ភ្នំពេញ៖ ការ​អភិវឌ្ឍ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ខ្លាំង ដោយ​មាន​បច្ចេកវិទ្យា cloud computing ជា​កត្តា​ជំរុញ​ដ៏​សំខាន់។


អ្នកដឹកនាំ​ចលនា​នេះ គឺជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា ​ដូចជា កញ្ញា​ សំណាង មេធិនី ដែលការ​ទទួល​បាន​សញ្ញាបត្រ​អន្ដរជាតិ​នេះ​​បង្ហាញ​ពី​សក្តានុពល​របស់​យុវជន​កម្ពុជា​ក្នុងការ​ដោះស្រាយ​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ទិដ្ឋភាព​បច្ចេកវិទ្យា​ដែល​កំពុង​វិ​វត្ត​របស់​ប្រទេស​។​

យុវតី មេធិនី អាយុ ២០ ឆ្នាំ ស្ថិតក្នុង​ចំណោម​និស្សិត​បញ្ចប់​ការសិក្សា​ចំនួន ៣៤ នាក់​នៃ​កម្មវិធី Cloud4Cambodia ​ជា​គម្រោង​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម​ឌីជីថល (DWD) ដែល​គាំទ្រ​ដោយ USAID​។​


ការបញ្ចប់​កម្មវិធី​បានធ្វើឱ្យ​រ​​កញ្ញា​ទទួលបាន​វិញ្ញាបនបត្រ Amazon Web Services (AWS) Certified Cloud Practitioner ជា​​កិច្ចខិតខំ​ប្រឹងប្រែង​ផ្លាស់ប្តូរវិស័យ​​ឌីជីថល​របស់​ប្រទេស​។​

ជាមួយនឹង​ជំនាញ​ cloud computing ​ក្លាយជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុង​ការធ្វើសមាហរណកម្ម​របស់​ប្រទេស​កម្ពុជា​ទៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​ពិភពលោក សមិទ្ធិផល​របស់និស្សិត​កម្ពុជា បង្ហាញ​ពី​តួនាទី​កាន់តែ​កើនឡើង​នៃ​បច្ចេកវិទ្យា​ក្នុងការ​អភិវឌ្ឍន៍​រប​ស់​ប្រទេស​។​


នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែកញ្ញា ក្នុង​ទីក្រុង​ភ្នំពេញ លោកស្រី​ Kerry Pelzman នាយក​បេសកកម្ម​របស់​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​កម្ពុជា បាន​សង្កត់ធ្ងន់​លើ​ការប្តេជ្ញាចិត្ត​របស់​ទីភ្នាក់ងារ​ក្នុង​ការកសាង​អនាគត​ឌីជីថល​របស់​កម្ពុជា​។​

លោកស្រី​បាន​ថ្លែង​ថា៖ «USAID ប្តេជ្ញា​គាំទ្រ​ដល់​អនាគត​ឌីជីថល​របស់​កម្ពុជា តាមរយៈ​ការវិនិយោគ​ក្នុងការ​អភិវឌ្ឍន៍​កម្លាំង​ការងារ​របស់ខ្លួន»​។​

​លោកស្រី​បានកត់សម្គាល់​បន្ថែមទៀត​ថា ការផ្តល់​សិទ្ធិអំណាច​ដល់​សិស្សានុសិស្ស​ដែលមាន​ជំនាញ​ក្នុង cloud computing មិន​ត្រឹមតែ​បំពេញតម្រូវការ​របស់​វិស័យ​ឯកជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​កម្ពុជា​។​

ការ​សង្កត់ធ្ងន់​លើ cloud computing នេះ​ឆ្លុះបញ្ចាំង​ពី​ចក្ខុវិស័យ​ដ៏​ទូលំទូលាយ​សម្រាប់​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​របស់​ប្រទេស ដែល​ត្រូវបាន​បន្ទរ​តាម​សេចក្តីប្រាថ្នា​ផ្ទាល់ខ្លួន​របស់យុវតី មេធិនី​។​

យុគសម័យ​ថ្មី​នៃ cloud computing

កម្មវិធី Cloud4Cambodia ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​គម្រោង​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម​ឌីជីថល (DWD) របស់ USAID បាន​សហការ​ជាមួយ AWS ដើម្បី​លើកកម្ពស់​ជំនាញ​ cloud computing ​ក្នុងចំណោម​និស្សិត​កម្ពុជា​។​

