ភ្នំពេញៈ ការដាក់ពាក្យសុំឥណទានសម្រាប់កម្ចីទិញផ្ទះ និងសំណង់បានកើនឡើងយ៉ាងខ្លាំងចំនួន ៥០ ភាគរយ កាលពីត្រីមាសទី៣ ធៀបនឹងត្រីមាសទី២ ទោះបីជាមានភាពតានតឹងលើសេដ្ឋកិច្ចដោយសារតែជំងឺកូវីដ ១៩ ក៏ដោយ។ របាយការណ៍ពីការិយាល័យឥណទាន (CBC) ឱ្យដឹងថា ការដាក់ពាក្យសុំឥណទានរបស់អតិថិជននៅត្រីមាសទី៣ ឆ្នាំ ២០២០ សម្រាប់អតិថិជនដែលមានបំណងដាក់ពាក្យសុំឥណទានកម្ចីទិញផ្ទះបានកើនឡើងជាង ៥០ ភាគរយ។
សមតុល្យកម្ចីអតិថិជនបានបន្តកើនឡើងក្នុងចំនួន ៤,៣៥ ភាគរយ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២០។ ត្រឹមចុងត្រីមាសទី ៣ សមតុល្យកម្ចីសរុបមានចំនួនសរុប ៩,១១ ពាន់លានគណនី ក្នុងចំណោមនោះកម្ចីទិញផ្ទះមានចំនួន ១០,៥៨ ភាគរយ។ ប៉ុន្តែកម្ចីទិញផ្ទះមានចំនួនជាងពាក់កណ្ដាលតំណាងឱ្យ ៥១,៥១ ភាគរយនៃសមតុល្យកម្ចី អតិថិជនដែលបានដាក់ពាក្យសរុប ខណៈដែលកម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំនួន ៤៧,៩០ ភាគរយ។
CBC ឱ្យដឹងថា៖ «ទោះបីជាចំនួនគណនីកម្ចីទិញផ្ទះមានចំនួន ១០,៥៨ ភាគរយ ក្នុងចំណោមគណនីកម្ចីសរុបក៏ដោយ បើនិយាយអំពីចំនួនសាច់ប្រាក់កម្ចី វាបានកើនឡើងជាងពាក់កណ្ដាលនៃសមតុល្យកម្ចីសរុប»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃពុធថា កាលពីចុងខែតុលា ឆ្នាំ ២០២០ ធនាគាររបស់លោកមានកម្ចីសរុបចំនួន ៤១៥ ២០២ ដោយទឹកប្រាក់កម្ចីសរុបមានចំនួន ៤ ០៨៨ ១៩៤ ២៩៤ ដុល្លារអាមេរិក ក្នុងចំណោមនោះកម្ចីទិញផ្ទះមានចំនួន ៦ ៥០១ (ឬ ១,៥៧ ភាគរយនៃកម្ចីសរុប) និងផលបត្រកម្ចីទិញផ្ទះស្មើនឹង ១៦២ ៧៣១ ៦៦៩ ដុល្លារអាមេរិក ឬ ៣,៩៨ ភាគរយនៃកម្ចីសរុប។ ទំហំកម្ចីជាមធ្យមសម្រាប់កម្ចីទិញផ្ទះគឺ ២៥ ០៣២ ដុល្លារអាមេរិក។
ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (ខែតុលា ឆ្នាំ ២០១៩) ធនាគារនេះមានកម្ចីសរុបចំនួន ៣៩៩ ៧០៨ ជាមួយនឹងកម្ចីសរុបមានចំនួន ៣ ៦៥៦ ០០៨ ៤០៧ ដុល្លារអាមេរិក ក្នុងចំណោមនោះកម្ចីទិញផ្ទះមានចំនួន ៧ ៥២២ ឬ ១,៨៨ ភាគរយនៃកម្ចីសរុប និងផលបត្រកម្ចីទិញផ្ទះមានចំនួន ១៨៨ ០៦០ ៣៨៥ ដុល្លារអាមេរិក ឬ ៥,១៤ ភាគរយនៃកម្ចីសរុប។ ទំហំកម្ចីជាមធ្យមមានចំនួន ២៥ ០០១ ដុល្លារ។
