ការ​បង់​ពន្ធ​លើ​អចលន​ទ្រព្យ ឆ្នាំ ២០១៣ ត្រូវ​ពន្យារ​ពេល


131017_02a
អគ្គនាយកដ្ឋានពន្ធដារ ការប្រមូលពន្ធលើអចលនទ្រព្យ ឆ្នាំ២០១៣ ត្រូវពន្យារដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ផា លីណា

ភ្នំពេញៈ កំណើន​អចលន​ទ្រព្យ​ថ្មី​ដែល​កើន​ឡើង​ជា​ប្រចាំ និង​ភាព​យឺត​យ៉ាវ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​មក​បង់​ពន្ធ​លើ​អចលន​ទ្រព្យ បាន​ជំរុញ​ឲ្យ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ សម្រេច​ពន្យារ​ពេល​បង់​ពន្ធ​លើ​អចលន​ទ្រព្យ​សម្រាប់​ឆ្នាំ ២០១៣ រហូត​ដល់​ថ្ងៃ ទី៣១ ខែ តុលា ឆ្នាំ ២០១៣។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែល​បាន​ផ្សព្វ​ផ្សាយ​ពី​ថ្ងៃ ទី៨ ខែ តុលា ឆ្នាំ ២០១៣ កន្លង​មក​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ពេល​ជិត​បញ្ចប់​នៃ​ការ​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យ​គេ​សង្កេត ឃើញ​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង​ពោល​គឺ​ប្រជា​ពលរដ្ឋ​សម្រុក​មក​ប្រកាស​បង់​ពន្ធ​នៅ​តាម​បណ្ដា​សាខា​ពន្ធដារ ខេត្ត-ខណ្ឌ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​ជូន​អ្នក​ជាប់​ពន្ធ​មិន​ទាន់​ពេល​វេលា។

តាម​រយៈ​នេះ​អគ្គ​នាយកដ្ឋាន​ពន្ធដារ សម្រេច​នឹង​ពន្យារ​ពេល​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យ​រហូត​ដល់​ថ្ងៃ ទី៣១ ខែ តុលា ឆ្នាំ ២០១៣ ហើយ​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​អចលន​ទ្រព្យ​បន្ថែម​ទៀត​នោះ អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​ចាត់​ចែង ប្រមូល​ពន្ធ នៅ​ថ្ងៃ​សៅរ៍-អាទិត្យ បន្ថែម​ទៀត៕

ព័ត៌មានថ្មីៗ