តាមរយៈ​គំរូ​នៃ​ការរៀន​សូត្រ​បែប​កូនកាត់​នៅ​សាកលវិទ្យាល័យ​ឈានមុខ​គេ និស្សិត ​ដូចជា យុវតី មេធិនី​​ ទទួលបាន​ជំនាញ​ដ៏​សំខាន់​ក្នុងការ​ទទួលបាន​ជោគជ័យ​ក្នុង​ទីផ្សារ cloud computing ​​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ទំហំ​ទ្វេដង​នៅ​ឆ្នាំ ២០២៨​​។

កម្មវិធី​ទាំងនេះ​​មិន​ត្រឹមតែ​សម្រាប់​ឱកាសការងារ​​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​ការចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​អន្តរជាតិ ដែល​ផ្តល់ឱ្យ​ពួកគេ​នូវ​ការប្រកួតប្រជែង​ក្នុង​វិស័យនេះ​។​

​កញ្ញា​ មេធិ​នី បាន​រៀបរាប់​ពី​កម្មវិធី​នេះ​ថា​ជា​ចំណុច​សំខាន់​សម្រាប់​ការរីកចម្រើន​អាជីព​របស់កញ្ញា​​។ វគ្គ​សិក្សា និង​ការណែនាំ​ពី​សាស្ត្រាចារ្យ​ដែលមាន​ចំណេះដឹង គឺជា​ឧបករណ៍​មួយ​ក្នុង​ការពង្រឹង​ជំនាញ​បច្ចេកទេស និង​ការអភិវឌ្ឍន៍​ឌីជីថល​របស់​ខ្លួ​ន​។​

យុវតី មេធិ​នី ចែករំលែក​ថា៖ «​គម្រោង​នេះ​បាន​បំពាក់​ឱ្យ​ខ្ញុំ​នូវ​ជំនាញ​បច្ចេកទេស និង​បណ្តាញ​វិជ្ជាជីវៈ​ដែល​ត្រូវការ​ដើម្បី​រីកចម្រើន​ក្នុង​វិស័យ​វិវត្តន៍​នេះ​»។​

លើសពី​ចំណេះដឹង​ផ្នែក​បច្ចេកទេស កម្មវិធី​នេះ​បាន​ជំរុញឱ្យមាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែលមាន​គំនិត​ដូចគ្នា ស្រឡាញ់​​នវានុវត្ដន៍​ផ្នែក​​ឌីជីថល ដោយ​ជួយ​កសាង​សហគមន៍​រួមគ្នា​នៃ​អ្នកដឹកនាំ​បច្ចេកវិទ្យា​កម្ពុជា​នាពេល​អនាគត​។​

ការបិទបញ្ចប់​​គម្លាតនៃ​​ជំនាញ​ឌីជីថល​

ក្នុងអំឡុងពេល​នៃ​កម្មវិធីសិក្សា​អាហារូបករណ៍ កញ្ញា មេធិ​នី បាន​រៀន​លើ​ផ្នែក​គ្រប់គ្រង​​​សេវាកម្ម​ស្នូល AWS ដូចជា EC2, S3 និង RDS​។​

​បច្ចេកវិទ្យា cloud ទាំងនេះ​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​ដំណោះស្រាយ cloud ដែល​អាចធ្វើ​មាត្រដ្ឋាន​បាន និង​សន្សំសំចៃ ដែល​នឹង​ជួយ​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ IT របស់​កម្ពុជា​។​

​កញ្ញា​​ក៏​ទទួលបាន​ចំណេះដឹង​ផ្នែក​សុវត្ថិភាព​ cloud និង​ការគ្រប់គ្រង​ទិន្នន័យ ​ជា​ជំនាញ​ដែល​ក្លាយជា​កត្តាចាំបាច់ ​ពេល​​ឧស្សាហកម្ម​នៅ​កម្ពុជា​កាន់តែច្រើន​ផ្លាស់ប្តូរ​ទៅរក​សេវាកម្ម​ដែលមាន​មូលដ្ឋាន​លើ cloud​។​

យុវតី​ជឿជាក់ថា បច្ចេកវិទ្យា​ទាំងនេះ​នឹង​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល​របស់​កម្ពុជា កាត់បន្ថយ​ការចំណាយ​ប្រតិបត្តិការ និង​កែលម្អ​ទំហំ​សម្រាប់​អាជីវកម្ម​លើ​វិស័យ​ផ្សេងៗ​។​

វិ​ញ្ញាប​ន​ប័ត្រ AWS Certified Cloud Practitioner ដែល មេធិនី​ ទទួលបាន​តាមរយៈ​ក​ម្ម​វិធី​នេះ ដើរតួនាទី​ជា​ជំហាន​មួយ​សម្រាប់​គុណវុឌ្ឍិ​ដែល​ទាក់ទង​នឹង cloud ​បន្ថែមទៀត​។​

