ភ្នំពេញ: ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្រូវ​ការជួល​នៅ​មជ្ឈមណ្ឌល​ហាង​លក់ដូរ ផ្សារ​ទំនើប និង​ផ្សារ​ទំនើប​សហគមន៍​នៅ​កម្ពុជា​នៅ​ត្រីមាស​ទី​៣ ​ឆ្នាំ​នេះ ដែល​បណ្ដាល​ឱ្យ​យីហោ​លក់រាយ​បរទេស​ចំនួន​ ៧ បាន​ចាកចេញ​ពី​កម្ពុជា​។

យោងតាម​ទិន្នន័យ​បាន​ពី​ក្រុមហ៊ុន​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពីថ្ងៃ​ពុធ​នៅ​ត្រីមាស​ទី​ ៣ អត្រា​ទីតាំង​ទំនេរ កើនឡើង​ដល់​ ១០,៩៧ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​មុន ខណៈ​ដែល​មាន​ការកើនឡើង​ ៦,១ ​ភាគរយ​ នៅក្នុង​ការផ្គត់ផ្គង់​សរុប​។ ក្នុង​ចំណោម​នោះ​ការផ្គត់ផ្គង់​ផ្សារ​ទំនើប​សហគមន៍​កើនឡើង​ ២៦,១ ​ភាគរយ​។ ទោះយ៉ាងណា​មាន​ផ្សារ​ទំនើប​សហគមន៍​ ២ បាន​បើក​ដំណើរការ​ដែល​បន្ថែមចំនួន​ ២១ ៨០០ ម៉ែត្រការ៉េ ដល់​ការផ្គត់ផ្គង់​ដែលមាន​ស្រាប់​នៅក្នុង​ទីផ្សារ​នេះ ហើយ​មាន​ជាង​ ៤០ ០០០ ​ម៉ែត្រការ៉េ​ត្រូវបាន​ផ្អាក​។


លោកស្រី​ អាន សុធីតា នាយក​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការធ្លាក់​ចុះ​ការជួល​នេះ​ភាគច្រើន​បណ្ដាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​លក់រាយ​នៅ​តាម​ផ្សារ​ទំនើប​ទាំងនោះ​។


លោកស្រី​ថា​៖ «​យើង​មើលឃើញ​ការលក់​របស់​ក្រុមហ៊ុន​លក់រាយ​ទាំងនោះ​មាន​ការធ្លាក់​ចុះ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ មាន​ក្រុមហ៊ុន​លក់រាយ​មួយចំនួន​កាត់បន្ថយ​ការលក់ដូរ​របស់​ពួកគេ ឬ​ផ្លាស់​ទៅ​ជួល​កន្លែង​តូចៗ​នៅ​ខាងក្រៅ​ផ្សារ​ទំនើប​វិញ ខណៈ​ដែល​ក្រុមហ៊ុន​មួយចំនួន​កំពុង​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​ការលក់​អនឡាញ​»​។


ក្រុមហ៊ុន PAKZONE Property Management Co., Ltd ថ្មីៗ​នេះ​បាន​ប្រកាស​ថា ក្រុមហ៊ុន​នេះ​នឹង​ដំណើរការ​ផ្សារ​ទំនើប View Park Mall មាន​កម្ពស់​ ៤ ​ជាន់ ដែល​មាន​ទីតាំង​ស្ថិតនៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​នៅ​ដើមឆ្នាំ​ ២០២១​។ ទីតាំង​សម្រាប់​ជួល​របស់​ផ្សារទំនើប​នេះ​មាន​ចំនួន​ ៩ ០០០ ម៉ែត្រការ៉េ ខណៈ​ដែល​ការជួល​សម្រេច​បាន​ ៨០ ​ភាគរយ​រួចទៅហើយ​។


លោក ឡេង ធន់ ប្រធាន​ក្រុមហ៊ុន PAKZONE Property Management Co., Ltd បាន​ថ្លែងថា​៖ «​យើង​មិនអាច​ស្នើសុំ​ទីតាំង​ល្អ​ជាង​នេះ​បានទេ​»​។


