​ភ្នំពេញៈ រូប​អប្សរា​ឈរ​កាច់​កាំភ្លើង​ដែល​ផ្គុំ​ឡើង​ពី​ដែក​កាំភ្លើង​ខូចគុណភាព​ទម្ងន់​ ៣០០​ គីឡូក្រាម ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​សាកលវិទ្យាល័យ​ Michigan សហរដ្ឋអាមេរិក ជា​សក្ខីភាព​នៃ​ការស្រឡាញ់​សន្តិភាព​របស់​កម្ពុ​ជាតា​ម​រយៈ​ស្ថាបត្យករ​កម្ពុជា ​១ ​រូប ដែល​រចនា​បញ្ចូល​គ្នា​តាមបែប​ទម្រង់​សិល្បៈ​ខ្មែរ និង​សិល្បៈ​សហ​សម័យ​ដ៏​ល្អ​វិចិត្រ​។​


​ស្នាដៃ​ដ៏​ល្អ​ឯក​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​និស្សិត​ស្ថាបត្យកម្ម​នៅ​ជុំវិញ​ពិភពលោក​ប្រមាណ ​១០០​ នាក់​ដែល​រៀន​នៅ​សាកលវិទ្យាល័យ Michigan ឱ្យ​សរសើរ​ពី​ថ្វីដៃ​របស់លោក​អ៊ុក ជឹម​វិចិត្រ​។​ស្ថិតនៅ​ទីតាំង​ ១ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ គេ​ឃើញ​បន្ទះ​ដែក​តូចធំ​រាយប៉ាយ​នៅលើ​ដី​ជា​មួយ​នឹង​សកម្មភាព​ដ៏​មមាញឹក​ក្នុងការ​កាត់​ដែក ផ្សារ​ដែក ដែល​យូរៗ​ម្តង​មាន​ជះ​ពន្លឺ​ខ្លាំង​ស្រវាំងភ្នែក​។ ទីនោះ​គឺជា​រោង​ជាង​ផលិត​កែច្នៃ​ដែក​សំណល់​អេតចាយ​ឱ្យទៅជា​រូប​សិល្បៈ​ផ្សេងៗ​ដែល​ស្ថិតនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ ១ ខណ្ឌ​​ឫស្សីកែវ ហើយ​រូប​អប្សរា​កាច់​កាំភ្លើង​ក៏​ចេញពី​ប្រភព​នេះដែរ​។​

​ឆ្នាំ​ ១៩៩៧ ជា​ឆ្នាំ​ដែល​លោក​ អ៊ុក ជឹម​​វិចិត្រ បានចាប់ផ្តើម​សិក្សា​នៅ​មធ្យម​វិចិត្រ​​សិល្បៈ​(​សាលា​សូន​រូប​) រហូត​ទទួល​បាន​បរិញ្ញាបត្រ​ពី​មហាវិទ្យាល័យ​ស្ថាប​ត្យ​កម្ម​នៃ​សាកល វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្នុង​ឆ្នាំ​ ២០០៦​។ បរិញ្ញាបត្រ​នេះ​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​ដ៏​ច្បាស់លាស់​មួយ​ដែល​រុញច្រាន​លោក​អ៊ុក ជឹម​វិចិត្រ ឱ្យមាន​សមត្ថភាព​ទាំង​ការ​គូររូប ទាំង​ការ​ឆ្លាក់​បាន​គ្រប់​ទម្រង់​នៃ​ក្បាច់រចនា​តាម​សិល្បៈ​ខ្មែរ​ទាំងអស់​។​