កញ្ញា មេធិនី​ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​​​ក្នុង​ការបន្ត​ការសិក្សា​​បន្ថែម ​ដូចជា AWS Solutions Architect, AWS SysOps Administrator និង AWS Developer ដើម្បី​បន្ត​ពង្រឹង​ជំនាញ​របស់ខ្លួន​​។​

​មេធិនី ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​វិញ្ញាបនបត្រ​ទាំងនេះ​នឹងមិន​ត្រឹមតែ​បង្កើន​ជំនាញ​របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ ថែមទាំង​ពង្រឹង​នូវ​អនាគត​អាជីព​របស់ខ្ញុំ​ផងដែរ ដោយ​ផ្ដល់​នូវ​ជំនាញ​ និង​ធ្វើឱ្យ​ប្រសើរ​ក្នុង​បច្ចេកវិទ្យា cloud computing ​ដែល​កំពុង​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស»​។​

បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) ក៏​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​គម្លាត​ទាំងនេះ ដោយ​ផ្តល់ជូន​នូវ​វគ្គ​សិក្សា​ឌីជីថល​ក្នុង​គោលបំណង​រៀបចំ​សិស្ស​សម្រាប់​តួនាទី​នៅក្នុង​ប្រព័ន្ធ​អេកូ​ឌីជីថល​របស់​ប្រទេស​។​

នៅ​ឆ្នាំ ២០២៣​ CADT បាន​បង្កើន​ការជ្រើសរើស​និស្សិត​ប្រចាំឆ្នាំ​ពី ១០០ ទៅ ៣០០ នាក់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​សរុប​ចំនួន ៦០០នាក់​ ជាមួយនឹង​ការប្រឡង​យ៉ាង​ម៉ត់ចត់ និង​តម្លាភាព​។​

យុវតី សំណាង មេធិនី អាយុ ២០​ឆ្នាំ ជា​សិស្ស​បញ្ចប់​ការ​សិក្សា​ផ្នែក Cloud Computing ម្នាក់​ចំណោម ៣៤​នាក់ក្នុង​កម្មវិធី​ Cloud4Cambodia ក្រោម​គម្រោង​​ (DWD)។ រូបថត សហការី​

ជម្នះ​​ឧបសគ្គ​

ថ្វីត្បិតតែ​​ទទួលបាន​សមិទ្ធផលល្អ​​ក៏ដោយ ក៏ មេធិ​នី ប្រឈមមុខ​នឹង​បញ្ហា​មួយចំនួន​ក្នុង​ដំណើរ​របស់កញ្ញា​។ ក្នុងនាម​ជា​មនុស្ស​ម្នាក់​ដែល​មិនមាន​បទពិសោធន៍​ពីមុន​នៅក្នុង cloud computing ដំបូង​ឡើយ យុវតី​​បាន​តស៊ូ​ជាមួយ​ការត្រៀម​ប្រឡង​។​

មេធិនី​ បាន​សារភាពថា​ កញ្ញា​​បាន​ព្យាយាម​ទន្ទេញ​ចាំ​ព័ត៌មាន​ជាជាង​ផ្តោតលើ​ការយល់ដឹង​អំពី​មេរៀន cloud computing និង​ករណី​ប្រើប្រាស់​របស់វា។​

​ទោះជា​យ៉ាងណាក៏ដោយ តាមរយៈ​ការផ្លាស់ប្តូរ​វិធីសាស្ត្ររ​បស់​កញ្ញា​​ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​សេវា​ធ្វើការ​រួមគ្នា និង​សារៈសំខាន់​របស់​វា កញ្ញា​​អាច​ប្រឡង​ជាប់​បាន​ដោយ​ជោគជ័យ​។​

កញ្ញា​បាន​និយាយ​ថា​៖ «​ដើម្បី​ជំនះ​វា ខ្ញុំ​បាន​ប្តូរ​មក​ព្យាយាម​ស្វែងយល់​អំពី​សេវាកម្ម​នីមួយៗ របៀប​ដែល​ពួកវា​ទាក់ទង​គ្នា​ទៅវិញទៅមក ករណី​ប្រើប្រាស់​របស់វា​ និង​មូល​ហេតុដែល​ពួកវា​មាន​សារៈសំខាន់​។ បន្ទាប់ពី​នោះមក ខ្ញុំ​អាច​ប្រឡង​ជាប់​បាន​យ៉ាង​ងាយស្រួល​»។​

