តម្លៃ​ដី​ធ្លី​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ មាន​សភាព​នៅ​ទ្រឹង


Content image - Phnom Penh Post

ភ្នំពេញ : បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​សកម្មភាព​នៃ​ការ​កែលម្អ​ដើម្បី​ពង្រីក​ផ្លូវ​ជាតិ​លេខ​៦ និង​ការ​ស្ថាបនា​ស្ពាន​ជ្រោយ​ចង្វារ​ទី២ កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុល​ផុស​យ៉ាង​ណា​ក៏​ដោយ​ក៏​គេ​សង្កេត​ឃើញ​ថា តម្លៃ​ដី​ធ្លី និង​អចលន​ទ្រព្យ​នៅ​តំបន់​នេះ​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែ​ប្រួល​ជា​ដុំ​កំភួន​នោះ​ទេ​។ ស្ថានភាព​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​អចលន​ទ្រព្យ​និយាយ​ថា ដោយ​សារ​ដី​នៅ​តំបន់​ទាំង​នោះ​មាន​តម្លៃ​ខ្ពស់​រួច​ទៅ​ហើយ​។

លោក ខាន់ សុវណ្ណ នាយក​គ្រប់​គ្រង​នៃ​ក្រុមហ៊ុន​ខេមថប ប្រូផឺធី គ្រុប បាន​ប្រាប់​ថា តម្លៃ​ដី​ធ្លី និង​អចលន​ទ្រព្យ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦​នៅ​ពេល​នេះ​មិន​សូវ​មាន​ការ​ប្រែ​ប្រួល​នោះ​ទេ ព្រោះ​តម្លៃ​ដី​ធ្លី​នៅ​តំបន់​នោះ​បាន​កើន​ឡើង​ច្រើន​រួច​ទៅ​ហើយ​នា​អំឡុង​ពេល​ដែល​សន្ទុះ​តម្លៃ​ដី​ធ្លី​កើន​ឡើង​ខ្លាំង​កាល​ពី​អំឡុង​ឆ្នាំ ២០០៦-២០០៨។

លោក​ប្រាប់​ទៀត​ថា សម្រាប់​តម្លៃ​ដីធ្លី​នៅ​ផ្លូវ​ជាតិ​លេខ​៦ ក្រុមហ៊ុន Cam Top Property Group បាន​ធ្វើ​ការ​បែង​ចែក​ចេញ​ជា​៤​ផ្នែក​ផ្សេងៗ​គ្នា ដោយ​ផ្នែក​ទី១ គឺ​ចាប់​ពី​គល់​ស្ពាន​ជ្រោយ​ចង្វារ រហូត​ដល់​តំបន់​ព្រែក​លៀប ដី​នៅ​តាម​បណ្តាយ​ផ្លូវ​ជាតិ​មាន​តម្លៃ​ចន្លោះ​ពី​៦០០ ទៅ​១០០០​ដុល្លារ​និង​តំបន់​មិន​ជាប់​ផ្លូវ​ជាតិ​មាន​តម្លៃ​ចាប់​ពី​២០០-៦០០​ដុល្លារ​អាមេរិក ក្នុង​១​ម៉ែត្រ​ការ៉េ។ ផ្នែក​ទី២ ចាប់​ពី​ព្រែក​លៀប ទៅ​ដល់​ព្រែក​អញ្ចាញ ដី​នៅ​ជាប់​ផ្លូវ​ធំ​មាន​តម្លៃ​ចាប់​ពី​២០០-៣០០​ដុល្លារ និង​តំបន់​ខាង​ក្នុង​មាន​តម្លៃ​ចន្លោះ​ពី​៥០​ទៅ​១០០​ដុល្លារ ចំណែក​ផ្នែក​ទី៣ ចាប់​ពី​ព្រែក​អញ្ចាញ​ដល់​ថ្នល់​កែង ដី​ជាប់​ផ្លូវ​ជាតិ​មាន​តម្លៃ​ចាប់​ពី​៥០-១០០​ដុល្លារ និង​តំបន់​ខាង​ក្នុង​មាន​តម្លៃ​១០​-៥០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ។ រីឯ​ផ្នែក​ទី៤ គឺ​តំបន់​ថ្នល់​កែង​ដី​នៅ​ជាប់​ផ្លូវ​ជាតិ​មាន​តម្លៃ​ចន្លោះ​ពី​២០​ទៅ​៥០​ដុល្លារ និង​តំបន់​ខាង​ក្នុង​មាន​តម្លៃ​ចាប់​ពី​៥-១០​ដុល្លារ​អាមេរិក ក្នុង​១​ម៉ែត្រ​ការ៉េ​។

130411_16
សកម្មភាពនៃការពង្រីកផ្លូវជាតិលេខ៦ នៅសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហុង មិនា

លោក សុវណ្ណ បាន​ថ្លែង​ថា៖​«បើ​ទោះ​បី​តម្រូវ​ការ​ដី​ធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​កើន​ឡើង​ច្រើន​ក៏​ដោយ ក៏​តម្លៃ​នៅ​ពេល​នេះ​មិន​បាន​កើន​ឡើង​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ដី​ធ្លី​នៅ​តំបន់​នោះ​នឹង​កើន​ឡើង​ខ្លាំង​នៅ​ពេល​ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ចូល​ទៅ​ក្នុង​តំបន់​អាស៊ាន​នា​ចុង​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ព្រោះ​នៅ​ពេល​នោះ​នឹង​មាន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ទុន​ច្រើន​ចូល​មក​កម្ពុជា។ ពួក​គេ​នឹង​ត្រូវ​ការ​កន្លែង​ស្នាក់​នៅ រោងចក្រ ភោជនីយដ្ឋាន និង​ឃ្លាំង​ស្តុក​ទំនិញ ច្រើន​ជា​មិន​ខាន ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ហ៊ាន​ព្យាករ​ថា នឹង​កើន​ឡើង​ប៉ុន្មាន​ភាគ​រយ​នោះ​ទេ​បើ​ប្រៀប​ធៀប​ជាមួយ​បច្ចុប្បន្ន​នេះ»។

