វិមាន​កែវ​ចរណៃ​បើក​លក់​ដំណាក់​កាល​ចុង​ក្រោយ នៅ​ថ្ងៃ​សុក្រ​នេះ


130328_07
130328_07

ភ្នំពេញ: បន្ទាប់​ពី​បាន​ចាប់​ផ្តើម​សាង​សង់​ដំបូង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២​មក រហូត​មក​ដល់​ពេល​នេះ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ស្នាក់​នៅ​ខុនដូ​វិមាន​កែវ ចរណែ ដែល​មាន​ចំនួន​១៥​ជាន់​នោះ បាន​បញ្ចប់​ការ​សាង​សង់​ចំនួន​១០​ជាន់​ហើយ។

កញ្ញា ទេព កន្និដ្ឋា ប្រធាន​ក្រុម​គ្រប់​គ្រង​អចលន​ទ្រព្យ​នៃ​ក្រុម​ហ៊ុន​ ប៊ុណ្ណា​ រៀល​ធីគ្រុប ដែល​ជា​តំណាង​ផ្នែក​លក់​របស់​គម្រោង​ខុនដូ​វិមាន​កែវ​ចរណៃ បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ​កាល​ពី​ថ្ងៃ​អង្គារ​ថា នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​មីនា​ខាង​មុខ នៅ​ការដ្ឋាន​សាង​សង់​វិមាន​កែវ​ចរណៃ​នឹង​មាន​រៀបចំ​ពិធី​បើក​ការ​លក់ ដំណាក់​កាល​ចុង​ក្រោយ និង​ពិធី​បើក​ការ​សាង​សង់​ដំណាក់​កាល​ទី​៣ (ដំណាក់​កាល​ចុង​ក្រោយ) គឺ​ចាប់​ពី​ជាន់​ទី​១១ ទៅ​ជាន់​ទី​១៥ ដោយ​ការ​សាងសង់​៥​ជាន់​ចុង​ក្រោយ​នេះ​អាច​នឹង​ចំណាយ​ពេល​ប្រហែល​៣ខែ។

ទាក់ទងនឹងការ​លក់​នា​រយៈ​ពេល​កន្លង​មក កញ្ញា ទេព កន្និដ្ឋា បាន​ថ្លែង​ថា៖​«ការ​លក់​ក្នុង​គម្រោង​ខុនដូ​វិមាន​កែវ​ចរណៃ មាន​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង ព្រោះ​អតិថិជន​ដែល​មក​ទស្សនា​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​រៀបចំ​គម្រោង​នេះ ដោយ​សារ​ក្នុង​គម្រោង​នេះ​មាន​សាង​សង់​សួនច្បារ​ដ៏​ស្អាត​នៅ​ខាង​មុខ​ ហាង​លក់​ទំនិញ កន្លែង​ហាត់​ប្រាណ ស្ទីម សូណា ... ពិសេស​នៅ​លើ​ដំបូល​នៃ​ជាន់​ទី​១៥​នឹង​អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ និង​ភោជនីយដ្ឋាន​ទៀត​ផង»។

គម្រោង​ខុនដូ​វិមាន​កែវ​ចរណៃ​មាន​ទីតាំង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ ដោយ​មាន​ក្រឡា​ផ្ទៃ​សាង​សង់​ចំនួន​២៣៦៤​ម៉ែត្រ​ការ៉េ និង​មាន​ទុន​វិនិយោគ​១០​លាន​ដុល្លារ​អាមេរិក។

គម្រោងដែល​មាន​ចំនួន​១៥​ ជាន់​នេះ​នៅ​ជាន់​ផ្ទាល់​ដី​មាន​ហាង​លក់​ទំនិញ​ជា​ច្រើន (អាច​នឹង​មាន​បើក ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ) ព្រម​ទាំង​មាន​ចំណត​រថយន្ត​ចំនួន​៣​ជាន់ គឺ​នៅ​ក្រោម​ដី១​ជាន់ ចំណែក​២​ទៀត​គឺ​នៅ​ជាន់​ទី២ និង​ជាន់​ទី៣។

