​ភ្នំពេញៈ ទីផ្សារ​ផ្លែ​មៀន​កម្ពុជា​បានបង្ហាញ​ភាព​វិជ្ជមាន​គួរឱ្យ​កត់​សម្គាល់ ដោយ​ក្នុង​ឆ្នាំ​ ​២០២៣ កន្លងមក​ការនាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេចបាន​ជាង ១៧ ​ពាន់​តោន កើន​ជិត ៥០០​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​ចំនួន ១៧ ៤៩៧,៣៩​ តោន កើនឡើង ៤៥៤,៥៩ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ ទោះយ៉ាងណា ទិន្នន័យ​មិនបាន​បង្ហាញ​បរិ​មាណ​នាំចេញ​ផ្លែ​មៀន​ក្រៀម​នោះឡើយ​។​


​ទិន្នផល និង​តម្លៃ​ផ្លែ​មៀន​មាន​ភាពល្អប្រសើរ​ក្នុង​ឆ្នាំ​ ២០២៣


​លោក ភ​ត់ សុផាន់​បូរី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ពេជ្រ​ចិន្តា ហ្រ្វូ​ត​ប្រូ​ដាក់​សិន ភី​អែ​ហ្វ​ភី ដែលជា​ក្រុមហ៊ុន​ប្រមូល​ទិញ និង​វេច​ខ្ចប់​ផ្លែ​មៀន​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ខែមករា ថា ភាពអំណោយ​ផល​នៃ​កត្តា​អាកាសធាតុ ការពង្រីក​ផ្ទៃដី​ដាំ​ដុះ និង​បច្ចេកទេស បាន​ជួយ​ឱ្យ​ទិន្នផល និង​គុណភាព​ផ្លែ​មៀន​ក្នុង​ឆ្នាំ​ ២០២៣ មាន​ភាពប្រសើរ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ ជាមួយគ្នានេះ​តម្លៃ​ក៏​កើន​ខ្ពស់ជាង​មុន​ដែរ​។ លោក​បន្តថា ភាគច្រើន​ផ្លែ​មៀន​ស្រស់​កម្ពុជា​ត្រូវបាន​នាំទៅ​ប្រទេស​ចិន ថៃ និង​វៀតណាម ចំណែក​មៀន​ក្រៀម​នាំទៅ​ប្រទេស​ចិន ថៃ និង​ប្រទេស​នៅ​អារ៉ាប់​មួយចំនួន​។​


​លោក​បន្ថែមថា ភាព​ប្រទាក់ក្រឡា​គ្នា​ល្អ​រវាង​ម្ចាស់​ចម្ការ រោងចក្រ​កែច្នៃ​​វេច​ខ្ចប់ និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ជួយ​ឱ្យ​ទីផ្សារ​នាំចេញ​ផ្លែ​មៀន​កម្ពុជា​កាលពី​ឆ្នាំ ​២០២៣ មាន​ភាពល្អប្រសើរ​ដោយ​កើន​ទាំង​បរិមាណ​នាំចេញ និង​តម្លៃ​។​

​លោក​បាន​ថ្លែងថា​៖ «​ការនាំចេញ​ផ្លែ​មៀន​ទៅ​ទីផ្សារ​អន្តរជាតិ គឺមាន​ភាព​​ល្អប្រសើរ​ក្នុង​ឆ្នាំ​ ២០២៣​។ សម្រាប់​ក្រុមហ៊ុន​ខ្ញុំ គឺ​នាំចេញ​ទាំង​មៀន​ស្រស់ និង​មៀន​ក្រៀម ដោយមៀន​ស្រស់​នាំទៅ​ប្រទេស​ចិន ថៃ និង​វៀតណាម និង​មៀន​ក្រៀម នាំទៅ​ប្រទេស​ចិន ថៃ អា​រ៉ាប់​រួម និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយចំនួន​។ បច្ចុប្បន្ន​យើង​ក៏​កំពុង​ចរចា​លើ​បញ្ហា​របាំង​ភូតគាម​អនាម័យ បច្ចេក​​ទេស​ផ្សេងៗ​ដើម្បី​បើក​ច្រក​នាំ​ចេញទៅ​ប្រទេស​ជាច្រើន​ទៀត​»​។​

​ដូចគ្នា​ទៅនឹង​ទិន្នន័យ​នាំចេញ​របស់​ក្រសួងកសិកម្ម លោក សុផាន់​បូរី បាន​បញ្ជាក់ថា​៖ «​បើតាម​សង្កេត គឺ​ការនាំ​​ចេញ​មៀន​ស្រស់ និង​មៀន​ក្រៀម​កាល​ពី​អំឡុង​ឆ្នាំ​ ២០២៣ បាន​កើន​លើស​ឆ្នាំ​ ២០២២ ពី ៤-៥​ ដង​។ ប្រទេស​ចិន គឺជា​ទីផ្សារ​ធំជាងគេ​ដែល​ទទួល​ទិញ​មៀន​ពី​ប្រទេស​កម្ពុជា​»​។​

