ការ​នាំ​ចូល​សម្ភារ​សំណង់​កើន​ឡើង​តិច​តួច​ក្នុង​ឆមាស ទី១


130822_02
ដែកសម្រាប់ប្រើប្រាស់ក្នុងការងារសំណង់សុទ្ធតែនាំចូលមកពីបរទេស ស្រេង ម៉េងស្រ៊ុន

ភ្នំពេញៈ តម្លៃ​នៃ​ការ​នាំ​ចូល​សម្ភារ​សំណង់​ក្នុង​ឆមាស ទី១​ឆ្នាំ ២០១៣ នេះ​បាន​បន្ត​កើន​ឡើង បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១២ កន្លង​មក។

របាយ​ការណ៍​ពី​ក្រសួង ពាណិជ្ជកម្ម កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ការ​នាំ​ចូល​ផលិតផល​សម្ភារ​សំណង់​ក្នុង​ឆមាស ទី១​ឆ្នាំ ២០១៣ នេះ​មាន​ចំនួន​សរុប ៤៥១ ពាន់​តោន ដែល​ស្មើ​នឹង​ទឹក​ប្រាក់​ប្រហែល ២២៦ លាន​ដុល្លារ អាមេរិក ខណៈ​កាល​ពី​ឆមាស ទី១ ឆ្នាំ ២០១២ កន្លង​មក​ការ​នាំ​ចូល​សម្ភារ​សំណង់​មាន​ចំនួន ៤៣៩ ពាន់​តោន ស្មើ​នឹង​ប្រាក់​ប្រហែល ២១០ លាន​ដុល្លារ​អាមេរិក ពោល​គឺ​ការ​នាំ​ចូល​សម្ភារ​សំណង់​នៅ​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០១៣ នេះ​បាន​កើន​ឡើង​ជាង ៧ ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១២។

លោក គង់ ពុទ្ធារ៉ា ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង ពាណិជ្ជកម្ម បាន​ប្រាប់​ថា ការ​នាំ​ចូល​ផលិតផល​សម្ភារ​សំណង់​ពី​បរទេស​មក​កម្ពុជា​បាន​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ខណៈ​វិស័យ​សាងសង់​នៅ​កម្ពុជា​បាន​វិវត្ត​ទៅ​មុខ​ជា​ប្រចាំ។ លោក​បាន​ប្រាប់​ទៀត​ថា កំណើន​ប្រជាជន​ក៏​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ទាក់​ទង​ទៅ​នឹង​ការ​វិវត្ត​វិស័យ​សំណង់​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​បាន​ជាប់​ទាក់​ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ការ​នាំ​ចូល​សម្ភារ​សំណង់​ព្រោះ​កាល​ណា​ប្រជាជន​កើន​ឡើង តម្រូវការ​លំនៅឋាន​ក៏​កើន​ឡើង​ផង​ដែរ»។

លោក​ប្រាប់​ទៀត​ថា៖ «កាល​ណា​ប្រជាជន​មាន​ប្រាក់​ចំណូល​ខ្ពស់​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​នៅ​ក្នុង​ប្រទេស​មាន​ស្ថិរភាព​ល្អ គម្រោង​អភិវឌ្ឍន៍​នានា​នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ដូច្នេះ​បរិមាណ​តម្រូវ​ទំនិញ​ការ​នាំ​ចូល​នឹង​កើន​ឡើង​ទៅ​តាម​នោះ​ដែរ»។

ការ​សិក្សា​អង្កេត​ចន្លោះ​ជំរឿន​ប្រជារាស្ត្រ​កម្ពុជា​ឆ្នាំ ២០១៣ (២០០៨-២០១៨) ដែល​ទើប​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៥ ខែ សីហា ឆ្នាំ ២០១៣ នេះ​បាន​រក​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រជាជន​សរុប ១៤,៦៧៦,៥៩១ នាក់ ខណៈ​ការ​ធ្វើ​ជំនឿ​កាល​ពី​ឆ្នាំ ២០០៨ រក​ឃើញ​ថា កម្ពុជា​មាន​ប្រជាជន​សរុប ១៣,៣៩៥,៦៨២ នាក់ ពោល​គឺ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​នេះ​កើន​ឡើង​ចំនួន ១,២៨០,៩០៩ នាក់។

នៅ​កម្ពុជា​គេ​បាន​សង្កេត​ឃើញ​ថា មាន​គម្រោង​សាង​សង់​ជាច្រើន​កំពុង​ដំណើរការ​ដូចជា ផ្លូវ ស្ពាន អគារ​លំនៅឋាន ពាណិជ្ជកម្ម អគារ និង​រោងចក្រ​ជាដើម​ដែល​ការដ្ឋាន​សាង​សង់​ទាំង​នោះ​សុទ្ធ​តែ​ត្រូវ​ការ​សម្ភារ​នាំ​ចូល​មក​ពី​បរទេស មក​បង្គ្រប់​លើ​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​ដូច​ជា ខ្សាច់ ថ្ម ស៊ីម៉ងត៍ និង​ឥដ្ឋ​ជាដើម។

ផលិតផល​គ្រឿង​សម្ភារ​សំណង់​ដែល​កម្ពុជា​នាំ​ចូល​មក​ក្នុង​ទីផ្សារ​ភាគ​ច្រើន គឺ​មក​ពី​ប្រទេស​ចិន ថៃ វៀតណាម ម៉ាឡេស៊ី និង​មាន​មួយ​ចំនួន​ទៀត​នាំ​ចូល​មក​ពី​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប។

បច្ចុប្បន្ន​នៅ​កម្ពុជា ក្នុង ១ ឆ្នាំ​គេ​ត្រូវ​ការ​លំនៅឋាន​ថ្មី​ចន្លោះ​ពី ១០-២០ ម៉ឺន​ខ្នង៕

ព័ត៌មានថ្មីៗ