តម្លៃដីនៅក្រុង បាត់ដំបង មានកំណើនក្នុងរង្វង់ ១០ ភាគរយ

ភ្នំពេញៈ តម្លៃដីធ្លីនៅក្នុងក្រុង បាត់ដំបងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៣ នេះ មានកំណើនតិចតួច។ នេះបើយោងតាមការធ្វើអង្កេតរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ។
លោក សន សៀប ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ឃី រៀលអេស្ទេត បានប្រាប់ថា យោងតាមការអង្កេតដោយក្រុមហ៊ុន ឃី រៀលអេស្ទេត ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា តម្លៃដីធ្លីក្នុងក្រុង បាត់ដំបងមានកំណើនជាមធ្យមប្រហែល ១៣ ភាគរយ ក្នុងឆមាស ទី១ឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការសិក្សាដដែលនេះក៏បានរកឃើញថា ដីនៅតំបន់កណ្តាលក្រុង តំបន់ Zone A តាមបណ្តោយផ្លូវធំដែលកាលពីឆមាសទី១ឆ្នាំ ២០១២ មានតម្លៃចន្លោះពី ១០០០ ដល់ ១៥០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េនោះបានកើនដល់ ១២០០ ទៅ ១៨០០ ដុល្លារ ខណៈផ្លូវតូចដែលមានតម្លៃចន្លោះពី ៧០០ ដល់ ៩០០ ដុល្លារបានឡើងដល់ ៨០០ ទៅ ១០០០ ដុល្លារ។
ការសិក្សាខាងលើក៏បានរកឃើញដែរថា បច្ចុប្បន្ននេះដីនៅតំបន់ Zone B តាមបណ្តោយផ្លូវធំមានតម្លៃចន្លោះពី ៣០០ ទៅ ៧០០ ដុល្លារ និងផ្លូវតូចមានតម្លៃចាប់ពី ១៥០ ទៅ ២០០ ដុល្លារ ខណៈ Zone C តាមផ្លូវធំមានតម្លៃចន្លោះពី ២០០-៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងផ្លូវតូចមានតម្លៃ ១០០-៣០០ ដុល្លារ។ ដីនៅតំបន់ Zone D ដែលនៅជាប់ផ្លូវជាតិលេខ ៥ មានតម្លៃចាប់ពី ១២០០-១៨០០ និងនៅភាគខាងជើងផ្លូវតូច មានតម្លៃចាប់ពី ៥០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ Zone E ផ្លូវធំមានតម្លៃពី ៥០០ ទៅ ៩០០ ដុល្លារ និងផ្លូវតូចមានតម្លៃពី ១០០ ទៅ ២០០ ដុល្លារ។ Zone F ផ្លូវធំមានតម្លៃចាប់ពី ១០០ ទៅ ១៥០ ដុល្លារនិងផ្លូវតូចមានតម្លៃចាប់ពី ៣០ ទៅ ៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក សន សៀប បានអះអាងថា៖ «ពីមុនមកគេចាត់ទុករាជធានីភ្នំពេញ ជាតំបន់ដែលដីធ្លីមានតម្លៃខ្ពស់ជាប់លេខ ១ ខេត្ត សៀមរាបលេខ ២ ខេត្ត ព្រះសីហនុលេខ ៣ និងខេត្ត បាត់ដំបងជាប់លេខ ៤ ប៉ុន្តែនៅពេលនេះមិនប្រាកដដូច្នេះទេ»។
ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឃី រៀលអេស្ទេត ខាងលើបានបន្តថា៖ «បាត់ដំបង ជាខេត្តដែលមានសក្តានុពលខ្លាំង ចំណែកឯកម្រិតជីវភាពរបស់ប្រជាជនក៏ធូរធារដែរ»។
បើទោះបីប្រជាជននៅខេត្ត បាត់ដំបង ភាគច្រើនត្រូវបានគេគិតថា ជាអ្នកមានកម្រិតជីវភាពល្អប្រសើរក៏ដោយ ក៏ការសាងសង់សំណង់ធំៗ និងលំនៅឋានជាប្រភេទបុរី នៅទីនោះហាក់មិនសូវទទួលបានជោគជ័យនោះទេ។
លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត បាត់ដំបង ធ្លាប់បានប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យថា រហូតមកដល់ពេលនេះ (ត្រីមាស ទី១ឆ្នាំ ២០១៣) គម្រោងសាងសង់បុរីថ្មីៗនៅមិនទាន់មានទេ ខណៈគម្រោងសាងសង់ចាស់ៗមិនទាន់បានបញ្ចប់។ ចំណែកតម្លៃដីធ្លីនិងលំនៅឋាននៅខេត្ត បាត់ដំបងមានកំណើនសន្សឹមៗ។
ក្រុង បាត់ដំបង គឺជាទីក្រុងដែលមានវ័យចំណាស់មួយនៅប្រទេសកម្ពុជា ដោយក្នុងទីក្រុងនោះមានបន្សល់ទុកនូវសំណង់បុរាណជាច្រើនតាំងពីពេលប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេស ថៃ និង បារាំងផងដែរ។
បច្ចុប្បន្នក្រុង បាត់ដំបងមានប្រជាជនរស់នៅសរុបជាង ១៤ ម៉ឺននាក់និងមានសង្កាត់ចំនួន ១០៕