លោកស្រី កែវ ម៉ាលី ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ខុនដូ​វិមាន​កែវចរណៃ មាន​ប្រសាសន៍​ថា៖​«ការ​ដែល​ខ្ញុំ​សម្រេច​សាងសង់​ខុនដូ​នេះ​ឡើង គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​លំនៅ​ឋាន​ស្អាត​រស់​នៅ ដូច​ប្រទេស​រីក​ចម្រើន​នានា​នៅ​លើ​ពិភព​លោក ស្រប​ពេល​ដែល​តម្រូវ​ការ​របស់​អតិថិជន និង​កត្តា​សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន»។

ភាព​អំណោយ​ផល​ខាង​ទី​តាំង​ភូមិសាស្ត្រ​បាន​ធ្វើ​ឲ្យ​ការ​លក់​គម្រោង​ខុនដូវិ​មាន​កែវ ចរណៃ​ទទួល​បាន​លទ្ធ​ផល​ល្អ​លើស​ពី​ការ​រំពឹង​ទុក។ ជាក់​ស្តែង​ចាប់​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ​២០១២ រហូត​មក​ដល់​ពេល​នេះ​គម្រោង​អភិវឌ្ឍន៍​អគារ​ស្នាក់​នៅ​ខាង​លើ​លក់​បាន​ជាង​ ៦០​ភាគ​រយ​ហើយ ក្នុង​នោះ​មាន​អតិថិជន​ជា​ជន​បរទេស​ប្រហែល​២០​ភាគរយ ចំណែក​តម្លៃ​លក់​គឺ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​មាន​តម្លៃ​ចាប់​ពី​៩៩៩​-២២០០ ដុល្លារ។

អគារខុនដូដែល​គ្រោង​នឹង​បើក​ឲ្យ​អតិថិ​ជន​ចូល​ស្នាក់​នៅ​នា ថ្ងៃ​ទី​៣១ ​ខែ​ឧសភា ឆ្នាំ​២០១៤ ខាង​មុខ​នេះ មាន​បន្ទប់​ស្នាក់​នៅ​ចំនួន​១៣៣​ខ្នងផ្ទះ(Unit)​ គឺ​ជា​សំណង់​ដែល​មាន​គុណ​ភាព​កម្រិត​ស្តង់ដារ​អន្តរ-​ជាតិ​ ហើយ​ត្រូវ​បាន​រចនា​ប្លង់ ​និង​ប្រឹក្សា​យោបល់​ដោយ​វិស្វករមក​ពី​បរទេស​ទៀត​ផង។

កញ្ញា ទេព កន្និដ្ឋា បាន​អះអាង​ថា៖​«​អតិថិជន​ដែល​ទិញ​បន្ទប់​ស្នាក់​នៅ​ក្នុង​គម្រោង​ខុនដូ​ វិមាន​កែវ​ចរណៃ នៅ​ពេល​នេះ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ​ព្រោះ​មាន​តម្លៃ​ថោក សំណង់​មាន​គុណ​ភាព​ខ្ពស់ ទីតាំង​មាន​បរិយាកាស​ល្អ នៅ​មិន​ឆ្ងាយ​ពី​ចំណុច​កណ្តាល​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ពេល​ខាង​មុខ​ផ្លូវ​ជាតិ​លេខ១ នឹង​ក្លាយ​ជា​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ភ្ជាប់​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់ ​តំបន់​អាស៊ាន​ទៀត​ផង»។

លោក ​ស៊ឹង ​ប៊ុណ្ណា ​ប្រធាន​ក្រុមហ៊ុន ​ប៊ុណ្ណា រៀល​ធីគ្រុប ធ្លាប់​បាន​អះអាង​ថា ​គម្រោង​ខុនដូ​វិមាន​កែវ​ចរណៃមាន​សក្តានុពល​ទាក់​ទាញ​ខ្លាំង​ ពីព្រោះ​ស្ថិត​នៅ​ទី​តាំង​ល្អ​ ជា​តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ ​និង​មាន​ការ​អភិវឌ្ឍឆាប់​រហ័ស៕

ព័ត៌មានថ្មីៗ