​ទោះបី​ផលិតកម្ម​ផ្លែ​មៀន​កំពុង​ស្ថិតនៅ​លើផ្លូវ​ល្អ និង​មាន​កំណើន​ការដាំដុះ ក៏ដោយ ក៏​លោក សុផាន់​បូរី អះអាងថា នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ដូច​ជា កត្តា​អាកាសធាតុ តម្លៃ​ដឹកជញ្ជូន​កើនឡើង កង្វះ​កម្លាំង​ពលកម្ម​(​ពេល​ប្រមូល​ផល និង​វេច​ខ្ចប់​) និង​លក្ខខណ្ឌ​ផ្លូវច្បាប់​សម្រាប់​ការនាំ​ចេញទៅ​ប្រ​ទេស​មួយចំនួន​។​

​លោក​បញ្ជាក់ថា​៖ «​ទិន្នផល​ផ្លែ​មៀន​ដែល​ត្រូវ​ប្រមូល​ផល​ក្នុង​ឆ្នាំ ​២០២៤ នេះ គឺ​អាចមាន​បរិមាណ​លើស​ឆ្នាំមុន ដោយសារ​ប្រជាកសិករ​ពង្រីក​ការដាំដុះ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក ហើយ​តម្លៃ​ក៏​អាច​ខ្ពស់ជាង​មុន​ដែរ​។ ទោះយ៉ាងណា​នេះ​គ្រាន់តែ​ការ​ព្យាករ​ប៉ុណ្ណោះ ព្រោះ​អ្វីៗ​ត្រូវ​រង់ចាំ​មើល​អា​​កាស​ធាតុ​ថា នឹងមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​គ្រប់គ្រាន់​ដែរឬទេ​?»​។​

​យោងតាម លោក សុផាន់​បូរី ទោះបី​គេ​អាច​កំណត់ពេល​សម្រាប់​ការ​​ប្រមូល​ផល ប៉ុន្តែ​ជាទូទៅ​ការប្រមូល​ផល​ផ្លែ​មៀន​ស្រស់​ត្រូវធ្វើឡើង ៣ ​ដង​ក្នុង ១​ ឆ្នាំ គឺ​នៅ​រដូវវស្សា រដូវប្រាំង និង​ចុងរដូវ​ប្រាំង​។ កាលពី​ឆ្នាំ​ ២០២៣ ផ្លែ​មៀន​ស្រស់​មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី ៣ ៣០០-៤ ៥០០​ រៀល​ក្នុង​ ១ ​គីឡូ​ក្រាម ចំណែក​មៀន​ក្រៀម ដែល​លក់​ផ្ទាល់​ទៅ​អ្នកបញ្ជា​ទិញ​នៅក្រៅ​ប្រទេស​គឺ​តម្លៃ​ជាង ៩ ​ដុល្លារ​។​

​លោក​លើកឡើង​ទៀតថា​៖ «​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​គុណ​ភាព និង​ជំរុញ​ការនាំចេញ​ផលិត​​ផល​ផ្លែ​មៀន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន ក្រុមហ៊ុន​របស់លោក ក៏មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​ក្នុង​ការដាំដុះ ការប្រើ​ជី​/​ថ្នាំ និង​ថែទាំ​ដើម​មៀន​ផងដែរ​»​។​

​ប្រធាន​សហគមន៍​កសិក​ម្ម​ផលិត​ផល​មៀន​ប៉ៃលិន លោក សួស ស៊ី​យ៉ា​ត បាន​និយាយថា ផលិតកម្ម​មៀន​កំពុង​ស្ថិតនៅ​លើផ្លូវ​វិជ្ជមាន ប៉ុន្តែ​អ្វីៗ​ក៏ត្រូវ​ពឹងផ្អែក​ទៅលើ​កត្តា​អាកាសធាតុ និង​ទីផ្សារ​ផងដែរ​។ ផលិតកម្ម​មៀន​កាល​ពី​ឆ្នាំ ​២០២៣ អាច​ចាត់ទុកថា​មាន​ភាព​ល្អ​ខ្លាំង​ទាំង​ការដាំដុះ គុណភាព និង​តម្លៃ​។ ជាទូទៅ​ការប្រមូល​ផល​ផ្លែ​មៀន គឺ​ចាប់ផ្តើម​ពី​ខែកញ្ញា​នៃ​ឆ្នាំ​នីមួយៗ រហូតដល់​ខែឧសភា ឆ្នាំ​បន្ទាប់​។ លោក​បន្តថា ប្រទេស​ចិន គឺជា​ទីផ្សារ​ធំ និង​អាច​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​កសិករ​ដាំ​មៀននៅ​កម្ពុជា​។ ក្រៅពី​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ចិន​ផ្លែ​មៀន​ស្រស់​ក៏ត្រូវ​បាន​នាំទៅ​ប្រទេស​ជិត​ខាង​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ឆ្នាំ ​២០២៤ នេះ​ខ្ញុំ​មិនទាន់​ហ៊ាន​ព្យាករ​ទេ ព្រោះ​បើតាម​ព័ត៌មាន​ស្តីពី​អាកាស​ធាតុ គឺ​ទិន្នផល​ផ្លែ​មៀន​អាច​ជួប​បញ្ហា​ដោយសារ​មិនមាន​ភ្លៀង​គ្រប់គ្រាន់​។ កង្វះ​ទឹក គឺ​មិន​ត្រឹមតែ​ធ្វើឱ្យ​ទិន្នផល និង​គុណភាព​ធ្លាក់ចុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹងធ្វើ​ឱ្យ​ការចំណាយ​របស់​ប្រជា​កសិករ​ខ្ពស់ជាង​មុន​ផងដែរ​»​។​