​រួមចំណែក​ដល់​ឧស្សាហកម្ម​បច្ចេកវិទ្យា​របស់​កម្ពុជា​​​

ជំនាញ​​​ថ្មី​របស់ មេធិនី​ ក្នុង cloud computing មិន​ត្រឹមតែ​សម្រាប់​ការរីកចម្រើន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​រួមចំណែក​ដល់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើនរ​បស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​យុវតី​កម្ពុជា​រូប​នេះ​​ស្រមៃ​ថា​នឹង​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ ដើម្បី​ជួយ​អាជីវកម្ម​ក្នុងស្រុក​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ IT ​ ពង្រឹង​ការផ្តល់សេវា និង​​​ការប្រើ​ប្រាស់ cloud computing ​ក្នុង​វិស័យ​សំខាន់ៗ​ ដូចជា ការអប់រំ ការថែទាំ​សុខភាព និង​រដ្ឋាភិបាល​។​

​កញ្ញា មេធិនី​ សង្ឃឹមថានឹង​ជំរុញ​នវានុវត្ដន៍​ និង​ការផ្លាស់ប្តូរ​ឌីជីថល​នៅក្នុង​វិស័យ​ទាំងនេះ ចំពោះ​ទំនាក់ទំនង និង​ជឿនលឿន​តាម​ប្រព័ន្ធ​ឌីជីថល​។​

​ឆ្ពោះ​ទៅមុខ កញ្ញា​ មេធិ​នី មើលឃើញថា cloud computing ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈមមុខ​ជំនួញ​មួយចំនួន​របស់​កម្ពុជា​។​

​កញ្ញា​​ជឿជាក់ថា បច្ចេកវិទ្យា cloud អាច​ផ្តល់ជូន​អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SMBs) នូវ​លទ្ធភាព​ធ្វើ​មាត្រដ្ឋាន​ដែល​ពួកគេ​ត្រូវការ ដោយ​គ្មាន​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​ការ​ចំណាយ​លើ​ហាដវែល ​​ដែលមាន​តម្លៃ​ថ្លៃ​។​

​យុវតី​​បាន​និយាយថា Cloud computing ក៏​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​កម្ពុជា​ផងដែរ ដោយ​ផ្តល់នូវ​វេទិកា​ដែល​អាច​ទុកចិត្តបាន​សម្រាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក ការចាប់ផ្តើម​អាជីវកម្ម និង​សេវាកម្ម​សាធារណៈ​។​

​មេធិនី ​និយាយថា៖ «​​ដំណោះស្រាយ​ cloud ​ផ្តល់នូវ​ភាព​ធន់​នឹង​ទិន្នន័យ​កាន់តែ​ប្រសើរឡើង និង​ការសង្គ្រោះ​ពី​គ្រោះមហន្តរាយ ដែល​អាច​ការពារ​ទិន្នន័យ​សំខាន់ៗ​ពី​ការវាយប្រហារ​តាម​អ៊ីនធឺណិត ឬ​គ្រោះមហន្តរាយធម្មជាតិ»​។​

បទពិសោធន៍​ និង​ជំនាញ​ជាក់ស្តែង​

​ពេញ​មួយ​កម្មវិធី Cloud4Cambodia កញ្ញា មេធិនី ទទួលបាន​បទពិសោធ​ន៍​ជាក់ស្តែង តាមរយៈ​មន្ទីរពិសោធន៍​ពិត​​ក្នុង​ផ្នែក​មួយចំនួន​ ដូចជា EC2, S3 និង Cloud Security​។​

មន្ទីរពិសោធន៍​ទាំងនេះ​បានបង្កើត​​សេណា​រី​យ៉ូ​ក្នុង​ពិភព​ពិត ដោយ​អាចឱ្យ​កញ្ញា​​អនុវត្ត​ចំណេះដឹង​ទ្រឹស្ដី​របស់​ខ្លួន​​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​។​

កញ្ញា​បាន​ពន្យល់ថា៖ «​ខណៈពេលដែល​មិនមាន​គម្រោង​ជាក់ស្តែង​ជាក់លាក់​មួយ មន្ទីរពិសោធន៍​ទាំងនេះ​បាន​ក្លែង​ធ្វើ​សេណា​រី​យ៉ូ​នៃ​ពិភព​ពិត ដែល​អនុញ្ញាតឱ្យ​ខ្ញុំ​ទទួលបាន​បទពិសោធន៍​ជាក់ស្តែង​ក្នុងការ​ដាក់ពង្រាយ​ម៉ាស៊ីន​មេ​និម្មិត កំណត់​រចនាសម្ព័ន្ធ​បណ្តាញ​សុវត្ថិភាព និង​ការគ្រប់គ្រង​ការផ្ទុក​ cloud»។​