លោក ចាន់នី ថ្លែងថា៖ «យើងឃើញថា ធនាគារអេស៊ីលីដា មានការតឹងរ៉ឹងយ៉ាងខ្លាំង ហើយធនាគារមិនបានផ្ដល់កម្ចីច្រើនសម្រាប់ហិរញ្ញវត្ថុទិញផ្ទះនោះទេ។ នៅឆ្នាំនេះ កម្ចីនេះតិចជាងកាលពីឆ្នាំមុន។ កម្ចីទិញផ្ទះគឺជាកម្ចីរយៈពេលវែង ដូច្នេះបើសិនជាយើងផ្ដល់កាន់តែច្រើន វានឹងបង្កឱ្យមានភាពមិនស៊ីគ្នានៃទ្រព្យសកម្មរបស់យើង និងបំណុលរបស់យើង។ នេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលយើងមិនបានផ្ដល់កម្ចីទិញផ្ទះចំនួនច្រើននោះទេ។ ម្យ៉ាងវិញទៀតធនាគារអេស៊ីលីដាផ្ដោតការយកចិត្តទុកដាក់លើហិរញ្ញវត្ថុកម្ចីទិញផ្ទះដែលជាម្ចាស់ដើម»។
ទន្ទឹមនឹងនេះលោក Shin Changmoo ប្រធាននាយកប្រតិបត្តិធនាគារ PPCBank របស់កូរ៉េខាងត្បូងបានឱ្យដឹងថា កម្ចីរបស់ធនាគារលោកផ្ដល់ដល់វិស័យអចលនទ្រព្យ និងសំណង់បានធ្លាក់ចុះ ២២ ភាគរយដោយសារតែវិធានការរបស់ធនាគារ ដើម្បីកាត់បន្ថយហានិភ័យនៅក្នុងអំឡុងពេលនេះ។
លោកថ្លែងថា៖ «យើងកំពុងព្យាយាមក្នុងការធ្វើពិពិធកម្មផលបត្រឥណទាន តាមរយៈចំនួនអ្នកខ្ចី និងតាមរយៈវិស័យនានា ជាវិធានការដ៏សំខាន់នៃការកាត់បន្ថយហានិភ័យ។ ជាលទ្ធផលកម្ចីទៅរកវិស័យសំណង់ និងអចលនទ្រព្យរបស់យើងបានធ្លាក់ចុះ ខណៈដែលឥណទានប្រើប្រាស់ផ្ទាល់ខ្លួន រួមមានកម្ចីទិញផ្ទះ និងកម្ចីទិញរថយន្តបានកើនឡើងដល់ ១៣ ភាគរយ គិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ»។
លោកលើកឡើងថា៖ «ជាមួយគ្នានេះដែរ យើងកំពុងត្រួតពិនិត្យដោយយកចិត្តទុកដាក់បំផុតលើទីផ្សារអចលនទ្រព្យលើមូលដ្ឋានធម្មតា ដើម្បីគ្រប់គ្រងលើប៉ារ៉ាម៉ែត្រហានិភ័យ ដូចជាអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃ»។
លោក Shin បន្ថែមថា៖ «មានទស្សនៈទុទិ្ទដ្ឋិនិយមលើសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដែលកើតឡើងជាទូទៅនៅក្នុងចំណោមសហគមន៍អាជីវកម្ម ដោយមិនគិតពីឧស្សាហកម្ម ឬវិស័យនោះទេ។ យើងក៏មានភាពមិនច្បាស់លាស់ថា តើនៅពេលណាវានឹងចាប់ផ្ដើមត្រឡប់ទៅរកភាពធម្មតា និងកើនឡើងជាថ្មីនោះទេ។ ប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងក្នុងនាមជាធនាគារពាណិជ្ជអាចមានតួនាទីតូចមួយក្នុងការជួយឱ្យវាកើតឡើងបាន»។
ទុនវិនិយោគនៅក្នុងវិស័យសំណង់បានកើនឡើង ១៣,២៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ជាង ៣,៨៤ ពាន់លានដុល្លារនៅឆមាសទី ១ ឆ្នាំនេះ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍ដដែលក៏បានឱ្យដឹងបន្តទៀតថា ខ្លួនបានទទួលការដាក់ពាក្យសុំគម្រោងសាងសង់ចំនួន ២ ៥២២ ក្នុងអំឡុងពេលនេះកើនឡើង ៤៧៥ ឬ ២៣,២០ ភាគរយធៀបនឹង ២០៤៧ ដែលទទួលបានកាលពីឆមាសទី ១ ឆ្នាំមុន៕ LA
វីដេអូ៖