ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស​រួម​គ្នា​សង់​ការិយាល័យ​កម្រិត A


20140424_03
ពិធីចុះកិច្ចព្រមព្រៀងដើម្បីសាងសង់អគារការិយាល័យកម្រិត A ដែលនឹងលេចរូបរាងនៅតាមបណ្តោយមហាវិថីព្រះនរោត្តមនាពេលខាងមុខ ហឹុន ពិសី

ភ្នំពេញ: ដោយ​មើល​ឃើញ​សក្តានុពល និង​តម្រូវ​ការ​ការិយាល័យ​កម្រិត A កាន់​តែ​មាន​ចំនួន​កើន​ឡើង​ជា​បន្ត​បន្ទាប់​នោះ កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នៅ​សណ្ឋាគារ សូហ្វីតែល មាន​រៀបចំ​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​បង្កើត​ក្រុមហ៊ុន​មួយ​សម្រាប់​វិនិយោគ​លើ​ការ​សាងសង់​អគារ​ការិយាល័យ​លំដាប់ A នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក ចេង ខេង អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ កម្ពុជា ស៊ីភីអិល និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា ដែល​ជា​ភាគី​មួយ​ក្នុង​ហត្ថលេខី​នោះ បាន​ឲ្យ​ដឹង​ថា វា​គឺ​ជា​កិត្តិយស​ណាស់​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ចាប់​ដៃ​គូ​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន​ចំនួន ៣ ផ្សេង​ទៀត​ដែល​មាន​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ ដើម្បី​រៀបចំ​សាង​សង់​អគារ​ការិយាល័យ​កម្រិត A នៅ​រាជធានី​ភ្នំពេញ។

លោក​បាន​បន្ត​ទៀត​ថា ពេល​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​វិនិយោគ​លើ​ការ​សាង​សង់​អគារ​ការិយាល័យ​នៅ កម្ពុជា ព្រោះ​បច្ចុប្បន្ន​នេះ​តម្រូវការ​ការិយាល័យ​កម្រិត A កំពុង​កើន​ឡើង​ខណៈ​ចំនួន​អ្នក​វិនិយោគ​និង​ក្រុមហ៊ុន​ធំៗ​ដែល​មក​វិនិយោគ​នៅ ប្រទេស​កម្ពុជា មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ជា​ប្រចាំ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន​ដៃ​គូ​នៅ​ក្នុង​ប្រទេស និង​មក​ពី​បរទេស​ក្នុង​ការ​រៀបចំ​គម្រោង​សាង​សង់​អគារ​ការិយាល័យ​កម្រិត A នៅ​រាជធានី​ភ្នំពេញ»។

គម្រោង​កសាង​អគារ​ការិយាល័យ​ដ៏​ធំ និង​ទំនើប​ខាង​លើ​គ្រោង​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ដើម ឆ្នាំ​២០១៥ ខាង​មុខ នៅ​តាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ដោយ​មាន​កម្ពស់ ២៥ ជាន់ (ចំណត​រថយន្ត​ចំនួន ៥ ជាន់) និង​មាន​ផ្ទៃ​ក្រឡា​សរុប ៧៨០០០ ម៉ែត្រ​ការ៉េ ក្រោម​ទឹក​ប្រាក់​វិនិយោគ​ប្រហែល ៥០ លាន​ដុល្លារ​អាមេរិក និង​គ្រោង​សាង​សង់​រយៈ​ពេល ៣​ឆ្នាំ។

លោក ខេង បាន​អះអាង​ថា៖ «តាម​ផែនការ​អគារ​ការិយាល័យ​កម្រិត A របស់​យើង​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ដើម ឆ្នាំ​២០១៥ ខាង​មុខ ដោយ​ការ​សាង​សង់​នឹង​ត្រូវ​ចំណាយ​ពេល​ជិត ៣​ឆ្នាំ។ នៅ​ពេល​សាងសង់​រួច​ប្រសិន​បើ​មាន​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នក​វិនិយោគ​ណា​មួយ​ចង់​បាន​អគារ​ការិយាល័យ​ផ្ទាល់​ខ្លួន​ពួក​គេ​ក៏​អាច​ទិញ​វា​យក​ទៅ​ប្រើ​ប្រាស់​ជា​ឯកជន ឬ​ក៏​ទុក​ជួល​បាន​បន្ត​ផង​ដែរ»។

តែ​ទោះ​ជា​យ៉ាង​ណា​លោក​ប្រធាន​ក្រុមហ៊ុន ស៊ីភីអិល ខាង​លើ​បាន​បដិសេធ​ចំពោះ​ទីតាំង​ពិត​ប្រាកដ​នៃ​អគារ​ខាង​លើ ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា អគារ​នោះ​ស្ថិត​តាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម។