ការបណ្តុះបណ្តាលអនុវត្ដ​ពិត​​បាន​ផ្ដល់​​នូវ​ជំនាញ​ជា​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង និង​ធានា​ហេដ្ឋារចនាសម្ព័ន្ធ​ cloud ​ជា​ជំនាញ​ដែល​អាចអនុវត្ត​ដោយផ្ទាល់​ចំពោះ​សេវាកម្ម​ដែលមាន​មូលដ្ឋាន​លើ​ cloud ​​​កំពុង​រីកចម្រើនរ​បស់​កម្ពុជា​។​

ការប្រកួតប្រជែង​សកល និង​មហិច្ឆតា​នាពេល​អនាគត​

គម្រោង DWD មិន​ត្រឹមតែ​បានឱ្យ​យុវតី មេធិនី​ ជួយ​អភិវឌ្ឍ​​ឧស្សាហកម្ម​បច្ចេកវិទ្យា​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់​​ការប្រកួតប្រជែង​ជា​សកល​នៅក្នុង​វិស័យ cloud computing ផងដែរ​។​

យោងតាម​ទីភ្នាក់ងារ USAID-Cambodia បានឱ្យដឹងថា ជាមួយនឹង​តម្រូវការ​អ្នកជំនាញ cloud computing រំពឹង​ថា​នឹង​កើនឡើង ខណៈដែល​ទីផ្សារ​ពិភពលោក​ពង្រីក​ពី ៦២៦,៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ ដល់​ជាង ១,២ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៨ អ្នកដឹកនាំ​វ័យក្មេង​ដូចជា កញ្ញា មេធិនី​​ជា​បុគ្គល​ជួរមុខ​នៃ​ការផ្លាស់ប្តូរ​ឌីជីថល​របស់​កម្ពុជា​។​

កញ្ញា​​និយាយថា អ្វីដែល​ធ្វើឱ្យ​កញ្ញា​​ខុសពី​អ្នកដទៃ​ដែលមាន​គុណវុឌ្ឍិ​ស្រដៀង​គ្នា​នោះ គឺ​សមត្ថភាព​​ទំនាក់​ទំនងជា​មួយ​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម និង​ទទួលបាន​ការយល់ដឹង​ពី​ពិភព​ពិត​អំពី​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​និន្នាការ​ដែល​កំពុង​រីកចម្រើន​។​

យុវតីរូប​នេះ​បាន​បញ្ជាក់​ថា៖ «​បទពិសោធន៍​នេះ​បាន​ពង្រឹងសមត្ថភាពរ​បស់​ខ្ញុំ​ក្នុងការ​អនុវត្ត​ដំណោះស្រាយ​ជំនាញ cloud ​តាមរបៀប​ដែល​បំពេញតម្រូវការ​អាជីវ​កម្ម និង​តម្រូវការ​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន ធ្វើឱ្យ​ខ្ញុំ​រៀបចំ​យ៉ាង​ពិសេស​ដើម្បី​រុករក​វិស័យ​បច្ចេកវិទ្យា​សកល»។​

ក្នុង​ការណែនាំ​​ដល់​យុវជន​កម្ពុជា​ដែល​ចាប់អារម្មណ៍​លើ Cloud Computing កញ្ញា មេធិនី បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការកសាង​មូលដ្ឋានគ្រឹះ​បច្ចេកទេស​ដ៏​រឹងមាំ តាមរយៈ​វគ្គ​សិក្សា និង​វិ​ញ្ញាប​ន​បត្រ​តាម​អ៊ីនធឺណិត​។​

កញ្ញា​បាន​និយាយថា៖ «​ការចូលរួម​នៅក្នុង​មន្ទីរពិសោធន៍ និង​គម្រោង​នេះ​​​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការអនុវត្ត​ចំណេះដឹង​ទ្រឹស្តី​នៅក្នុង​សេណា​រី​យ៉ូ​ជាក់ស្តែង​»។​

​មេធិនី បាន​លើកទឹកចិត្ត​អ្នកអនុវត្ត​ cloud ​ដែល​ប្រាថ្នា​ចង់ភ្ជាប់​ទំនាក់​ទំនងជា​មួយ​សហគមន៍​បច្ចេក​វិទ្យា និង​ស្វែងរក​ឱកាស​ដើម្បី​ទទួលបាន​បទពិសោធន៍​ក្នុង​ពិភព​ពិត​តាមរយៈ​កម្មសិក្សា ឬ​ការងារ​ស្ម័គ្រចិត្ត​៕