De Castle Royal កំពុង​ទទួល​ការ​ចាប់​អាម្មណ៍​ច្រើន


130718_09a
De Castle (កណ្តាល) ស្ថិតនៅសង្កាត់បឹងកេងកង១ បច្ចុប្បន្នត្រូវបានអតិថិជនទិញអស់ជាង៦០ភាគរយហើយ ហុង មិនា

ភ្នំពេញៈ ភាព​ប្រសើរ​ឡើង​នៃ​ស្ថានភាព​រស់នៅ​និង​កម្រិត​ជីវភាព​របស់​ប្រជាជន​កាន់​តែ​ធូរធារ​ស្រប​ពេល​កំណើន​របស់​ជន​បរទេស​ចូល​មក​ធ្វើការ ស្នាក់នៅ និង​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​នោះ​បាន​ធ្វើ​ឲ្យ​តម្រូវការ​លំនៅឋាន​កើនឡើង​យ៉ាង​ឆាប់​រហ័ស ពិសេស​នៅ​រាជធានី​ភ្នំពេញ​។

ជាក់ស្តែង​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​ថា បរិមាណ​នៃ​ការ​លក់​ខុនដូ​ស្នាក់នៅ​រួម​សហវិជិតរាជ្យ De Castle Royal បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​បើក​លក់​ដំណាក់កាល​ទី​២​កាល​ពី​ពេល​ថ្មី​នេះ​។

លោក  Eom Jae-Yoon នាយករង​ក្រុមហ៊ុន NURI D&C ដែល​ជា​ម្ចាស់​គ្រប់គ្រង​គម្រោង​អគារ​ស្នាក់នៅ​រួម​លំដាប់​ផ្កាយ ​៥ De Castle Royal បាន​ប្រាប់​ថា បន្ទាប់ពី​បាន​បញ្ចប់​ការ​សាងសង់​អគារ​ដែល​មាន​កម្ពស់​ ៣៦ ​ជាន់​ (៤ ​ជាន់​នៅ​ក្រោម​ដី) ជា​ស្ថាពរ ​កាល​ពី​អំឡុង ​ខែ​មីនា ​ឆ្នាំ​ ២០១៣​ មក ​ការ​លក់​មាន​សន្ទុះ​យ៉ាង​ខ្លាំង ព្រោះ​ការ​ទិញ​ខុនដូ De Castle Royal អតិថិជន​នឹង​មិន​មាន​ការ​ព្រួយបារម្ភ​ពី​ហានិភ័យ​ផ្សេង​ៗ​នោះ​ទេ​។

Content image - Phnom Penh Post

បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ដំណើរការ​យ៉ាង​សស្រោកសស្រាំ​ក្នុង​ការ​រៀបចំ​សោភណភាព​អគារ​នៅ​ផ្នែក​ខាង​ក្នុង ដោយ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្ភារ​ដែល​មាន​គុណភាព​ល្អ​ៗ​នាំ​ចូល​មកពី​បរទេស ព្រម​ទាំង​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​យ៉ាង​ពិសេស​ៗ​ទៀត​ផង​។

លោក​បាន​ថ្លែង​ថា​៖​«​ការ​រៀបចំ​រចនា​ក្នុង​អគារ​ទាំង​មូល​អាច​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៣ ប៉ុន្តែ​ដើម្បី​ឲ្យ​ការ​ចូល​ទៅ​រស់នៅ​របស់​អតិថិជន​ប្រកប​ដោយ​ផាសុកភាព និង​សុវត្ថិភាព​នោះ ក្រុមហ៊ុន​អាច​នឹង​ត្រូវការ​ពេល​ប្រហែល​៣​ខែ​បន្ថែម​ទៀត​ដើម្បី​ទុក​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​ភ្លើង​អគ្គិសនី ទឹកស្អាត ទឹកស្អុយ ប្រព័ន្ធ​ផ្តល់​សញ្ញា​ភ្លើងអគ្គិភ័យ និង​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេង​ៗ​ទៀត​»​។

លោក​បាន​ប្រាប់​ទៀត​ថា ការ​លក់​ខុនដូ​សហវិជិតរាជ្យ De Castle Royal នៅ​ពេល​នេះ​កំពុង​ដំណើរការ​ទៅ​យ៉ាង​រលូន​ដោយ​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​ទទួល​បាន​អតិថិជន​ជាង ​៦០ ​ភាគរយ​ ហើយ​។