លោក​បន្តថា​៖ «​ផ្សារ​ទំនើប View Park Mall គឺ​ស្ទើរតែ​ទទួល​បាន​ការជួល​ទាំងស្រុង​ពី​ដៃគូ​ពាណិជ្ជកម្ម ពីព្រោះ​ដៃគូ​លក់រាយ​របស់​យើង មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ទីតាំង​ដ៏លេចធ្លោ​របស់​ផ្សារ​ទំនើប​របស់​យើង​នៅក្នុង​រាជធានី​ភ្នំពេញ​។ អ្វីដែល​ផ្សារ​ទំនើប​នេះ​ផ្ដល់​ជូន​គឺជា​បទពិសោធ​ដ៏អស្ចារ្យ​ក្នុង​ការទិញ​ទំនិញ និង​ការបរិភោគ​អាហារ​ដោយមាន​ចំណតរថយន្ត​ធំ​ទូលាយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ជា​កន្លែង​ដែល​ប្រជាជន​ធ្វើ​ចរាចរណ៍​ទៅវិញទៅមក​ជា​ប្រចាំ​អាចមាន​កន្លែង​ដើម្បី​សម្រាក​លម្ហែកាយ​ជាមួយ​គ្រួសារ និង មិត្តភកិ្ដ​របស់​ពួកគេ​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ការជួល​នឹង​ពេញ​ ១០០ ​ភាគរយ​ពី​ម៉ាក​យីហោ​ផ្សេងៗ​ទៀត​»​។

ទោះបី​ជា​មាន​ឧបសគ្គ​ទីផ្សារ​ក៏ដោយ​យោង​តាម​ក្រុមហ៊ុន CBRE តម្លៃ​ការជួល​ផ្សារ​ទំនើប​ទីតាំង​ល្អ​នៅ​ទ្រឹង​ដែល​តម្លៃ​ជួល​គឺ​ ២៨,៤៦ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ និង​តម្លៃ​ជួល​ទីតាំង​លក់រាយ​ក៏​មិនមាន​ភាព​ផ្លាស់ប្តូរ​មានតម្លៃ​ ២៦,២៣ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ប៉ុន្តែ​ការជួល​ផ្សារ​សហគមន៍​មាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ចំនួន ០,៤ ​ភាគរយ​ក្នុងតម្លៃ​ ២២,១៥ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។ ជាមួយ​គ្នា​នេះដែរ សម្រាប់​ការលក់​រាយ​មាន​យីហោ​លក់រាយ​បរទេស​ចំនួន​ ៧ បាន​ចាកចេញ​ពី​ប្រទេស​នេះ​នៅ​ត្រីមាស​ទី​ ៣ ប៉ុន្តែ​មាន​ការចូលមក​វិញ​ចំនួន​ ១៨​។

ក្រុមហ៊ុន CBRE បានផ្ដល់​អនុសាសន៍​ថា សម្រាប់​ម្ចាស់​ដី​គួរតែ​ពិនិត្យ​ឡើងវិញ​កិច្ចព្រមព្រៀង​ជួល​តាមរយៈ​ការធ្វើ​លក្ខខណ្ឌ​ការជួល​ដែល​មាន​ភាពបត់បែន​បន្ថែមទៀត និង​លើក​ទឹកចិត្ត ជាពិសេស​អ្នក​ជួល ខណៈ​ដែល​ត្រូវតែ​កែលម្អ​យុទ្ធសាស្ដ្រ​ទីផ្សារ​តាមរយៈ​ការបង្កើត​ទំនាក់ទំនង​សាធារណៈ​ដ៏ល្អ ព្រឹត្តិការណ៍​កាន់តែ​ច្រើន ការផ្សព្វផ្សាយ​។​ល​។ ខណៈ​ដែល​ក្រុមហ៊ុន​លក់រាយ​គួរតែ​កែលម្អ​យុទ្ធសាស្ដ្រ​ទីផ្សារ​របស់​ពួកគេ​តាមរយៈ​ការបង្កើត​ទំនាក់ទំនង​សាធារណៈ​ដ៏ល្អ ព្រឹត្តិការណ៍​កាន់តែ​ច្រើន និង​ការផ្សព្វផ្សាយ​។​ល​។

ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​ក៏ត្រូវ​ប្រើប្រាស់​ធ្វើឲ្យ​មាន​លក្ខណៈ​ឌីជីថល ដើម្បី​កែលម្អ​បទពិសោធ​របស់​អតិថិជន តាមរយៈ​ការទូទាត់​ដោយ​គ្មាន​សាច់ប្រាក់ QR កូដ ការដឹកជញ្ជូន​អនឡាញ ទីផ្សារ​បណ្ដាញ​សង្គម​។​ល​៕ LA