ភ្នំពេញៈ ខណៈពេល​ដែល​បញ្ញា​សិប្បនិម្មិត (AI) បាន​នឹង​កំពុង​តែ​ចាប់​ផ្តើម​ពង្រីក​ខ្លួន​បន្តិចៗ​នៅ​កម្ពុជា ដូចជា នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ជាដើម មន្រ្តី​រដ្ឋាភិបាល​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីនេះ ​ច្រើន​ហួស​ហេតុ ឬ​ប្រើ​ក្នុង​ផ្លូវ​ខុស ដែល​អាច​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​បុគ្គល អង្គភាព និង​សង្គមជាតិ​ផងដែរ។


កម្មវិធី​បកប្រែ TranslateKh ជា​កម្មវិធី​ជំនួយ​ការ​ឆ្លាត​សម្រាប់​បកប្រែពាក្យ ឃ្លា ប្រយោគ ឬអត្ថបទ​ពី​ភាសាខ្មែរ ទៅ ភាសា​អង់គ្លេស និង​ពី​ភាសា​អង់គ្លេស ត្រឡប់មក​ភាសាខ្មែរ​វិញ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត AI និង​បច្ចេក​វិទ្យា​សិក្សា​ស៊ីជម្រៅ (Deep Learning) ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ក្នុង​វេទិកា​បញ្ញា​សិប្បនិម្មិត​កម្ពុជា​ ឆ្នាំ​២០២៤ ក្រោម​ប្រធាន​បទ “ស្វែងយល់​អំពី​នវានុវត្ត​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត និង កាលានុវត្តភាព​សម្រាប់​កម្ពុជា​នាពេល​អនាគត” នាថ្ងៃទី២៥ ខែវិច្ឆិកានេះ។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន កម្មវិធីនេះ ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​ទិន្នន័យ​ប្រមាណ​ជា ១៥​លាន​ឃ្លាប​កប្រែ ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​សន្ទនា​ទូទៅ និង​សារព័ត៌មានជាតិ-អន្តរជាតិ ព្រម​ទាំង​ទទួល​បាន​លទ្ធផល​តេស្ត​ប្រមាណ ៩៧​ភាគរយ​លើ​សុក្រឹត​ភាព​នៃ​លទ្ធផល​ផងដែរ។


នៅលើ​បណ្តាញ​សង្គម​ក៏​មាន​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត AI ដើម្បី​អាន​អត្ថបទ​ជា​ភាសាខ្មែរ​ផងដែរ។ ក្នុង​នោះ​មាន​សម្លេង​អាន​ជា​ស្រ្តី ដែល​ត្រូវ​បានគេ​ដាក់​ឈ្មោះ​ឱ្យ​ថា ស្រីមុំ និង​ជា​បុរស ឈ្មោះ ពិសិដ្ឋ។ ក្រៅពីនោះ នៅ​តាម​បណ្តា​ស្ថាប័ន​រដ្ឋ និង​ឯកជន​ខ្លះ ក៏​កំពុង​តែ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត AI ដើម្បី​អាន​អត្ថបទ​ជា​ភាសា​អង់គ្លេស ដើម្បី​បង្ហាញ ឬក៏ផ្សព្វ​ផ្សាយ​ពី​សកម្មភាព​របស់​ខ្លួន​ទៅ​ដល់​សាធារណជន។

ក្នុង​ការ​អាន​សម្លេងនេះ AI ក៏​អាច​បម្លែង​សម្លេង​ធម្មតា​មួយ ទៅ​ជា​សម្លេង​ដែល​បង្ហាញ​អារម្មណ៍​ខឹង (Angry) ទុក្ខ ព្រួយ (Sad)  ភ្ញាក់ផ្អើល (Surprised) ងឿងឆ្លល់ (Curious) និង​អារម្មណ៍​បែប​សុទិដ្ឋិនិយម (Optimistic) ជាដើម។ កាន់​តែ​ពិ​សេស​ជាង​នេះ​ទៅ​ទៀត​នោះ AI ក៏​អាច​ជួយ​ប្រែ​ក្លាយ​សម្លេង​ច្រៀង​ធម្មតា​មួយ ទៅ​ជា​សម្លេង​របស់​តារា​ចម្រៀង​ដ៏​ល្បី​ល្បាញ​ម្នាក់​ផងដែរ។


