ស.វ.អ.ក ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​នៅ​សិង្ហបុរី


130711_03
ក្រុមការងារតំណាងឲ្យកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំសមាគមអ្នកវាយតម្លៃអាស៊ាន (ASEAN Valuers Association) នៅសិង្ហបុរី សេង សុភ័ក្ត្រ

ភ្នំពេញៈ ដើម្បី​រឹត​ចំណង​មិត្តភាព កិច្ចសហការ ក៏​ដូចជា​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត​នោះ សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​(ស.វ.អ.ក) កាល​ពី​ចុង​ខែ​មិថុនា​កន្លង​មក បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន​(ASEAN Valuers Association) នៅ​ប្រទេស​សិង្ហបុរី​។

កិច្ចប្រជុំ​AVA Pre Congress Meeting លើក​ទី​១៨ នេះ​ត្រូវ​បាន​ចូលរួម​ដោយ​ប្រទេស​ជា​សមាជិក​ទាំងអស់​ចំនួន​៨ គឺ​ម្ចាស់​ផ្ទះ​សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម ប្រ៊ុយណេ និង​កម្ពុជា ព្រម​ទាំង​មាន​តំណាង​ពី​ប្រទេស​ដៃគូ​ចំនួន​២​ផ្សេង​ទៀត​គឺ​ប្រទេស​អូស្រ្តាលី និង​ប្រទេស​ជប៉ុន​។

លោក សេង សុភ័ក្ត្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា ស៊ីភីអិល បាន​ប្រាប់​ថា នេះ​គឺជា​លើក​ទី​៥​ហើយ​ដែល​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​អាស៊ាន បន្ទាប់​ពី​កម្ពុជា​បាន​ចូលរួម​ប្រជុំ​ជា​លើក​ដំបូង​ក្នុង​នាម​ជា​អ្នក សង្កេតការណ៍​នា​ឆ្នាំ​២០០៩ គឺ​នៅ​មុន​ពេល​បាន​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​ក្នុង​ឆ្នាំ​២០១០ នា​កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​ប្រទេស​ថៃ។​កាល​ពី​ឆ្នាំ​២០១១​កម្ពុជា​ក៏​ធ្លាប់​ត្រូវ​បាន​ប្រទេស​ជា​សមាជិក​ទាំងអស់​ផ្តល់​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​ម្តង​រួច​មក​ហើយ​ផង​ដែរ​។

លោក​បាន​អះអាង​ថា​៖​«​គឺជា​រឿង​មោទនភាព​ណាស់​សម្រាប់​កម្ពុជា​ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​របស់​សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន កាល​ពី​ឆ្នាំ​២០១១ ខណៈ​ទើប​ចូល​ជា​សមាជិក​ពេញសិទ្ធិ​បាន​១​ឆ្នាំ​។​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រធាន​ប្តូរ​វេន​នៃ​សមាគម​នេះ​ម្តង​ទៀត​ហើយ​កិច្ចប្រជុំ​របស់​សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន​ក៏​នឹង​មក​ធ្វើ​នៅ​កម្ពុជា​ជាថ្មី​ម្តង​ទៀត​ផង​ដែរ​»​។

សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៨១ ដោយ​មាន​ប្រទេស​ជា​ស្ថាបនិក​ចំនួន​៥ គឺ​ប្រទេស​សិង្ហបុរី​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​ថៃ ហើយ​កិច្ចប្រជុំ​ពេញអង្គ​ត្រូវ​ធ្វើ​ជា​រៀងរាល់​២​ឆ្នាំ​ម្តង​។

បច្ចុប្បន្ន​សមាគម​នេះ​មាន​សមាជិក​ចំនួន​៨​ប្រទេស គឺ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ប្រ៊ុយណេ វៀតណាម និង​កម្ពុជា ខណៈ​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ជា​ប្រទេស​សង្កេតការណ៍។

កិច្ចប្រជុំ​AVA Pre Congress Meeting លើក​ទី​១៨ ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៨​ខែ​មិថុនា ឆ្នាំ​២០១៣​កន្លង​មក​មាន​គោលបំណង​សំខាន់​មួយ​ចំនួន​ដូចជា​៖

១- បង្កើត​ចំណង​ទាក់ទង​ជិតស្និត​របស់​ប្រទេស​ជា​សមាជិក​នៅ​ក្នុង​តំបន់​អាស៊ាន

២- បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ការ​យល់ដឹង​អំពី​វិជ្ជាជីវៈ​ទាក់ទង​នឹង​ការ​វាយ​តម្លៃ

៣- បង្កើត​ស្តង់ដារ​នៃ​ការ​វាយ​តម្លៃ​រួម​គ្នា​នៅ​ក្នុង​តំបន់

៤- ផ្លាស់ប្តូរ​បទពិសោធ​ឲ្យ​គ្នា​ទៅវិញ​ទៅមក

៤- ធ្វើ​កិច្ចការ​ជា​លក្ខណ​ប្រព័ន្ធ​នៅ​ក្នុង​តំបន់

៥- ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​នៅ​លើ​ពិភពលោក​។

ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ខាង​លើ​បាន​ប្រាប់​ទៀត​ថា​៖​«​នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​នោះ​ថ្នាក់​ដឹកនាំ​របស់​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​នៅ​សិង្ហបុរី​ដើម្បី​ឲ្យ​ពួកគេ​មក​ជួយ​បណ្តុះបណ្តាល​សមាជិក​របស់​សមាគម​កម្ពុជា អំពី​វិធីសាស្រ្ត និង​ជំនាញ​សំខាន់​ៗ​ដែល​ទាក់ទង​នឹង​ការ​វាយ​តម្លៃ​អចលនទ្រព្យ​ដើម្បី​ឲ្យ​មាន​ស្តង់ដារ​តែ​មួយ​នៅ​ក្នុង​តំបន់​ផង​ដែរ​»​។

កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​ប្រទេស​សិង្ហបុរី​នៅ​ពេល​នោះ​តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូលរួម​មាន​ចំនួន​៨​រូប ដោយ​២​រូប​តំណាង​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក នង ពិសិដ្ឋ អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំណែក​ផ្នែក​ឯកជន​ដឹកនាំ​ដោយ​លោក ចេង ខេង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។

សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ដោយ​មាន​ក្រុមហ៊ុន​ជា​សមាជិក​តែ​៣-៤​ក្រុមហ៊ុន​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ដែល​ចូល​ជា​សមាជិក​របស់​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​មាន​ចំនួន​២៦​ក្រុមហ៊ុន​៕

ព័ត៌មានថ្មីៗ