តម្លៃ​ដី​ធ្លី​នៅ​តំបន់​តាម​តំបន់​ផ្លូវ​ជាតិ​លេខ​៦ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ច្រើន​នា​ពេល​ខាង​មុខ ពី​ព្រោះ​តំបន់​នោះ​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ដោយ​សារ​ជា​តំបន់​មាន​បរិស្ថាន​រស់​នៅ​ល្អ មាន​ទន្លេ​ធំៗ​ចំនួន​២​នៅ​អម​សង​ខាង​គឺ​ទន្លេ​មេគង្គ និង​ទន្លេ​សាប ហើយ​នៅ​ពេល​ខាង​មុខ​តំបន់​នោះ​នឹង​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​ភ្លើង ព្រម​ទាំង​មាន​ស្ពាន និង​ផ្លូវ​ថ្នល់​ខ្វាត់​ខ្វែង​ទៀត​ផង។

លោក ឌឹត ចណ្ណា នាយក​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ វីអឹមស៊ី បាន​ប្រាប់​ថា​បច្ចុប្បន្ន​នេះ​ចលនា​ទិញ លក់​អចលន​ទ្រព្យ បាន​កើន​ឡើង​ច្រើន​នៅ​តាម​តំបន់​ផ្លូវ​ជាតិ​លេខ​៦ ជា​ពិសេស​ចាប់​ពី​គល់​ស្ពាន​ជ្រោយ​ចង្វារ ទៅ​ស្ពាន​ទី​៥ ប៉ុន្តែ​តម្លៃ​មិន​សូវ​មាន​ការ​ប្រែ​ប្រួល​ទេ​។ លោក​បាន​ប្រាប់​ទៀត​ថា តម្លៃ​ដី​ធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ លោក​បាន​ធ្វើ​ការ​បែង​ចែក​ចេញ​ជា​៣​តំបន់​ផ្សេង​គ្នា គឺ​ចាប់​ពី​គល់​ស្ពាន​ជ្រោយ​ចង្វារ រហូត​ដល់​ស្ពាន​ទី២ ដី​នៅ​តាម​ជាប់​ផ្លូវ​ជាតិ​មាន​តម្លៃ​ចាប់​ពី​២០០​ទៅ​៤០០​ដុល្លារ និង​តំបន់​ខាង​ក្នុង​មាន​តម្លៃ​ចន្លោះ​ពី​១៥០-៣០០។ ផ្នែក​ទី២ ចាប់​ពី​ស្ពាន​ទី​២ ដល់​ស្ពាន​ទី​៥ ដី​មាន​តម្លៃ​ចន្លោះ​ពី​១៥០​ទៅ​២០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ តំបន់​មិន​ជាប់​ផ្លូវ​ធំ​មាន​តម្លៃ​ចន្លោះ​ពី​៥០​ទៅ​១០០​ដុល្លារ ចំណែក​ផ្នែក​ទី៣​ដែល​គិត​ចាប់​ពី​ស្ពាន​ទី៥​ទៅ​ថ្នល់​កែង ដី​តាម​បណ្តោយ​ផ្លូវ​ជាតិ​មាន​តម្លៃ​ចន្លោះ​ពី​៥០​ទៅ​១៥០​ដុល្លារ​និង​តំបន់​មិន​ជាប់​ផ្លូវ​ធំ​មាន​តម្លៃ​ចាប់​ពី​៣០​ទៅ​៥០​ដុល្លារ​ក្នុង​មួយ ម៉ែត្រ​ការ៉េ​។

ទោះ​ជា​ដី​ធ្លី​នៅ​តំបន់​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​នៅ​ពេល​នេះ​មិន​ទាន់​មាន​អ្វី​ប្រែ​ប្រួល​ច្រើន​ក៏​ដោយ ក៏​លោក ឌឹត ចណ្ណា មាន​សុទិដ្ឋិ​និយម​ថា​៖​«​នៅ​ពេល​ផ្លូវ​ជាតិ​លេខ​៦​ពង្រីក​រួច​រាល់ តម្លៃ​ដី​ធ្លី និង​អចលន​ទ្រព្យ​នៅ​តំបន់​នោះ​នឹង​ឡើង​ថ្លៃ​ចន្លោះ​ពី​២០​ទៅ​៣០​ភាគ​រយ​ជា​មិន​ខាន​»។

បច្ចុប្បន្ន​មាន​គម្រោង​វិនិយោគ​ធំៗ​ជា​ច្រើន​កំពុង​ដំណើរ​ការ និង​ត្រៀម​បើក​ដំណើរ​ការ​នា​ពេល​ខាង​មុខ​នៅ​តំបន់​ផ្លូវ​ជាតិ​លេខ​៦​មាន​ដូចជា​គម្រោង​ស្ថាបនា​ពហុ​កីឡដ្ឋាន​ជាតិ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​វិនិយោគ OCIC គម្រោង​សាង​សង់​រោងចក្រ ឃ្លាំង​ស្តុក​ទំនិញ និង​គម្រោង​សាង​សង់​បុរី​ជា​ច្រើន​ទៀត៕

ព័ត៌មានថ្មីៗ