បញ្ញា​សិប្បនិម្មិត AI នៅ​មិន​ទាន់​មាន​ការ​ប្រើប្រាស់​ទូលំទូលាយ​នោះ​ទេ​នៅ​តាម​វិស័យ​នីមួយៗ​នៅ​កម្ពុជា ដូចជា​ក្នុង​វិស័យ​សារព័ត៌មាន​ជាដើម ខណៈ​ដែល​ប្រទេស​ក្នុង​តំបន់​ខ្លះ និង​នៅ​សហរដ្ឋ​អាមេរិក​ជាដើម បាន​កំពុង​តែ​ប្រើប្រាស់​បច្ចេកទេស AI ជា​ជំនួយ​នៅ​ក្នុង​បន្ទប់​ព័ត៌មាន (Newsroom) យ៉ាងច្រើន​ក្រាស់ក្រែល។

ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត AI ក៏​ត្រូវ​បាន​លើកឡើង​យ៉ាង​ច្រើន​ផងដែរ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​ដឹក​នាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាស៊ី ឆ្នាំ ២០២៤ (Asian Media Leaders Summit 2024) ដែល​បាន​ធ្វើឡើង​ក្នុង​ប្រទេស​សិង្ហបុរី និង​ក្នុង​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាស៊ី ឆ្នាំ ២០២៤ (Asia Media Forum 2024) នៅ​ក្នុង​ប្រទេស​ស្រីលង្កា ក្នុង​ខែ​វិឆ្ឆិកា​នេះ។

ក្រុម​អ្នកចូលរួម​បាន​ចែក​រំលែក​បទពិសោធន៍ និង​ការ​យល់ឃើញ​របស់​ពួកគេ​ចំពោះ​ការ​ប្រើប្រាស់ AI នេះ។ ពួក​គេ​បាន​លើក​ឡើង​ថា នៅ​ក្នុង​បន្ទប់​ព័ត៌មាន AI គួរតែ​ត្រូវ​ប្រើ​ធ្វើជា «ជំនួយ​ដើម្បី​ពន្លឿន និង​សម្រួល​ការងារ​របស់​អ្នក​សារព័ត៌មាន»​តែ​ប៉ុណ្ណោះ ដូចជា​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ​រក​ប្រធាន​បទ​ផ្សេងៗ ការ​បកប្រែ ការ​សង្ខេប​អត្ថបទ ការ​កែ​អត្ថបទ ការ​ត្រួតពិនិត្យ សុក្រឹតភាព​នៃ​អត្ថបទ (fact check) ការ​ត្រួត​ពិនិត្យ​កំហុស​វេយ្យាករណ៍ ការ​ដាក់​ចំណងជើង ការ​សម្រួល ឬ​បក​ស្រាយ​ទិន្នន័យ (Data) ទៅជា​អត្ថបទព័ត៌មាន និង​ការ​សរសេរ​ព័ត៌មាន​កីឡា ជាដើម។ បន្ថែម​ពី​នោះ AI ក៏​ត្រូវ​បាន​ប្រើ​ផងដែរ នៅក្នុង​ការ​វិភាគ​ទិន្នន័យ ការ​បំលែងសម្លេង​ទៅ​ជា​អក្សរ (ប្រតិចារិក Audio transcription) និង​បង្កើត​រូប​ថត ​ឬ​រូបភាពជា​ដើម។

ទោះយ៉ាងណា ក្រុម​អ្នក​ចូលរួម​បាន​លើក​ឡើង​ថា អ្នក​សារព័ត៌មាន​មិន​គួរ​ប្រើប្រាស់ AI ទាំង​ស្រុង ដើម្បី​សរសេរ​ព័ត៌មាន​​ជំនួស​ខ្លួន​នោះដែរ ជាពិសេស គឺ​អត្ថបទ​ព័ត៌មាន​បែប​ស៊ើប​អង្កេត (Investigative story) ឬ​បញ្ហា​រសើប​នានា។ ម្យ៉ាង​វិញ​ទៀត រូប​ថត​របស់​មនុស្ស​ពិត​ម្នាក់ ក៏​មិន​គួរ​ជំនួស​ដោយ​រូបថត ដែល​បង្កើត​ដោយ​ប្រើ​បច្ចេកវិទ្យា AI នេះ​ដែរ នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន។ ក្នុង​ករណី អង្គភាព​សារព័ត៌​មាន​មួយ​ប្រើប្រាស់​រូបថត ឬ រូបភាព AI គេ​គួរ​តែ​បញ្ជាក់​ប្រាប់​សាធារណជន​ឱ្យ​បាន​ដឹង​ផងដែរ។

ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត AI ក៏​បាន​កំពុង​តែ​បង្ក​ការ​ព្រួយបារម្ភ​ផងដែរ ដូចជា ការ​កាត់​បន្ថយ​ធនធាន​មនុស្ស និង​ការ​ធ្វើ​​ឱ្យ​មនុស្សអសកម្ម។ ជាពិសេស​ទៅ​ទៀត​នោះ វា​ធ្វើ​ឱ្យ​សាធារណជន​បាត់បង់​ការ​ទុក​ចិត្ត​ទៅ​អង្គភាព​នោះ ដែល​មាន​ប្រើប្រាស់ AI នេះ រហូត​ដល់​មាន​ការ​ចាត់​ទុក ផលិតផល​ពី AI ​ថា​ជា «ព័ត៌មាន​ក្លែងក្លាយ»ទៀតផង។

ការ​ប្រើប្រាស់ AI ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន មាន​ការ​ទទួលខុសត្រូវ​តិច​ជាង​មុន ហើយ​សាច់រឿង (Content) ក្នុង​អត្ថបទ​សារព័ត៌មាន​ទាំង​ស្រុង​ក៏​ត្រូវ​បាន​បង្ហាញ​ប្រាប់​ទៅ​ប្រព័ន្ធ AI​ មុន​ពេល​ចេញ​ផ្សព្វផ្សាយ​ជា​សាធារណ។ ប្រការ​នេះ ក៏​ជា​ផ្នែក​មួយ ដែល​​ធ្វើ​ឱ្យ​បាត់​បង់ «ឯករាជ្យភាព» របស់​អង្គភាព​សារព័ត៌មាន​ផងដែរ។

ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ ដូចជា ការ​មិន​គោរព​ក្រមសីលធម៌​សារព័ត៌មាន (Media ethics) និង​សុចរិតភាព ជា​ដើម​នោះ អង្គភាព​សារព័ត៌មាន ក៏​គួរ​តែ​បង្កើត​ឱ្យ​មាន​គោលការណ៍ ឬ​ការណែនាំ (Guideline)ពី​ការប្រើ​ប្រាស់​ AI ​នៅ​ក្នុង​បន្ទប់​ព័ត៌មានផងដែរ។

ដោយឡែក នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រើប្រាស់ AI ​ក្នុង​សង្គម​ទាំងមូល​វិញ មន្រ្តី​រដ្ឋាភិបាល​បាន​បង្ហាញ​ក្តី​បារម្ភ​ផងដែរ ប្រសិន​បើ​មាន​ការ​ប្រើប្រាស់​ក្នុង​ផ្លូវខុស។

ក្នុង​កិច្ច​សន្ទនា​ប្រជាធិបតេយ្យ​ក្រោម​មូលបទ «ប្រជាធិបតេយ្យ​ឌីជីថល និង​បញ្ញា​សិប្បនិម្មិត​ក្នុង​ការ​លើក​កម្ពស់​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ និង​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា» នា​ពេល​ថ្មីៗ​នេះ ប្រធាន​អង្គភាព​ អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​លើក​ឡើង​ថា អ្នកខ្លះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បម្រើ​គោលដៅ​នយោបាយផល​ ប្រយោជន៍​ផ្ទាល់ខ្លួន និង​ផល​ប្រយោជន៍​មុខ​ជំនួញ​ជាដើម។ ប៉ុន្តែ​ពេលខ្លះ វា​បាន​ផ្តល់​នូវ​ផល​អវិជ្ជមាន​ទៅវិញ ដោយ​សារ​តែ​ការ​បំពាន​«ក្រមសីលធម៌»។

លោកមាន​ប្រសាសន៍ថា៖ «ពេលខ្លះ​យើង​ឃើញ​ហើយ ទីលាន​បច្ចេកវិទ្យា​ឌីជីថល​អនឡាញ បាន​ក្លាយ​ទៅ​ជា​ទីលាន​ជេរ​ប្រមាថគ្នា ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ រហូត​ដល់​ជេរ​ប្រមាថ​ព្រះមហាក្សត្រ...។ល។ មានគ្រប់ មានសព្វ។ នេះ​គឺ​ជា​បញ្ហា​ប្រឈម»។

