បឹងព្រលឹត កាន់តែក្លាយជាតំបន់មានសក្តានុពល

ភ្នំពេញៈ ភាពអំណោយផលនៃទីតាំងដោយសារមានមហាវិថីធំៗនៅព័ទ្ធជុំវិញ និងមានសេវាកម្មចម្រុះបានធ្វើឲ្យសង្កាត់ បឹងព្រលឹត ប្រែក្លាយខ្លួនបន្តិចម្តងៗទៅជាកន្លែងរស់នៅដ៏ពេញនិយមមួយនៅរាជធានីភ្នំពេញ។
ការលេចឡើងជាបន្តបន្ទាប់របស់អគារខ្ពស់ៗមួយចំនួនដូចជា អគារការិយាល័យជួល ភ្នំពេញ ថោវើរ និងសំណង់ជាច្រើនទៀតបានធ្វើឲ្យអ្នកវិនិយោគចាប់ផ្តើមបែរភ្នែកឆ្ពោះទៅកាន់ទីនោះ។
លោក ស៊ា ឆៃលីន នាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បានប្រាប់ថា បច្ចុប្បន្នសង្កាត់ បឹងព្រលឹត កំពុងក្លាយជាកន្លែងស្នាក់នៅដ៏ពេញនិយមមួយនៅរាជធានីភ្នំពេញ។ លោកបន្តថា សំណង់ថ្មីៗជាច្រើនកំពុងបង្ហាញរូបរាងនៅទីនោះពិសេសកន្លែងស្នាក់នៅដូចជា អាផាតមិន សណ្ឋាគារ និងផ្ទះសំណាក់ជាដើម។
លោក ឆៃលីន មានថ្លែងថា៖ «ពីមុនមកមនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ចំពោះដីធ្លី និងអចលនទ្រព្យ នៅទីនោះទេ ប៉ុន្តែនៅពេលគេមានបំណងចង់ទិញដី ឬអចលនទ្រព្យនៅទីនោះទើបមានការភ្ញាក់ផ្អើល ដោយដីនៅក្នុងសង្កាត់ បឹងព្រលឹត នាពេលនេះមានតម្លៃមិនចាញ់នៅសង្កាត់ បឹងកេងកង ទេ។ ដីនៅទីនោះ ១ ម៉ែត្រការ៉េ អាចមានតម្លៃដល់ ៤៥០០ ដុល្លារ»។
លោក សន សៀប ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ឃី រៀលអេស្ទេត បានប្រាប់ថា ការពិបាកស្វែងរកដី នៅសង្កាត់ បឹងកេងកង ១ បានធ្វើឲ្យអ្នកវិនិយោគមួយចំនួនសម្លឹងឆ្ពោះទៅរកដីក្នុងសង្កាត់ បឹងព្រលឹត វិញ ព្រោះដីធ្លី និងស្ថានភាពអចលនទ្រព្យនៅសង្កាត់ទាំង ២ អាចមានសភាពប្រហាក់ប្រហែលគ្នា។
ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ខាងលើបានបញ្ជាក់ថា៖ «ដីក្នុងសង្កាត់ បឹងព្រលឹត ពិតជាល្អ មិនចាញ់សង្កាត់ បឹងកេងកង ១ ឡើយ ហើយនៅពេលនេះការសាងសង់អគារសម្រាប់បម្រើដល់ការស្នាក់នៅក៏មានកាន់តែច្រើនផងដែរ»។
លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ វីអឹមស៊ី បានថ្លែងថា ដីនៅសង្កាត់ បឹងព្រលឹត ពិតជាមានសក្តានុពល ព្រោះវាស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ព្រមទាំងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងទៀតផង។ ស្ថានភាពដីទីនោះមានកម្ពស់ខ្ពស់មិនសូវមានបញ្ហាទឹកលិចទេ ជាពិសេសនៅទីនោះមានទីតាំងនៅជិតផ្សារធំៗចំនួន ២ គឺផ្សារ អូរឫស្សី និងផ្សារ អូឡាំពិក។ លោកបានប្រាប់ទៀតថា ដីនៅតំបន់ខាងក្នុងសង្កាត់ បឹងព្រលឹត អាចមានតម្លៃចាប់ពី ២០០០ ទៅ ៣០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
លោកអះអាងថា៖ «ដី និងអចលនទ្រព្យនៅ បឹងព្រលឹត នាពេលនេះមានតម្លៃមិនចាញ់តំបន់ បឹងកេងកង ១ ទេ បើទោះបីជានៅទីនោះគេពិបាករកដីដែលមានទំហំធំក៏ដោយ»។ លោកបន្តថា៖ «នាពេលខាងមុខឆាប់ៗនេះខ្ញុំគិតថា អចលនទ្រព្យនៅ បឹងព្រលឹត និងកាន់តែអាចទាក់ទាញ»។
លោក វ៉ន ចាន់ថន ប្រធានក្រុមហ៊ុន ថោន ស៊ីធី រៀលអេស្ទេត បានអះអាងថា ស្ថានភាពដីនៅសង្កាត់ បឹងព្រលឹត ពិតជាល្អ ប៉ុន្តែទំហំដីពេលខ្លះបានក្លាយទៅជាឧបសគ្គសម្រាប់អ្នកដែលមានបំណងចង់វិនិយោគសាងសង់អគារធំៗ និងខ្ពស់។
លោក ចាន់ថន បានថ្លែងថា៖ «ដីនៅសង្កាត់ បឹងព្រលឹត ភាគច្រើនជាដីឡូត៍ដែលមានទំហំតូចៗ និងផ្ទះល្វែង ដែលបញ្ហាទាំងនេះបានជះឥទ្ធិពលសម្រាប់គម្រោងអភិវឌ្ឍន៍អគារធំៗ»។
តាមការស្រាវជ្រាវថ្មីៗរបស់ក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល បានរកឃើញថា ដីក្នុងសង្កាត់ បឹងព្រលឹត ដែលនៅជាប់មហាវិថី ព្រះមុនីវង្សក្នុង ១ ម៉ែត្រការ៉េ អាចមានតម្លៃចន្លោះពី ៣៧០០ ទៅ ៤៧០០០ ដុល្លារ ខណៈដីដែលស្ថិតនៅបណ្តោយមហាវិថី ព្រះសីហនុ មានតម្លៃចាប់ពី ៣៥០០ ទៅ ៤៥០០ ដុល្លារអាមេរិក ក្នុង ១ ម៉ែត្រការ៉េ៕