្ថិភាពផ្លូវថ្នល់ និងដាក់ចេញនូវគម្រោងប្រកបដោយកម្រិតសុវត្ថិភាព និងផលចំណេញសេដ្ឋកិច្ចកម្រិតខ្ពស់ផងដែរ។
តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយក្រុមការងារបានអង្កេតដងផ្លូវដែលមានប្រវែងរហូតដល់ជាង ៥៥០ គីឡូម៉ែត្រ៕