ការ​លក់​របស់​ក្រុមហ៊ុន​នៅ​ពេល​នេះ​ក៏​មាន​ដៃគូ​សហការ​ធំ​ៗ​ជាច្រើន​ដែរ​ដូចជា​ក្រុមហ៊ុន ESPA, BESTINVEST, infinity, Sonatra Grand Realty Co.,Ltd, Knight Frank, Secure, Independent Property Services, CBRE Cambodia, informax, CPL Cambodia Property LTD និង Bonna Realty Group។

De Castle Royal មាន​ទីតាំង​សមស្រប​ស្ថិត​នៅក្នុង​សង្កាត់​បឹងកេងកង​ ១ ខណ្ឌ​ចំការមន ដោយ​បាន​ចាប់​ផ្តើម​សាងសង់​នា​អំឡុង​ឆ្នាំ ​២០០៨ ​លើ​ផ្ទៃដី ​៣០០០ ​ម៉ែត្រការ៉េ។

នៅក្នុង​គម្រោង​នេះ​រួមមាន​ផ្សារ​ទំនើប​លក្ខណៈ​គ្រួសារ អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ស្ទីម-សូណា ព្រម​ទាំង​មាន​ចំណត​រថយន្ត​ដ៏​ធំ​ទូលាយ​ទៀត​ផង​។

ខុនដូ​សហវិជិតរាជ្យ De Castle Royal មាន​ផ្ទះ​សរុប​ចំនួន ​៣៩២ ​(Unit) ដោយ​ក្នុង​ ១​ Unit មាន​តម្លៃ​ចាប់​ពី ​១៣ ​ទៅ​ជាង​ ៩០ ​ម៉ឺន​ដុល្លារអាមេរិក​។ អតិថិជន​ក៏​អាច​ទិញ​ខុនដូ De Castle Royal តាមរយៈ​ការ​បង់​ប្រាក់​រំលស់​ផង​ដែរ​ដោយ​ធនាគារ ​Canadia ​ដោយ​មាន​អត្រា​ការប្រាក់​ ១០ ​ភាគរយ ​ក្នុង ​១ ​ឆ្នាំ និង​មាន​រយៈពេល​រហូត​ដល់​ ១៥ ​ឆ្នាំ​។

លោក Andrew J.Ahn អនុប្រធាន​ក្រុម​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន NURI D&C បាន​អះអាង​ថា អតិថិជន​ដែល​ទិញ​ខុនដូ De Castle Royal នឹង​ទទួល​បាន​កន្លែង​រស់នៅ​ប្រកប​ដោយ​ស្តង់ដារ​កម្រិត​ខ្ពស់​ហើយ​អគារ​នោះ​ក៏​ស្ថិត​នៅ​ចំកណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​ទៀត​ផង ​ព្រម​ទាំង​មាន​ ផ្លូវ​ធ្វើ​ដំណើរ​ខ្វាត់ខ្វែង​ផ្សារ​ទំនើប និង​សាលារៀន​អន្តរជាតិ​ជាច្រើន។

ម៉្យាង​ទៀត​ការ​ទិញ​ខុនដូ​សហវិជិត​រាជ្យ De Castle Royal នេះ​នឹង​មិន​មាន​បញ្ហា​ប្រឈម​អ្វី​ទៀត​ទេ ដោយ​អាច​និយាយ​បាន​ថា ពួកគេ​រង់ចាំ​តែ​ពេល​ចូល​ទៅ​ស្នាក់នៅ​តែ​ប៉ុណ្ណោះ​។​ ពិសេស​លើស​ពី​នេះ​ទៅ​ទៀត ​បើ​ទោះ​បី​ការ​សាងសង់​ខុនដូ​កម្រិត​ស្តង់ដារ​នេះ​ជិត​បញ្ចប់​ទៅ​ហើយ​ក៏​ដោយ​ ក៏​ក្រុមហ៊ុន​មិន​បាន​ដំឡើង​ថ្លៃ​ដែល​បាន​កំណត់​ពី​មុន​មក​នោះ​ទេ​។ ដូច្នេះ​យើង​មាន​ជំនឿ​ថា ការ​លក់​នឹង​អស់​នា​ពេល​ឆាប់​ៗ​នេះ ខណៈ​នយោបាយ​បើក​ទូលាយ​របស់​រាជរដ្ឋាភិបាល​ក៏​បាន​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​។

