ការលក់បុរី រីវើរ ថោន ទទួលលទ្ធផលគួរឲ្យពេញចិត្ត

ភ្នំពេញ: ភាពអំណោយផលខាងទីតាំងភូមិសាស្រ្តដោយមានទន្លេមេគង្គ និងទន្លេសាបនៅអមសងខាង ស្របពេលការសាងសង់ស្ពានជ្រោយចង្វារទី២ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកំពុងដំណើរការទៅមុខជាប្រចាំនោះ នាពេលថ្មីៗនេះគេសង្កេតឃើញមានការដ្ឋានសាងសង់មួយបានចាប់ដំណើរការដែលមានឈ្មោះថា បុរី រីវើរ ថោន។
បុរី រីវើរ ថោន (River Town) មានទីតាំងនៅបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយ៨០០ម៉ែត្រពីស្ពានជ្រោយចង្វារ ដោយមានផ្ទៃក្រឡាជិត២ហិកតា ដោយមានទុនវិនិយោគប្រហែល៣០លានដុល្លារអាមេរិក។
ក្នុងគម្រោងនោះរួមមាន ផ្ទះល្វែងប្រណីតៗជាង៧០ល្វែង និងមានវីឡាទោល វីឡាភ្លោះប្រហែល៤០ទៀតផងដោយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់នាដើមឆ្នាំ២០១៥។
លោក តេង រិទ្ធី ប្រធានគ្រប់គ្រងទូទៅនៃគម្រោងបុរី រីវើរ ថោន បានប្រាប់ថា ការដ្ឋានសាងសង់បុរី រីវើរ ថោន បានចាប់ផ្តើមបើកដំណើរការកាលពីដើមខែឧសភាកន្លងមកដោយមានកម្មករ ជាច្រើនកំពុងធ្វើការនៅទីនោះ។ បច្ចុប្បន្នមានអតិថិជនជាច្រើនកំពុងចាប់អារម្មណ៍ចំពោះគម្រោងនេះ។
លោក រិទ្ធី បានថ្លែងថា៖«មកដល់ពេលនេះការលក់របស់បុរី រីវើរ ថោន សម្រេចបាន៣០ភាគរយហើយ ដោយអតិថិជនរបស់យើងភាគច្រើនអ្នករស់នៅក្នុងស្រុក។
ផ្ទះល្វែងដែលមានកម្ពស់៣ជាន់កន្លះនៅក្នុងគម្រោងនេះមានតម្លៃចាប់ពី ១៤-៤៩ម៉ឺនដុល្លារ ចំណែកវីឡាភ្លោះមានតម្លៃ២២ម៉ឺនដុល្លារខណៈតម្លៃវីឡាទោល ក្រុមហ៊ុនមិនទាន់បានកំណត់នៅឡើយទេ។
ទាក់ទងនឹងការលក់លោក រិទ្ធី បានអះអាងថា៖«ការលក់គម្រោង បុរី រីវើរ ថោន នឹងទទួលជោគជ័យតាមការគ្រោងទុក ពីព្រោះខ្ញុំបានសង្កេតឃើញថា គ្រាន់តែចាប់បើកលក់បានជាង២០ថ្ងៃក្រុមហ៊ុនលក់បាន៣០ភាគរយហើយ។ ការដែលគម្រោង រីវើរ ថោន អាចទទួលជោគជ័យបែបនេះក៏ព្រោះតែបុរីនេះមានលក្ខណពិសេសៗដូចជា ទី១ ទីតាំងមានលក្ខណអំណោយផល ព្រោះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ទី២ សំណង់ក្នុងបុរី រីវើរ ថោន មានម៉ូដស្អាត កំពុងពេញនិយម និងទី៣ កម្មករសាងសង់សុទ្ធតែជាអ្នកមានជំនាញច្បាស់លាស់ ព្រមជាមួយនឹងការប្រើប្រាស់សម្ភារដែលមានគុណភាពខ្ពស់ និងប្រណីតៗទៀតផង»។
លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន វីអឹមស៊ី បានប្រាប់ថា បុរី រីវើរ ថោន ជាគម្រោងដែលអាចទទួលបានការពេញចិត្តច្រើនពីអតិថិជន ព្រោះនៅទីនោះភាពអំណោយផលផ្នែកបរិស្ថាន ទីតាំង និងផ្លូវធ្វើដំណើរ ជាពិសេសនៅពេលស្ពានជ្រោយចង្វារទី២ សាងសង់រួចរាល់។ ចំពោះការដាក់តម្លៃខាងលើ លោក ចណ្ណា បាននិយាយថា មិនថ្លៃពេកទេ ពីព្រោះ បុរី រីវើរ ថោន មានទីតាំងនៅជិតកណ្តាលរាជធានីភ្នំពេញជាងគេបើប្រៀបធៀបជាមួយតំបន់ចម្ការដូង ចោមចៅ និងកៀនស្វាយ។ ម៉្យាងទៀតស្ថានភាពផ្លូវថ្នល់នៅតំបន់នោះនាពេលនេះក៏មានលក្ខណៈប្រសើរផងដែរ។
បច្ចុប្បន្ននៅតាមបណ្តោយផ្លូវជាតិលេខ៦មានគម្រោងសាងសង់ធំៗជាច្រើនកំពុងដំណើរការ និងជិតដំណើរការដែលមានដូចជា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC និងគម្រោងអភិវឌ្ឍន៍របស់លោក លី យ៉ុងផាត់ មានដូចជា ពហុកីឡដ្ឋានជាតិ សាលារៀន ខុនដូ អាផាតមិន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាដើម។
ប្រធានក្រុមហ៊ុនខាងលើបាននិយាយយ៉ាងខ្លីថា៖«គម្រោង បុរី រីវើរ ថោន អាចនឹងទទួលបានជោគជ័យពីព្រោះមានតម្លៃសមរម្យ និងមានទីតាំងល្អ»។
លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បានប្រាប់ថា វាជាការល្អដែលគម្រោងមួយមានដំណើរការ នេះបញ្ជាក់ពីភាពរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកបានប្រាប់ទៀតថា គម្រោងនេះនឹងទទួលជោគជ័យ ប្រសិនបើម្ចាស់គម្រោងដាក់តម្លៃលក់សមរម្យ។ លោកបានអះអាងថា៖«តម្លៃគឺជាហេតុផលមួយដ៏សំខាន់សម្រាប់ការលក់ ព្រោះបើទោះបីជាមានទីតាំងល្អយ៉ាងណាក៏ដោយ ប៉ុន្តែតម្លៃថ្លៃនោះក៏មិនមានអតិថិជនទិញដែរ»។
ការស្រាវជ្រាវថ្មីៗបានបង្ហាញថា បច្ចុប្បន្ននៅកម្ពុជាក្នុង១ឆ្នាំៗគេត្រូវការលំនៅឋានថ្មីចន្លោះពី១០ទៅ២០ម៉ឺនខ្នង៕