Cambuild'13 នឹង​មក​ដល់​នៅ​សប្តាហ៍​ក្រោយ


130905_02
សកម្មភាពនៃការដាក់តាំងបង្ហាញផលិតផល ក្នុងការតាំងពិព័រណ៍ Cambuild'12 ហេង ជីវ័ន

ភ្នំពេញៈ ខណៈ​កម្រិត​ជីវភាព​របស់​ប្រជាជន និង​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់​តែ​មាន​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​កាន់​តែ​ប្រសើរ​នោះ តម្រូវ​ការ​សម្ភារ​ប្រើ​ប្រាស់​សម្រាប់​ការ​កសាង និង​តុប​តែង លំនៅឋាន អគារ​ការិយាល័យ សាលា​រៀន និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ក៏​វិវឌ្ឍន៍​តាម​នោះ​ដែរ។

ដោយ​មាន​កិច្ច​គាំទ្រ និង​សហការ​ពី​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គណៈ​វិស្វករ​កម្ពុជា និង​សមាគម​អ្នក​សាង​សង់​កម្ពុជា ក្រុមហ៊ុន AMB Events នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​តាំង​ពិព័រណ៍​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Cambuild'13 នា​ថ្ងៃ ទី១០-១២ ខែ កញ្ញា ឆ្នាំ ២០១៣ ខាង​មុខ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ។

លោក នួន វាសនា ប្រធាន​គ្រប់​គ្រង​គម្រោង​នៃ​ក្រុមហ៊ុន AMB Events បាន​ប្រាប់​ថា ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ​ខាង​លើ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ចង់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នានា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​បើក​បម្រើ​សេវាកម្ម​ទាក់​ទង​នឹង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ ដាក់​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគ​ធំៗ​ជួប​គ្នា​ផង​ដែរ។ ព្រឹត្តិការណ៍​នេះ​ក៏​នឹង​បង្ហាញ​ថា បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ​នា​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នោះ​ទេ។

លោក វាសនា មាន​ប្រសាសន៍​ថា៖ «ការ​តាំង​ពិព័រណ៍​លក្ខណៈ​អន្តរជាតិ​នា​ពេល​ខាង​មុខ នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​មាន​ក្រុមហ៊ុន​ធំៗ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​ចូល​រួម​ក្នុង​នោះ​ក៏​មាន​ខាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ផង​ដែរ។ លោក​បញ្ជាក់​ថា៖ «ព្រឹត្តិការណ៍​ខាង​លើ​នឹង​នាំ​មក​បង្ហាញ​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុង​ក្រោយ​លើ​ពិភពលោក​មក​កម្ពុជា​ផង​ដែរ»។

នៅ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នឹង​មាន​ការ​តាំង​បង្ហាញ​គម្រោង​សាង​សង់​អគារ​ខ្ពស់ៗ សម្ភារ​សំណង់ ឧបករណ៍​សម្រាប់​សាង​សង់ គ្រឿង​ចក្រ ប្រព័ន្ធ​ទឹក​ស្អាត សម្ភារ​អគ្គិសនី និង​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ ជាដើម ដោយ​មាន​ក្រុមហ៊ុន​ប្រហែល ៣០០ មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ចំនួន ២២ ចូល​រួម ដូចជា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ចិន សិង្ហបុរី ថៃ វៀតណាម តៃវ៉ាន់ ឥណ្ឌា ហ្វីលីពីន អ៊ីតាលី និង អាល្លឺម៉ង់។

លោក គឹម ហ៊ាង នាយក​ក្រុមហ៊ុន ខ្មែរ រៀល អេស្ទេត ធ្លាប់​ប្រាប់​ថា ពិព័រណ៍ Cambuild'13 មាន​សារៈ​សំខាន់​ណាស់ ទី១-គឺជា​ព្រឹត្តិការណ៍​សម្រាប់​អ្នក​មាន​វិជ្ជាជីវៈ​ជួប​គ្នា​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​និង​បទ​ពិសោធ ទី២-ជា​ជំនួប​រវាង​អ្នក​ផលិត និង​អ្នក​សាង​សង់ និង ទី៣-ជា​ឱកាស​របស់​អ្នក​លក់​ក្នុង​ការ​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់​ដល់​អតិថិជន។

លោក សន សៀប នាយក​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន ឃី រៀលអេស្ទេត មាន​ប្រសាសន៍​ថា ពិព័រណ៍ Cambuild'13 ពិត​ជា​ល្អ ព្រោះ​វា​ជួយ​លើក​ស្ទួយ​វិស័យ​អចលន​ទ្រព្យ និង​វិស័យ​សំណង់​នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នេះ​ជា​ឱកាស​សម្រាប់​បង្ហាញ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដើម្បី​ពួក​គេ​ដឹង​ថា កម្ពុជា​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​លើ​ផ្នែក​សាង​សង់ និង​អចលន​ទ្រព្យ។ លោក​បាន​បន្ត​ថា វា​ក៏​ជា​ឱកាស​ដែល​អ្នក​តាំង​ពិព័រណ៍​បង្ហាញ​ផលិតផល​ថ្មី​របស់​ពួក​គេ​ទៅ កាន់​អតិថិជន​ដែល​ជា​ក្រុមហ៊ុន​សំណង់ ឬ​អ្នក​សាង​សង់​ដើម្បី​ឲ្យ​ពួក​គេ​អាច​សហការ​គ្នា​នៅ​ពេល​អនាគត។

របាយ​ការណ៍​អង្កេត​មួយ​ដែល​ទើប​ចេញ​ផ្សាយ​ក្នុង​សារ​ព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​នាយក​ប្រតិបត្តិ​ពាណិជ្ជកម្ម​អាមេរិក ចំនួន ៤៧៥ នាក់​នៅ​ទូទាំង​តំបន់​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ភាព​ទាក់​ទាញ​បំផុត​សម្រាប់​ជន​បរទេស ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​នៅ​តំបន់​អាស៊ាន។

តាម​រយៈ​របាយ​ការណ៍​នេះ​អាច​បញ្ជាក់​ថា វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​បន្ត​ការ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​ជា បន្ត​ទៀត ព្រោះ​តម្រូវការ​ការិយាល័យ និង​កន្លែង​ស្នាក់នៅ​នឹង​កើន​ឡើង​ជា​ពិសេស​នៅ​ឆ្នាំ ២០១៥​ខាង​មុខ៕

ព័ត៌មានថ្មីៗ