​កត្តា​អាកាសធាតុ​អាចដាក់​កម្រិត​លើ​ទិន្នផល​កសិកម្ម​ក្នុង​ឆ្នាំ​ ២០២៤

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធន​​ធាន​ទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ ​២០២៤ បានឱ្យដឹងថា បន្ទាប់ពី​ធ្វើការ​តាមដាន និង​ព្យា​ករ​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​សូម​ជូនដំណឹង​ដល់​សាធារណ​ជន​ឱ្យបាន​ជ្រាបថា ចាប់ពីពេលនេះ​ដល់​ខែឧសភា សីតុណ្ហភាព​នឹងមាន​ការប្រែប្រួល​ខ្លាំង ជាមួយនឹង​សី​តុ​ណ្ហ​ភាព​ក្តៅ​កើនឡើង​ខ្ពស់ជាង​មធ្យមភាគច្រើន​ឆ្នាំ និង​ក្តៅ​ជាង​ឆ្នាំ​ ២០២៣ ដោយ​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៧C និង​សីតុណ្ហភាព​អតិបរមា​ខ្ពស់បំផុត​រង្វង់ ៤១C នៅក្នុង​ខែមេសា និង​ដើមខែ​ឧសភា​។ ចំណែក​ភ្លៀង​កក់ខែ​អាចមាន​តិចតួច​ជាមួយគ្នា​នឹង​របប​ខ្យល់មូសុង​និរតី​ខ្សោយ​ធ្វើឱ្យ​រដូវវស្សា​ចាប់ផ្តើម​យឺត ​(​យឺត​ជាង​ឆ្នាំ​ ២០២៣)​។​

​យោង​លើ​ស្ថានភាព​នេះ ក្រសួង​ធន​​ធាន​ទឹក និង​ឧតុនិយម ស្នើឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​ចូលរួម​សហការ​ថែ​រក្សា​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។​

​ប្រទេស​ចិន គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ផ្លែ​មៀន​ស្រស់ និង​ក្រៀម​

​ទីផ្សារ​ផ្លែ​មៀន​ស្រស់​កម្ពុជា បានចាប់ផ្តើម​មាន​ភាព​ល្អប្រសើរ​តាំងពី​ចុងខែ​តុលា ឆ្នាំ​ ២០២២ ដោយ​អាជ្ញា​ធរ​ចិន​បានអនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​ផ្លែ​មៀន​ស្រស់​ជា​ផ្លូវការ​ទៅ​ទីផ្សារ​របស់ខ្លួន​។ មៀន​ស្រស់ គឺជា​ផ្លែឈើ​ទី ​៣ របស់​កម្ពុជា​ដែលមាន​ឱកាស​បង្ហាញ​វត្ត​មាននៅ​ទីផ្សារ​ប្រទេស​ចិន​បន្ទាប់ពី​ផ្លែស្វាយ និង​ចេក​។​

​ក្នុង​ពិធី​សម្ពោធ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ជា​ផ្លូវការ​ទៅ​ទីផ្សារ​ចិន កាលពី​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​ ២០២២ លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និយាយថា​៖ «​ការសម្រេចបាន​សិទ្ធិ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន គឺជា​ការបោះ​ជំហាន​ទៅមុខ​យ៉ាង​វែង​សម្រាប់​ផលិតផល​ក​សិ​​កម្ម​កម្ពុជា​។​

​យោងតាម​ស្ថិតិ​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម ក្នុង​ឆ្នាំ​ ២០២១ កម្ពុ​ជាមាន​ផលិតកម្ម​មៀន​ប៉ៃលិន ប្រមាណ​ជាង ១,៨ ម៉ឺន​ហិកតា និង​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជាង ១៣ ​ម៉ឺន​តោន ក្នុង ១ ​ឆ្នាំ​៕