គោល​បំណង​នៃ​ការ​ធ្វើ​កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ផ្នែក​អភិវឌ្ឍន៍​វិស័យ​សំណង់​មួយ​ដែល​មាន​លក្ខណៈ​ស្តង់ដារ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ ដែល​ត្រូវ​ការ​ការិយាល័យ​ធ្វើ​ការ​កម្រិត​ស្តង់ដារ។ ការិយាល័យ​នោះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ដែល​មាន​សេវាកម្ម​ចម្រុះ​ជាច្រើន​ដូច​ជា កន្លែង​ម៉ាស្សា សូណា អាង​ហែល​ទឹក ស្ទីម និង​ហាង​លក់​ទំនិញ​ជាដើម។

លោក​ស្រី ស៊ ធីតា អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ឯករាជ្យ ដែល​ជា​ភាគី​ហត្ថលេខី​មួយ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ដែរ បាន​ប្រាប់​ថា គម្រោង​សាង​សង់​អគារ​ការិយាល័យ​កម្រិត A ដែល​គ្រោង​នឹង​សាង​សង់​នា​ពេល​ខាង​មុខ​នេះ​នឹង​មិន​យឺត​ពេល​នោះ​ទេ បើ​ទោះ​បី​ជា​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​អាស៊ាន​នឹង​ឈាន​មក​ដល់​នា​ចុង ឆ្នាំ​២០១៥ ក៏​ដោយ។

លោក​ស្រី​បាន​បន្ត​ថា ការ​ផ្គត់​ផ្គង់​ការិយាល័យ​នៅ កម្ពុជា បច្ចុប្បន្ន​ភាគ​ច្រើន​មាន​តែ​កម្រិត B និង C តែ​ប៉ុណ្ណោះ ខណៈ​អគារ​ការិយាល័យ​កម្រិត A នៅ​មាន​ចំនួន​តិច​តួច។ ការ​សាង​សង់​អគារ​ការិយាល័យ​ថ្មី​នេះ​នឹង​មាន​ភាព​ល្អ​ឥត​ខ្ចោះ ព្រោះ​ទីនោះ​នឹង​មាន​ចំណត​រថយន្ត​ធំ​ទូលាយ។

លោក​ស្រី ធីតា បាន​ថ្លែង​ថា៖ «ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទាម​ទារ​រយៈ​ពេល​យ៉ាង​តិច​ពី ១-២ ឆ្នាំ ដូច្នេះ​គម្រោង​សាង​សង់​ខាង​លើ​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​នៅ​ពេល​គម្រោង​សាង​សង់​បញ្ចប់​គឺ​ចំ​ពេល​ដែល​មាន​អ្នក​វិនិយោគ​ច្រើន​ចូល​មក កម្ពុជា»។

លោក Tomoyuki Yokoi តំណាង​ក្រុមហ៊ុន TriAsiaGroup Co.,Ltd ដែល​ជា​ក្រុមហ៊ុន​សាង​សង់​ល្បី​ឈ្មោះ​មួយ​នៅ ប្រទេស​ជប៉ុន បាន​និយាយ​ថា លោក​សប្បាយ​ចិត្ត​ក្នុង​ការ​ចាប់​ដៃ​គូ ក៏​ដូច​ជា​បោះ​ទុន​វិនិយោគ​នៅ កម្ពុជា ដោយ​សារ​តែ​ក្រុមហ៊ុន​របស់​លោក​បាន​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​សេដ្ឋកិច្ច​នៅ ប្រទេស​កម្ពុជា មាន​ភាព​រឹង​មាំ។ តាម​រយៈ​សំណង់​អគារ​នា​ពេល​ខាង​មុខ​ក្រុមហ៊ុន​របស់​លោក​នឹង​នាំ​យក​មក​នូវ​ការ​សាងសង់​ដែល​មាន​លក្ខណៈ​ស្តង់ដារ​កម្រិត​ខ្ពស់​មក​ប្រើ​ប្រាស់។

លោក Tomoyuki Yokoi បញ្ជាក់​ថា៖ «ក្រុមហ៊ុន​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​ការ​វិនិយោគ​ទៅ​លើ​ការ​សាង​សង់​អគារ​ការិយាល័យ​កម្រិត A នៅ កម្ពុជា»។

ក្រុមហ៊ុន​ទាំង ៤ ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​ពេល​នោះ​រួម​មាន៖

-ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីភីអិល

-ក្រុមហ៊ុន TraAsiaGroup

-អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ឯករាជ្យ

-លោក Lorenzo M.Martini ស្ថាបត្យករ​អ៊ីតាលី ដែល​មាន​ឯកទេស​រចនា​ប្លង់​អគារ៕

ព័ត៌មានថ្មីៗ