លោក​លើក​ឡើង​បន្ត​ថា បច្ចេកវិទ្យា AI ក៏អាច​ចម្លង​មុខ ​ឬសំលេង (Clone)ឱ្យដូច​ទៅ​នឹង​រូប ឬ​សំលេង​របស់​អ្នកណា​ម្នាក់​ផងដែរ ដែល​អាច​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវខុស។

លោក​បញ្ជាក់​ថា៖ «បន្តិចទៀត AI ចេញមក។ គេអាចក្លូន មុខមនុស្ស គេ​អាច​ក្លូន​សំលេង​ផ្សេង ដែល​សំលេង​ដូច​សំ​លេងខ្ញុំ។ ឧទាហរណ៍ មិនមែន​សំលេង​ខ្ញុំផង គេ យក​សំលេង​ដូច​សំលេង​ខ្ញុំចឹង មុខ​ខ្ញុំទៀត។ ​នេះ​ជា​គ្រោះថ្នាក់ បើ​សិន​ជា​យើង​ប្រើប្រាស់​ដោយ​ឥត​មាន​ក្រមសីលធម៌»។

លោក​បាន​អំពាវនាវ ឱ្យគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ចំណែក​ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងអស់​នេះ មាន​​ប្រយោជន៍​ដល់​សង្គមជាតិ ក៏​ដូចជា​ប្រជាពលរដ្ឋ។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ថ្លែង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បច្ចេកវិទ្យា​ឌីជីថល​មាន​ការ​រីកចម្រើន​ឆាប់​យ៉ាង​រហ័ស និង​បាន​ក្លាយ​ជា​បរិបទ​ការងារ​ថ្មី​មួយ ​ដែល​ផ្តល់​មធ្យោបាយ​បន្ថែម​សម្រាប់​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា ក៏​ដូចជា​លើ​សកលលោក។

លោក​បាន​លើក​ឡើង​ថា ជា​ការ​ពិត​បច្ចេកវិទ្យា​ឌីជីថល​បាន​បង្ក​ឱកាស​ និង​នវានុវត្តន៍ថ្មីៗ​ ដែលរួម​ចំណែក​ជំរុញ​ផលិតភាព ប្រសិទ្ធ​ភាព​ការងារ និង​សម្របសម្រួល​ការ​តភ្ជាប់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​និង​បណ្តា​ប្រទេស​លើ​សកលលោក។​

នៅក្នុង​វិស័យ​ព័ត៌មាន​កម្ពុជា ការ​អភិវឌ្ឍ​ឌីជីថល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សោតទស្សន៍ បាន​ធ្វើឡើង​ស្រប​តាម​ភាព​ចាំបាច់ និង​អនុលោមតាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល និង​តម្រូវ​ការ​ក្នុង​សង្គម តាម​រយៈការ​ធ្វើទំនើប​កម្ម​ប្រព័ន្ធផ្សព្វ​ផ្សាយ និងរៀបចំគោលនយោបាយអភិវឌ្ឍថ្នាលទូរទស្សន៍ឌីជីថល ក៏ដូចជាការដាក់បញ្ចូលការអភិវឌ្ឍវិទ្យុ AM ឌី​ជីថ​ល​នៅកម្ពុជា។

លោកបានសង្កេតឃើញថា ស្របពេលនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក៏ត្រូវបានប្រើប្រាស់ ដើម្បី​ទាញយកផល ប្រ​យោជន៍ សម្រាប់ ជួយដល់ការសរសេរអត្ថបទ និងការតាក់តែងស្គ្រីប (Script writing)ជាដើម។ ប៉ុន្តែ​ក៏ចាំ​បាច់​ត្រូវ​មាន​ការ​ផ្ទៀងផ្ទាត់ និងកែសម្រួលដោយអ្នកជំនាញជាមនុស្ស ដើម្បី​ធានា​គុណភាព សុក្រឹតភាព និង​សុវត្ថិភាព​ព័ត៌​មាននិង​ការផ្សព្វផ្សាយផងដែរ។