​លោក វិចិត្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រូប​អប្សរា​កាច់​កាំភ្លើង​ឬ​អប្សរា​អ្នក​ចម្បាំង គឺជា​ស្នាដៃ​សិល្បៈ​ដ៏​ល្បីល្បាញ លើកដំបូង​បំផុត​របស់លោក​ដែល​ត្រូវបាន​និស្សិត​ ១ ​រូប ក្នុង​សាកលវិទ្យាល័យ Michigan​ ទិញ នៅ​ឆ្នាំ​ ២០០៧ យកទៅដាក់​តាំង​បង្ហាញ​ក្នុង​សាកលវិទ្យាល័យ​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​លោក​ដាក់តាំង​បង្ហាញ​នៅក្នុង​ខេត្តសៀមរាប​។​

​លោក​បានឱ្យដឹងថា តាមរយៈ​ស្ថាបត្យកម្ម​ច្នៃប្រឌិត​នេះ​បានធ្វើឱ្យ​និស្សិត​បរទេស​ទាំង​ជំនាញ​ស្ថាបត្យកម្ម និង​និស្សិត​ផ្សេងទៀត​បាន​ស្គា​ល់ពី​អត្ថន័យ​នៃ​ការ​ស្រឡាញ់​សន្តិភាព​កាន់តែច្បាស់​ពី​កម្ពុជា​។​


​ម្យ៉ាង​គោល​គំនិត​សំខាន់បំផុត​របស់លោក​ដែល​ច្នៃប្រឌិត​ពី​ដែក​អាវុធ​ដែល​គេ​ធ្លាប់តែ​យកទៅ​ធ្វើសង្គ្រាម​មកជា​រូប​អប្សរា​តាមរយៈ​ការ​រចនា​ជា​រូប​សិល្បៈ​ក៏​ជា​សារ​នៃ​សន្តិភាព​ដែល​បង្ហាញ​ដល់​មនុស្ស​គ្រប់រូប​ឱ្យបាន​ដឹងផង​ដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​រូប​អប្សរា​ ១​ នេះ​ខ្ញុំ​ផ្គុំ​ឡើង​ពី​ដែក​កាំភ្លើង​មានដូចជា​កាំភ្លើង​អាកា ​(AK)​ ដែក​កាំភ្លើងយន្ត​ផ្សេងៗ​លាយ​នឹង​ដែក​ចំពុះទុង ដែក​បង់​ខ្សែ​គ្រាប់​។ ខ្ញុំ​ផ្គុំ​ឡើង​ពី​បំណែក​ដែក​តូចៗ​ទៅ​ធំ ទើប​បង្កើតបានជា​រូបនេះ​ឡើង​មាន​កម្ពស់ ​២,៥០​ ម៉ែត្រ និង​មាន​ទម្ងន់​ជាង​ ៣០០​ គីឡូក្រាម​ ដោយ​ចំណាយ​ពេលធ្វើ​ ១ ​ខែ តែម្នាក់ឯង​គត់​»​។​

​បើតាម​លោក ​ជឹម​វិចិត្រ ចាប់តាំងពី​មានការ​ដាក់តាំង​បង្ហាញ​នៅ​សាកល​វិទ្យា​ល័យ Michigan មក​មាន​ជនបរទេស​ច្រើន​នាក់​បាន​ទាក់ទង​មក​លោក​ដើម្បី​ចង់ដឹង​ពី​ស្នាដៃ​នៃ​ការកែច្នៃ​រួម​នឹង​គេ​ចង់ដឹង​ពី​គោលបំណង​ផ្សេងៗ​របស់លោក​ក្នុងការ​ចែករំលែក​ចំណេះដឹង​។ ក្នុងនោះ​ក៏មាន​ជនបរទេស​ខ្លះ​ធ្វើដំណើរ​ពី​ប្រទេស​គេ​មកជួប​លោក​ផ្ទាល់​ទៀតផង​។​