លោក​បាន​បញ្ជាក់​ថា​៖​«​អតិថិជន​ដែល​ទិញ​ខុនដូ De Castle Royal នឹង​ទទួល​បាន​នូវ​ភាព​រីករាយ​ជាមួយ​នឹង​ការ​រស់នៅ​ក្នុង​សំណង់​មួយ​ដែល​មាន​គុណភាព​ល្អ​ប្រណីត មាន​ផាសុកភាព ព្រម​ទាំង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​បឹងកេងកង ​១ ​ដែល​ជា​តំបន់​អចលនទ្រព្យ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​»​។

លោក​បាន​បន្ត​ទៀត​ថា​៖​«​បច្ចុប្បន្ន​មាន​អ្នក​វិនិយោគ​ជាច្រើន​បាន​ចូល​មក​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​ពួកគេ​ទាំងនោះ​តែង​ស្វែងរក​ទីតាំង​សម្រាប់​ស្នាក់នៅ​ដូច្នេះ ​De Castle Royal នឹង​ក្លាយ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ពួកគេ​។ ការ​សាងសង់​ខុនដូ​លំដាប់​ផ្កាយ ​៥ De Castle Royal គឺ​មាន​ភាព​ល្អ​ឥតខ្ចោះ​ព្រោះ​អគារ​នេះ​នឹង​ក្លាយ​ជា​និមិត្តសញ្ញា​របស់​ក្រុមហ៊ុន​ទៅ​ថ្ងៃ​អនាគត​»​។

លោក​បាន​ប្រាប់​ទៀត​ថា​៖​«​នៅ​ដើម​ឆ្នាំ​ ២០១៤​ ខាង​មុខ ​ក្រុមហ៊ុន NURI D&C ក៏​មាន​គម្រោង​នឹង​ចាប់​ផ្តើម​គម្រោង​ថ្មី​២​បន្ថែម​ទៀត​ផង​ដែរ​»​។

លោក សេង សុភ័ក្រ្ត ប្រធាន​គ្រប់គ្រង​ទូទៅ​ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បាន​និយាយ​ថា ខុនដូ De Castle Royal ពិតជា​នៅ​ក្នុង​ទីតាំង​ដ៏​ល្អ​ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​ចម្រុះ ចំណែក​ការ​លក់​ក៏​ដំណើរការ​ល្អ​ដែរ ដោយ​អតិថិជន​ដែល​ទិញ​ខុនដូ De Castle Royal​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ និង​ប្រជាជន​ដែល​មកពី​ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​អាស៊ី ។

លោក​បាន​ថ្លែង​ថា​៖​«​ទីតាំង​គឺជា​កត្តា​សំខាន់ ចំណែក​តម្លៃ​ក៏​ជា​ឧបសគ្គ​ផង​ដែរ​សម្រាប់​ការ​លក់​។ De Castle Royal ពិតជា​ស្ថិត​ក្នុង​ទីតាំង​ល្អ​ដូច្នេះ​គម្រោង​នេះ​នឹង​អាច​លក់​អស់​ក្នុង​ពេល​ឆាប់​ៗ​»​។

លោក នួន រិទ្ធី ប្រធាន​គ្រប់គ្រង​ទូទៅ​ នៃ​ក្រុមហ៊ុន ​ប៊ុណ្ណារៀលធីគ្រុប ​ធ្លាប់​បាន​និយាយ​ថា ខុនដូ De Castle Royal មាន​ទីតាំង​នៅ​ចំ​បេះដូង​រាជធានី​ភ្នំពេញ​ប៉ុន្តែ​បញ្ហា​ជោគជ័យ​ឬ​មិន​ជោគជ័យ​វា​អាស្រ័យ​ទៅ​លើ​តម្លៃ​ព្រោះ​បច្ចុប្បន្ន​នេះ​មាន​គូ​ប្រកួត​ប្រជែង​ច្រើន​។​លោក​បាន​បន្ត​ថា​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​កំពុង​មាន​ការ​រីកចម្រើន​ល្អ​ដោយ​ការ​លក់​មាន​កំណើន​ចន្លោះ ​២០ ​ទៅ​ ៣០ ​ភាគរយ​កាល​ពី​ឆ្នាំ​ ២០១២​កន្លង​មក​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១១​។

លោក​បាន​ថ្លែង​ថា​៖​«​ការ​វិនិយោគ​លើ​ខុនដូ​នៅ​តែ​ល្អ​និង​មាន​ភាព​វិជ្ជមាន​ ព្រោះ​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ដែល​ធ្វើ​ឲ្យ​តម្រូវការ​កន្លែង​ស្នាក់នៅ​កើនឡើង​ជា​ប្រចាំ​»​៕

ព័ត៌មានថ្មីៗ