លោកបញ្ជាក់ថា៖«ទន្ទឹមនេះដែរ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា​ក៏បានផ្តល់សារៈ​សំខាន់​ការ​បណ្តុះ​ប​ណ្តាល​ធនធានមនុស្សវិស័យឌីជីថល ដោយបង្កើនសមត្ថភាពជំនាញជូនមន្ត្រីបច្ចេកទេស មន្ត្រីព័ត៌មាន​លើជំនាញ​បច្ចេកវិទ្យាឌីជីថល លើកកម្ពស់អក្ខរកម្មព័ត៌មាន និងឌីជីថល ពូនជ្រំការយល់ដឹង​ពីគោល​ការណ៍ចម្បងៗ​និង​អភិ​បាល​កិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីធានាប្រសិទ្ធភាព»។

វឌ្ឍនភាពថ្មីៗខាងផ្នែកបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ក៏បានរួមចំណែក​យ៉ាងសកម្មដល់ការ​ពង្រីកទំនាក់ទំនង​របស់​ប្រជាជន និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រតិបត្តិករ និងម្ចាស់គ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយ។ ការផ្សព្វផ្សាយ​នូវមាតិ​កា​និងខ្លឹមសារសម្បូរណ៍បែប បានផ្តល់ឱ្យប្រជាពលរដ្ឋ នូវសេរីភាពខាងផ្នែកបញ្ចេញមតិ និងការទទួល​បាន​ព័ត៌មាន​យ៉ាងទូ​លំទូលាយ។

បច្ចេកវិទ្យាទំនើបនេះបានផ្តល់នូវភាពងាយស្រួល អត្ថប្រយោជន៍​ដល់​ការប្រើ​ប្រាស់​មែន ប៉ុន្តែ​វា​ក៏បាននាំមកជា​មួយ​នូវគុណវិបត្តិនានាផងដែរ ជាពិសេសការបង្កើតព័ត៌​មានក្លែងក្លាយ ​ដែលធ្វើ​ឱ្យមានកា​រ​ភាន់​ច្រឡំ បង្កភាពវឹកវរ អ​ស្ថិរ​ភាពក្នុងសង្គម ឬប៉ះពាល់ភាពសុខសាន្តជាដើម។

លោក​បាន​កត់​សម្គាល់​ថា ការ​សាយ​ភាយ​ព័ត៌មាន​ក្លែងក្លាយ​បាន​កើន​ឡើង​ច្រើន ក្នុង​យុគសម័យ​ឌីជីថល ដែល​បច្ចេក​វិទ្យា​មាន​ការ​រីក​ចម្រើន ជាពិសេស តាម​រយៈការ​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម ក្នុង​នោះ​ក៏​មាន​ការ​ប្រើប្រាស់​បច្ចេក​វិ​ទ្យាAI តែម្តង។

លោក​ថ្លែង​ថា៖ «ការ​ផ្សាយ​និង​ចែកចាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ និង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម បូកផ្សំ​ជាមួយ​ការ​បញ្ជូន​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​បញ្ញា​សិប្បនិម្មិត​ផង បាន​បង្ក​ឱ្យ​មាន​បញ្ហា​នានា ដែល​បណ្តាល​មក​ពី​ការ​សាយភាយ​នូវ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ក្លែងបន្លំ និង​ការ​ក្រឡៃ​និង​បំភ្លៃ​ព័ត៌មាន​នានា»។

លោក​បន្ថែម​ថា ការ​ធានា​សន្តិសុខ​ព័ត៌មាន គឺការ​ទទួល​ព័ត៌មាន​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព បូក​ផ្សំ​នឹង​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​ប្រសិទ្ធភាព។ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​បញ្ញាសិ​ប្បនិម្មិត AI ការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប ត្រូវ​ធានា​តុល្យភាព រវាងការ​ទាញ​យក​ប្រយោជន៍ និង​ការ​គ្រប់គ្រង​ហានិភ័យ។

លើសពីនោះ ការប្រឆាំងព័ត៌​មានក្លែង​ក្លាយ​ក្នុងយុគសម័យ​ឌីជីថល ដើម្បី​ផ្តល់​សុវត្ថិភាព​ព័ត៌មាន និង​ធានា​ការ​បន្ត​ថែរក្សា​ស្ថិរភាព​និង​សន្តិភាព វាចាំ​បាច់ណាស់ ត្រូវ​ទាម​ទារឱ្យមានឆន្ទៈរួម និង​មាន​ការចូល​រួម​ក្នុង​វិ​ធាន​ការ​ដោះ​ស្រាយ​ពីគ្រប់​ភាគី​ពាក់​ព័ន្ធ៕