​ជុំវិញ​ការ​សាង​រូបនេះ​លោក​បាន​ប្រាប់ថា ភាគច្រើន​គឺ​ផលិត​ចេញពី​ដែក​អេ​ត​ចាយ ហើយ​រាល់​ផលិតផល​សិល្បៈ​កែច្នៃ ឬ​មិន​ថា​ជា​គំនូរ​ទេ ត្រូវបាន​លក់​ចេញទៅ​ក្រៅប្រទេស​ដូចជា ប្រទេស​សិង្ហ​បុរី ប្រទេស​ចិន អូស្ត្រាលី សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេងៗ​ទៀត​សរុប​ប្រមាណ​ជា​១០​ប្រទេស​មកហើយ​។ ចំពោះ​ផ្ទាំងគំនូរ​ដែល​ភ្ញៀវ​បរទេស​ទិញ​មានតម្លៃ​ផ្សេងៗ​គ្នា​ទៅតាម​ខ្នាត​ឬ​ទំហំ រីឯ​រូបចម្លាក់​ដែក​ផ្គុំ​គ្នា​វិញ​ក៏មាន​តម្លៃ​ទៅតាម​ប្រភេទ​ដែរ ចាប់ពី ៥ ​ម៉ឺន​ដុល្លារ​ចុះក្រោម​អាស្រ័យ​ទៅតាម​ទំហំ​ជាក់ស្ដែង​។​

​លោក ​ជឹមវិចិត្រ បាន​រំឭក​ប្រាប់ថា កាលពី​បរទេស​មិនទាន់​ស្គា​ល់ពី​តម្លៃ​សិល្បៈ​ស្ថាបត្យកម្ម​របស់លោក គឺ​លោក​គ្រាន់​តែ​ធ្វើ​ការងារ​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​។ ប៉ុន្តែ​បច្ចុប្បន្ន​លោក​មាន​រោង​ជាង​១​សមរម្យ​អាចធ្វើ​ការងារ​ជាមួយ​ជាង​ជំនាញៗ​ប្រមាណ​ ១០ ​នាក់​។ ការផលិត​នេះ​លោក​ក៏មាន​បំណង​អភិរក្ស​សិល្បៈ​វប្បធម៌​របស់​ដូនតា​ខ្មែរ និង​គ្រាន់តែ​បញ្ចូល​សិល្បៈ​សហ​សម័យ​ខ្លះ​ក្នុង​តួ​រូប​នីមួយៗ​ដើម្បី​ឱ្យមាន​ភាព​ទាក់ទាញ​។ លោក​ផលិត​ជា​វត្ថុ​តាំង​លម្អ​តាម​ជញ្ជាំង​ផលិត​ពី​ដែក ជា​គំនូរ​គូ​រលើ​ជញ្ជាំង​ឬ​ជា​រូប​សត្វ​សម្រាប់​ដាក់​តាំងនៅ​ទីសាធារណៈ​ដែល​រចនា​បែប​សិល្បៈ​ខ្មែរ​ ៥០ ​ភាគរយ លាយ​បញ្ចូល​សិល្បៈ​សហ​សម័យ ​៥០ ភាគរយ​។​

​លោក​បាន​ថ្លែងថា​៖ «​ដោយសារ​ខ្ញុំ​ធ្លាប់​រៀន​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ដូចនេះ​ខ្ញុំ​ស្រឡាញ់​សិល្បៈ​វប្បធម៌​ខ្មែរ​ខ្ញុំ​ចង់​អភិរក្ស​វា​។ ខ្ញុំ​មានចំណេះដឹង​ជា​មូលដ្ឋាន​ច្បាស់លាស់​ខ្ញុំ​អាច​ធ្វើបាន​ទាំងអស់ ទាំង​គូរ ទាំង​ឆ្លាក់ ទាំង​រូប​សិល្បៈ​បែប​ច្នៃប្រឌិត​ដែល​បង្កប់​ទម្រង់​បែប​សិល្បៈ​ខ្មែរ​ជានិច្ច​»​។​

​លោក​បាន​បញ្ជាក់ទៀតថា ភាគច្រើន​ស្នាដៃ​របស់លោក​ទាំងអស់​រាប់ទាំង​គំនូរ​ផង ភាគច្រើន គឺ​ទទួល​ការគាំទ្រ​ពី​ក្រៅប្រទេស​ច្រើនជាង​ក្នុងស្រុក​។ មិន​ថា​ជា​គំនូរ​ឬ​ជា​រូបចម្លាក់​អ្វីមួយ​ទេ គឺ​ផលិត​ផល​នីមួយៗ​ត្រូវធ្វើឡើង​តាម​ការ​ស្រមើ​ស្រមៃ​ដោយ​ប្រើ​អារម្មណ៍​ទើប​ផលិត​ចេញ​ជា​រូប​ ១ ​ថ្មី មិន​ចម្លង​ស្នាដៃ​ពី​គេ គឺ​ធ្វើជា​របស់​ខ្លួនឯង ដែល​នេះហើយ​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ស្ថាបត្យកម្ម​។​

​បច្ចុប្បន្ន​លោក ​អ៊ុក ជឹម​វិចិត្រ ក៏​ជា​គ្រូ​បណ្តុះបណ្តាល​ម្នាក់​នៅក្នុង​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​ស្ថាបត្យកម្ម​ហើយក៏​ជា​អ្នកស្រាវជ្រាវ​ចងក្រង​ឯក​សារ​ទាក់ទង​នឹង​សិល្បៈ​វប្បធម៌​ខ្មែរ​ផងដែរ​។ ក្រៅពី​ចំណាយ​ពេលវេលា​បម្រើការ​ងារ​នៅ​សាកលវិទ្យាល័យ លោក​ក៏​ឆ្លៀត​ធ្វើ​ការងារ​ចម្លាក់ ឬ​គូរគំនូរ​ឯកជន​រប​ស់លោក​សម្រាប់​រក​កម្រៃ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផងដែរ​។ ជា​បន្តបន្ទាប់​លោក​បាន​ចែករំលែក​ចំណេះ​ជំនាញ​ផ្នែក​ស្ថា​ប​ត្យ​កម្ម​ដល់​សិស្ស​នៅក្នុង​រោង​ជាង​របស់លោក​ច្រើន​នាក់​មកហើយ ហើយ​បច្ចុប្បន្ន​មាន​យុវជន​ប្រមាណ​ជា​ ១០​ នាក់​កំពុង​ហាត់​ការ​ជាមួយ​លោក​នៅក្នុង​រោង​ជាង​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការផ្សំផ្គុំ​ដែក​រចនា​ជា​រូប​បែប​សិល្បៈ​នេះដែរ លោក ​ស៊ី​យ៉ុ​ន សុភា​​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេក​ទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​ការកែច្នៃ​ដោយ​យក​វត្ថុ​នេះ​វត្ថុ​នោះមក​ផ្គុំ​ជា​តំណាង​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​គឺ​វា​មិន​ខុសឆ្គង​អី​ទេ តែ​អ្វីដែល​សំខាន់​នោះ​គឺ​រូប​ដែល​កែច្នៃ​នោះ​វា​មាន​ក្បួនខ្នាត​ត្រឹមត្រូវ​ឬ​អត់​?​ឧទាហរណ៍​ថា​ផ្កា​ភ្ញី ត្រូវ​ប្រើ​នៅ​កន្លែង​ណា​សម ឬ​មិន​ទំនង​។​

​យ៉ាងណាក្ដី លោក​បាន​បញ្ជាក់ថា​៖«​ប៉ុន្តែ​បើ​គាត់​ជា​គ្រូបង្រៀន​ផ្នែក​ស្ថាបត្យកម្ម​ស្រាប់​ផង​នោះ ខ្ញុំ​គិតថា​គាត់​ពិតជា​បាន​យល់ច្បាស់ ខាង​ខ្ញុំ​មានតែ​កោត​សរសើរ​គាត់​វិញ​ប៉ុណ្ណោះ​»៕